ភ្នំក្រាំងដីមាស

 ដោយ ហេង ពិភាល់

 

យើងដឹងហើយថា តំបន់ដែលគេផលិតកុលាលភាជន៍ដីដុតមានក្អម, ឆ្នាំង, ជើងក្រានជាដើមនោះ មួយភាគធំស្ថិតនៅខេត្តកំពង់ឆ្នាំង។ ឈ្មោះថាកំពង់ឆ្នាំងកើតឡើងជាយូរមកហើយដោយសារឧស្សាហកម្មបុរាណនេះ។ នៅចុងស.វ.ទី១៣ អ្នកការទូតចិនម្នាក់ឈ្មោះជីវតាក្វាន់ដែលធ្វើដំណើរតាមទន្លេសាប មករស់នៅអង្គរជាច្រើនខែក៏បានឆ្លងកាត់ទីប្រជុំជនធំមួយដែលជាផែទំនិញឈ្មោះថា “ឆ្នាំង” ដូច្នេះឯង ពោលគឺកំពង់ឆ្នាំងបច្ចុប្បន្ន។ នេះក៏ជាតំរុយមួយឲ្យយើងគិតថា នៅស.វ.ទី១៣គេផលិតកុលាលភាជន៍ដីដុតនៅកំពង់ឆ្នាំងរួចហើយ ប៉ុន្តែមានហេតុផលច្រើនទៅទៀត ដែលខ្ញុំពុំយកមកបកស្រាយនៅទីនេះទេ តែដែលធ្វើឲ្យអ្នកស្រាវជ្រាវមូលមតិគ្នាថា នៅតំបន់នេះគេផលិតភាជន៍របៀបនោះតាំងពីសម័យបុរេប្រវត្តិមកម៉្លេះ។

នៅមិនឆ្ងាយប៉ុន្មានពីទីរួមខេត្ត មានភ្នំមួយឈ្មោះថា “ភ្នំក្រាំងដីមាស” ដែលអ្នកស្រុកតែងតែយកដីឥដ្ឋមកសូន្យក្អម ឆ្នាំង (រូប លេខ១)។ បានជាហៅថាដីមាស មកពីល្បាយដីនៅទីនោះមានកម្ទេចលោហៈពណ៌មាសភ្លឺផ្លេក ពោលគឺកម្ទេចមាសស្រួយ កប់នៅក្នុងនោះ។ បើនិយាយពាក្យគីមីគឺជា “ដែកស៊ុលហ្វាត FeS2” (ឬហៅថា Pyrite)។

ខ្ញុំរៀបរាប់ត្រួសៗមកពីលើនេះដើម្បីលាតត្រដាងការសង្ស័យពាក់ព័ន្ធនឹងភាជន៍មួយ ដែលមានមកតាំងពីជំនាន់បុរេប្រវត្តិ ហើយដែលពុំមែនប្រទះនៅតំបន់កំពង់ឆ្នាំងនេះទេ គឺឃើញតាមកំណាយដែលបុរាណវិទូធ្វើឡើងនៅអង្គរបុរី, ខេត្តតាកែវ។

ការងារកំណាយនោះធ្វើនៅក្នុងកម្មវិធីមួយឈ្មោះថា Lower Mekong Archaeological Project (LOMAP) នៅវត្តគំនូរ កាលពីឆ្នាំ១៩៩៩ និងឆ្នាំ២០០០ ដែលអ្នកបច្ចេកទេសក្នុងស្ថាប័នអន្តរជាតិមួយចំនួនសហការជាមួយបុរាណវិទូខ្មែរ។ ទីនេះជាទីកប់ខ្មោច ព្រោះគេបានរកឃើញផ្នូរចំនួន៦១ ហើយបើពោលពីចំណាស់នៃស្ថានីយ៍ គឺពីរវាងឆ្នាំ២០០មុនគ.ស.ដល់ ស.វ.ទី៥នៃគ្រិស្តសករាជ្យ។ គ្រឿងសំណែនដែលនៅក្នុងផ្នូរនីមួយៗនៅសល់ដូចជាក្អម, ឆ្នាំង, ពែង, គន្ទីជាដើម ជួនកាលមានឃើញដល់ឆ្អឹងក្បាលជ្រូកផង។ ខ្ញុំមិនពោលអ្វីវែងឆ្ងាយពីវត្ថុនានាដែលរកឃើញនិងលទ្ធផលនៃការវិភាគឡើយ សូមផ្តោតអារម្មណ៍ត្រង់ មកលើឆ្នាំងមួយធ្វើពីដីដែលមានកម្ទេចមាសស្រួយជាល្បាយក្នុងនោះ (រូបលេខ២-៣)។ ចាប់អារម្មណ៍នោះមកអំពីឆ្នាំងឬភាជន៍ដទៃទៀតដែលប្រទះឃើញក្នុងស្ថានីយ៍ជាមួយគ្នា ពុំមានល្បាយមាសស្រួយឡើយ ខុសគេតែឆ្នាំងមួយនេះ។ ប្រការនេះហើយដែលធ្វើឲ្យខ្ញុំសង្ស័យថា ប្រភពដើមរបស់វាប្រហែលជាម្តុំតំបន់កំពង់ឆ្នាំង។ ដំណាក់កាលនេះគ្រាន់តែជាការសង្ស័យនៅឡើយ ដើម្បីឲ្យច្បាស់ប្រាកដ លុះត្រាតែយកដីឆ្នាំងនោះទៅវិភាគដើម្បីដឹងអំពីភាគរយល្បាយនានាដែលជាសមាសធាតុនៃដីឆ្នាំងនោះឲ្យបានជាក់លាក់។ លុះបានលទ្ធផលហើយទើបយកទៅប្រៀបធៀបនឹងលទ្ធផលវិភាគនៃដីនៅភ្នំក្រាំងដីមាសនោះ ទើបទាញសេចក្តីសន្និដ្ឋានថាពិតឬមិនពិតបាន។  រហូតមកដល់សព្វថ្ងៃនេះ យើងឃើញថាផលិតផលដែលចេញពីកំពង់ឆ្នាំង ពុំមែនទុកសម្រាប់ប្រើប្រាស់តែក្នុងតំបន់ខ្លួនផ្ទាល់ប៉ុណ្ណោះទេ គឺចែកចាយទៅដល់ទីឆ្ងាយៗ ត្បិតកំពង់ឆ្នាំងជាផែពាណិជ្ជកម្ម។ បច្ចេកទេសដែលប្រើប្រាស់សព្វថ្ងៃពុំមានវិវឌ្ឍន៍ទៅណាវែងឆ្ងាយេឡីយ បើប្រៀបទៅសម័យបុរេប្រវត្តិ ពោលគឺជាបច្ចេក ទេសសាមញ្ញ ប្រើតែឧបករណ៍បន្តិចបន្តួច ឧទាហរណ៍អត់មានឈ្នាន់រវៃទេ គឺស្មូនដើរជុំវិញឆ្នាំងនោះ (រូបលេខ៤-៧)។ ក្រៅពីផ្លូវទឹកគេនៅតែដឹកឆ្នាំង ក្អមតាមរទេះទៀត (រូបលេខ៨)។ បើសព្វថ្ងៃផង ឃើញមានដឹកតាមគោយន្តរហូតទៅដល់ខេត្តស្ទឹងត្រែងជាដើម។