អាចម៍គោ

ដោយ អាំង ជូលាន

យើងធ្លាប់ដឹងថា បរិស្ថានមនុស្សរស់នៅតាមជនបទមិនមែនជាការផ្តុំគ្នានៃអ្វីៗ ជារុក្ខជាតិក្តី មនុស្ស សត្វក្តី ហើយដែលពុំមានទំនាក់ទំនងគ្នានោះឡើយ។ បើយកអត្ថបទលេខ២៤ ក្នុងជំពូកទី១ មកមើលយើងឃើញថា វែកដែលដួសបាយ ដួសសម្លត្រូវមានសមាសភាពរុក្ខជាតិ ដែលជាត្រឡោកដូង, ដើមគំភ្នៀង និងផ្តៅ។ រីឯរុក្ខជាតិទាំងបីនេះគឺមាននៅក្នុងបរិស្ថានភូមិស្រុកអ្នកធ្វើនោះឯងតែម្តង។ ត្រឡោកដូង បើយើងពុំរវីរវល់ជាមួយក៏បាន ឬយើងយកមករំលីងធ្វើជាភាជន៍ដងទឹកក៏បាន ឬមួយទៀត យកមកផ្គុំជាមួយមែកគំភ្នៀង យកវល្លិចងឲ្យក្លាយទៅជាវត្ថុប្រើប្រាស់ប្រកបដោយសោភ័ណភាពទៀតផង។ ឧទាហរណ៍របៀបនេះមានច្រើនណាស់ ហើយក្នុងនោះខ្ញុំសូមលើកយកតែករណីអាចម៍គោមកនិយាយ។ ការដែលយកអាចម៍គោមកប្រើប្រាស់ជាជីធម្មជាតិ គឺជារឿងមនុស្សទូទៅដឹងធម្មតា។ អាចម៍គោដដែលនេះអាចយកទៅលាយនឹងចំបើង ព្រមទាំងដីស្អិតខ្លះធ្វើរហូតដល់ជញ្ជាំងផ្ទះផង ដែលជួនកាលគេឲ្យឈ្មោះថា “បាយអគោម័យ”។ ខ្ញុំសូមបង្ហាញពីអាចម៍គោដែលគេប្រើជាគ្រឿងដុត។ ការប្រើប្រាស់របៀបទីមួយដែលយកមកបង្ហាញនេះ គេស្គាល់ជាយូរយារមកហើយ ជាពិសេសនៅតំបន់ដែលពុំសូវសម្បូណ៌ទៅដោយឈើធ្វើឧស។ ដូច្នេះហើយបានជាសព្វថ្ងៃគេតែងឃើញមាននៅខេត្តស្វាយរៀង។ ការធ្វើឧសពីអាចម៍គោនេះពុំតម្រូវឲ្យមានបច្ចេកទេសអ្វីប៉ុន្មានឡើយ គឺគេគ្រាន់តែលាយជាមួយទឹកឲ្យសើម ដើម្បីពូតជាដុំៗនៅលើចង្កាក់ឫស្សីដែលគេបិតទុកស្រាប់ (រូបលេខ១)។ ដុំៗនោះតជាប់ៗគ្នាពេញមួយចង្កាក់ មើលមួយភ្លែតទៅមានសណ្ឋានដូចជាចន្លុះ (រូបលេខ២)។ ពេលធ្វើម្តងៗបានច្រើនហើយ គេយកទៅដាក់ហាលថ្ងៃឲ្យស្ងួត តាមរបៀបផ្សេងៗ (រូបលេខ៣-៤)ហើយទើបយកមករៀបគរទុកប្រើប្រាស់ (រូបលេខ៥)។ នេះជាវិធីយកអាចម៍គោមកជំនួសឧសតាមបែបប្រពៃណីដែលមានពីមុន។

ក្នុងរយៈពេលប្រមាណជាងដប់ឆ្នាំមកនេះ គេឃើញចាប់ផ្តើមមានការប្រើអាចម៍គោជាគ្រឿង ដុតចម្អិនអាហារផង និងជាគ្រឿងដុតបំភ្លឺគេហដ្ឋានផង។ ថ្វីដ្បិតតែនេះជាបច្ចេកទេសទំនើបដែលមានលក្ខណៈវិទ្យាសាស្ត្រល្អិតជាងវិធីសាស្ត្រទីមួយក៏ដោយ ក៏គេដឹងថាកសិករចាប់ផ្តើមស្គាល់រីកសាយពីភូមិមួយទៅភូមិមួយនៅតាមតំបន់ខ្លះៗដែរ។ ខ្ញុំពុំបរិយាយអ្វីល្អិតល្អន់ពីបច្ចេកទេសទេ គ្រាន់តែសូមជម្រាបយ៉ាងសង្ខេបបំផុតថា គេប្រមូលអាចម៍គោមកលាយនឹងទឹកចាក់ចូលទៅក្នុងអាងនៅលើដីមួយ (រូបលេខ៦) ហើយបង្ហូរចូលអាងមួយដែលធ្វើនៅក្នុងដីគ្របជិត (រូបលេខ៧)។ ឧស្ម័នក៏កើតឡើង ហើយគេអាចបញ្ចោញមកប្រើដោយឥតមានការខ្ជះខ្ជាយតាមបំពង់មួយ ដែលមាននាឡិកាចង្អុលប្រាប់តាំងពីចំណុះឧស្ម័នដែលមាននៅសល់ផង (រូបលេខ៨)។ បំពង់ឧស្ម័ននោះតភ្ជាប់នឹងចង្ក្រានដែលមានប្រដាប់បើកបិទត្រឹមត្រូវ (រូបលេខ៩)។ និយាយឲ្យខ្លីមក មិនខុសអ្វីពីឧស្ម័នដែលគេដាក់ជាបំពង់លក់នៅតាមទីផ្សារឡើយ។ មិនតែប៉ុណ្ណោះទេ ឧស្ម័នដដែលនេះបន្តទៅប្រើអុជចង្កៀងបំភ្លឺផ្ទះទៀតផង ហើយដែលមានប្រឆេះសណ្ឋានប្រហាក់ប្រហែលគ្នានឹងប្រឆេះចង្កៀងម៉ាំងសុង ដែលគេនិយមប្រើនៅតាមផ្ទះក្នុងសម័យមុននេះបន្តិចផង (រូបលេខ១០-១១)។ សូមបញ្ជាក់ ថា ការផ្ទុកអាចម៍គោរហូតទៅជាឧស្ម័ននេះឥតមានជះក្លិនរំខានអ្វីបន្តិចបន្តួចឡើយ។ លាមកដែលបានមកពីគោមួយនឹមអាចឲ្យគ្រួសារទំហំមធ្យមមួយដាំស្លរៀងរាល់ថ្ងៃ និងបំភ្លឺផ្ទះពេលយប់តាមរយៈចង្កៀងពីរបានជាប្រក្រតី។ ក្នុងករណីទីពីរនេះយើងឃើញថា បច្ចេកទេសរបៀបទំនើបក៏គេអាចយកមកប្រើសម្រាប់មនុស្សរស់នៅសុខដុមរមនាជាមួយបរិស្ថានខ្លួនដែរ។