ព្រ័ត្រផ្តៅ

ដោយ ស៊ីយ៉ុន សុភារិទ្ធ, ជី រដ្ឋា, សាន ផល្លា, ស៊ុន ចាន់ដឹប, វិន ឡៃជួ

ក្នុងអត្ថបទនេះ យើងខ្ញុំនឹងនិយាយអំពីព្រ័ត្រផ្តៅក្នុងទស្សនៈបច្ចេកទេសនិងបរិស្ថានដែលបានឃើញនៅភូមិព្រែកឬស្សី, ឃុំកំពង់កុង, ស្រុកកោះធំ, ខេត្តកណ្តាល។ តាមពិតទៅ ទិសដៅចុងបំផុតនៃអ្នកស្រុកក្នុងការវេញព្រ័ត្រផ្តៅនេះគឺដើម្បីទាញផ្តាច់នូវពេលថ្ងៃបញ្ចប់នៃពិធីឡើងអ្នកតានាពេលដាច់ឆ្នាំ ហើយបើនិយាយឲ្យចំគឺនៅក្រោយពេលដាច់ឆ្នាំជាផ្លូវការ ពោលគឺពេលដែលគេសន្មត់ថាវដ្តស្រូវថ្មីនឹងត្រូវចាប់ផ្តើម។

រុក្ខវិទូអាចរៀបរាប់ថាផ្តៅនៅប្រទេសកម្ពុជាមានដល់ទៅប៉ុន្មានយ៉ាង តែនេះមិនមែនជាគោលបំណងហើយក៏ពុំមែននៅក្នុងសមត្ថភាពយើងខ្ញុំដែរ។ យ៉ាងណាក៏ដោយគេដឹងជាទូទៅថាផ្តៅដែលធំជាងគេហៅថា «ដំបង» ហើយក្នុងការប្រើប្រាស់គេតែងយកទៅធ្វើជាគ្រឿងសង្ហារឹមបែបប្រណិតផង។ ទំហំចុះពីនោះមកបន្តិច បើនៅខេត្តសៀមរាបជាដើម គេហៅថា «សោម» (សូមអានជំពូក៥, លេខរៀងទី ២៥)។ មានផ្តៅម្យ៉ាងទៀតតូចឆ្មារដែលអ្នកសៀមរាបដដែលហៅថា «សែសឹង» ដែលតែងឃើញគេយក មកចាក់ឬក្រងអ្វីៗដែលតូចឆ្មារ។ ឧទាហរណ៍នេះមានឃើញក្នុងការចងវែកដូចមានបង្ហាញនៅជំពូក១, លេខរៀងទី២៤។

ម្តុំភូមិព្រែកឬស្សីដែលយើងខ្ញុំនិយាយនេះ កាលពីមុនមករុក្ខជាតិនៅស្អេកស្កះ ហើយក្នុងនោះផ្តៅក៏សម្បូណ៌ដែរ ជាពិសេសផ្តៅក្រែកនិងផ្តៅទឹក។ សព្វថ្ងៃលែងមានផ្តៅក្រែកទៀតហើយ ឯផ្តៅទឹកក៏នៅសល់តែក្នុងផ្ទៃដីមួយកង្វិចដែលជាកម្មសិទ្ធិឯកជននៃគ្រួសារមួយដែលមិនព្រមលក់ហើយមិនព្រមកាប់ឆ្ការកែប្រែឲ្យទៅជាអ្វីទៀត ដោយសារអ្នកទាំងនោះមានឆន្ទៈរឹងមាំក្នុងការការពាររក្សាប្រពៃណី សហគមន៍ខ្លួន។ ត្រង់នេះគួរឲ្យកោតសរសើរគ្រួសារនោះដែរ ដ្បិតបើយើងមើលទៅការប្រើប្រាស់ផ្តៅជាទូទៅឃើញថាឆ្ពោះទៅរកការបាត់បង់។ យកឧទាហរណ៍តែកន្ទេលផ្តៅដែលសព្វថ្ងៃនេះលែងនរណាចេះធ្វើឬក៏លែងធ្វើទៅហើយនោះក៏យល់ហើយថាជាប្រការមួយដែលគួរឲ្យសោកស្តាយព្រោះជាផ្នែកមួយនៃមរតកអរូបិយដែលចេះតែរិចរិលទៅ។

កាលពីមុនមក នៅភូមិដែលនិយាយនេះ គេយកផ្តៅក្រែកមកវេញធ្វើព្រ័ត្រ ដោយសារទំហំព្រ័ត្រនីមួយៗប្រើតែបួនឬប្រាំដើមក៏ពេញដៃល្មមទាញតែម្តង។ តែដោយសារសព្វថ្ងៃលែងមានផ្តៅក្រែកហើយ គេប្រើផ្តៅទឹកដែលនៅសល់។ ផ្តៅនេះ ពាក្យរុក្ខជាតិជាឡាតាំងហៅថា Calamus viminalis តែអាចអ្នកស្រុកផ្សេងពីនេះហៅឈ្មោះអ្វីផ្សេងទៀតក៏មិនដឹង។

បួនប្រាំថ្ងៃឬក៏មួយអាទិត្យជាដើមមុននឹងទាញព្រ័ត្រនោះ អ្នកស្រុកនាំគ្នាទៅបោចផ្តៅដែលនៅសល់តែ លើផ្ទៃដីបន្តិចនោះឯង (រូបលេខ១)។ ការងារដំបូងដូចជាការសកយកបន្លាចេញគឺធ្វើនៅទីនោះផ្ទាល់តែម្តង (រូបលេខ២-៤)។ បន្ទាប់មក នៅធ្លាផ្ទះទើបគេនាំគ្នាចាប់ផ្តើមបិតផ្តៅឲ្យស្អាត (រូបលេខ៥)។ ព្រ័ត្រទាំង មូលមានប្រវែងប្រមាណ៤០ម. ដូច្នេះត្រូវតែមានតំណច្រើនជាចាំបាច់។ គេកាច់មុខផ្តៅមួយដើមៗឲ្យទាក់គ្នាដោយយកស្លឹកជ្រែមកចងបណ្តោះអាសន្ន (រូបលេខ៦) លុះបានប្រវែងប្រមាណ៤០ម. នោះហើយ ទើបគេចងមុខតំណនីមួយៗឲ្យបានស្អាត (រូបលេខ៧-៨)។ រូបលេខ៩បង្ហាញពីប្រវែងខ្សែផ្តៅទាំងនោះបានតែមួយភាគទេ តាមពិតគឺវែងជាងនេះ។ ខ្សែផ្តៅពីរ គេយកមកគួបរមួលចូលគ្នាជាដំបូងសិន ហើយហៅថា «មួយធ្លុង» (រូបលេខ១០) ទាល់តែវេញធ្លុងឲ្យបានច្រើនចូលគ្នា ទើបបានជាព្រ័ត្រសម្រាប់ ទាញ (រូបលេខ១១-១២)។ ដើម្បីកុំឲ្យធ្លុងទាំងមូលរសាយពីគ្នា គេរុំចំណងជាកង់ៗឃ្លាតគ្នាពីមួយទៅមួយប្រមាណ៣តឹក (រូបលេខ១៣)។ លុះស្រេចបាច់អស់ហើយ នៅចំកណ្តាលនៃព្រ័ត្រទាំងមូល គេ យកក្រណាត់ក្រហមមករុំជាសម្គាល់ ដ្បិតនៅថ្ងៃបញ្ចប់ ព្រ័ត្រនោះត្រូវតែដាច់ជាពីរ ដូច្នេះហើយបើ ទាញយ៉ាងណាក៏នៅតែមិនដាច់ គេយកកាំបិតមកអារឲ្យដាច់មួយភាគនៅត្រង់កន្លែងនោះដើម្បីឲ្យទាញផ្តាច់ជាបញ្ចប់បាន។