ផ្នូរខ្មោចបុរាណនៅភូមិស្នាយ

 ដោយ ហួត សំណាង

ភូមិស្នាយស្ថិតនៅក្នុងឃុំរហាល, ស្រុកព្រះនេត្រព្រះ, ខេត្តបន្ទាយមានជ័យ។ ទឹកដីនៅទីនេះជាទឹកដីចាស់ មានមនុស្សរស់នៅតាំងពីជំនាន់បុរេប្រវតិ្តមកម៉្លេះ។ អ្នកស្រាវជ្រាវចាប់ផ្តើមយកចិត្តទុកដាក់នឹងស្ថានីយ៍នេះចាប់ពីគ.ស.២០០០មក  ក្រោយពីដឹងថាស្ថានីយ៍នៅភូមិស្នាយនេះរងគ្រោះ និងការបំផ្លិចបំផ្លាញ គាស់កកាយយកវត្ថុបុរាណទៅលក់ជារៀងរាល់ថ្ងៃ។ ទោះជារងគ្រោះមិនឈប់ឈរយ៉ាងនេះក្តី ក៏គង់គេអាចនៅធ្វើការស្រាវជ្រាវបានខ្លះៗ។ របាយការណ៍ធ្វើកំណាយមានផ្សព្វផ្សាយនៅតាម  ទស្សនាវដ្តីស្រាវជ្រាវផ្សេងៗ នៅប្រទេសកម្ពុជាផង នៅបរទេសផង។ ម៉្យាងទៀតមានការផ្សព្វផ្សាយតាម  រយៈបាឋកថាផងដែរ។ នៅទីនេះខ្ញុំគ្រាន់តែជូនឧទាហរណ៍មួយអំពីស្ថានីយ៍ម្យ៉ាងនៅភូមិស្នាយ។ ស្ថានីយ៍នោះជាកន្លែងកប់ខ្មោចនៅសម័យបុរេប្រវត្តិ។ នៅចន្លោះឆ្នាំ២០០១និង២០០៣ យើងបានប្រទះឃើញសព ៩នៅរណ្តៅមួយ ហើយក្រោយមកទៀត សពចំនួន១៤នៅរណ្តៅមួយទៀតចម្ងាយប្រមាណ ១០០ម.ពីរណ្តៅមុន។ រូបលេខ១-២ បង្ហាញពីរណ្តៅកប់ខ្មោច ដែលលេចចេញឡើងដោយការធ្វើកំណាយតាមក្បួនច្បាប់វិទ្យាសាស្ត្រ ឯរូបលេខ៣ គឺអ្នកស្រាវជ្រាវកំពុងធ្វើកំណាយ។ ធម្មតាគេតែងតែកប់ខ្មោចដោយមានបញ្ចុះរបស់របរអ្វីៗនៃសពទៅជាមួយ ដូច្នេះហើយបានជាក្រៅពីឆ្អឹងខ្មោចនោះ យើងឃើញមានវត្ថុផ្សេងៗនៅជិត។ រូបលេខ៤ ជាអលង្ការ មានជាអាទិ៍គឺកងដៃលោហៈ ឯរូបលេខ៥-៧ ក៏ធ្វើពីលោហៈដែរ ប៉ុន្តែជាឧបករណ៍ប្រើប្រាស់ ឬសព្វាវុធផង។ រូបលេខ៨-១០ សុទ្ធសឹងជាកុលាលភាជន៍ ដែលមានរូបរាងផ្សេងៗគ្នា។ ចំណែកឯរូបលេខ១១វិញ ជាឆ្អឹងសត្វ។ ឆ្លៀតឱកាសនេះខ្ញុំសូមជម្រាបថា ឆ្អឹងសត្វដែលរកឃើញក្នុងកំណាយនោះបង្ហាញថាមានសត្វច្រើនប្រភេទខុសៗគ្នា បើត្រី គឺត្រីច្រើនប្រភេទ មានត្រីប្រា, ត្រីអណ្តែង, ត្រីឆ្តោរ... ឬក៏មច្ឆាជាតិដទៃ ដូចជាអន្ទង់ជាដើម។ ពុំនោះទេ មានឆ្អឹងសត្វទ្វេបាទ និងចតុបាទ ដូចជាមាន់, ទា, ឆ្កែ, ជ្រូក, គោ, ក្របី...។