វាយកូនគោល

 ដោយ អ៊ឹម សុខរិទ្ធី

គោលការណ៍ទូទៅនៃល្បែងកូនគោល គឺត្រូវមានទីលានមួយស្រឡះ មនុស្សពីរក្រុមជា  បដិបក្ស និងសម្ភារៈសម្រាប់លេង ពោលគឺកូនគោលដែលធ្វើពីដុំឈើស្រាលៗមានដើមរលួសជាដើម ហើយចាំងឱ្យមានរាងមូល។  បើពុំនោះទេ គេប្រើផ្លែត្នោតតែម្តង។ រីឯដំបងសម្រាប់វាយនោះអាចជាធាងត្នោត ឈើអ្វីមួយមាំដែលគេយកមកចាំងដើម្បីស្រួលកាន់វាយ ឬ យក ប្ញស្សីដែលមានគល់រាងក្រងុកចុងស្រាប់។ ជួនកាលល្បែងប្រភេទនេះគេលេងពេលយប់ នៅតាមស្រែដែលគេច្រូតស្រូវអស់ហើយ។ ស្រុកខ្លះហៅថា “វាយប្រដំ”។ ពេលនោះកូនគោលគេដុតឱ្យស្ទើរទៅជារងើក។ ដៃគូម្ខាងៗខំធ្វើយ៉ាងដូចម្តេចវាយកូនគោលនោះឱ្យទៅដល់ទីម្ខាងទៀត។

មានកូនគោលមួយប្រភេទទៀតដែលសព្វថ្ងៃគ្មានខ្មែរណាម្នាក់មានការចងចាំថាធ្លាប់បានលេង បានឃើញ ឬឮគេនិយាយឡើយ។ កូនគោលនោះប្រហែលជាក្បួនច្បាប់លេងពុំខុសគ្នាខ្លាំងពីកូនគោលដែលពោលពីលើមកឡើយ។ ប៉ុន្តែអ្នកលេងម្នាក់ៗសុទ្ធតែជិះសេះ។ ល្បែងនេះយើងឃើញគេឆ្លាក់នៅលើជញ្ជាំងខឿនលានជល់ដំរីជ្រុងខាងជើង, នៅអង្គរធំ (រូបលេខ ១-៣)។ ចម្លាក់នោះប្រហែលសាងឡើងនៅចុងស.វ.ទី១២ឬដើមស.វ.ទី១៣។ យើងមិនដឹងថាខ្មែរជាអ្នកបង្កើតឬយ៉ាងណាទេ ប៉ុន្តែផ្ទាំងដែលឆ្លាក់នោះឃើញថាមានទំហំធំណាស់ យ៉ាងណាក៏អាចយល់ថាជាល្បែងសំខាន់នៅក្នុងមជ្ឈដ្ឋានអភិជនណាមួយដែរ។ បានជាមិនហ៊ានថាខ្មែរជាអ្នកបង្កើត ព្រោះយើងដឹងថាជាសាសន៍ធំៗនៅអាស៊ីដទៃទៀត ក៏និយមល្បែងនេះរហូតមកដល់សព្វថ្ងៃទៀតផង ជាពិសេសនៅប្រទេសឥណ្ឌា។ ដោយសារដូច្នោះហើយបានជាអង់គ្លេស៍ចម្លងល្បែងនេះទៅផ្សព្វផ្សាយនៅអឺរ៉ុប ព្រោះកាលនោះប្រទេសឥណ្ឌាជាអាណានិគមន៍នៃចក្រភពអង់គ្លេស៍។ នៅអឺរ៉ុបសព្វថ្ងៃគេហៅល្បែងជិះសេះវាយកូនគោលនោះថា  Polo game។