ចាក់ ,  ចក្ខុ ,  ចក្រ

ដោយ  អាំង  ជូលាន

ការឃ្លាងឃ្លាតគ្នារវាងអក្ខរាវិរុទ្ធនិងការអាន  អាចលើកមកជាប្រធានបទធំ វែងឆ្ងាយមួយក្នុងវិស័យភាសាសាស្ត្រ។  ដើម្បីនឹងយល់រឿងនេះក្នុងពាក្យខ្មែរនានា  ទាល់តែមានមូលដ្ឋានសមរម្យក្នុងផ្នែកមួយនៃភាសាសាស្ត្រ  ដែលហៅថា «សព្ទ» (បារាំងថា Phonétique)។  ធម្មតាមនុស្សជាតិមួយភាគធំខំបង្កើតអក្សរមកដើម្បីកត់ត្រាសម្លេង  ដ្បិតជំនាន់ដើមមនុស្សពុំទាន់គិតឃើញទៅដល់បច្ចេកវិទ្យាដែលអាចថតសម្លេងមនុស្សបានឡើយ។  ជាតិសាសន៍ខ្លះបង្កើតអក្សរក្នុងលក្ខណៈជារូបដើម្បីកត់ត្រាគំនិត។ ប្រសិនបើពាក្យដែលមាននៅក្នុងភាសាខ្មែរសុទ្ធតែជាពាក្យខ្មែរទាំងអស់  មើលទៅប្រហែលជាងាយសរសេរណាស់  ពុំចាំបាច់ខ្លាចខុសអក្ខរាវិរុទ្ធអ្វីទាំងអស់  ដ្បិតគ្រាន់តែកត់ត្រាពាក្យរបស់ខ្លួនផ្ទាល់។  តែការពិតពុំមែនដូច្នោះឡើយ  ព្រោះខ្មែរខ្ចីពាក្យពីក្រៅមកច្រើននៅក្នុងភាសាខ្លួន។  បើពោលពីសម័យបុរាណ  ពាក្យដែលខ្ចីគេភាគច្រើនលើសលុបជាពាក្យសំស្ក្រឹត  ដែលគេនិយមប្រើនៅក្នុងអក្សរសាស្ត្រឥណ្ឌា។  ជាទូទៅ ខ្មែរខំរក្សាទុកអក្ខរាវិរុទ្ធសំស្ក្រឹតដើម  តែការអានបញ្ចោញសម្លេងវិញ  មិនអាចដូចឥណ្ឌាអានបញ្ចោញសម្លេងពាក្យនោះឡើយ។ 

ក្នុងប្រធានបទដ៏ធំធេងនេះ  ខ្ញុំសូមលើកឧទាហរណ៍តែមួយគត់មកបង្ហាញ។  ដើម្បីយល់ឧទាហរណ៍នេះ  សូមអ្នកអានជ្រាបថា  ព្យញ្ជនៈខ្មែរនីមួយៗតែងមានស្រៈរបស់ខ្លួនឯងនៅក្នុងខ្លួននោះ  ដែលគេពុំដែលសរសេរឲ្យឃើញឡើយ  ពោលគឺស្រៈ “អ ”។  ឧបមាថា ព្យញ្ជនៈ “ក ” គឺមានស្រៈ “អ ” នៅក្នុងនោះស្រាប់ហើយ  ដែលយើងមើលពុំឃើញ។  ស្រៈដែលយើងហៅថា  “អ ”,  ស្រៈ  “    ិ ”,  ស្រៈ  “   ុ ” ជាដើម  ហៅថា “ស្រៈខ្លី ”។  រីឯស្រៈ  “  ា ”,  ស្រៈ  “    ី ”,  ស្រៈ  “   ូ  ” ជាដើម  ហៅថា  “ស្រៈវែង ”។  ពាក្យខ្មែរសុទ្ធពុំដែលមានស្រៈខ្លីនៅចុងឡើយ  លើកលែងតែស្រៈ “អ ” ដែលកប់ក្នុងខ្លួនស្រាប់  កាលណាមានឃើញ គឺតែងតែជាពាក្យដែលខ្ចីពីសំស្ក្រឹត។  នេះជាចំណុចទី១  ឯចំណុចទី២  គឺខ្មែរពីមុនមកមិនដែលអានស្រៈខ្លីនោះសោះឡើយ។  ឧទាហរណ៍ពាក្យខ្ចីពីសំស្ក្រឹតមកថា  “ភូមិ ”  ខ្មែរទុកអក្ខរាវិរុទ្ធត្រឹមត្រូវដូចដើម  តែអានថា “ភូម ”។  បើពាក្យសំស្ក្រឹតសរសេរថា  “ហេតុ ”  ខ្មែរអានថា  “ហែត ”៘  ពោលគឺស្រៈ  “ ិ ” និងស្រៈ “ ុ ” ដែលមានសរសេរនោះ  ពុំអានឲ្យចេញជាសម្លេងទេ។  មកដល់ត្រឹមនេះយើងអាចយល់ថា  ពីមុនមកខ្មែរសរសេរត្រូវតាមអក្ខរាវិរុទ្ធសំស្ក្រឹតដើមថា  “ចក្ខុ ”  តែអានទៅឮសូរថា  “ចាក់ ”។  ឧទាហរណ៍ “ព្រះឥន្ទ្របើកទិព្វចក្ខុសម្លឹងមើលមកក្រោម ” ៖ “ទិព្វចក្ខុ ” ត្រង់នេះអានថា “ទឹបចាក់ ”។  យើងអាចយកពាក្យមួយទៀតថា  “ងងឹតចក្ខុភ្នែកពុំយល់ ” (“ចក្ខុ ” ត្រង់នេះអានថា “ចាក់ ” ដែរ) មានន័យថា  “ងងឹតភ្នែកមើលពុំឃើញ ” (ទាល់តែដល់ស.វ. ទី១៧ទើបពាក្យ “ឃើញ ” លេចចេញពីសិលាចារឹកមក។  មុននោះគេប្រើពាក្យ “យល់ ”  ដូច្នេះហើយទើបយើងនៅសល់ពាក្យថា “យល់ឃើញ”)។  “ចក្ខុភ្នែក ”  ត្រង់នេះ  មើលទៅហាក់ដូចជានិយាយជាន់គ្នា  តែរបៀបនិយាយនេះជាធម្មតាទេ  បើជូនឧទាហរណ៍មួយពីរ  គឺដូចជា  “ Essai - សាក-ល-មើល ”។ ទោះបីជានិយាយខ្លីជាងនេះថា “សាក-ល-មើល ” ក៏យើងឃើញថាពាក្យ  “សាក ” ជាន់គ្នាជាមួយពាក្យ “ ល ” ដែរ។

និយាយអម្បាញ់មិញមកហើយថា  ព្យញ្ជនៈនីមួយៗមានស្រៈ “អ ” នៅក្នុងខ្លួន  ដែលគេមិនដែលសរសេរឲ្យឃើញ  ហើយម៉្យាងទៀត  ស្រៈ “អ ” នេះជាស្រៈខ្លី  ដែលគេមិនដែលអានឡើយ កាលណានៅចុងគេ។  បើយើងយកពាក្យសំស្ក្រឹតថា “ចក្រ ” ដែលខ្មែរខ្ចីមកជាឧទាហរណ៍  គឺខ្មែរអានថា “ចាក់ ” ដូចអានពាក្យ “ចក្ខុ ” ថា “ចាក់ ”  ដែរ។  នៅខេត្តព្រៃវែង  មានភូមិមួយឈ្មោះ “ចក្រនារាយណ៍ ”  ដ្បិតទីនោះមានសំណល់ប្រាសាទពីសម័យមុនអង្គរ ដែលមានប្រតិមារូបព្រះនារាយណ៍កាន់ចក្រ  តែហិនហោចខូចខាតអស់ហើយ  នៅសល់តែបំណែកចក្រខ្លះ។  សព្វថ្ងៃគេសរសេរឈ្មោះភូមិនោះថា “ចាក់អង្រាយ ”។  ប្រការដែល  “នារាយណ៍ ”  ក្លាយជា “អង្រាយ ” នោះ  ងាយយល់  ហើយខ្ញុំពុំចាំបាច់និយាយវែងឆ្ងាយឡើយ  គិតទៅលើពាក្យថា “នគរ ” ក្លាយជា “អង្គរ ” ក៏អាចយល់ហើយ។  តែឧទាហរណ៍ឈ្មោះភូមិថា “ចក្រនារាយណ៍ ” នេះបង្ហាញថាមនុស្សសព្វថ្ងៃលែងយល់ន័យដើម  ដែលជាការគួរឲ្យស្តាយ  ដ្បិតបើគិតឲ្យវែងឆ្ងាយហាក់ដូចជាថា  ធ្លាប់ចេះក្លាយមកជាល្ងង់។  ហេតុធំមួយដែលធ្វើឲ្យក្លាយទៅជាដូច្នេះ  មកពីមានទំនោកាន់តែខ្លាំងឡើងៗទៅរករបៀបអានម៉្យាង  ដែលពីមុនមកខ្មែរពុំដែលមាន  គឺថា ឲ្យអានស្រៈខ្លីដែលនៅចុងពាក្យ  ហើយបើស្រៈនោះពុំអាចសរសេរបាន  ពោលគឺស្រៈ “អ ” ដែលមានស្រាប់នៅក្នុងព្យញ្ជនៈនីមួយៗ  គេឲ្យសរសេរចុចពីរ (“ ៈ ” ហៅថាយុគលពិន្ទុ)  ហើយអានឲ្យចេញសម្លេងថា “អាក់ ”។

ចំណុចសំខាន់ដែលខ្ញុំលើកមកតាមរយៈឧទាហរណ៍នេះគឺថា  ចក្ខុ,  ចក្រ ,  ចាក់ ជាពាក្យបីខុសគ្នា  ហើយមាន័យខុសគ្នា  ដែលមានក្នុងភាសាខ្មែរ  គ្រាន់តែមួយជាពាក្យខ្មែរ  ឯពីរទៀតជាពាក្យខ្ចីពីសំស្ក្រឹត។  ពីមុនមកពុំដែលមានបញ្ហាអ្វីឡើយ   ប៉ុន្តែសព្វថ្ងៃ អ្នកខ្លះដែលខ្ជីខ្ជាពុំគិតថាភាសាខ្មែរខ្ពង់ខ្ពស់  បែរជាសរសេរច្រឡំពាក្យទាំងបីនេះទៅជា “ចាក់ ” តែម៉្យាង។