ម្រាក់

ដោយ ហួត សំណាង

 

ម្រាក់ (វចនានុក្រមសរសេរជា «ម្រ័ក្សណ៍», ឈ្មោះរុក្ខជាតិជាវិទ្យាសាស្ត្រហៅថា  Melanor- rhoea laccifera) ជាជ័រមួយប្រភេទដែលគេចាក់យកពីដើមគ្រើល ។ ពាក្យអ្នកស្រុកនៅកំពង់ធំហៅថា «ចាក់ម្រាក់» ដូច្នេះឯង។ រីឯពាក្យថាដើមគ្រើលដូច្នេះអ្នកខ្លះអះអាងថា ដើមគ្រើលផ្សេង ដើមម្រាក់ផ្សេង តែគង់មានពាក្យស្លោកថា «ពីតូចគេហៅម្រាក់ ចាស់ឡើងគ្រាក់ គេ ហៅគ្រើល» មានន័យថាដើមនោះតែមួយទេ តែឈ្មោះហៅទៅតាមចំណាស់របស់វា។ នៅស្រុកខ្មែរ ដើមនេះច្រើនដុះតែទីណាមានព្រៃធំ។ គេច្រើនចាក់ម្រាក់នៅរដូវប្រាំង ដ្បិតពុំអាចមានទឹកភ្លៀងមកលាយឡំជាមួយជ័រដែលចេញមកនោះ។ ពេលដែលទើបនឹងហូរចេញមក ជ័រម្រាក់មានពណ៌ក្រហមក្រមៅបន្តិច តែដល់ទុកយូរទៅក៏ឡើងពណ៌ទៅជាខ្មៅតែម្តង។ មនុស្សខ្លះទ្រាំទ្រនឹងការចាក់ម្រាក់ ឬការលាបលនម្រាក់លើវត្ថុនានាពុំបានឡើយ ដោយសារម្រាក់នោះរោលក្រហល់ក្រហាយសែ្បក ពុំតែប៉ុណ្ណោះអាចធ្វើឱ្យហើមមុខមាត់ទៀតផង។

ការប្រើប្រាស់ម្រាក់នៅប្រទេសកម្ពុជាសព្វថ្ងៃនេះប្រហែលជាឆ្ពោះទៅរកការបត់ បង់ហើយ។ ម៉្យាងវិញទៀត រហូតមកដល់មុនបច្ចុប្បន្ននេះបន្តិច ដែលគេប្រើប្រាស់ម្រាក់ជាទូទៅនៅឡើយនោះ ក៏ការប្រើប្រាស់ពុំបានវែងឆ្ងាយត្រចះត្រចង់ដូចនៅប្រទេសជប៉ុន, ចិន , ភូមាជាដើមទេ គឺថាជាទូទៅម្រាក់ប្រើជាគ្រឿងលាបលនតែប៉ុណ្ណោះ។ គេអាចប្រើម្រាក់តែ មួយមុខសុទ្ធក៏បាន តែជួនកាលទៀតគេអាចលាយជាមួយជ័រទឹកនិងជ័រចុងជាដើម។ ការប្រើប្រាស់ដែលសាមញ្ញបំផុតនោះមានជាឧទាហរណ៍ គឺការយកម្រាក់ទៅលាបលនលើវត្ថុប្រើប្រស់អ្វីមួយ ដោយពុំសម្អិតសម្អាងអ្វីណាស់ណាឡើយ ដ្បិតគោលបំណងគឺគ្រាន់តែការពារកុំឱ្យវត្ថុដែលធ្វើពីរុក្ខជាតិឆាប់ពុកខូចដោយសត្វស៊ីជាដើម។ រូបលេខ១ គឺកញ្ជើដែលគេ លាបម្រាក់ការពារ។ កាលណាគេយកម្រាក់ទៅលាបលើឈើដែលមានចម្លាក់ក្បាច់ គឺដើម្បីការពារឈើនោះឱ្យគង់វង្សបានយូរផង ព្រមទាំងឱ្យមានសោភណភាពផង។ ឧទាហរណ៍ ហោជាងឬសន្លឹកបង្អួចនៅតាមវត្តអារាមពីមុនមក តែងឃើញមានក្បាច់ដែលគេលាបម្រាក់ខ្មៅរលើបពីលើនោះ។ ទោះជាគ្មានចម្លាក់ក៏គេអាចយកម្រាក់ទៅលាបលនដែរ ឧទាហរណ៍ ទូកប្រណាំងកាលពីមុនពុំដែលមានពណ៌ឆើតឆាយដូចឥឡូវនេះឡើយ គឺគេលាបតែម្រាក់ដែលគេខាត់ដោយយកផ្លែអង្គុញទៅដុសលើ រហូតទាល់តែផ្ទៃឈើទាំងមូលស្មើ ហើយរលោងស្រិល។ ក្រៅអំពីនោះ គេគ្រាន់តែយកសន្លឹកមាស (ដូចក្រដាសស្តើងៗ) មកទឹបពីលើផ្ទៃម្រាក់នោះត្រង់ក្បាលនិងកន្សៃ ដើម្បីដាក់ឈ្មោះទូកនិងឈ្មោះវត្តជាដើម។ ត្រង់នេះ ក្រៅពីនាទីការពារនិងលម្អឈើទូកនោះ ម្រាក់ធ្វើឱ្យសន្លឹកមាសនោះស្អិតជាប់បានយូរ ពុំរបកទៅណាងាយៗ។ មានវត្ថុប្រើប្រាស់ខ្លះក៏អាចនិយាយថាមានលក្ខណៈជាសិល្បៈគ្រាន់បើដែរ ដូចមានរូបលេខ២ជាឧទាហរណ៍។ ហឹបស្លានេះមានក្បូរក្បាច់រចនាដាំខ្យងជាដើម ដែលមើលទៅគួរឱ្យត្រកាលភ្នែក។ ការដាំនោះធ្វើទៅបានក៏ដោយសារមានស្រទាប់ម្រាក់ ដែលគេលាបជាផ្ទៃស្មើធេងលើឆ្អឹងឈើនោះជាមុនសិនដែរ។

បើពោលពីប្រតិមា ដូចជាព្រះពុទ្ធរូបនិងបល្ល័ង្កជាដើមនោះ ដូចយើងដឹងស្រាប់ហើយ ពីមុន មកគេពុំដែលលាបលនឱ្យឆើតឆាយហួសហេតុឡើយ ដ្បិតពណ៌អាចមានត្រឹមតែបីប៉ុណ្ណោះ គឺខ្មៅ, ក្រហម និងពណ៌ទឹកមាស។ ខ្មៅនោះគឺម្រាក់នេះឯង ដែលគេលាបពេញលើផ្ទៃប្រតិមាឬបល្លង្កនោះ ហើយសម្អាតឱ្យរលីងស្មើសិន។ បន្ទាប់មក កន្លែងណាដែលត្រូវមាន ពណ៌ក្រហម ទើបគេយកវត្ថុធាតុអ្វីដែលមានពណ៌ក្រហមនោះ មានជាតិហិង្គុលជាដើមមកលាបលនពីលើ។ ឯមាសជាសន្លឹកស្តើងៗនោះក៏ដូចគ្នា គឺគ្រាន់តែទឹបលើផ្ទៃម្រាក់នោះ ពុំមែនទៅប៉ះផ្ទាល់លើឈើនោះទេ (រូបលេខ៣)។ កុំថាឡើយតែវត្ថុធ្វើអំពីឈើ ទោះជាថ្មក៏នៅសម័យកណ្តាលគេនិយមយកម្រាក់មកលាបលនដែរ ដើម្បីបានជាផ្ទៃសម្រាប់យកពណ៌ផ្សេងទៀតមកលាបពីលើ ។ រូបលេខ៤ ជារូបព្រះពុទ្ធប្រក់នាគដែលធ្វើអំពីថ្មភក់។ បើមើលរូបលេខ៥ ជារូបលម្អិតិ យើងឃើញស្រទាប់ម្រាក់លេចចេញមក ដោយសារស្រទាប់ពណ៌ក្រហមរបកចេញខ្លះទៅ ដោយសារប្រតិមានេះមានចំណាស់ច្រើនសតវត្ស។ សូមបញ្ជាក់ថា នៅសម័យកណ្តាលគេនិយមឆ្លាក់ព្រះពុទ្ធរូបដែលមានដងខ្លួនធ្វើពីឈើ ឬថ្មតែមួយដុំ រីឯដៃជាផ្នែកមួយផ្សេងដែលគេយកមកតភ្ជាប់គ្នាជាក្រោយ ជាពិសេសបើព្រះពុទ្ធអង្គនោះបង្ហាញកាយវិការដូចជាអភយមុទ្រា (មិនខ្លាច)ជាដើម ដ្បិតកាយវិការនេះត្រូវធ្វើឱ្យដៃទាំងពីរឃ្លាតឆ្ងាយពីដងខ្លួនបន្តិច។ គេធ្វើដូច្នេះបាន ដោយគេអាងថា តភ្ជាប់រួចហើយយកម្រាក់លាបពីលើដើម្បីកុំឱ្យឃើញតំណ (រូបលេខ៦-៧)។

មកដល់បច្ចុប្បន្ននេះ ម្រាក់ក៏គេពុំទាន់បេះបង់ចោលទាំងស្រុងដែរ គឺមានថ្នាំលាបពណ៌ខ្មៅដែលផលិតជាលក្ខណៈឧស្សាហកម្ម ហើយដែលប្រើម្រាក់ជាមូលដ្ឋាន។ រូបលេខ៨ បង្ហាញ ពីការលាបលនជាថ្មីឡើងវិញ លើសន្លឹកទ្វារបង្អួចចាស់នៃសារមន្ទីរជាតិក្រុងភ្នំពេញ។ ថ្នាំដែលយកមកលាបនោះគឺម្រាក់ដែលលាយនឹងជាតិគីមីដទៃទៀត។