ទន្សែ

 ដោយ ព្រាប ចាន់ម៉ារ៉ា

ទន្សែ (ឈ្មោះវិទ្យាសាស្ត្រហៅថា Caryota Urens ) ជារុក្ខជាតិមានជាទូទៅ ជួនដុះដោយឯក ឯង ជួនកាលទៀតមនុស្សដាំ ដោយសារដើមនេះមានប្រយោជន៍ច្រើនបែបយ៉ាង។ មើលតែរូបលេខ១ទៅយល់ហើយថា ហេតុម្តេចបានជាមានពាក្យបណ្តៅថា «ដើមវាប៉ុនអង្រែ ផ្លែវាប៉ុនអង្រុត»។ ដែលយកមកប្រើញឹកញាប់ គឺគេប្រើជាគ្រឿងលម្អក្នុងពិធីនិងបុណ្យទានផ្សេងៗ។ ដូច្នេះហើយបានជាពីមុនមកតែងឃើញមាននៅក្នុងវត្ត ឬជុំវិញវត្ត ត្បិតជាទីធ្វើបុណ្យញឹកញាប់។ សព្វថ្ងៃនេះ តាំងពីមានគេរកស៊ីតម្លើងរោងបុណ្យស្រាប់ៗ ដោយមិនប្រើសម្ភារៈធម្មជាតិ ការប្រើប្រស់ទន្សែឃើញថាចុះអន់បន្តិច។ តែទោះជាយ៉ាងណាក៏ពុំបាត់បង់ទាំងស្រុងដែរ។ ផ្នែកដែលយកមកប្រើញឹកញាប់ជាងគេ គឺស្លឹក (រូបលេខ២-៣) ដែលគេតែងយកមកចង ឬពាត់ជុំវិញឆ្អឹងឈើធ្វើជាស៊ុមទ្វារ (រូបលេខ៤-៥) ឬក៏លម្អគ្រឿងសំណង់អ្វីមួយដែលមានស្រាប់ (រូបលេខ៦)។ សូម្បីតែបុណ្យសពក៏គេប្រើទន្សែដែរ។ នៅរូបលេខ៧ យើងឃើញជើងសាឡីដែលគេយកធាងដូងនិងស្លឹកទន្សែធ្វើជាលម្អ។ ជើងសាឡីនេះសម្រាប់ ដឹកម្ឈូសទៅទីបូជា។ លុះទៅដល់ភ្នំយោងដែលជាទីបូជានោះហើយ (រូបលេខ៨) ក៏ឃើញគេចងស្លឹកទន្សែផ្អោបទៅជើងសសរជាគ្រឿងលម្អដែរ។ រីឯផ្លែវិញ (រូបលេខ៩) ក៏យកទៅលម្អដូចគ្នា។ រូបលេខ១០ (ជាផ្នែកមួយនៃរូបលេខ៥) បង្ហាញពីផ្លែទន្សែនិងស្លឹកជ្រៃក្រឹមមួយបាច់ ដែលគេយកទៅចងនៅផ្នែកកណ្តាលនៃស៊ុមទ្វារ។ មិនតែប៉ុណ្ណោះ នៅពេលរកស្លាមិនបាន អ្នកទទួលទានម្លូអាចយកផ្លែទន្សែទុំមកជំនួសស្លាបានមួយគ្រាៗផង។ រីឯគមវា គឺបណ្តូលនៅផ្នែកខាងលើ គេអាចយកមកស្ល ដូចជាស្លកកូរជាដើម។ បើសំឡីដែលស្អិតជាប់សើៗលើដើម ហៅថាប៉ុយវិញ (រូបលេខ១១) ជំនាន់មុន ឬពេលដែលអត់ខ្លាំង យើងអាចកោសយកមក (រូបលេខ១២) ដាក់ក្នុងបំពង់ប៉ុយ (រូបលេខ១៣) យកអំបែងចានឬដែករឹងអ្វីមួយមកគោះឲ្យព្រាយចេញផ្កាភ្លើងដើម្បីបញ្ឆោះ។ មិនតែប៉ុណ្ណោះ គ្រូខ្លះយកប៉ុយនេះមកអុជលើសាច់មនុស្ស (ឧទាហរណ៍ នៅលើពោះ) ដើម្បីព្យាបាលជម្ងឺផ្សេងៗ មានហើមពោះ ឬខ្លួនជាដើម។