មាយាទឆ្កែតឿ

ដោយ ហ៊ុយ ណូ និង អាំង ជូលាន

ពាក្យដូចដាក់ជាចំណងជើងនេះ យើងតែងតែឮគេនិយាយដូច្នេះអំពីនរណាម្នាក់ដែលជាមនុស្សលោភលន់ តែចោលម្សៀត ធ្វើអ្វីចង់តែហួសហេតុ ហើយទីបំផុតទៅទទួលបរាជ័យគ្រប់ប្រការ។

រឿងនេះ ជាធម្មតាមានគេស្គាល់ច្រើនដែរ តែមានអ្នកខ្លះអាចភ្លេចដោយអន្លើ ហើយអ្នកខ្លះទៀតអាចមិនដែលស្គាល់ផង។ ដូច្នេះហើយ នេះជាដំណើររឿង ៖

ព្រះពុទ្ធអង្គមានឆ្កែតឿមួយដែលចិញ្ចឹមដោយសារនឹកអាណិតវា ដ្បិតវាដើរទៅណាមកណាតាមព្រះអង្គរហូត។ ថ្ងៃមួយព្រះអង្គមានបន្ទូលទៅឆ្កែនោះថា «បើឯងចង់បានពរអ្វីមួយ ចូរឯងសុំមកចុះ អញនឹងឲ្យតាមបំណង»។ ឆ្កែនោះវាអួតអាងលោភលន់ខ្លាំងណាស់ វាតែងរត់ប្រណាំងជាមួយព្រះអាទិត្យដោយគិតខំធ្វើម្តេចឲ្យរត់បានដល់ជើងមេឃមុនព្រះអាទិត្យលិច តែពុំដែលបានដូចចិត្តឡើយ (រូបលេខ១)។ លុះឮម្ចាស់ថាដូច្នោះ វាឆ្លើយភ្លាមថា «ទូលព្រះបង្គំសូមកើតទៅជាព្រះអាទិត្យ»។ ព្រះពុទ្ធអង្គក៏ប្រទានពរនោះ ឯឆ្កែតឿក៏កើតទៅជាព្រះអាទិត្យភ្លាមមែន។ ដោយសារចរិតឆ្កែអួតអាងលោភលន់ដូចនិយាយមកហើយ ព្រះអាទិត្យនោះជះកំដៅឲ្យក្តៅក្រហាយសព្វដីរៀបនឹងឆេះ តែមានពពកយ៉ាងខ្មៅក្រាស់មកបាំងកាំរស្មីទាំងនោះដើម្បីឲ្យព្រះពសុធាបានរួចខ្លួន (រូបលេខ២)។ ព្រះអាទិត្យដែលកើតពីឆ្កែតឿក៏សូូមព្រះអង្គឲ្យបានកើតទៅជាពពក។ ព្រះអង្គក៏ប្រទានពរនោះតាមបំណង។ ប៉ុន្តែពពកដែលទើបនឹងកើតនោះត្រូវខ្យល់បោកបក់មករសាត់រាយប៉ាយទៅឆ្ងាយអស់រលីង ហើយតូចចិត្តពន់ប្រមាណក៏សុំព្រះអង្គឲ្យបានកើតជាខ្យល់។ ព្រះអង្គក៏នៅតែអាណិត ហើយបំពេញបំណងឲ្យវាទៀត។ លុះក្លាយទៅជាខ្យល់ហើយ វាខំបក់បោកបង្កើតព្យុះធ្វើឲ្យអ្វីៗលើដីរបើករបាញហិនហោច មានតែទួលដំបូកមួយនៅជាប់នឹងដីប៉ុណ្ណោះដែលនៅរឹងមាំធម្មតា (រូបលេខ៣)។ ខ្យល់ព្យុះក៏ទៅសុំព្រះអង្គឲ្យក្លាយខ្លួនទៅជាដំបូក ឯព្រះអង្គក៏ឲ្យវាកើតដូច្នោះតាមប្រាថ្នាទៀត។ ពេលមួយនោះ មានក្របីឡើងកមួយរមាស់ស្នែងខ្លាំងណាស់ មកពីទីណាមិនដឹងក៏វាត់ស្នែងលើដំបូកនោះខ្ទេចខ្ទីអស់។ លើកនេះព្រះពុទ្ធអង្គពុំចាំបាច់ឲ្យវាមកសុំទាន់ទេ គឺធ្វើឲ្យវាក្លាយជាក្របីមួយរំពេច។ អាក្របីនេះប្រឹងជំទើតខ្លួនហើយរត់ពាសវាលពាសកាល ដេញវាត់គេឯងគ្រប់គ្នាមិនរើសមុខ តែមិនបានប៉ុន្មានក៏មានពួរមួយមកទាក់ខ្លួនជាប់រើលែងរួច(រូបលេខ៤)។ ព្រះពុទ្ធអង្គមិនអស់អាណិតវាទេ គឺធ្វើឲ្យក្របីកំណើតឆ្កែតឿនោះកើតទៅជាពួរតាមសំណូមពរវា។ ពួរនោះធំជាប់មាំណាស់ យកទៅចងសត្វប៉ុនណាក៏តែងជាប់ ដូចជាពេលមួយនោះ ចងដំរីសារមួយជាប់រើមិនរួច។ ស្រាប់តែមានឆ្កែតឿមួយ មិនដឹងជាមកពីណា ហើយមានរូបរាងដូចគ្នាបេះបិទនឹងឆ្កែតឿដែលនិយាយពីដំបូង មកដល់ទីនោះហើយខាំអង្កៀមពួរនោះម្តងបន្តិចៗ (រូបលេខ៥)លុះត្រាតែដាច់អស់ ធ្វើឲ្យដំរីរួចខ្លួន។ ពួរដាច់នោះក៏ទៅសុំព្រះពុទ្ធអង្គឲ្យបានកើតជាឆ្កែតឿនោះ ភ្លេចកំណើតខ្លួនឯងដែលជាឆ្កែតឿរួចទៅហើយ ហេតុតែចិត្តលោភលន់មោហ៍បាំងជញ្ជាំងបិទ។ វាក៏ទៅជាឆ្កែតឿដូច្នោះរហូត ដ្បិតក្រោយមកសុំអ្វីទៀតក៏ព្រះពុទ្ធអង្គជាម្ចាស់លែងប្រទាន ព្រោះបានមួយជុំដល់ដើមទីវិញទៅហើយ មកនៅក្នុងស្ថានភាពដដែលដូចមុន មិនបានទៅណា។

នេះហើយដែលហៅថា «មាយាទឆ្កែតឿ»។