ឆាកហ៊ោ

ដោយ គង់ វីរៈ

 នៅតំបន់ខាងជើងនៃប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប ក្នុងឱកាសបុណ្យទានផ្សេងៗជាលក្ខណៈបុគ្គលក្តី ជាសហគមន៍ក្តី យើងតែងសង្កេតឃើញមានកិច្ចមួយហៅថា “ឆាក ហ៊ោ”។ កិច្ចនេះគេមិនធ្វើដោយឡែកតែឯងទេ តែគេតែងភ្ជាប់ទៅនឹងកិច្ចណាមួយ ក្នុងពិធីបូជាសព, បួសនាគ, ហៅព្រលឹង, សម្ភោធភូមិ៘ តាមធម្មតា គេច្រើនតែធ្វើកិច្ចពិធីនានានៅទីវាលកណ្ដាលស្រែ ដោយសង់រោងមានរាជវតិ និងមានលើកទង់។ ក្នុងឱកាសលើកទង់នោះ គេតែងឃើញមានឆាកហ៊ោភ្ជាប់ជាមួយ។ បើនៅក្នុងកិច្ចពិធីដែលមានហៅព្រលឹង កាល ណាគេសូត្រដល់ចំណុចដែលត្រូវប្រកូកហៅព្រលឹងម្តងៗ មនុស្សដែលចូលរួមក្នុងពិធីនោះនាំគ្នាស្រែកឆាកហ៊ោឡើង។ តាមដែលខ្ញុំធ្លាប់ជួបប្រទះ បុណ្យសពដែលសាមញ្ញបំផុតក៏មានឆាកហ៊ោ ហើយបើបុណ្យនោះធំផងជាមួយគ្នានោះ យើងឮគេវាយគង វាយស្គរ សម្ភោ ថែមទៀត។ បើធំជាងនោះទៅទៀត ដូចជាបូជាព្រះសពណាមួយជាដើម គឺមានរហូតដល់ប្រើគ្រឿងផ្ទុះបន្លឺសម្លេង ព្រមទាំងមានអុជកាំជ្រួចទៀតផង។  ជួនកាលយើងឃើញមានឆាក ហ៊ោនៅក្នុងពេលគេទាញព្រ័ត្រកម្សាន្ត ដែលអ្នកស្រុកខាងជើងតែងលេងនៅក្រោយចូលឆ្នាំ ហៅថា “ឆ្លងចេត្រ”។ បើមើលតែករណីខាងក្រោយនេះ យើងអាចយល់ខុសថា ឆាកហ៊ោជាសម្លេងស្រែហ៊ោកញ្ជៀវសប្បាយរីករាយ តែតាមពិតឆាកហ៊ោ ធ្វើឲ្យកិច្ចដែលពាក់ព័ន្ធនីមួយៗមានឱឡារិកផង ហើយពុំតែប៉ុណ្ណោះទេគឺមានន័យបញ្ចៀស បណ្តេញឧបទ្រព្យចង្រៃនានាផង។ ហេតុដូច្នេះហើយ ជារឿយៗ យើងតែងឃើញគេមានភ្លេងលេងរន្ថើនតាមសម្លេងឆាកហ៊ោ ឬយ៉ាងហោចណាស់ក៏មានស្គរ និងគង ត្បិតសម្លេងក៏មានន័យបញ្ចៀសចង្រៃដែរ។ គួរឲ្យចាប់អារម្មណ៍ដែរថាអ្នកហ៊ោតែងតែជាមនុស្សស្រីចំណាស់បន្តិច ចេះបញ្ចោញ សម្លេងដែលស្តាប់ទៅគួរឲ្យស្បើម សមតែដេញខ្មោចព្រាយបានដូច្នេះមែន។