ការចងចាំស្នាដៃចាស់ព្រេងព្រឹទ្ធ

ដោយ អាំង ជូលាន

អ្នកសិក្សាសិលាចារឹកបុរាណដឹងថា នរណាដែលបានទុកស្នាដៃអ្វីខ្ពង់ខ្ពស់តែងតែមានអ្នកក្រោយមកទៀតចងចាំអ្នកនោះ ព្រមទាំងស្នាដៃនោះយូរអង្វែង។ ឧទាហរណ៍ជាក់ស្ដែងបំផុតគឺករណីព្រះបាទជ័យវរ្ម័នទី២។កាលដើមស.វ.ទី៩ ព្រះអង្គយាងទៅតាំងរាជធានីលើភ្នំគូលែន ហើយធ្វើពិធីមួយប្រកាសថា កម្ពុជាលែងចំណុះជ្វាទៀតហើយ ឯអំណើះតទៅព្រះអង្គគង់ជាស្តេចចក្រពត្តិ។ រវាងប្រមាណ២៥០ឆ្នាំក្រោយមក សិលាចារឹកនៅតែរំលឹកព្រឹត្តិការណ៍នោះ ហើយជាពិសេសចូលចិត្តនិយាយពីព្រះអង្គថា «ព្រះរាជាដែលយាងទៅមហេន្ទ្របព៌ត» (ភ្នំគូលែន)។ យ៉ាងតិចក៏មានសិលាចារឹក២០ដែរ ចារនៅសម័យកាលខុសៗគ្នា ដែលរំលឹកអំពីព្រះអង្គ។

ឧទាហរណ៍ខ្លីដែលខ្ញុំនឹងបង្ហាញខាងក្រោមនេះ ក៏ឆ្លុះបញ្ចាំងពីការចងចាំយូរអង្វែងដែរ តែពុំទាក់ទងផ្ទាល់នឹងព្រះរាជាទេ គឺទាក់ទងនឹងអ្នកមានយសម្នាក់។ ដែលអាចជាបព្វជិតផងក៏មិនដឹង ហើយដែលមានឈ្មោះថា ឝី្រសត្យវម៌ (ស្រីសត្យវម៌)។ ប្រហែលជាការចងចាំរឿងនេះមានជាពិសេសក្នុងចំណោមពុទ្ធសាសនិកមហាយាន។

សិលាចារឹកលេខ K. 111 ចារជាភាសាសំស្ក្រឹត នៅស.វ.ទី១០ បានមកពីវត្តស៊ីធរ ខេត្តព្រៃវែង។ មួយភាគធំនៃសិលាចារឹកយ៉ាងវែង ដែលមាន២០០បន្ទាត់នេះ និយាយពីបណ្ឌិតម្នាក់ឈ្មោះ កីរ្តិបណ្ឌិត (កេរ្តិ៍ បណ្ឌិត) ដែលបានសាងកុសលយ៉ាងច្រើនក្នុងព្រះពុទ្ធសាសនា។ ល្បះទី៤៥និយាយថា គាត់បានតម្កល់សម្អិតសម្អាងឡើងវិញនូវប្រតិមាជាង១០ ដែលក្នុងនោះមានព្រះលោកេសូរ ហើយដែលពីមុនមកស្រីសត្យវម៌ បានសាងនៅលើភ្នំមួយ។

សិលាចារឹកលេខ K. 1158 ចារជាភាសាសំស្ក្រឹតផង ខ្មែរផង រវាង១០០ឆ្នាំក្រោយពីសិលាចារឹក K. 111អម្បាញ់មិញ។ គេប្រទះឃើញប្រមាណ៣០ឆ្នាំមុននេះនៅជិតក្រុងនគររាជ (ប្រទេសថៃឡង់ដ៍បច្ចុប្បន្ន)។បើគិតទៅសិលាចារឹកមុនឃើញថា ពេលចារខុសគ្នារវាង១០០ឆ្នាំ ឯទីកន្លែងវិញក៏នៅឆ្ងាយពីគ្នាណាស់ព្រោះមួយនៅព្រៃវែង មួយទៀតនៅនគររាជ។ តែមើលសេចក្តីក្នុងសិលាចារឹកនគររាជនេះទៅឃើញគេរំលឹកពីរឿងដូចគ្នា ដ្បិតក្នុងផ្នែកជាភាសាខ្មែរមាននិយាយថា ៖

ប្រែសម្រួលតាមសព្វថ្ងៃថា ៖

[...] ព្រះពុទ្ធលោកេសូរទាំងប្រាំបួន ដែលកំស្តែង ស្រីសត្យវម៌ ដ៏ខ្លាំងពូកែបានសាងមកពីព្រេងនាយនៅលើភ្នំអភ័យគិរី ដើម្បីកុំឲ្យជ្វាជិះជាន់ស្រុកខ្មែរ [...]

ក្រៅអំពីព្រះលោកេសូរដែលកសាងនៅលើភ្នំ សិលាចារឹកនគររាជរំលឹកពីការយកកិច្ចសាសនាជាមធ្យោបាយធ្វើឲ្យខ្មែរឯករាជ្យពីជ្វាទៀតផង ដែលជាតម្រុយឲ្យយើងគិតថា ស្រីសត្យវម៌ ប្រហែលជាកសាងព្រះទាំងនោះនៅដើមស.វ.ទី៩។ ប៉ុន្តែ នេះជារឿងមួយទៀត រីឯបំណងរបស់ខ្ញុំនៅក្នុងអត្ថបទខ្លីនេះ គ្រាន់តែចង់ជូនឧទាហរណ៍ខ្លីថា អ្នកចារអក្សរថ្មពីរនាក់រស់នៅជំនាន់ខុសគ្នាមួយសតវត្ស ក្នុងតំបន់ពីរដាច់ឆ្ងាយផ្សេងពីគ្នា រំលឹកអំពីមនុស្សចាស់ពីព្រេងព្រឹទ្ធតែមាក់ ព្រមទាំងស្នាដៃរបស់គាត់ដូចគ្នា។