ចំណងប្រាំប្រការ

ដោយ សួង សុខរ៉ូ

មនុស្សចាស់ស្ទើរគ្រប់គ្នាតែងឮគេនិយាយអំពីពាក្យថា «ចំណងប្រាំប្រការ» នេះ។ គំនិតជាទូទៅច្រើនយល់ថាចំណងប្រាំប្រការគឺជាអ្វីដែលនាំឲ្យជាប់ជំពាក់វាក់វិនមិនជ្រះស្រឡះ ឬមិនមានសេរីភាពដើរហើរ ឬធ្វើអ្វីតាមចិត្តប្រាថ្នាបាន ដ្បិតខ្លួនត្រូវទទួលខុសត្រូវលើអ្វីមួយជាចាំបាច់។ គេយល់ថាប្តី, ប្រពន្ធ, កូនចៅ, ទ្រព្យសម្បត្តិ រាប់តាំងពីសត្វធាតុមានគោ ក្របីជាដើម គឺជាប្រការដែលនាំឲ្យមានចំណង។ ឧទាហរណ៍ដែលខ្ញុំតែងឮញឹកញាប់ជាងគេគឺយាយចាស់ៗដែលមានភារៈមើលថែទាំរក្សាចៅនៅផ្ទះហើយមិនអាចចេញទៅវត្តវ៉ាឬទៅចូលរួមធ្វើបុណ្យទាននៅទីឆ្ងាយៗជាមួយគេឯទៀតបាន ច្រើនពោលថាគឺចៅនោះហើយជាចំណងប្រាំប្រការចងគាត់ជាប់មិនអាចទៅណាមកណាបាន។ ឧទាហរណ៍របៀបនេះមានច្រើនណាស់ ខ្ញុំពុំលើកយកមកអធិប្បាយច្រើនទេ។ នៅទីនេះខ្ញុំគ្រាន់តែចង់បង្ហាញថាតើពាក្យ «ចំណងប្រាំប្រការ» នេះមានប្រភពមកពីណា ជាចំណងចងអ្វីខ្លះប៉ុណ្ណោះ ដ្បិតមើលឃើញថាអ្នកភាគច្រើនចេះតែនិយាយរត់មាត់តៗគ្នាមកដោយមិនបានគិតឬភ្លេចហេតុដើមដែលនាំឲ្យកើតពាក្យនេះ។ តាមពិតទៅ «ចំណងប្រាំប្រការ» នេះគឺជាឈុតមួយរៀបរាប់នៅក្នុងសាស្ត្រាទេសន៍មានឈ្មោះថា «ចម្លងបុណ្យធំ» ដែលព្រះសង្ឃនៅតំបន់អង្គរច្រើនលើកយកមកទេសនានាថ្ងៃឆ្លងនៃពិធីបុណ្យបូជាសព។ ឯដំណើររឿងនោះសូមសង្ខេបយ៉ាងខ្លីដូច្នេះថា ៖ មានបុរសប្តីប្រពន្ធពីរនាក់ជាអ្នកកំសត់ទុគ៌តរស់នៅឯស្រុកអនុរាជបូរមហានគរ។ បុរសប្តីប្រពន្ធនេះជាអ្នកមានធម៌ប្រសើរ គោរពប្រតិបត្តិព្រះពុទ្ធព្រះធម៌ ចូលវត្តដាក់បាយរាប់បាត្រដល់ព្រះសង្ឃ បម្រើគ្រូបាធ្យាយ ម្តាយឪពុក ទំនុកបម្រុងចាស់ព្រឹទ្ធាចារ្យត្រកូលរៀមច្បងទាំងឡាយ។ ថ្ងៃមួយនោះបុរសជាប្តីសញ្ជឹងគិតដល់សង្ខារនេះមិនទៀងទាត់ស្ថិតស្ថេរ នឹងស្លាប់ព្រឹកក៏ពុំដឹង នឹងស្លាប់ពេលល្ងាចក៏ពុំដឹង ក៏គិតគ្នានឹងប្រពន្ធរៀបចំធ្វើពិធីឆ្លងបុណ្យកុសលដែលខ្លួនបានធ្វើកន្លងមកដោយប្រុងធ្វើសង្ឃទាននិមន្តព្រះសង្ឃមកឆាន់ ដោយមានរៀបធ្វើរណ្តាប់មានជាអាទិគឺ ៖ នំទន់, នំទៀន, នំកន្សោម ចាប, ទ្រាបលាច, ទ្រាបចង, អន្សមគម, អន្សមឳប, នំកង្គៀន, នំខ្លូត, នំខ្លា, នំបំពង, កង់រទេះ, ទងកន្ត្រៃ, ស្បៃវែង, លូត, បបរ, សាគូ, សារាយ, បាយដំណើប, អង្ករខ្សាយលាយបង្អែមទឹកឃ្មុំ, ទឹកអំពៅ, ស្កររងូ, ចេក, អំបុក, ត្រាវ, ដំឡូង, ទៀនធូបគន្ធមាលា, ស្លាម្លូ, បាយបិត្តបូរ, គូរគោម កាត់ទង់ កាត់ពិតានជាដើមប្រគេនទៅព្រះសង្ឃ។ ដោយអំណាចតេជះអានុភាពនៃចិត្តបុណ្យរបស់បុរសប្តីប្រពន្ធនោះធ្វើឲ្យរំជួលដល់ឥន្ទ្រាធិរាជជាស្តេចទេវតា ទើបទ្រង់បើកទិព្វចក្ខុ មើលមកយល់អំពើបុណ្យរបស់ប្តីប្រពន្ធនោះហើយ ព្រះឥន្ទ្រក៏ទ្រង់ត្រាស់បង្គាប់ទៅចតុបាលទាំងបួនឲ្យចុះមកស្ថានមនុស្ស ឲ្យរមិលមើលមនុស្សម្នាមហាជនទាំងឡាយនៅស្រុកតូចធំនិគមជនបទ ថាបើអ្នកឯណាមួយមានចិត្តកាត់តម្លាសទ្ធាខ្មីខ្មាតសង្វាតធ្វើបុណ្យឲ្យទានរក្សាសីល ទំនុកបម្រុងត្រកូលរៀមច្បងទាំងឡាយ បម្រើគ្រូបាធ្យាយម្តាយឪពុក នោះឲ្យចតុបាលកត់ឈ្មោះអ្នកនោះនៅលើស្លឹកមាសប្រថាប់ត្រា ហើយឲ្យនាំអ្នកនោះទៅកាន់ឋានសួគ៌។ ប៉ុន្តែថាបើអ្នកឯណាមួយពុំបានធ្វើបុណ្យដាក់ទានរក្សាសីល ពុំព្យាយាមចម្រើនមេត្តាភាវនា ពុំបានប្រតិបត្តិអ្នកចាស់ព្រឹទ្ធាចារ្យ ត្រកូលរៀមច្បង មិនដោយតាមនូវគន្លងនោះឡើយ ហើយមានតែចិត្តនោះមច្ឆាទិដ្ឋិ ទ្រឺសអារើស បំបាត់ប្រវ័ញយកទ្រព្យអ្នកដទៃ លួច ប្លន់ បាញ់ ចាក់ កាប់ សម្លាប់បំបាត់ជីវិតអស់ទាំងមនុស្សទាំងសត្វអម្បាលយកមកចិញ្ចឹមជីវិតខ្លួនឯង ឬមួយសោតបានប្រមាថអ្នកដទៃ ចាស់ព្រឹទ្ធាចារ្យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃផងទាំងឡាយក្តី សូមឲ្យចតុបាលទាំងបួនសរសេរត្រាឈ្មោះអ្នកទាំងអម្បាលនោះលើស្បែកឆ្កែ រួចហើយចាប់ចងជើងចងដៃក្រសោបឳបភ្ជាប់នាំព្យួរឡើង ហើយឲ្យយកសណ្តោតទាំងឡាយដោតធ្វើយ៉ាងណាកុំឲ្យអ្នកនោះឆាប់ស្លាប់ឡើយ ហើយឲ្យយកលំពែងដែកដេញចាក់រុញសម្រុកឡើងទៅលើដើមរការដែកដ៏មានមែកនោះសាខា បន្លានោះស្រួចបីដូចនូវក្រើសដែកដើម្បីឲ្យអ្នកអម្បាលនោះមុតដែកដាចអស់ទាំងខ្លួន ហើយបើកាលណាធ្លាក់ចុះមកត្រូវឲ្យយកពួរទាក់កន្ត្រាក់ទម្លាក់ទៅមហានគរនរកអវចី។ មួយសោតរីអ្នកឯណាដែលមានចិត្តចើងទ្រើសអន្តិរថីកាន់ដាវកាន់លំពែងនូវអស់គ្រឿងអាវុធចូលក្នុងវត្តអារាមស្ថានព្រះវិហារ ស្រដីឃោឃៅគំហកគំរាមដាក់ព្រះសង្ឃនូវអស់ចាស់ព្រឹទ្ធាចារ្យ លួចប្លន់ប្រពន្ធកូនចៅគេ ឬកម្លោះក្រមុំដែលលបលួចលាក់ស្នេហាគ្នាក្នុងទីអារាមជាដើម ឲ្យចតុបាលចាប់ចងអ្នកអម្បាលនោះដោយនូវ «បញ្ចពានចំណងប្រាំប្រការ»។ រីហៅចំណងប្រាំប្រការនោះគឺ ៖

             ១. ថ្ពិនភ្នែក

             ២. ស្តៀនត្រចៀក (គឺការយករបស់អ្វីមួយទៅចុកត្រៀកឲ្យណែនក្តន់កុំឲ្យដឹង
                  ឮសម្លេងអ្វីទាំងអស់)។

             ៣. បំពាក់ចាងណាងមាត់ (ចាងណាងគឺជាឈើ, ខ្សែត្រកួញ ឬវត្ថុអ្វីមួយដែល
                  ខ្វែងជាជើងក្អែក។ បំពាក់ចាងណាងមាត់គឺធ្វើយ៉ាងណាកុំឲ្យហាមាត់
                  និយាយកើត)

             ៤. ចងជើង

             ៥. ចងដៃ។

នេះបង្ហាញថាទារុណកម្មទាំងប្រាំយ៉ាងនេះឯងដែលហៅថា ចំណងប្រាំប្រការ។ បើយកឧទាហរណ៍ខាងលើដែលនិយាយថាយាយចាស់ៗដែលទៅវត្តវ៉ាពុំបានដោយសារជាប់មើលចៅ គឺថារវល់នឹងចៅនោះគ្រប់បែបយ៉ាង មើលទៅរឿងអ្វីទៀតមិនឃើញ (ចំណង ទី១), ស្តាប់អ្វីទៀតមិនឮដោយសារចៅវាស្រែកឬវាយំ (ចំណងទី២), និយាយស្តីអ្វីជាមួយអ្នកណាក៏មិនកើតដោយរវល់មើលវា (ចំណងទី៣), ដើរទៅណាឆ្ងាយក៏មិនរួច (ចំណង ទី៤), ធ្វើអ្វីផ្សេងៗក៏មិនបានដោយសារ «ជាប់ដៃ» (ចំណងទី៥)។ នេះគ្រាន់តែជាការប្រៀបធៀបប៉ុណ្ណោះ ដ្បិតចំណងរបៀបនេះពុំទាក់ទងនឹងអំពើបាបឡើយ។