កល្បវ្រិក្ស

ដោយ អាំង ជូលាន

ក្នុងប្រពៃណីឥណ្ឌា គេជឿថាមានដើមឈើម៉្យាងដែលជាឈើទិព្វឈ្មោះ “កល្បវ្រិក្ស” មាន ន័យថាជាដើមឈើមានជីវិតយូរអង្វែងកាន់កល្ប។ ដើមនេះជាដើមដែលបំពេញបំណងអ្នកបន់ស្រន់ គឺថាអ្នកដែលបន់ហើយពោលពាក្យប្រាថ្នាអ្វីមួយនៅមុខដើមនេះ នឹងបានទទួលផលដូចចិត្តប៉ង។ ជំនឿនេះជ្រួតជ្រាបមកក្នុងសង្គមខ្មែរជាយូរយារមកហើយ គឺតាំងពីបុរាណកាលមកម៉្លេះ។ ខ្ញុំពុំហ៊ានអះអាងដាច់អហង្ការទេ គ្រាន់តែសង្ស័យថាទំនៀមធ្វើដើមពោធិតូចៗអំពីក្រដាស (សព្វថ្ងៃច្រើនឃើញជាក្រដាសពណ៌មាស, ប្រាក់, ឬបៃតង) យកទៅដាក់ក្នុងព្រះវិហារ លើបល្ល័ង្កព្រះជាដើមនោះ ប្រហែលក្លាយមកពីជំនឿលើកល្បវ្រិក្សនេះឯង។ ម៉្យាងទៀតខ្ញុំសង្ស័យថា “ផ្កាប្រាក់” (ក្រដាសប្រាក់ចាយដែលគេយកទៅចងធ្វើជាស្លឹកឈើ ដែលមានដើមនិងមែកជារុក្ខជាតិស្រស់ពិតប្រាកដ ឬមួយដែលធ្វើពីឆ្អឹងឫស្សី ) ដែលគេតែងដង្ហែនៅពេលធ្វើបុណ្យផ្កា ប្រហែលជាមកពីទំនៀមបុរាណដូចគ្នានោះដែរក៏មិនដឹង។

យ៉ាងណាក៏ដោយ ក្រោយមកខ្មែរយកឈ្មោះកល្បវ្រិក្សនេះ ដាក់ជាឈ្មោះ ដើមឈើមួយដែលមានសម្ផស្សខ្លាំងណាស់ ដោយសារផ្កាវាមើលទៅគាប់ភ្នែកក្រៃលែង។ ជាការធម្មតាទេនៅក្នុងពាក្យខ្មែរដែល “កល្បវ្រិក្ស” មកជា “កល្បព្រឹក្ស” ហើយជាទីបញ្ចប់មកជា “កល្បូព្រឹក្ស” ឬ “កាល្បូព្រឹក្ស”។ យូរទៅពាក្យខាងក្រោយនេះនៅសល់តែ “បូព្រឹក្ស” ហើយដោយសារដើមនេះល្អវិសេសដូចទើបនឹងពោលមក គេនិយមយកទៅដាក់ជាឈ្មោះឱ្យកូនស្រី (នៅក្នុងរឿងខ្លះមានតួស្រីឈ្មោះនាងបូព្រឹក្ស)។ ត្រឡប់មកនិយាយពីដើមឈើវិញ ៖ ឈ្មោះរុក្ខជាតិជាភាសាឡាតាំងនៃដើមនេះគឺ Cassia javannica។ នៅតំបន់ជាច្រើននៃប្រទេសកម្ពុជា គេហៅដើមនេះថា “បូព្រឹក្ស” ដូច្នេះ តែនៅតំបន់ខ្លះទៀត (ជាពិសេសនៅភូមិភាគខាងជើង) គេហៅថាដើម “កល្ប”។ គិតទៅ ឈ្មោះ ពេញទាំងស្រុងពុំបាត់បង់ទៅ ណាឡើយ បើយើងយកឈ្មោះទាំងពីរនេះមកបូកចូលគ្នាវិញ។ គេស្ទើរតែអាចនិយាយថាដើមនេះផ្កាខួបប្រាំងខួបវស្សា ។ តាមពិតទៅនៅខែប្រាំងផ្ការីកស្គុះស្គាយខ្លាំងណាស់ (រូប លេខ ១-២) រីឯវស្សាវិញផ្កាមួយភាគធំរោយចុះដោយគ្រាប់ទឹកភ្លៀង បើខានភ្លៀងយូរក្នុងវស្សាក៏ឃើញមានផ្ការីក គ្រាន់តែពុំសម្បូណ៌ខ្លាំងដូចនៅរដូវក្តៅ (សូមមើលរូបលម្អិតលេខ ៣-៥)។