រៀបរាប់ព្រៃ

ដោយ ព្រាប ចាន់ម៉ារ៉ា

ពីមុនមក បរិស្ថានដែលមនុស្សពាក់ព័ទ្ធមានពីរទេ បើមិនមែនស្រុក គឺព្រៃ។ ស្រុកជាវិស័យដែលកើតឡើងដោយមនុស្សមានលំនៅស្ថាន ស្រែចំការ និងបឹងបួរជិតៗ ដែលមនុស្សឧស្សាហ៍ទៅមកដើម្បីរកទឹកសម្រាប់ខ្លួនឯងផង និងសម្រាប់សត្វពាហនៈមានគោក្របីជាដើមផង។ តែយ៉ាងណាក៏មនុស្សមិនអាចចៀសឆ្លងកាត់ព្រៃទាំងស្រុងដែរ។ នេះខ្ញុំមិនលើក យកការធ្វើដំណើរតាមទឹកមកនិយាយទេ ព្រោះជាករណីដាច់គេដោយឡែក។ បើនិយាយពីជំនាន់ដែលមិនទាន់មានបណ្ដាញផ្លូវ ព្រមទាំងមធ្យោបាយទំនើបសម្រាប់ធ្វើដំណើរនោះ ការឆ្លងកាត់វិស័យដែលពុំមែនជាស្រុកនេះ គឺធ្វើដោយថ្មើរជើង ឬក៏ដោយមានយានជំនិះ អូសទាញដោយសត្វ មានគោ ក្របី ដំរី សេះជាដើម។ បើដំណើរនោះខ្លី ក៏មានមនុស្សតែងសង្កេតពិនិត្យធម្មជាតិខ្លះៗដែរ។ បើដំណើរនោះដេកផ្លូវមួយយប់ឬច្រើនយប់ជាដើមផង ការសង្កេតធម្មជាតិនោះក៏កាន់តែវែងឆ្ងាយទៅទៀត។ ការដែលមនុស្សចង់ដឹង ចង់ស្គាល់ពុំ មែនចំពោះតែអ្វីដែលផ្ដល់ប្រយោជន៍ដល់ខ្លួនប៉ុណ្ណោះទេ ឧទាហរណ៍មានរុក្ខជាតិច្រើនណាស់ ដែលមនុស្សគ្មានទាញយកគុណប្រយោជន៍អ្វីទាំងអស់តែនៅតែនាំគ្នាដាក់ឈ្មោះឲ្យ។ មិនត្រឹមតែរុក្ខជាតិឡើយ សត្វក៏ដូចគ្នាដែរគឺមនុស្សតែងតែអោយឈ្មោះ ទោះជាសត្វអាចផ្សាំបាន, អាចហូបសាច់បាន, អាចយកស្បែកជាដើមទៅប្រើប្រាស់បានឬក៏គ្មានគុណប្រយោជន៍ ទាំងអស់ដល់មនុស្សក៏ដោយ។

នេះមានន័យថាព្រៃ ថ្វីត្បិតតែពុំមែនជាវិស័យប្រចាំថ្ងៃរបស់សហគមន៍មនុស្ស ក៏គង់មនុស្សធ្វើការរៀបចំបែងចែកនៅក្នុងគំនិតរបស់ខ្លួនដែរ។ បែងចែកនោះសោត ក៏ពុំត្រឹមតែបែង ចែកធម្មតា គឺជូនកាលធ្វើឡើងឲ្យមានលក្ខណៈជាសិល្បៈ និងអក្សរសាស្រ្តផង។ យើងអាចឃើញចម្លាក់នៅតាមប្រាសាទបុរាណដែលបង្ហាញពីសត្វនិងដើមឈើព្រៃ ឬធ្លាប់ការរៀបរាប់សត្វនិងរុក្ខជាតិដែលគេលើកឡើងជាកាព្យក្នុងចម្រៀងចាប៉ីដងវែងជាដើម។

ឧទាហរណ៍ដែលខ្ញុំនឹងបង្ហាញនេះជាសម្រងខ្លីៗដែលខ្ញុំស្រង់ចេញមកពីរឿងភោគកុលកុមារ (តែងដោយព្រះឃ្លាំង នង ឆ្នាំ១៨០៤) ។ កាលនោះដែលពុទ្ធសាសនបណ្ឌិតយកច្បាប់ជាសាស្រ្តាមករៀបរៀងបោះពុម្ពជាអក្សរទំនើបនោះ ច្បាស់ជាមានសម្រិតសម្រាំងអក្ខរាវិរុទ្ធម្ដងរួចមកហើយ។ នៅទីនេះខ្ញុំពុំហ៊ានប៉ះពាល់អ្វីទាំងអស់ហើយចម្លងតាមច្បាប់បោះពុម្ពនោះសុទ្ធសាធ។ មួយវិញទៀត មានឈ្មោះរុក្ខជាតិនិងសត្វជាច្រើនដែលព្រះឃ្លាំងនងរៀបរាប់ តែដែលខ្ញុំពុំស្គាល់ ហេតុនេះបើខ្ញុំប៉ះពាល់អក្ខរាវិរុទ្ធ ខ្ញុំអាចពានទៅលើខុសដោយសារខ្ញុំមិនស្គាល់សត្វឬរុក្ខជាតិនោះ បែរជាច្រឡំថាគេសរសេរខុស។ សម្រង់ដែលខ្ញុំយកមកនេះមាន៥ ហើយនីមួយៗមានរបៀបបង្ហាញដោយខ្លួន។