• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

របរសិប្បកម្មនៅស្រុកស្ទោង

ដោយ ជី រដ្ឋា និង វ៉ា បុប្ផារី

 

បច្ចុប្បន្ននេះ ប្រជាជនមួយចំនួនរស់នៅភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នៅតែប្រកបរបរដែលតពីដូនតាមក គឺការផលិតរបស់ប្រើប្រាស់ប្រចាំថ្ងៃដូចជា តោក, កំប៉េះ, តៀប, សាជី, បាត្រ, ឃ្លុំ, ហឹបស្លា, តុ និងជើងពានជាដើម។ វត្ថុសិប្បកម្មប្រពៃណីខាងលើនេះ ឆ្លុះបញ្ចាំងពីចំណេះជំនាញដ៏ខ្ពង់ខ្ពស់ ទាំងបច្ចេកទេសផលិត គំនិតច្នៃប្រតិដ្ឋ និងមានសម្រស់សិល្បៈខ្ពង់ខ្ពស់គួរឲ្យទាក់ទាញភ្នែកផង។

វត្ថុធាតុដើមសម្រាប់ផលិតរបស់ប្រើប្រាស់ទាំងនោះមានដូចជាធាងត្នោត, ដើមគ, ដើមពួក, ជ័រម្រ័ក្សណ៍ និងជ័រដង្កោ ដែលសុទ្ធតែអាចរកបានពីក្បែរៗផ្ទះ ឬនៅព្រៃមិនឆ្ងាយប៉ុន្មានពីភូមិស្រុក  ហើយគេប្រើតាមផ្នែកផ្សេងៗនៃវត្ថុ ដូចជា៖

       - ធាងត្នោត៖ ជាវត្ថុធាតុចាំបាច់ជាងគេ ប្រើសម្រាប់ធ្វើផ្នែកផ្សេងៗរបស់សម្ភារៈដែលមានរាយខាងលើ (រូបលេខ១)។

       - ដើមគ៖ ប្រើធ្វើជាបាត ដោយសារឈើគស្រាល និងគ្មានសរសៃ (រូបលេខ២)។

       - ដើមពួក៖ គេយកមកធ្វើជាក្បាច់លម្អ ដ្បិតវាងាយស្រួលបិតនិងចាក់ជាក្បាច់។ គេច្រៀកដើមពួក ជាចំរៀកតូចៗ ហើយហាលឲ្យស្ងួត ទើបយកមកឆ្លាក់ជារូបរាងក្បាច់ផ្សេងៗ។ ដើមពួកមានរូបរាងនិងស្លឹកស្រដៀងដើមឫស្សីដែរ ប៉ុន្តែស្លឹកវាធំជាងស្លឹកឫស្សី និងមានថ្នាំងវែងជាងឫស្សី (រូបលេខ៣)។

       - ផ្លែដង្កោ៖ គេយកមកបុកនិងច្រោះយកជ័រសម្រាប់បិទផ្គុំ។ គេយកផ្លែដង្កោចាស់ល្មម មិនខ្ចីពេក មិនទុំពេក មកបុកឲ្យម៉ដ្ឋលាយទឹក រួចទើបពូតនិងច្រោះយកកាកចេញ។ ជ័រដែលបានមកនោះអាចរក្សាទុកសម្រាប់ប្រើប្រាស់បានរវាង១ឆ្នាំ (រូបលេខ៤)។

       - ស្លឹកស្នាយ និង ស្លឹកស្លត៖ ប្រើសម្រាប់ខាត់លើផ្ទៃវត្ថុឲ្យរលោងស្មើ ដ្បិតស្លឹករុក្ខជាតិទាំងពីរមានសភាពគ្រើម (រូបលេខ៥) ។

       - ជ័រម្រ័ក្សណ៍៖ សម្រាប់យកមកលាបលើវត្ថុទាំងនោះឲ្យខ្មៅរលើប មានសោភ័ណភាព និងជាពិសេសទៅទៀតគឺដើម្បីរក្សាទុកបានវត្ថុនោះឲ្យយូរឆ្នាំ។ ជ័រម្រ័ក្សណ៍ អាចចាក់យកបានពីដើមគ្រើល (រូបលេខ៦) ហើយម្រ័ក្សណ៍នេះមានពីរប្រភេទ គឺម្រ័ក្សណ៍ប្រេង និងម្រ័ក្សណ៍អាចម៍មាន់។ គេអាចសម្គាល់បាន ដោយសារម្រ័ក្សណ៍ប្រេងមានសភាពរាវជាងម្រ័ក្សណ៍អាចម៍មាន់។

រូបលេខ១

រូបលេខ១

រូបលេខ២

រូបលេខ២

រូបលេខ៣

រូបលេខ៣

រូបលេខ៤

រូបលេខ៤

រូបលេខ៥

រូបលេខ៥

រូបលេខ៦

រូបលេខ៦

ដើម្បីផលិតបានជាវត្ថុប្រើប្រាស់ដ៏ប្រណីតខាងលើ គេត្រូវចំណាយពេលយូរថ្ងៃនិងត្រូវមានភាពអំណត់អត់ធ្មត់ខ្លាំង រួមផ្សំនិងភាពប៉ិនប្រសប់ផង។ ដំណាក់កាលទី១ គឺគេយកធាងត្នោតមកច្រៀកសំបករឹងខាងក្រៅចេញ ដ្បិតផ្នែកដែលត្រូវប្រើគឺសាច់ខាងក្នុង។ បន្ទះដែលច្រៀកបាន គេបិតឲ្យស្អាត រួចយកទៅបញ្ជាន់នឹងឧបករណ៍កែច្នៃមួយប្រភេទ ដើម្បីឲ្យវារមួលចូលគ្នាជារង្វង់ ដូចឃើញនៅរូបលេខ៧។ បន្ទាប់មកទៀតទើបគេយកចម្រៀកត្នោតនោះទៅហាលថ្ងៃឲ្យស្ងួតរយៈពេល២ថ្ងៃ ដើម្បីកុំឲ្យវារលាត្រង់មកវិញ (រូបលេខ៨)។ ដំណាក់កាលទី២ គឺគេត្រូវតម្រៀបចម្រៀកធាងត្នោតទាំងនោះឲ្យចេញទៅជារូបរាងតាមផ្នែកផ្សេងៗនៃវត្ថុដែលគេចង់ធ្វើ (រូបលេខ៩)។

រូបលេខ៧

រូបលេខ៧

រូបលេខ៨

រូបលេខ៨

រូបលេខ៩

រូបលេខ៩

បន្ទាប់មកទើបគេយកផ្នែកនីមួយៗដែលទើបតម្រៀបបាននោះ មកចិតបិតរំលីងផ្ទៃខាងក្នុងនិងខាងក្រៅឲ្យរាបស្មើស្អាត ដោយប្រើកាំបិតបន្ទោះ (រូបលេខ១០-១១)។ នៅដំណាក់កាលទី៣ គឺគេចាប់ផ្តើមធ្វើបាតវត្ថុ ដោយយកដើមគមកកាត់តម្រឹមឲ្យមូល តាមទំហំនៃវត្ថុនីមួយៗនោះ (សូមមើលរូបលេខ២ឡើងវិញ)។ ដំណាក់កាលទី៤ គេចាប់ផ្តើមផ្គុំផ្នែកនីមួយៗបញ្ចូលគ្នា ដោយប្រើជ័រដង្កោមកលាបភ្ជិត (រូបលេខ១២)។

រូបលេខ១០

រូបលេខ១០

រូបលេខ១១

រូបលេខ១១

រូបលេខ១២

រូបលេខ១២

ឯដំណាក់កាលបន្តមកទៀត គឺគេចាប់លាបជ័រម្រ័ក្សណ៍ឆៅលើវត្ថុទាំងនោះជាលើកទី១ (រូបលេខ១៣) ហើយហាលឲ្យស្ងួតរយៈពេលប្រមាណ៤ឬ៥ថ្ងៃ។ ក្រោយឃើញថាម្រ័ក្សណ៍ដែលលាបនោះស្ងួតល្អហើយ ទើបគេយកវត្ថុទាំងនោះមកខាត់នឹងស្លឹកស្នាយឬស្លឹកស្លតឲ្យរលោងស្អាត រួចទើបលាបម្រ័ក្សណ៍ឆៅជាលើកទី២ទៀត ដោយទុកចោលរយៈពេល៤ឬ៥ថ្ងៃដូចលើកមុនដែរ ដើម្បីការពារស្នាមជ្រួញ ឬរបកចេញជ័រដែលលាបលើកទី១។ ដល់ពេលដែលត្រូវលាបលើកទី៣ គេត្រូវលាយជ័រម្រ័ក្សណ៍ឲ្យមានសភាពរាវខ្លាំង។ ធ្វើដូច្នេះគឺដើម្បីកុំឲ្យឃើញស្នាមជក់នៅពេលលាប (រូបលេខ១៤)  ហើយគេត្រូវទុកឲ្យស្ងួតក្នុងរយៈពេល៥ថ្ងៃទៀត។ ដំណាក់កាលចុងក្រោយបង្អស់ បន្ទាប់ពីម្រ័ក្សណ៍ស្ងួតល្អហើយ គេត្រូវបិតក្បាច់លម្អផ្សេងៗនៅលើវត្ថុទាំងនោះ (រូបលេខ១៥)។ ឯក្បាច់លម្អនោះសោតមានច្រើនប្រភេទ និងឈ្មោះហៅផ្សេងគ្នាផង ដូចជា៖ ក្បាច់ជួរចុច, ក្បាច់ល្បត់ពស់ ក្បាច់ផ្កាចន្ទន៍ជាដើម (សូមមើលរូបលេខ៣ឡើងវិញ)។

រូបលេខ១៣

រូបលេខ១៣

រូបលេខ១៥

រូបលេខ១៥

រូបលេខ១៤

រូបលេខ១៤

រូបលេខ១៦

រូបលេខ១៦

ដោយសារមានការជួយជ្រោមជ្រែងពីស្ថាប័នពាក់ព័ន្ធខ្លះ និងមានផ្សព្វផ្សាយបានកាន់តែទូលំទូលាយជាងមុន សព្វថ្ងៃនេះយើងសង្កេតឃើញសន្ទុះនៃការគាំទ្រវត្ថុសិប្បកម្មប្រពៃណីរបស់អ្នកស្រុកហាក់មានការកើនឡើង ជាហេតុធ្វើឲ្យផលិតផលរបស់អ្នកភូមិតាចរក្នុងស្រុកស្ទោង មានការបញ្ជាទិញកាន់តែច្រើនពីប្រជាជនតាមបណ្តាខេត្តផ្សេងៗនិងពីវត្តអារាមនានា។ ប្រការនេះ បានជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិមួយចំណែកធំដែរ បន្ថែមលើរបរធ្វើស្រែចម្ការ។ ជាពិសេសទៅទៀតគឺជួយឲ្យការផលិតវត្ថុសិប្បកម្មប្រពៃណីរបស់អ្នកស្រុកនៅគង់វង្សបានយូរអង្វែងតទៅមុខទៀត។

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved