សត្វ «ចន្ទោលរទេះ»

ដោយ  ព្រាប  ចាន់ម៉ារ៉ា

សារសំខាន់នៃរទេះក្នុងជីវិតរស់នៅជាប្រពៃណីខ្មែរពុំបាច់យកមករៀបរាប់ទេ  ដ្បិតជារឿងដែលដឹងគ្រប់គ្នា (រូបលេខ១)។  បើសម័យមុននេះបន្តិចផង  មនុស្សទៅប្រកបការងារ  ឬក៏ទៅជួញប្រែទីឆ្ងាយតែងតែប្រើរទេះ (រូបលេខ២)  សូម្បីតែសព្វថ្ងៃក៏យើងអាចឃើញរបៀបនេះខ្លះៗដែរ (រូបលេខ៣)  ហើយពុំតែប៉ុណ្ណោះទេ  ទោះជាក្នុងការធ្វើដំណើរបញ្ចោញមុខមាត់ឲ្យគេឯងឃើញ ក៏ប្រើរទេះដូចគ្នា (រូបលេខ៤-៥)។ 

ផ្នែកនីមួយៗនៃរទេះសុទ្ធសឹងមានតួនាទីក្នុងការប្រើប្រាស់ផង  មានសោភ័ណផង  ក្នុងចំណោមនោះគេសង្កេតឃើញថា  ចន្ទោលជាផ្នែកមួយដែលមនុស្សយកចិត្តទុកដាក់ខ្លាំង។  នៅជំពូកទី៦ អត្ថបទលេខ៤ គេអាចយឃើញហើយអំពីតួនាទីនៃចន្ទោល។  ខ្ញុំគ្រាន់តែសូមរំលឹកថា  រូបរាងចន្ទោលតែងខុសគ្នាពីតំបន់មួយទៅតំបន់មួយ  ជួនកាលផ្នែកខាងចុងបង្អស់កោងទៅមុខ  ជួនកាលបត់ទៅក្រោយ  ជួនកាលចន្ទោលនោះវែង  ជួនកាលទៀតខ្លី។  បើយើងយកចន្ទោលនៅរូបលេខ៦ (ដែលមានរូបលេខ៧ ជារូបពង្រីក) មកធៀបនឹងចន្ទោលនៅរូបលេខ៨ (ដែលមានរូបលេខ៩-១០ ជារូបពង្រីក)  ក៏គង់ឃើញហើយថា  គេសម្អិតសម្អាងរូបរាងចន្ទោលតាមបែបខុសៗគ្នា។  រូបរាងចន្ទោលមានច្រើនបែបយ៉ាងទៅទៀត ដែលខ្ញុំពុំចាំបាច់យកមកបង្ហាញនៅទីនេះឡើយ  តែចំណុចមួយដែលដូចគ្នា គឺចន្ទោលតែងតែមានរូបរាងកោង។ 

នៅក្នុងបរិស្ថានធម្មជាតិវិញ គេឃើញមានសត្វល្អិតម៉្យាងប្រកបដោយពណ៌ស្រស់ចម្លែក  ដែលគេឲ្យឈ្មោះថា «សត្វចន្ទោលរទេះ»។  ទទឹងខ្លួនសត្វនេះមិនលើសពីទំហំមេដៃមនុស្សទេ  បើបណ្តោយខ្លួនវិញប្រវែងប្រមាណពីរថ្នាំងដៃ។  ខ្លួនសត្វនោះរាងប៉េងកំពុង  ឯមុខវិញ សមតែជាប្រមោយ  ហើយវែងងទៅលើ  ធ្វើឲ្យនឹកឃើញភ្លាមទៅរកចន្ទោលរទេះ (រូបលេខ ១១-១២)។  បើនិយាយជាសមាមាត្រវិញ  បណ្តោយនិងទទឹងហាក់ដូចជាមិនខុសអ្វីពី បណ្តោយនិងទទឹងរទេះគោឡើយ (រូបលេខ១៣-១៤)។

យើងតែងប្រទះជាញឹកញយថា  ជួនកាលមនុស្សបង្កើតឧបករណ៍អ្វីមួយ  ដោយឲ្យឈ្មោះប្រៀបទៅនឹងសត្វ  ឬរុក្ខជាតិអ្វីមួយ  ឧទាហរណ៍ ត្រសេះ,  ជើងជ្រូក,  ក្បាលមាន់  សុទ្ធសឹងជាឧបករណ៍ ដែលឲ្យឈ្មោះតាមសត្វ។  រីឯចន្ទោលរទេះវិញ  ជាឈ្មោះដែលឲ្យបញ្ច្រាសពីនោះ  គឺថាគេឲ្យឈ្មោះសត្វមានស្រាប់នៅក្នុងបរិស្ថានធម្មជាតិ ទៅតាមឧបករណ៍ ដែលជាស្នាដៃរបស់មនុស្សទៅវិញ។