អតីត - បច្ចុប្បន្ន- អនាគត

ដោយ អាំង ជូលាន

 ជាតិសាសន៍ដែលមានអារ្យធម៌ខ្ពង់ខ្ពស់តែងតែយល់ដូចគ្នាថា កាលទាំងបីនេះពុំអាចមួយចោលមួយ, មួយបំភ្លេចមួយឡើយ។ បើពុំថែទាំមរតកល្អដែលមានពីអតីតមក បច្ចុប្បន្ននេះគ្មានន័យអ្វីទេ ព្រោះយើងភ្លេចខ្លួនថាសព្វថ្ងៃនេះគឺវិវឌ្ឍមកពីពេលមុន ម៉្លោះហើយធ្វើអ្វីចេះតែប៉ាតណាប៉ាតណីតាមអំពើចិត្ត  រីឯបទពិសោធដែលមានមកពីដូនតា ហាក់ដូចជាសូន្យ។ បើបច្ចុប្បន្នទាត់ចោលអតីតដូច្នេះហើយ តើសង្ឃឹមអ្វីថាបច្ចុប្បន្ននេះនឹងមានតម្លៃទៅអនាគត? មនុស្សជំនាន់ក្រោយនឹងបំភ្លេចយើង, នឹងមើលងាយយើង ដូចតែយើងមើលងាយដូនតាខ្លួនឯងដូច្នេះដែរ។

ខ្ញុំសូមស្រង់យកសិលាចារិកចារនៅសតវត្ស ទី១៦ លើសសរស្តម្ភមួយនៅប្រាសាទអង្គរវត្តមកបង្ហាញ ។ សិលាចារិកនេះទាំងមូលមាន៨២បន្ទាត់ ហើយអ្នកគ្រូពៅ សាវរស បានសិក្សាហ្មត់ចត់នៅក្នុង  Bulletin de l’École Française d’Extême-Orient  ឆ្នាំ១៩៧០។ ខ្ញុំស្រង់យកតែសេចក្តីនៅបន្ទាត់ទី១៦-៣២ ប៉ុណ្ណោះ ដើម្បីបង្ហាញថា ថ្វីត្បិតតែរាជធានីពេលនោះនៅបន្ទាយលង្វែកក្តី ព្រះបាទសត្ថា មកគង់នៅតំបន់អង្គររៀបចំជួសជុលប្រាសាទអង្គរវត្តដែលបាក់បែកខ្លះៗ។ ព្រះអង្គធ្វើនេះគឺក្នុងបំណងថ្វាយកុសលទៅបិតា, សងគុណមាតានិងញាតិការ៧សន្តាន...“លើកយសព្រះរាជសន្តាន” ឲ្យថ្កុំថ្កើងដូច “បុព្វកាល” ដោយ “សាងសាសនាព្រះតថាគតឲ្យប្រាកដឰដ៏កម្ពុជទេស”។ ម៉្យាងទៀតធ្វើនេះ ដើម្បីសូមឲ្យបានក្សេមក្សាន្តស្ថិតស្ថេរទៅអនាគត “ជាស្ថាពរហោង”។

ក្នុងសម្រង់នេះ ខ្ញុំប៉ះពាល់អក្ខរាវិរុទ្ធឬពាក្យបន្តិចបន្តួច តម្រូវមកតាមសម័យឥឡូវ។ ធ្វើនេះល្មមឲ្យតែកុំពិបាកយល់ពេកប៉ុណ្ណោះ ពោលគឺពុំហ៊ានកែកុនអ្វីច្រើនឡើយ ៖

មនគឺ កាលជាប្រថម សម្តេចព្រះមហាឧបាសកបានឡើងសោយរាជ្យសម្បត្តិគ្រងរាជប្រវេណីនោះ ស្តេចមានព្រះរាជចំពោះប្រាថ្នានឹងលើកសាសនាព្រះតថាគតប្រាកដ សាងមហាប្រាសាទព្រះពិស្ណុលោកប្រាការ លើកថ្ម កកំពូលនពសូល៍ប្រាសាទ សំអាតពិចិត្របិតមាសសុរេច ស្ថាបនាព្រះមហាសារិកធាតុ ឆ្លងចម្រើនព្រះរាជកុសលនេះ កល្បនាថ្វាយទៅដ៏សម្តេចព្រះជីដ៏បួនព្រះអង្គ និងសម្តេចព្រះវរបិតាធិរាជ ស្នងគុណព្រះកន្លោងបពិត្រជាអាទិ និងញាតិផងកម្លុងសប្តសន្តាន ដ៏សមុទាយ ឲ្យពន្រាយឰដ៏ត្រីពិធសម្បត្តិហោង។ អណ្តាប់នោះ សម្តេចព្រះមហាឧបសកមហារាជបពិត្ររំពឹងបុព្វប្រាថ្នា ដើម្បីនឹងសាងសាសនាព្រះតថាគតឲ្យប្រាកដឰដ៏កម្ពុជទេសនេះ លើកយសព្រះរាជសន្តានឲ្យសម៌្បូណរោះបុព្វកាលវិញ កុំបីមានធ៌មអន្តរាយឡើយ សូមក្សេមសម្រិទ្ធិស្ថេរស្ថាពរហោង។

 ពន្យល់ពាក្យខ្លះៗ ៖

មនគឺ ៖ ជាពាក្យសម្គាល់នៅទីនេះថាជាដើមឃ្លា

ប្រាការ ៖ កំពែង

កល្បនា ៖ មានន័យច្រើនណាស់។ នៅទីនេះ សំដៅទៅការរៀបចំកិច្ចពិធី

ព្រះជីដ៏បួន ៖ ប្រហែលសំដៅព្រះពុទ្ធរូបបួនអង្គទ្រង់ឈរ ដែលគេឆ្លាក់លើផ្ទាំងទ្វារទាំងបួនទិសនៃប៉មកំពូលបាកាណ

ព្រះកន្លោង ៖ ម្តាយ

បពិត្រ ៖ បរិសុទ្ធ

សប្តសន្តាន ៖ ៧សន្តាន

ត្រីពិតសម្បត្តិ ៖ សម្បត្តិបីប្រការ (មនុស្ស, ទេព, និព្វាន)

រោះបុព្វកាល ៖ ដូចពីដើម