«រើសអង្ករ»

ដោយ អាំង ជូលាន

នៅក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរនេះ មានប្រធានបទជាច្រើនផ្សេងៗគ្នា ឯអ្នកនិពន្ធក៏ខុសៗគ្នា តែដែលសុទ្ធសឹងតែទាក់ទងនឹងស្រូវ ជាពិសេសស្រូវក្នុងន័យប្រៀបធៀបមកមនុស្ស។ បើយកតែជំពូក២មកនិយាយ ក៏ឃើញថាមានច្រើនណាស់ដែរ ៖

លេខរៀងទី១៣, ព្រាប ចាន់ម៉ារ៉ា ៖ មធុបាយាស

លេខរៀងទី១៨, ស៊ុន ចាន់ដឹប ៖ ស្រូវកញ្ជើ

លេខរៀងទី២២, សាន់ ស៊ីថុន ៖ ច្រត់ព្រះនង្គ័ល

លេខរៀងទី៣៤, សាម ច័ន្ទវីរៈ ៖ ពិធីសុំទឹកភ្លៀង

លេខរៀងទី៣៩, អាំង ជូលាន ៖ ឆ្លងចេត្រ

លេខរៀងទី៥០, អាំង ជូលាន ៖ សំពះព្រះខែ

លេខរៀងទី៥១, អាំង ជូលាន ៖ «៣កើត មាឃធំ»

លេខរៀងទី៦៧, ជី រដ្ឋា, ស៊ុន ចាន់ដឹប, ហួត សំណាង ៖ ពិធីសុំទឹកភ្លៀងមួយបែប

ប៉ុន្តែអាចមាននៅជំពូកផ្សេងទៀតដែរ ដូចជានៅជំពូក៦, លេខរៀងទី១៦ ក៏មានអត្ថបទក្រោមចំណងជើងថា «ឈ្មោះស្រូវ» (គង់ វីរៈ និង អាំង ជូលាន)។ អាស្រ័យហេតុនេះ ខ្ញុំលើកតែចំណុចតូចពិសេសមួយមកនិយាយតែប៉ុណ្ណោះ។

កាលខ្ញុំនៅក្មេង ពេលដែលម្តាយខ្ញុំដាំបាយ គាត់តែងឲ្យខ្ញុំ «រើសអង្ករ» គឺថារើសយកអង្កាម, ស្រូវ, ក្រួស ឬអ្វីផ្សេងទៀតដែលនៅជាប់បន្តិចបន្តួចជាមួយអង្ករសុទ្ធនោះចេញឲ្យអស់មុននឹងគាត់យកទៅដាំ។ នេះជាការប្រយ័ត្នប្រយែងឬក៏ថាជាការសម្អាតធម្មតាតែប៉ុណ្ណោះ។ ប្រការនេះហើយដែលឲ្យយើងយល់ថាបើគ្រាន់តែទទួលទានបាយរាល់ថ្ងៃធម្មតាត្រូវធ្វើឲ្យស្អាតប៉ុណ្ណេះហើយ មានអ្វីនឹងគួរឲ្យឆ្ងល់ទៀតអំពីការសម្អាតអង្ករនៅក្នុងកិច្ចពិធី។ បាយដែលជាដង្វាយទៅព្រះត្រូវតែបរិសុទ្ធដូចធ្លាប់ឃើញជាឧទាហរណ៍នៅជំពូក២, លេខរៀងទី១៣ ដែលនិយាយនៅខាងលើ។ កន្លែងនេះខ្ញុំគ្រាន់តែសូមជូនរូបបន្ថែមខ្លះអំពីការបកស្រូវម្តងមួយគ្រាប់ដើម្បីបានជាអង្ករយកទៅដាំបាយនោះ (រូបលេខ១-៣) ព្រមទាំងបង្ហាញពីឈើតាត្រាវដែលគេយល់ថាជាឈើបរិសុទ្ធប្រើប្រាស់សម្រាប់ដណ្តាំ (រូបលេខ៤-៥)។

គំនិតថាបរិសុទ្ធនេះ ជាប្រការដែលសំខាន់ខ្លាំងណាស់ ដ្បិតដូចមាននិយាយនៅក្នុងអត្ថបទផ្សេងៗខាងលើនេះរួចមកហើយ គឺថាស្រូវគេប្រៀបប្រដូចទៅមនុស្សឬទេព។ បាយដែលជាតង្វាយព្រះត្រូវតែបរិសុទ្ធដ្បិតព្រះអង្គជាជនបរិសុទ្ធ។ កុំថាឡើយតែព្រះពុទ្ធអង្គ មនុស្សបុថុជ្ជនដែលគេគោរព ហើយដែលមាននាទីសំខាន់ក្នុងពេលធ្វើកិច្ចពិធីអ្វីមួយក៏ដូចគ្នាដែរ គឺថាត្រូវបរិភោគបាយដែលបរិសុទ្ធក្នុងពេលធ្វើកិច្ចនោះ។ ឧទាហរណ៍កាលជំនាន់ដែលជនជាតិកួយនៅស្លដែកនៅឡើយ អ្នកស្រុកអ្នកភូមិតែងមានមនុស្សចាស់ម្នាក់ដែលគេគោរពដោយសារសីលធម៌របស់គាត់ផង និងដោយសារវិជ្ជាអាថ៌កំបាំងផ្សេងៗដែលគេយល់ថាគាត់ចេះផង។ តាចាស់នោះគេហៅថា «ឆាយ»។ ពេលដែលគេកំពុងស្លដែកនៅក្នុងរង្វង់សីមាមួយ ឆាយនោះត្រូវអង្គុយនៅជ្រុងមួយដែលគេរៀបចំជូនគាត់ហើយដែលមានរៀបរណ្តាប់ផ្សេងៗ (រូបលេខ៦)។ បាយដែលគេរៀបចំជូនគាត់ពិសានៅពេលនោះមិនត្រូវមានក្រួសឬអ្វីផ្សេងទៀតក្រៅពីគ្រាប់បាយសុទ្ធឡើយ។ បើលោតែធ្វេសប្រហែសឲ្យមានអ្វីមួយរបៀបនោះហើយ នៅពេលដែលគាត់ពិសាទៅឃើញ គឺគាត់ត្រូវបញ្ចប់ការសប់ភ្លើងដុតរ៉ែថ្មឲ្យចេញជាដែកនៅពេលនោះភ្លាម ហើយលែងធ្វើអ្វីទៀតក្នុងថ្ងៃនោះ ទាល់តែស្អែកឡើងទើបតការងារស្លដែកទៀតបាន។

រូបលេខ៦

បើថយក្រោយទៅសម័យបុរាណវិញ ការរើសអង្ករនេះជាការសំខាន់ខ្លាំងណាស់ក្នុងកិច្ចពិធី រហូតដល់មានការតែងតាំងអ្នកបម្រើសម្រាប់បំពេញការងារនេះរាល់ថ្ងៃ ដ្បិតដង្វាយជាអាហារទៅទេពត្រូវធ្វើឡើងបីដងជារៀងរាល់ថ្ងៃ ហើយនេះពុំគិតពីកិច្ចពិសេសផ្សេងៗទៀតផង។ អ្នកដែលបំពេញនាទីនេះ ហៅថា «ម៌្មេសរង្កោ» ដូចមានឃើញច្រើនកន្លែងណាស់ក្នុងសិលាចារឹកនានា ជាពិសេសនៅស.វ.ទី៩ (រូបលេខ៧)។ ពាក្យនេះ បើសរសេរជាសាមញ្ញឲ្យងាយយល់គឺ «រ្មេសរង្កោ» មានន័យថា «អ្នករើសអង្ករ»។

រូបលេខ៧