«អកព្រះខែ»

ដោយ អាំង ជូលាន

នៅជំពូក២, លេខរៀងទី៥០ ខ្ញុំធ្លាប់សរសេរត្រួសៗដែរអំពីពិធីបុណ្យដែលជាទូទៅគេហៅថា «អកអំបុក សំពះព្រះខែ» ឬមួយហៅខ្លីជាងនោះថា «អកអំបុក»។ លើកនេះខ្ញុំមិនរៀបរាប់ពីពិធីទៀតទេ គឺផ្តោតអារម្មណ៍លើពាក្យ ដ្បិតនរណាក៏ដឹងដែរថានៅខេត្តសៀមរាបគេហៅពិធីនេះថា «អកព្រះខែ» មិនថាអ្នកសៀមរាបក្រុងឬអ្នកសៀមរាបជនបទឡើយ។ កាលមុន ខ្លួនខ្ញុំផ្ទាល់ចង់សើចកាលបើបានឮគេថាដូច្នេះ មិនតែប៉ុណ្ណោះខ្ញុំធ្លាប់ឃើញអ្នកឯទៀតសើចអ្នកសៀមរាបកាច់កកាច់ស្រង់តែម្តង ព្រោះគិតមួយភ្លែតទៅគួរឲ្យចង់សើចដោយសារថានរណាទៅលេបលោកខែបានក្រៅពីរាហ៊ូ។

ក្នុងអត្ថបទមុននោះខ្ញុំមានឲ្យឧទាហរណ៍ពិធីដែលខ្ញុំបានឃើញនៅវត្តត្រាចក្នុងឆ្នាំ២០០៨។ លុះក្រោយមក នៅឆ្នាំ២០១៥ ខ្ញុំទៅមើលពិធីនេះនៅវត្តត្រាចដដែលម្តងទៀត។ លើកនេះខ្ញុំបានឮអាចារ្យដែលរៀបចំឲ្យក្មេងជំទង់ស្រីប្រុសបង្អកអំបុកគ្នាទៅវិញទៅមកនោះប្រាប់ទៅក្រុមម្ខាងៗថា «ពេលដែលខាងម្ខាងទៀតបង្អក យើងជាអ្នកអកត្រូវហាមាត់ឲ្យធំ ហើយត្រូវងើយមើលសម្លឹងទៅលោកខែដែលកំពុងពេញវង់»។ លើកនេះទើបខ្ញុំយល់ថា ដែលយើងអកអំបុកនោះគឺអកអំបុកមែនហើយ តែជាមួយគ្នានោះគឺយើងអកភាពបរិបូណ៌ចូលក្នុងខ្លួន ដ្បិតព្រះចន្រ្ទពេលនោះជាព្រះចន្រ្ទពេញវង់ (រូបលេខ១-២)។

យកនិម្មិតរូបនោះមកនិយាយឲ្យខ្លីគឺយើងអកព្រះខែតាមរយៈអំបុក។ មានចំណុចមួយទៀតដែលខ្ញុំពុំបាននិយាយនៅក្នុងអត្ថបទមុន គឺថានៅកម្ពុជាសម័យបុរាណខែទី១នៃប្រតិទិនពុំមែនខែមិគសិរដូចសព្វថ្ងៃឡើយ គឺខែកត្តិកដែលសព្វថ្ងៃយើងគិតថាជាខែចុងគេទៅវិញទេ។ នៅឥណ្ឌាខាងត្បូងគ្មានការផ្លាស់ប្តូរឡើយ គឺថាខែកត្តិកនៅតែជាខែទី១ដដែល ហើយម្យ៉ាងវិញទៀតអ្នកការទូតចិនឈ្មោះ ជីវ តាក្វាន់ ដែលមកនៅរាជធានីអង្គរអស់រយៈពេលមួយឆ្នាំនៅចុងស.វ.ទី១៣ក៏ថាខែកត្តិកជាខែទី១របស់ខ្មែរដូច្នោះដែរ។ ទាំងអស់នេះធ្វើឲ្យយើងយល់ថា ថ្ងៃពេញបូណ៌ខែកត្តិកបង្ហាញពីពេលវេលាដែលមានភាពពេញលេញដំបូងគេប្រចាំឆ្នាំ ប្រៀបទៅនឹងអំបុកដែលចេញជាស្រូវថ្មីពេញលេញមុនគេ (ពេលនោះស្រែខ្លះមិនទាន់ទាំងច្រូតផង) ហើយប្រៀបទៅយុវជនយុវតីពេញជំទង់ដែលចាប់ផ្តើមទៅជាមនុស្សធំពេញទីដែរ។