ប្រាសាទបាសាក់

ដោយ  ចាន់ សុវិចិត្រា

 នរណាក៏ដឹងដែរថា ប្រទេសកម្ពុជាសម្បូណ៌ទៅដោយស្ថានីយ៍បុរាណណាស់ ដោយសារនៅក្នុងប្រវត្តិសាស្ត្រ ប្រទេសនេះធ្លាប់ថ្កុំថ្កើងខ្លាំង។ តែយ៉ាងណាក៏មនុស្សម្នាទូទៅ កាលណាពោលពីស្ថានីយ៍ឬរមណីយដ្ឋានបុរាណ ច្រើននឹកទៅដល់ទីណាដែលមានភាពស្ញប់ស្ញែងដូចជា តំបន់អង្គរ, ភ្នំគូលែន, សម្បូណ៌ព្រៃគុក, ព្រះវិហារ, បន្ទាយឆ្មារ ៘ ហើយហាក់ដូចជាភ្លេចថា តំបន់ខាងត្បូងក៏ពោរពេញទៅដោយមត៌កប្រវត្តិសាស្ត្រដែរ។ បើគិតជាចំណាស់ផង នៅឯនេះសម្បូណ៌ទៅដោយបុរាណដ្ឋានមុនសម័យអង្គរជាងតំបន់ខាងជើងទៅទៀត។

ទីនេះខ្ញុំសូមលើកយកឧទាហរណ៍មួយមកបង្ហាញអ្នកអាន ហើយដែលពុំមែនជាករណីអ្វីពិសេសនោះទេ ដើម្បីជ្រាបថាឧទាហរណ៍របៀបនេះមានជាទូទៅនៅប្រទេសកម្ពុជា។ ខ្ញុំនឹងនិយាយត្រួសៗជាទីបំផុតអំពីប្រាសាទ បាសាក់ ដែលស្ថិតក្នុងភូមិបាសាក់, ឃុំបាសាក់, ស្រុកស្វាយជ្រុំ, ខេត្តស្វាយរៀង (រូបលេខ១)។ ទីតាំងប្រាសាទនេះ នៅក្បែរមាត់ទន្លេវ៉ៃកូ (រូប លេខ២)មិនខុសអ្វីពីប្រាសាទអម្បាលម៉ានទៀតយ៉ាងច្រើន ដែលរាយគ្នានៅតាមដង ទន្លេដដែលនោះទេ។

អ្នកដែលពុំចាប់អារម្មណ៍ ពេលដែលទៅដល់បុរាណដ្ឋាននោះ ពុំគិតថាកាលដើមឡើយធំធេងយ៉ាងណាទេ ដោយសារនៅឯនេះ ការខូចខាតមានច្រើន ដូចនៅកន្លែងដទៃទៀតដែរ។ ឧទាហរណ៍ កសិន្ធុដែលនៅក្នុងបរិវេណ ប្រាសាទជ្រុងអាគ្នេយ៍ សព្វថ្ងៃក្លាយជាស្រែទៅហើយ (រូបលេខ៣)។ រីឯតួប៉មប្រាសាទឥដ្ឋនានា សព្វថ្ងៃនេះបើ មើលទិដ្ឋភាពទូទៅនឹងឃើញដូចរូបលេខ៤។ បើពិនិត្យឱ្យជាក់ច្បាស់ ឃើញមាននៅសល់ជញ្ជាំងដូចមាននៅរូបលេខ៥។


បើប្រៀបធៀបទៅនឹងស្ថានភាពដែលមានមកប្រមាណមួយសតវត្សមុននេះ ឃើញថាការ ខូចខាតប៉ុន្មាន ទសវត្សកន្លងមកនេះ មានភាពធ្ងន់ធ្ងរ។ នៅឆ្នាំ១៩០២ បុរាណវិទូបារាំងម្នាក់ឈ្មោះ Jean Commaille បានទៅឆ្ការព្រៃធ្វើកំណាយតាមបែបបទបុរាណវិទ្យា ដើម្បីស្រាវ ជ្រាវអំពីប្រវត្តិទីនេះ។ រចនាសម្ព័ន្ធប្រាសាទក៏លេចឡើងម្តងបន្តិចៗដូចមានរូបលេខ៦-៨ជាឧទាហរណ៍ ហើយទីបញ្ចប់លោក Commaille ក៏ស្រង់ប្លង់ប្រាសាទនោះបានដូចមានបង្ហាញនៅរូបលេខ៩។ ការងារនេះរាប់បញ្ចូលតាំងពីការរុករកបុរាណវត្ថុដែលកប់ក្នុងទឹកផង (រូបលេខ១០-១១)។ លោកអ្នកអានណាដែលចង់ជ្រាបវែងឆ្ងាយ សូមអានអត្ថបទរបស់លោក Commaille ដែលចុះក្នុង Bulletin de l’Ecole Français d’Extrarême-Orient ឆ្នាំ១៩០២។

សំណាងល្អ បុរាណវត្ថុដែលកប់ក្នុងដីពេលនោះ គេបានយកមករក្សាទុកនៅទីផ្សេងៗ។ វត្ថុខ្លះយកមក តាំងឱ្យសាធារណជនឃើញនៅសារមន្ទីរផង។ វត្ថុទាំងនោះមានជាអាទិ៍គឺ សិលាចារឹក (សិលាចារឹកនៅ រូបលេខ១២បង្ហាញថាអក្សរដែលសរសេរនោះ ជាអក្សរមុនសម័យអង្គរ), ផ្តែរនិងសសរដែលជាស៊ុមទ្វារ (រូបលេខ១៣ -១៥), បដិមារូបទេព (នៅរូបលេខ ១៦នៅសល់តែព្រះកេស), ព្រះគោ (រូបលេខ១៧)។ នេះពោលពីវត្ថុដែលធ្វើអំពីថ្ម បើជាវត្ថុសម្រិតក៏មានដែរដូចជាកំណាត់ដៃមួយ ដែលមានសោភ័ណភាពក្រៃលែង (រូបលេខ១៨) និងជើងទម្រ (រូបលេខ១៩)។          

សូមបញ្ជាក់ថាសំណង់សាសនានៅទីនេះពុំមែនធ្វើឡើងតែក្នុងមួយរយៈពេលទេ ត្បិតនេះជាទឹកដីដែលមនុស្សរស់នៅបន្តបន្ទាប់គ្នា ឥតដែលបានបោះបង់ចោលឡើយ ដូច្នេះការសាង សង់ក៏ធ្វើឡើងជាបន្តបន្ទាប់។ អម្បាញ់មិញយើងឃើញថា សិលាចារឹកនៅរូបលេខ១២ចារនៅមុនសម័យអង្គរ តែគេបានប្រទះឃើញសិលាចារឹកមួយទៀតដែលចារក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័ន(ស.វ.១០) ជាពិសេសនិយាយពីមន្រ្តីធំម្នាក់ដែលមានងារជារាជកុលមហាមន្រ្តី។