ស្រម៉

 ដោយ ព្រាប ចាន់ម៉ារ៉ា

 ស្រម៉ជារុក្ខជាតិដុះដោយព្រៃ មានដើមធំខ្ពស់ មានផ្លែទំហំប៉ុនមេដៃមេជើង (រូបលេខ ១-២)។ ស្រម៉មាន ច្រើនប្រភេទ ដូចជាស្រម៉ក្អែក, ស្រម៉ពិភេក, ស្រម៉ភ្លុក, ស្រម៉ស្បាត។ ដើមស្រម៉គេអាចយក មកប្រើការជាគ្រឿងសំណង់, គ្រឿងរទេះ ឬតុទូជាដើម តាមការច្នៃរបស់ជាងឈើ។ រីឯផ្លែស្រម៉វិញ មនុស្សចូលចិត្តយកទៅប្រើការផ្សេងៗណាស់។ ផ្លែស្រម៉ស្រស់គេទទួលទានលេង ដោយសារមានជាតិចត់តិចៗហើយផ្អែមជាប់មាត់ ឬអាចយកធ្វើជាគ្រឿងអន្លក់ ក៏សឹងបាន។ លើសពីនោះគេនិយមយកផ្លែស្រម៉ធ្វើជាថ្នាំកែរោគផ្សេងៗ។ អ្នកខ្លះយកផ្លែស្រម៉ទៅត្រាំនឹងទឹកឃ្មុំ ឯអ្នកខ្លះ ទៀតយកទៅត្រាំនឹងស្រា។ ការដែលយកផ្លែស្រម៉ធ្វើជាថ្នាំនេះ គេយល់ថាអាចព្យាបាលរោគបានច្រើនយ៉ាងណាស់។ មានអ្នកខ្លះជឿថា ផ្លែស្រម៉ជាថ្នាំរបស់ព្រះ គឺនៅពេលណាព្រះអង្គប្រឈួន លោកតែងតែសោយផ្លែស្រម៉នេះឯង ធ្វើជាឱសថ។

បើតាមពុទ្ធប្រវត្តិដែលយើងដឹងសព្វថ្ងៃ ចាប់ពីព្រះពុទ្ធអង្គបានត្រាស់ដឹងភ្លាម លោកឥត សោយអ្វីសោះ លុះត្រារហូតដល់៤៩ថ្ងៃ ទើបព្រះឥន្ទ្រយកផ្លែស្រម៉មកថ្វាយព្រះអង្គសោយ។ ការៀបរាប់ដូច្នេះមានទាំងគូរជាគំនូរនៅតាម ព្រះវិហារមួយចំនួនទៀតផង។ រូបខ្លះគេគូរព្រះឥន្ទ្រយកផ្លែស្រម៉ដាក់ពេញមួយជើងពានថ្វាយចំពោះព្រះអង្គ (រូបលេខ៣-៤), ឯរូបខ្លះទៀតគេគូរផ្លែស្រម៉តែមួយ ហើយមានទំហំធំទៅវិញ (រូបលេខ៥)។ មានអ្នកខ្លះទៀតនិយាយអំពីប្រវត្តិ ពុទ្ធសាសនានៅស្រុកក្លឹង្គកាលពីសម័យបុរាណថា នៅជំនាន់ព្រះបាទអសោកដែលលោកជ្រះថ្លាចំពោះព្រះពុទ្ធសាសនា លោកតែងធ្វើបុណ្យទាន មានផ្គត់ផ្គង់ព្រះភិក្ខុនៅតាមវត្តអារាមផ្សេងៗទាល់តែអស់ទ្រព្យសម្បត្តិ ហើយសូម្បីតែនៅ សល់ផ្លែស្រម៉មួយគ្រាប់ប៉ុណ្ណោះ ក៏ព្រះបាទអសោកពុះជាពីរ រួចផ្ញើមួយចំហៀងទៅប្រគេនព្រះសង្ឃដើម្បីបញ្ជាក់ថា លោកអស់ទ្រព្យសម្បត្តិហើយ។

ដូច្នេះស្រម៉ពិតមែនតែជារុក្ខជាតិដុះនៅតាមព្រៃ ដែលមើលទៅមិនគួរជាទីចាប់អារម្មណ៍ មែន ប៉ុន្តែមាន ប្រយោជន៍ ច្រើនយ៉ាង។ គួរជ្រាបដែរថា ក្នុងសិលាចារឹកខ្មែរបុរាណគេឃើញមានឈ្មោះស្រុកមួយហៅថា  ស្រមោឯម (សរសេររបៀបនេះស្មើនឹង “ស្រមោឯម” មានន័យ ថា ស្រម៉ផ្អែម)។ នេះបង្ហាញថារុក្ខជាតិស្រម៉ គេយកចិត្តទុកដាក់ តាំងតែពីសម័យបុរាណកាលមក នៅក្នុងអារ្យធម៌ខ្មែរ។