ព្រះវិហារអដ្ឋរស្សនៅភ្នំព្រះរាជទ្រព្យ

 ដោយ តាំង រតនា

 ខ្មែរទុកភ្នំនៅឧត្តុង្គនេះថាជាទីសក្ការៈតាំងពីយូរយារមកហើយ គឺតាំងពីមុនឧត្តុង្គក្លាយមកជារាជធានីម៉្លេះ។ បើអានសិលាចារឹកលេខ K 285ចារនៅគ.ស.១៥៨៣ ឃើញថានៅពេលនោះមានវត្តអារាមដែលចាស់ទ្រុឌទ្រោមបាក់បែកទៅហើយ។ ដូច្នេះសំណង់ដើមទាំងអស់នោះយើងពុំអាចដឹងថាមានរូបរាងយ៉ាងដូចម្តេចឡើយ។ តែយ៉ាងណាក៏ដោយ ក្រោយពីបែកបាក់ខ្ចាត់ខ្ចាយបន្ទាយលង្វែកបន្តិចមក ព្រះបាទសូរិយោពម៌ខិតខំមករៀបចំទីនោះនៅរវាងដើមស.វ.ទី១៧ម្តងទៀត ហើយតពីនោះមកក៏មានទំនៀមដែលព្រះមហាក្សត្រតែងតែទៅកសាងអ្វីៗផ្សេងៗនៅទីនោះ។ ព្រះអដ្ឋិធាតុព្រះរាជបុត្ររបស់ព្រះអង្គ ពោលគឺព្រះបាទជ័យជេដ្ឋាទី២ក៏បញ្ចុះនៅក្នុងចេតិយ នៅចង្កេះភ្នំ ដូចយើងឃើញសព្វថ្ងៃនេះស្រាប់។ បើពោលពីរាជ្យព្រះអង្គឌួងតរហូតមកដល់ព្រះមហាវីរក្សត្រសព្វថ្ងៃ គឺការកសាងនោះមានពុំដែលដាច់ឡើយ។

យើងដឹងស្រាប់ហើយថា កំពូលប៉ែកខាងត្បូងនៃភ្នំមានព្រះវិហារបុរាណមួយឈ្មោះហៅថា “អដ្ឋរស្ស” មានន័យថា “១៨” ពោលគឺ១៨ ហត្ថ ដែលជាខ្នាតទំហំនៃព្រះពុទ្ធរូបតម្កល់ក្នុងនោះ។ យើងពុំអាចដឹងថាព្រះវិហារនោះរើរុះតមកប៉ុន្មានដងទេ តែអ្នកខ្លះក៏អាចនៅចាំថា មុនទម្លាក់គ្រាប់បែកនៅដើម ទសវត្ស ១៩៧០ ព្រះវិហារនោះមានទ្រង់ទ្រាយយ៉ាងដូចម្តេច ហើយស្កឹមស្កៃយ៉ាងណាដែរ។ គួរឱ្យសង្វេគណាស់ សព្វថ្ងៃនេះនៅសល់តែត្រឹមជញ្ជាំង, សសរដែលមានទំហំច្រើនឱប និងភ្នែនព្រះជីធំប៉ុណ្ណោះ។ សំណាងល្អខ្ញុំបានប្រទះឃើញរូបព្រះវិហារនោះនៅក្នុងសៀវភៅជាភាសាសៀមមួយ ដែលមានចំណងជើងថា “និរាសនគរវត្ត” សរសេរដោយក្រមពញ្ញាតម្រង់រាជានុភាព ក្រោយពីទ្រង់យាងមកធ្វើទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី១៦ វិច្ឆិកា ដល់ថ្ងៃទី១៤ ធ្នូ  គ.ស.១៩២៥ (ព.ស.២៤៦៧)។ ខ្ញុំឆ្លៀតឱកាសនេះសូមអរព្រះគុណ ព្រះតេជគុណ ហ៊ុន កុសល ជាសមណនិស្សិតខ្មែរនៅក្រុងបាងកក ដែលបានផ្ញើសៀវភៅនោះមកខ្ញុំមួយច្បាប់ បោះពុម្ពផ្សាយលើកទី៥ នៅក្រុងបាងកក ក្នុង ព.ស.២៥៤៥។ ឯរូបនោះនៅក្នុងទំព័រ២៤៧។