ភ្លេងការ ៖ បទសារោមេ

ដោយ រស់ សុខុម

សម្លេងដែលអស់លោកអ្នកអាចថតចម្លងនេះ ជាភ្លេងការមួយបទ មានឈ្មោះថា  “សារោមេ”  ឬ “បាយខ្លោច” ដែលគេច្រៀងនៅក្នុងអាពាហ៍ពិពាហ៍មួយនៅភូមិត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ នៅតំបន់ខាងនោះ ភ្លេងត្រូវតែលេងពុំថាយប់ឬថ្ងៃឡើយ។ នៅពេលថ្ងៃ ត្រូវលេងតម្រូវទៅតាមកិច្ច ដូចជាភ្លេងសម្រាប់បើកវាំងនន, កាត់សក់, បាចផ្កាស្លាជាដើម។ រីឯយប់វិញ ចន្លោះថ្ងៃទី១និងទី២ ពេលដែលមនុស្សម្នាទទួលដំណេកលង់លក់អស់ហើយ ក៏ភ្លេងត្រូវតែនៅលេង “កំដរ” រហូតទល់ភ្លឺ។ ការប្រគុំនេះធ្វើឡើងដោយស្ងប់ស្ងាត់ ព្រមទាំងមានសុរាជួយកម្លាចិត្តផង។ នេះជាសម្រង់មួយយ៉ាងខ្លី ដែលខ្ញុំយកមកបង្ហាញជាឧទាហរណ៍។ ឧបករណ៍មានស្គរ២, ប៉ីអមួយ, ឃឹមមួយ, ចាប៉ីដងវែងមួយ និងទ្រសោមួយ។