សម្ភារៈប្រក់ដំបូល

 ដោយ ព្រាប ចាន់ម៉ារ៉ា

 

នៅក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរយើងនេះ អត្ថបទដែលទាក់ទងនឹងផ្ទះឬសំណង់ផ្សេងៗទៀតមានច្រើនគួរសមមកហើយដែរ។ ទីនេះខ្ញុំនិយាយតែពីដំបូល ហើយម៉្យាងទៀត ពុំនិយាយពីភិនភាគរូបរាងដំបូលឡើយ គឺនិយាយតែពីសម្ភារៈឬវត្ថុធាតុដែលខ្មែរយកមកប្រក់ដំបូលនោះ។ សូម្បីតែ  សម្ភារៈដែលផលិតឡើងជាលក្ខណៈឧស្សាហកម្មទំនើប ហើយនាំចូលពីក្រៅមកប្រទេសកម្ពុជា ក៏ខ្ញុំមិនលើកយកមកពោលដែរ ត្បិតប្រធានបទខ្ញុំសំដៅត្រង់តែទៅលើសម្ភារៈជាប្រពៃណី ដែលខ្មែរប្រើតាំងពីយូរមកហើយ។

 រុក្ខជាតិផ្តល់ជាវត្ថុធាតុច្រើនបែបដែរឲ្យមនុស្សយកមកប្រក់ដំបូល។ ដំបូលកូនផ្ទះនៅរូប លេខ១ ក៏ប្រើពីរុក្ខជាតិដូចគ្នានឹងជញ្ជាំងនោះដែរ គឺក្រងមកពីស្បូវ។ ឯផ្ទះនៅរូបលេខ២វិញ មានដំបូលប្រក់កក់។ រូបលេខ៣-៤ បង្ហាញពីការក្រងកក់ ព្រមទាំងកក់ដែលក្រងចេញជាកណ្តបហើយ។ រីឯស្លឹកត្នោតវិញយើងដឹងគ្រប់គ្នាហើយថា គេនិយមប្រើប្រាស់ណាស់ក្នុងការធ្វើជញ្ជាំងនិងដំបូល ដូចឃើញនៅរូបលេខ៥ស្រាប់។ បើនៅតំបន់ក្បែរសមុទ្រវិញ ទីណាដែលសម្បូណ៌ដើមចាក អ្នកស្រុកចូលចិត្តយកស្លឹកមកដេរធ្វើដំបូលដែរ។ របៀបដេរដែលបង្ហាញនៅរូបលេខ៦ មិនខុសគ្នាពីរបៀបដេរស្លឹកត្នោតឡើយ ប៉ុន្តែស្លឹកចាកដែលយកមកប្រក់ដំបូលនៅរូបលេខ៧វិញ គឺគេពុំដេរទេ គ្រាន់តែយកមកច្រៀកធាងជាពីរ ហើយយកទៅប្រក់តែម្តង។ បើនៅតំបន់ភ្នំទើបយើងឧស្សាហ៍ឃើញដំបូលដែលប្រក់ពីស្លឹកសោម ត្បិតវល្លិពពួកផ្កៅនេះច្រើមមានតែតាមព្រៃភ្នំ។ កាលណាក្រងញឹកល្អ មើលទៅគាប់ភ្នែកដែរ (រូប លេខ៨)។ បើនៅតំបន់ដែលសម្បូណ៌ដើមឃុនមា (ខ្លះហៅថា ខាន់ម៉ា) គឺស្លឹករបស់វានេះហើយដែលគេយកមកប្រក់ជាដំបូល (រូបលេខ៩)។ ដំបូលផ្ទះនៅរូបលេខ១០ គឺស្លឹកទ្រាំងដែលគេយកមកប្រក់ឲ្យក្រាស ដើម្បីជាប់បានយូរផង ហើយធ្វើឲ្យត្រជាក់ផង។ រូបលេខ១១ បង្ហាញពីដំបូលស្លឹកទ្រាំងមើលពីក្នុងផ្ទះ។ សូម្បីតែឫស្សីក៏អាចយកប្រក់ជាដំបូលដែរ។ ពិតហើយថា ផ្ទះខ្មែរតែម្តងកម្រឃើញមាន តែបើនិយាយពីជនជាតិមន-ខ្មែរ ឬដទៃទៀតដែលរស់នៅតំបន់ឦសានប្រទេសកម្ពុជា គឺគេនៅនិយមប្រើច្រើននៅឡើយ។ កុំថាឡើយតែខ្ទមតូចតាច សូម្បីតែ “រោង” ធំៗសម្រាប់ប្រជុំសហគមន៍ជាដើមនោះ ក៏ប្រក់ឫស្សី ដូចមានរូបលេខ១២-១៣បង្ហាញស្រាប់។ ប្រក់នោះគឺគេយកឫស្សីមួយដើមៗមកពុះជាពីរ ហើយលះ យកថ្នាំងខាងក្នុងចេញឲ្យស្អាតសិន ទើបគេយកទៅប្រក់ផ្ងារមួយជាន់ រួចគេប្រក់ផ្កាប់មួយជាន់ពីលើទៀត គ្របលើមុខតំណតាមបណ្តោយរហូតទៅ។ រុក្ខជាតិដែលយកមកប្រក់ផ្ទះប្រហែលមានលើសពីនេះទៅទៀត នៅទីនេះខ្ញុំសូមបញ្ចប់ត្រឹមក្បឿងឈើ។ ក្បឿងឈើដែលព្រះសង្ឃទើបនឹងលាបពណ៌ហើយយកមកហាល (រូបលេខ១៤) មុននឹងយកទៅប្រក់ដំបូលព្រះវិហារ (រូបលេខ១៥) នេះ តាមស្មានមើលទៅប្រហែលជាបែកគំនិតតាមក្បឿងដីដុតទេ។

ឯសម្ភារៈដែលមានកម្រិតជាឧស្សាហកម្មលើសនោះបន្តិច គឺក្បឿង។ ខ្ញុំពុំនិយាយពីបុរាណកាលឡើយ ព្រោះនោះជាវិស័យសិក្សាមួយវែងឆ្ងាយជាងនេះ ដែលនៅក្នុងមុខវិជ្ជា “កុលាល ភាជន៍”។ ខ្ញុំសូមនិយាយតែពីក្បឿងដែលគេប្រើជាប្រពៃណីរៀងមករហូតដល់សព្វថ្ងៃ តាំងពីប៉ុន្មានសតវត្សមុនមកហើយនេះ។ រូបលេខ១៦ គឺផ្ទះប្រក់ក្បឿងស្រកាលិញ ធ្វើពីដីដុត ដែលយើងស្គាល់គ្រប់ៗគ្នា។ ក្បឿងដីដុកអាចមានរូបរាងផ្សេងៗទៀត ជាអាទិ៍គឺក្បឿងក្បាច់។ មានក្បឿងម៉្យាងទៀតកំពុងតែបាត់បង់ ដោយគេលែងនិយមប្រើ។ ក្បឿងនេះជាប្រភេទ “កំបោរ” ត្បិតមានប្រើស៊ីម៉ងត៍។ ក្បឿងនោះលុះរៀបជាដំបូលរួចហើយ មើលនឹងភ្នែកទៅឃើញថានីមួយៗរាងបួនជ្រុងស្មើ  តែក្រឡានោះខ្វែងគ្នា (រូបលេខ១៧)។ ក្បឿងដែលឃើញនៅរូបលេខ១៨ ហៅថាក្បឿងពណ៌។ ឯការដុតនោះគឺពីរដង លើកទី១ ដុតឲ្យឆ្អិនក្បឿងសិន បន្ទាប់មកគេលាបថ្នាំពណ៌រលោង ទើបយកទៅដុតមួយសាទៀតឲ្យពណ៌នោះនៅជាប់។ ក្បឿងរបៀបនេះឃើញមាននៅតែវត្តអារាម, សំណង់សក្ការៈនៅទីខ្លះ ឬក៏នៅតាមអគារនានាក្នុងព្រះបរមរាជវាំងតែម្តង។ ជាធម្មតាគេពុំដែលយកក្បឿងនេះមកប្រើប្រាស់សម្រាប់ផ្ទះសម្បែង ឬសំណង់ក្រៅពីនោះឡើយ។

ឮ វត្ថុធាតុដែលយកមកប្រើអាចមានផ្សេងពីរុក្ខជាតិឬដីដុតនេះទៅទៀត។ ឧទាហរណ៍ យើងធ្លាប់ឮចាស់ៗនិយាយពី ព្រះវិហារប្រក់ដោយក្បឿងសំណ ដូចមានសល់ឈ្មោះវត្តមួយនៅតំបន់ឧត្តុង្គស្រាប់។ ម៉្យាងទៀត អ្នកការទូតចិនឈ្មោះជីវតាក្វាន់ ដែលមករស់នៅតំបន់អង្គរជាច្រើនខែនាចុងស.វ.ទី១៣នោះ ក៏មាននិយាយពីលំនៅរបស់អភិជនប្រក់ក្បឿងសំណដែរ។