ភ្នំត្រប់

 ដោយ អាំង ជូលាន

បើយើងចេញពីភ្នំពេញទៅតាមផ្លូវជាតិលេខ៦ ទៅដល់ផ្សារ “ផ្អាវ” (ស្រុកបាធាយ) នៅខាងឆ្វេងដៃ មានផ្លូវក្រួសក្រហមមួយចេញពីកៀនផ្សារនោះ នាំយើងកាត់តាមភូមិដ្ឋាននានា។ នៅចម្លាយប្រមាណ ១៨គ.ម.មានភ្នំមួយដែលហៅថាភ្នំត្រប់។ នៅជើងភ្នំនោះមានវត្តប្រើសមាស ដែលមានសំណង់ឈើឬឥដ្ឋចាស់ៗជាប្រពៃណីនៅឡើយគួរជាទីចាប់ចិត្ត ព្រមទាំងសំណង់ថ្មីខ្លះផង។ ភ្នំនេះពុំខ្ពស់ប៉ុន្មានទេ។ នៅខាងលើនោះមានប្រាសាទបុរាណធ្វើអំពីឥដ្ឋក្នុងសភាពទ្រុឌទ្រោមទៅហើយ។ តួប៉មដែលនៅសេសសល់មានតែ៣ប៉ុណ្ណោះ ហើយតម្រៀបគ្នាជាជួរ (រូបលេខ១)។ រីឯប្រការដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺជញ្ជាំងឥដ្ឋខាងក្នុងតួប៉មសុទ្ធសឹងមានចម្លាក់ផ្ទាល់។ ចម្លាក់របៀបនេះឃើញមានតែនៅប្រាសាទក្រវាន់ក្នុងតំបន់អង្គរប៉ុណ្ណោះ ពោលគឺពុំមានចម្លាក់លើ ជញ្ជាំងឥដ្ឋដែលគេគ្រាន់តែធ្វើឲ្យលេចចេញឡើងសើៗល្មមៗ ហើយបំពេញបាយអពីលើដើម្បីឲ្យលេចក្រឡែតឡើយ។ នេះគឺជាចំណុចមួយដែលអាចយកទៅប្រៀបជាមួយប្រាសាទក្រវាន់ ដែលជាប្រាសាទឥដ្ឋដូចគ្នា។ ចំណុច មួយទៀតគឺទេពដែលឆ្លាក់ទាំងនោះនៅមើលស្គាល់នៅឡើយថាជាព្រះនារាយណ៍និងនាងទុគ៌ា ពោលគឺជាទេព ដែលយើងឃើញនៅប្រាសាទក្រវាន់ដែរ (រូបលេខ២-៥)។ យើងអាចសន្និដ្ឋានថា នេះជាសំណង់ព្រហ្មញ្ញសាសនា ដែលនៅក្នុងនិកាយព្រះនារាយណ៍ (ខ្មែរបុរាណហៅថា “វៃស្ណវ”)។ មានសំណល់ខ្លះទៀតដែលហាក់ដូចជា ឲ្យតម្រុយថាសាងឡើងជំនាន់ជាមួយ ឬប្រហាក់ប្រហែលគ្នានឹងប្រាសាទក្រវាន់ ពោលគឺនៅជុំវិញគ.ស.៩២០។ វត្ថុដែលគួរឲ្យចាប់អារម្មណ៍នោះគឺបល្ល័ង្កមួយ ដែលឃើញនៅព្រះវិហារវត្តប្រើសមាសនៅជើងភ្នំដែលមាន ចម្លាក់រូបគ្រុឌឈរទ្រអ្វីមួយ (រូបលេខ៦)។ រូបគ្រុឌនេះគួរឲ្យយកទៅប្រៀបធៀបនឹងគ្រុឌសម័យកោះកេរ្តិ៍ ខ្លាំងណាស់។ យើងដឹងថាប្រាសាទក្រវាន់ចាប់ផ្តើមសាងឡើងនៅម្តុំពេលដែលរាជធានីអង្គរប្តូរទៅកោះកេរ្តិ៍ មួយរយៈ។ ដូច្នេះចំណុចខាងក្រោយនេះហាក់ដូចជាកាន់តែធ្វើឲ្យយើងជឿច្បាស់ថាប្រាសាទភ្នំត្រប់សាងឡើង ក្នុងសម័យកាល ព្រមទាំងក្នុងរចនាបថជាមួយគ្នានឹងប្រាសាទក្រវាន់ ពោលគឺនៅដើមទសវត្ស៩២០។

ប្រាសាទបុរាណនេះមានភាពទ្រុឌទ្រោមក៏មែនពិត តែភាពសក្ការៈឥតមានបាត់បង់ទៅណាឡើយ ។ អ្នកស្រុកតែងមកបន់ស្រន់ផ្ទាល់ខ្លួនក្តី (រូបលេខ៧) ឬមកធ្វើពិធីរួមគ្នានៅទីនោះក្តី (រូបលេខ៨)។