ព្រះបាទ

ដោយ អាំង ជូលាន

នៅភូមិបាចុងក្នុងក្រុងស្ទឹងត្រែង មានប្រាសាទមួយហៅថាព្រះធាតុ នៅជាប់មាត់ទន្លេធំ ដែលសព្វថ្ងៃរលំដួលទៅក្នុងទឹកស្ទើរអស់ទៅហើយដោយសារបាក់ច្រាំង។ តែពីមុនមក នៅឆ្នាំ១៩២០ គេបានយកចម្លាក់មួយពីប្រាសាទនេះ មកទុកនៅសារមន្ទីរជាតិក្រុងភ្នំពេញ។ វត្ថុនោះជាបន្ទះថ្មបួនជ្រុងស្មើដែលមានឆ្លាក់រូបព្រះបាទ ព្រមទាំងចារឹកអក្សរលើនោះផង (រូបលេខ ១)។

នៅប្រទេសកម្ពុជា ក្នុងសម័យកណ្តាលនិងសម័យថ្មីនេះ គេច្រើនស្គាល់តែព្រះពុទ្ធបាទ ពោលគឺរូបព្រះបាទនៃព្រះពុទ្ធអង្គ។ ជួនកាលព្រះបាទនោះទំហំធំណាស់ ហើយមានចម្លាក់ស្អេកស្កះនៅក្នុងនោះទៀតផង ឧទាហរណ៍ក្នុងព្រះបាទមួយ មានចែកចេញជារូបតូចៗខុសគ្នាចំនួន១០៨។ បើថ្មនោះពុំមែនជាផ្ទាំងថ្មដែលគេដូរទីកន្លែងបាន គឺជាថ្មធម្មជាតិដុះចេញពីដីមកតែម្តង។ជួនកាលពុំមែនជាចម្លាក់ថ្មទេ តែជាគំនូរដែលគេគូរលើផ្ទាំងកំណាត់ធំមួយជាដើម។

ក្រៅពីព្រះពុទ្ធបាទអ្នកខ្លះច្រើនឲ្យគេគូរបាទជើងម្តាយខ្លួនលើកំណាត់មួយផ្ទាំងដោយមានចារអ្វីតិចតួចខ្លះទៀតបន្ថែម ហើយទុកជាយន្តសម្រាប់ការពារខ្លួន។

ការគោរពព្រះបាទនេះ តាមពិតពុំមែនមានមកជាមួយព្រះពុទ្ធសាសនាថេរវាទនោះទេ គឺមានតាំងតែពីសម័យព្រាហ្មណ៍ម៉្លេះ។ ចម្លាក់នៅរូបលេខ១អម្បាញ់មិញនេះ សិល្បវិទូយល់ថាឆ្លាក់នៅមុនសម័យអង្គរ។ បើមើលអក្សរនៅលើនោះ (រូបពង្រីកលេខ២) ឃើញគេចារថា ឝិវបាទទ្វាយាម្ភោជ ដែលជាពាក្យសំស្ក្រឹត ប្រែមកថា “ផ្កាឈូកជាព្រះបាទទាំងពីរនៃព្រះឥសូរ”។