ប្រោះ

ដោយ ឡាញ់ ឧត្តមរង្សី

 នៅជំពូកទី១ លេខរៀងទី២១ មានអត្ថបទនិយាយអំពីធូប។  យើងឃើញថា ក្នុងចំណោមរុក្ខជាតិផ្សេងៗដែលយកមកប្រើនោះ មានប្រទាលមួយហៅថា ប្រោះ  ហើយគេរើសយកតែប្រភេទហៅថា ប្រោះក្រអូបប៉ុណ្ណោះមកប្រើ  ដ្បិតធូបត្រូវការក្លិនក្រអូប។  នៅទីនេះ ខ្ញុំលើកយករឿងប្រោះនេះឯងមកបង្ហាញ។

ជាធម្មតា ប្រោះដុះនៅរាបនឹងដី ជួនកាលមានចម្រៀងដែលយកមនុស្សឋានៈទាបតូចទៅប្រដូចជាមួយផង  ឧទាហរណ៍ ខ្មែរដែលនៅខេត្តសុរិន្ទ្រ មានចម្រៀងមួយដែលបុរសម្នាក់ដាក់បន្ទាបខ្លួនស្មើនឹងប្រោះ ព្រោះឃើញថាស្រីមិនស្រឡាញ់  ដូចមានសម្រង់យ៉ាងខ្លីនេះថា ៖ «[...]  ខ្លួនបងវាទាបនាងអើយ រាបស្មើស្លឹកប្រោះ ក្រមុំយកគេទៅចុះ  កុំបីស្រឡោះអាប្រោះឡើយ [...]»។ 

ប្រោះជារុក្ខជាតិប្រភេទប្រទាល ដុះនៅស្មើដី  គ្មានដើមលូតខ្ពស់ទេ ក្នុងមួយមើមៗមានស្លឹកពី៥ទៅ៧សន្លឹក  ហើយតែងដុះនៅដីណាដែលសើម និងមានម្លប់ច្រើន។ តាមខ្ញុំដឹង ប្រោះមានពីរយ៉ាង  ម៉្យាងគឺប្រោះក្រអូប  ដែលពោលនៅខាងលើអម្បាញ់មិញ (ឈ្មោះរុក្ខជាតិហៅថា  Keampferia galanga) ហើយដែលឃើញនៅរូបលេខ១-២។  ម៉្យាងទៀតហៅថា ប្រោះស្វា (ឈ្មោះរុក្ខជាតិហៅថា  Keampferia hamandana) ដូចឃើញនៅរូបលេខ ៣-៤។ ប្រោះស្វាខុសពីប្រោះក្រអូបត្រង់ថា នៅគែមសន្លឹករបស់ប្រោះស្វាមានចំពណ៌ស្វាយ  រីឯពណ៌ទូទៅក៏ចាស់ជាងស្លឹកប្រោះក្រអូបដែរ។  បើពោលពីមើម គឺប្រោះស្វាមានរសជាតិ ហាង  ហើយឆួល។  ប្រោះមានប្រយោជន៍ច្រើនបែបយ៉ាងណាស់ ៖

១. ម្ហូប៖  គេអាចយកស្លឹក ឬបណ្តូលខ្ចីៗទៅស្រុសធ្វើអន្លក់ ទទួលទានជាមួយប្រហុក ឬទឹកគ្រឿងជាដើម  បើពុំនោះទេ គេយកទៅហាន់ ជ្រក់ជាមួយពងអង្ក្រង។  ដែលសំខាន់ជាងនេះទៅទៀត  គឺគេយកទៅញាំជាមួយគ្រំ  ឬខ្ចៅដូងជាដើម។ អ្នកខ្លះទៀតនិយមយកស្លឹកប្រោះស្វាទៅភ្លាជាមួយសាច់ត្រកួត  ឬសាច់មាន់, សាច់ទា, សាច់ជ្រូកក៏បាន (រូបលេខ៥-៦) នេះពុំនិយាយពីទម្លាប់អ្នកខ្លះ ដែលយកមើមប្រោះក្រអូបទៅហូបជាមួយម្លូស្លាផង។ 

២. ឱសថ៖  សម្រាប់រោគក្អក គេយកមើមប្រោះមកចិតសម្បកចេញ  ហើយបៀម ឬទំពារ លេបតែម្តង។  ជួនកាលគេបៀមដូចគ្នាដែរ នៅពេលដែលស្លាក់ឆ្អឹងត្រីនៅជាប់នឹងបំពង់ក ព្រោះគេយល់ថា ប្រោះជួយបន្ទន់ឆ្អឹង ហើយធ្វើឲ្យឆ្អឹងនោះរបូតចេញទៅ។  ក្រៅពីនេះគេក៏អាចប្រើជាថ្នាំកែរោគហើមពោះ ឬឆ្អល់ពោះ។  ខ្ញុំធ្លាប់ឃើញជនជាតិលាវនៅភូមិបាដើម ខេត្តស្ទឹងត្រែង យកមើមប្រោះស្វាទៅបុកលាបបិទដំបៅ។

៣.  គ្រឿងក្រអូប និងសម្អាងកាយ៖  គេយកមើមប្រោះក្រអូប ទៅបុកលាយជាមួយមើមរមៀត, មើមពន្លៃ, ស្លឹកពោល្យំ, ស្លឹកពំសែន, ផ្កាស្លែង  ហើយលាយជាមួយប្រេងដូង សម្រាប់លាបមុខនិងខ្លួនប្រាណ ដើម្បីជាប់ក្លិនក្រអូបផង  ព្រមទាំងការពារកមរមាស់ផង។  ម៉្យាងទៀត គេចិតមើមប្រោះក្រអូបដដែលនោះជាចំណិតស្តើងៗ  ហើយយកទៅហាលឲ្យស្ងួត ដើម្បីអប់សម្លៀកបំពាក់។

ដូចបាននិយាយពីលើមកហើយ  ជាទូទៅប្រោះតែងដុះរាបស្មើដី  ដូច្នេះកាលណារបៀបដុះនោះពុំប្រក្រតី  មានដុះនៅជាប់ដើមឈើជាដើម  (រូបលេខ៧-៨) គឺតែងមានជំនឿនៅជាប់នោះ។  ព្រានដែលទៅរកសត្វ  ពេលណាទៅដល់ផ្លូវបំបែកជិតព្រៃ តែងយកមើមនិងស្លឹកប្រោះស្វាដែលដុះរបៀបនោះ ទៅទំពារស្តោះឲ្យឆ្កែប្រដេញសត្វ  ដើម្បីឲ្យវាឆ្វាក់ (អ្នកស្រុកខ្លះថា “ស្វាក់”) រកសត្វបាន។  ខ្លះទៀត ធ្វើរបៀបនេះដែរ ដើម្បីស្តោះអាវុធបាញ់សត្វ ឬអន្ទាក់សត្វ។  គេត្រូវប្រយ័ត្ន នៅពេលត្រឡប់មកផ្ទះវិញ  គឺថាមុននឹងឡើងផ្ទះ ត្រូវស្រាយរបៀន អាគមពីឆ្កែ ឬអាវុធទាំងនោះសិន  បើពុំដូច្នោះ គេជឿថា  មានអ្វីមួយមក «ជាន់ក្មេង» ធ្វើឲ្យក្មេងភ័យខ្លាច យំរហូតដល់សន្លប់ក៏មាន។

ពោលទាំងប៉ុន្មានមកនេះ ប្រហែលពុំទាន់អស់សេចក្តីទេក៏ពុំដឹង  គឺថា អាចមានការប្រើប្រាស់ប្រោះ ឬជំនឿទាក់ទងនឹងប្រោះផ្សេងទៀត  ដែលខ្ញុំពុំបានសាកសួរគេ។  តែគ្រាន់តែប៉ុណ្ណេះ ក៏យើងអាចយល់ថា  រុក្ខជាតិរាបស្មើដីមួយ ដែលអ្នកក្រុងពុំដែលស្គាល់ ឬចាប់អារម្មណ៍ផង  ក៏អាចផ្ទុកនូវវប្បធម៌វែងឆ្ងាយដែរ  ដរាបណាមនុស្សពុំផ្តាច់ខ្លួនចេញពីបរិស្ថានធម្មជាតិរបស់ខ្លួន។