កើតមួយជាតិធាតុមួយចាន

ដោយ អាំងជូលាន

ដូចយើងដឹងស្រាប់ហើយ នៅក្នុងភាសាខ្មែរមានពាក្យថា “កើតមួយជាតិធាតុមួយចាន”។ នេះបង្ហាញថាជនជាតិខ្មែរតែងបូជាសព ហើយយកធាតុទៅតម្កល់ទីណាមួយ។ ប៉ុន្តែប្រការដែលខ្ញុំចង់លើកមកពោលនៅទីនេះគឺនៅត្រង់ថា ពាក្យស្លោកដែលហាក់ដូចជាពាក្យចំអកនេះមានទាក់ទងជាមួយព្រះពុទ្ធសាសនាជាប្រាកដ។ តាំងពីយូរយារមកហើយដែលខ្មែរជ្រួបជ្រាបទស្សនៈព្រះពុទ្ធសាសនាត្រង់ចំណុចថា “អនិច្ចា” និង “អនត្តា” ពោលគឺគ្មានអ្វីមួយដែលទៀងទាត់ក្នុងលោកនេះ សូម្បីតែខ្លួនយើងម្នាក់ៗ តាមពិតទៅក៏ពុំមែនជារបស់យើងផង ត្បិតយើងបញ្ជាវាពុំ   បាន។  ប្រសិនបើបញ្ជាបានមានន័យថា បើមានជំងឺឈឺថ្កាត់អ្វីមួយ យើងបញ្ជាខ្លួនយើងឱ្យជាសះស្បើយបាន ពុំនោះសោតគឺយើងអាចបញ្ជាឱ្យខ្លួននៅក្មេងរហូតពុំចេះចាស់ពុំចេះស្លាប់។

កើតមួយជាតិធាតុមួយចាននេះបញ្ជាក់ឱ្យឃើញច្បាស់ថា ការលោភលន់នៅក្នុងជីវិតគ្មាន ន័យអ្វីទាំងអស់ ទោះជាកាលនៅរស់មានបានកប់ពពក ក៏ស្លាប់ទៅគ្មានយកអ្វីទៅជាមួយបាន។ អ្នកមានកប់ក្តោងនិងអ្នកកំសត់ទុគ៌ត លុះអស់សង្ខារទៅ នៅសល់តែធាតុមួយចានដូចគ្នាទាំង     អស់។ គួរយើងឆ្ងល់ថា ហេតុអ្វីបានជាគេប្រើពាក្យថា “ធាតុមួយចាន” ហាក់បីដូចជាចំណីអាហារដូច្នោះ? រូបលេខ១និង២ បង្ហាញពីសពដែលទើបនឹងដុតសុះ និងការរើសធាតុនៃសពនោះ។ រូបលេខ៣ ស្រង់យកមកពីបុណ្យបូជាសពមួយនៅតំបន់អង្គរដែលអ្នកស្រុកនិយមបូជារួមគ្នា។ យើងឃើញមានភាជន៍រូបរាងខុសៗគ្នាដែលគ្រួសារសពគេនិយមដាក់រៀងៗខ្លួន។ ភាជន៍នៅរូបលេខ៤ យើងនិយមហៅថាកោដ្ឋ ឯរូបលេខ៥ ក៏ហៅថាកោដ្ឋដែរ ដែលជាចានរាងក្រឡូមមូល មានគ្រប ហើយដែលគេយកក្រណាត់ផាឌិបសមក រុំពាត់ ហើយស្រាក់នឹងអំបោះឆៅផង។ គេតែងតែវេញក្រណាត់នោះឱ្យមានចុងស្រួចទៅ លើ។ រូបលេខ៦ ក៏ជាចានដែរ គ្រាន់តែចាននោះមិនមូលបិទជិត តែជាប្រភេទចានសម្លដែលគេរុំក្រណាត់ និងស្រាក់អំបោះឱ្យស្រួចឡើងលើដូចគ្នា។ ជួនកាលគេយកចានដែលមានធាតុនោះទៅបញ្ចុះក្នុងដីដោយបញ្ចោញតែផ្នែកចុងស្រួចមកលើផុតពីដី ដូចមានបង្ហាញនៅរូបលេខ៧ស្រាប់។ ជួនកាលទៀត បើសិនគ្រួសារនោះពុំមានធនធានអាចសង់ចេតិយបាន គេក៏យកចាននោះទៅបញ្ចុះក្រោមបល្ល័ង្កព្រះជីក្នុងព្រះវិហារ (រូបលេខ៨-៩)។

ពាក្យថា “ធាតុមួយចាន” នោះ ឃើញថាពិតជាមានគេប្រើចានដាក់ធាតុដូច្នោះមែន។