គ្រឿងខ្មៅ

ដោយ ស្រី សមប៊ុនណារ៉ុង

 

នៅក្នុងជំពូក១ លេខរៀងទី៦៩ មានអត្ថបទ១និយាយអំពី «អំបិលគ្រឿង។» ឯនៅលេខរៀងទី៥៧ ជំពូក៥ មានអត្ថបទមួយទៀតនិយាយពី «អំបិលចំបក់»។ អត្ថបទទាំង២នេះសុទ្ធសឹងបង្ហាញពីប្រភេទ «គ្រឿងរោយ» លើបាយដែលធ្វើពីអំបិលជាគោលផ្សំនឹងគ្រឿងដទៃទៀត សម្រាប់ទទួលទានជាមួយបាយជំនួសម្ហូបបានមួយគ្រាៗនៅពេលគ្មានអ្វីសោះ ឬពេលមមាញឹកខ្លាំង ពិសេសចំពោះអ្នកស្រែដែលជាប់ដៃដកស្ទូងច្រូតកាត់ ឬចំពោះអ្នកព្រៃដែលត្រូវចូលព្រៃរករុក្ខផលផ្សេងៗ។ នៅក្នុងអត្ថបទនេះ ខ្ញុំចង់បង្ហាញពីគ្រឿងម្យ៉ាងទៀតដែលមិនសូវខុសគ្នាប៉ុន្មានពី «គ្រឿងរោយបាយ» ២ប្រភេទខាងលើ ដែលអ្នកស្រុករស់នៅភូមិសំបូរ ក្នុងតំបន់ប្រាសាទសំបូរព្រៃគុកហៅថា «គ្រឿងខ្មៅ»។ ប៉ុន្តែអ្វីដែលលើសពីគ្រឿងរោយបាយទាំង២មុខខាងលើ គឺក្នុងគ្រឿងខ្មៅគេមានបន្ថែមសាច់និងប្រហុក។ តទៅនេះ គឺជារបៀបធ្វើដែលជាចំណេះចេញពីក្នុងគ្រួសាររបស់ខ្ញុំផ្ទាល់ ៖
ដំបូងគេត្រូវហាន់ស្លឹកគ្រៃ, រំដេង និងស្លឹកក្រូចសើចជាចំណិតតូចៗល្មម (រូបលេខ១-២)។ រួចមកទើបគេយកគ្រឿងដែលហាន់ហើយទៅលីងក្នុងខ្ទះ ដោយដាក់អំបិល និងម្ទេសទាំងមូលចូលជាមួយផង (រូបលេខ៣)។ ឯចំនួនម្ទេសអាចតិចឬច្រើន គឺអាស្រ័យតាមចំណូលចិត្ត។ ចំណែកប្រហុកវិញ គេយកទៅខ្ចប់ស្លឹកចេកហើយដាក់អាំងចោលលើភ្លើងឲ្យឆ្អិនល្មម (រូបលេខ៤)។ ចំពោះសាច់វិញមិនដាច់ខាតត្រូវតែដាក់ទេ គឺអាស្រ័យតែគេមាន ឬគេចង់ ហើយអាចជាសាច់គោ, សាច់ជ្រូក, សាច់មាន់ ឬត្រី នឹងជាសាច់ដែលមិនជាប់ខ្លាញ់។ សាច់នោះក៏ដូចគ្នា គឺគេត្រូវយកទៅអាំងទាល់តែឆ្អិនស្ងួតស្រស់អស់ជាតិទឹក (រូបលេខ៥)។ រួចមកទើបគេហែកវាជាចំណិតតូចៗ ដើម្បីយកទៅលីងជាមួយគ្រឿងដទៃទៀត (រូបលេខ៦-៧)។ គ្រឿងដែលលីងស្ងួតល្មមហើយ គេលើកចេញពីភ្លើងចាក់ចូលត្បាល់ និងចាប់ផ្តើមបុករហូតដល់ម៉ត់ (រូបលេខ៨-៩)។ ក្នុងពេលកំពុងបុកនោះ គេអាចបន្ថែមស្ករ ឬប៊ីចេងចូលតិចច្រើនតាមចំណូលចិត្តរៀងខ្លួន។

គ្រឿងដែលបុកបានគេយកទៅដាក់ក្នុងក្រឡអ្វីមួយសម្រាប់ទុកទទួលទានបានយូរ។ ក្រៅតែពីសម្រាប់រោយលើបាយទទួលទានបានភ្លាមៗ គ្រឿងនេះក៏ប្រើជាគ្រឿងទេសក្នុងសម្លផ្សេងៗដែរ ដូចជាសម្លប្រហើរត្រពាំងជាដើម ដោយគេគ្រាន់តែបង់សាច់និងបន្លែ ហើយដាក់គ្រឿងនេះចូលជាការស្រេច។
សព្វថ្ងៃ គ្រឿងខ្មៅនេះ ពុំសូវមានគេធ្វើច្រើនដូចមុនទេ។ បើតាមស្មាន គឺអាចមកពីមូលហេតុច្រើនប្រការ។ ទី១ គឺដោយសារមនុស្សមិនសូវចូលព្រៃឆ្ងាយៗរហូតដាច់បាយទឹកពីផ្ទះហើយត្រូវការបាយបម្រុងតាមខ្លួនដូចមុន។ ឯទីដែលទុកថាជា «ព្រៃស្តុក»ត្រូវលុកចូលដូចពីមុនក៏កាន់តែហោចទៅៗ។ ចំណែកអ្នកទៅស្រែចម្ការវិញ ច្រើនតែត្រឡប់មកបាយផ្ទះវិញ ដ្បិតទៅដោយសារម៉ូតូ ឬគោយន្ត ងាយរហ័ស ហើយផ្លូវក៏មានច្រើននិងល្អប្រសើរជាងមុនដែរ។ ប្រការទី២ គឺមនុស្សសព្វថ្ងៃមានទំនោរធំទៅលើការ «ចាយលុយ» ជាចាំបាច់។ កាលណាត្រូវការម្ហូបចំណី គឺយកលុយទៅទិញត្រីសាច់បន្លែបានស្រាប់ៗ។ ខ្លះទៀតពុំចាំបាច់ចេញពីផ្ទះទៅ «តូបចាប់ហួយ» ឬទៅផ្សារផង គឺមានគេដឹកកង់, ម៉ូតូឬរ៉ឺម៉ក មកលក់ដល់មុខផ្ទះតែម្តង។ ដូច្នេះត្រីសាច់ម្ហូបអាហារពីផ្សារធំៗមកមានច្រើនបែបយ៉ាង ដោយគេពុំចាំបាច់ «បាយអំបិល» ដូចមុនទេ លើកលែងតែអ្នកទាល់រកប្រាក់១រៀលគ្មានតែប៉ុណ្ណោះ ដែលគ្មានជម្រើសក្នុងការហូបចុក។ ប្រការ១ទៀត គឺអាចមកពីគ្រឿងដែលប្រើក្នុងសម្លកាន់តែមានច្រើនសម្បូណ៌បែបដែលអ្នកស្រុកពីមុនពុំសូវប្រើដូចជាទឹកត្រី ប៊ីចេង ទឹកស៊ីអ៊ីវ និងគ្រឿងដទៃទៀត ដែលជំនួសឲ្យគ្រឿងខ្មៅ។