ល្បងពន្យល់ពាក្យ “ចំណងជើង”

 ដោយ ស៊ីយ៉ុន  សុភារិទ្ធ

ក្នុងចំណោមកន្សោមពាក្យដែលមានច្រើនឥតគណនានោះ កន្សោមមួយចំនួនជាការផ្គុំផ្សំពាក្យខ្មែរនិងពាក្យសំស្ក្រឹត។ ជួនកាលជាការផ្គុំផ្សំពាក្យពីរដែលមានន័យដដែលៗផង ឧទាហរណ៍ “ក្មេងពាល”, “សសរស្តម្ភ”៘ ចំពោះរាជស័ព្ទ សិលាចារឹកមានច្រើនណាស់ដែលពោលពាក្យថា “ធូលិវ្រះបាទធូលិជេង” (ពោលគឺ “ធូលីព្រះបាទធូលីជើង”) មុននឹងឱ្យព្រះនាមព្រះរាជា។

ពាក្យថា ”ចំណងជើង” ជាពាក្យគេស្គាល់ទូទៅជាធម្មតា ហើយពុំសូវនឹកនាយកមកពិចារណាឡើយ ព្រោះធ្វើឱ្យយើងស្គាល់ភ្លាមថាជាឈ្មោះសៀវភៅ, រឿងកុន ឬល្ខោន, កំណាព្យ ឬចម្រៀងជាដើម។ ពាក្យនេះឥតមានទាក់ទងអ្វីជាមួយពាក្យថា “ចំណងដៃ” ឡើយ (ព្រោះចំណងដៃជាចំណងពិតប្រាកដ ដែលគេចងក្នុងពិធីផ្សេងៗ ហើយដែលគេកាត់ចេញវិញក្នុងពិធីដែរ ហៅថា “កាត់ចំណងដៃ")

“ចំណងជើង” ជាកន្សោមនៃពាក្យ “ចំណង” និង “ជើង”។ យើងដឹងហើយថា ចំណងក្លាយមកពីពាក្យ “ចង” មានន័យថា “និពន្ធ” មិនខុសអ្វីពីពាក្យថា “លើក” ដែលបង្កើតទៅជា “ល្បើក”ឬពាក្យថា “ទុក” ដែលបង្កើតជាពាក្យថា “ទំនុក” ទេ។ ខ្ញុំសូមស្រង់ល្បះទី១នៃច្បាប់ស្រីដូចតទៅ៖

 នេះបទកំណត់ចងជា           ភុជង្គលីលា           ចងជាច្បាប់ស្រី។

 “ចងជាច្បាប់ស្រី” មានន័យថា “តែងជាច្បាប់ស្រី”។ កំណាព្យដែលគេតែងឬចងចប់នោះគឺជា “ចំណង” នៃពាក្យ។ រីឯ “បទ” នៃចំណងច្បាប់ស្រីនេះគឺ ភុជង្គលីលា។ ពាក្យ “បទ” មានន័យច្រើនយ៉ាង តែខ្ញុំសូមយកន័យពីរមកបង្ហាញ គឺ “ជើង” ហើយមួយទៀតគឺ “ឃ្លាមួយនៅក្នុងល្បះ” ពុំខុសអ្វីពីពាក្យអង់គ្លេសថា Foot ឬពាក្យបារាំងថា Pied ដែលប្រែថា “ជើង” ព្រមទាំង “ជើងកាព្យ” ដែលជាចុងចួន។ ចុងចួនឬជើងកាព្យនេះជាចំណង ត្បិតមិនអាចដោះដូរបានងាយទេ។

រីឯពាក្យ “ជើង”គឺប្រែមកទាំងស្រុងពីពាក្យសំស្ក្រឹត “បទ” ឬ “បាទ”។ តែ “ជើង” នៅក្នុងពាក្យ “ចំណងជើង” នេះ បើពោលថាមកពីពាក្យ “បាទ” ទើបសមប្រាកដ ត្បិត”បាទ” មានន័យថា “ជើង” ផង ថា “ផ្នែកមួយនៃសៀវភៅ” ផង។

សរុបមក ពាក្យ “ចំណងជើង” ដែលយើងប្រើសព្វថ្ងៃនេះ គឺជា “ចំណងបាទ” ដែលដើមឡើយសំដៅទៅលើឈ្មោះសៀវភៅ, កុន, ល្ខោន ដែលកវីបានចងក្រងនោះឯង។