ពាក្យហៅព្រលឹងនាគ

ដោយ ព្រាប ចាន់ម៉ារ៉ា

 លោកគ្រូអាំង ជូលាន ធ្លាប់សិក្សានិងផ្សព្វផ្សាយច្រើនមកហើយអំពីអ្វីៗទាក់ទងទៅនឹងព្រលឹងក្នុងសង្គមខ្មែរនេះ ហើយខ្ញុំគ្រាន់តែសូមរំលឹកដោយសង្ខេបឡើងវិញបន្តិចថា ព្រលឹងគឺជាថាមពលដែលនៅនឹងខ្លួន។ ជាទូទៅខ្មែរយល់ថាព្រលឹងមានចំនួន១៩ ហើយបើកាលណាព្រលឹងនេះថយ បាត់ចំនួនខ្លះពីខ្លួន (ហៅថា “លស់ព្រលឹង”) តែងតែធ្វើឲ្យមនុស្សនោះពុំមានថាមពលគ្រប់គ្រាន់ឡើយ ពោលគឺល្ហិតល្ហៃ អស់កម្លាំង ស្មារតីមិននឹងនរ ឈឺពុំឈឺ ជាពុំជា៘ ព្រលឹងនេះងាយនឹងលស់ ងាយនឹងថមថយណាស់ គ្រាន់តែម្ចាស់ខ្លួនជួបនឹងព្រឹត្តិការណ៍អ្វីមិនល្អ ឬយល់សប្តិអាក្រក់ ឬមួយសូម្បីតែដើរជំពប់ជើងបន្តិច ក៏ព្រលឹងនោះលស់ទៅខ្លះដែរ។ ដូច្នោះហើយទើបយើងតែងឃើញគេហៅព្រលឹងឲ្យនរណាម្នាក់ ពិសេសក្មេងៗនៅពេលភ័យនឹងរឿងអ្វីមួយ (លស់ព្រលឹង) ថា “ឱព្រលឹងប្រំាបួនដណ្តប់សព្វគ្រប់ត្រឡប់មកវិញ” ដើម្បីឲ្យអ្នកនោះមានថាមពល មានស្មារតីពេញលេញដូចដើម។ ម៉្យាងវិញទៀត កាលណាយើងដើរទៅណាមកណាឆ្ងាយពីផ្ទះសម្បែង ឬទៅទីព្រៃ ទីវាល ឬស្ទឹង បឹង ទន្លេ សមុទ្រជាដើមក្តី ក៏គេយល់ថាព្រលឹងនោះតែងរលស់ខ្លះចេញពីខ្លួនយើងទៅដែរ។

មនុស្សយើងម្នាក់ៗ ទាំងចាស់ ទាំងក្មេង តែងជួបប្រទះរឿងនេះរឿងនោះដែលនាំឲ្យមានការភ័យព្រួយ ឬតែងតែមានធ្វើដំណើរទៅណេះទៅណោះឆ្ងាយ ជិតជាធម្មតាក្នុងការរស់នៅរាល់ថ្ងៃ ម៉្លោះហើយគេយល់ឃើញថា យូរៗទៅមនុស្សម្នាក់ៗលែងអីនឹងលស់ព្រលឹងខ្លះពីក្នុងខ្លួន។ ក្នុងគំនិតយ៉ាងដូច្នោះហើយ បានជានៅពេលធ្វើកិច្ច ធ្វើពិធីអ្វីមួយឲ្យមនុស្សណាម្នាក់តាមដំណាក់កាលនានានៃជីវិតរបស់ខ្លួន គេតែងធ្វើកិច្ចហៅព្រលឹងឲ្យ ដ្បិតគេយល់ថា អ្នកនោះពុំដឹងជាមានព្រលឹងគ្រប់នៅនឹងរូបឬអត់។ ដូច្នោះទាល់តែធ្វើកិច្ចនេះទៅ ទើបមនុស្សនោះពេញជាអ្នកមានថាមពល កម្លាំងពលំ ស្មារតីបរិបូណ៌ ពោលគឺ ជាសាមីខ្លួនដែលមានលក្ខណៈពេញលេញត្រឹមត្រូវ។ មិនត្រឹមតែព្រឹត្តិការណ៍ប្លែក ឬមិនបានគ្រោងទុកប៉ុណ្ណោះឡើយ ដែលអាចធ្វើឲ្យព្រលឹងមួយភាគរលស់ពីខ្លួន គឺថាការរលស់នេះអាចនឹងកើតឡើងពេលដែលមនុស្សដូរសភាពពីមួយទៅមួយក្នុងដំណើរជីវិត ឧទាហរណ៍ ពីមុនពេញវ័យមកពេញវ័យ, ពីនៅលីវមកមានប្រពន្ធឬប្តី៘ ដូច្នេះហើយបានជាយើងសង្កេតឃើញថា នៅរាល់ពិធីឆ្លងវ័យតែងតែមានកិច្ចតូចឬធំដើម្បីឲ្យព្រលឹងទាំង១៩ចូលមកក្នុងរូបមនុស្សជាសាមីនោះ។ កិច្ចតូចបង្អស់គឺការចងដៃ ដែលយើងតែងប្រទះឃើញញឹកញាប់ណាស់ ហើយដែលជួនកាលយើងពុំបានចាប់អារម្មណ៍ទេថា នេះជាការ “កួចព្រលឹង”។ កិច្ចខ្លះអាចធំដុំជាងនោះ ដូចជាកិច្ចហៅព្រលឹង ដូចឃើញក្នុងពិធីកោរជុក ឬពិធីបួសជាដើម។

នៅទីនេះខ្ញុំសូមលើកយកពាក្យហៅព្រលឹងនាគ ដែលគេធ្វើឲ្យអ្នកបួសមកបង្ហាញ។ ក្នុងពិធីបួសនោះមានកិច្ចច្រើនដែលគេធ្វើតាមលំដាប់លំដោយ តែកិច្ចដែលខ្ញុំចង់ជម្រាបនោះ គឺកិច្ច “ហៅព្រលឹងនាគ”។ តាមធ្លាប់សង្កេតឃើញតាមតំបន់នានាគឺគេតែងធ្វើពេលយប់ (រូបលេខ១-៤)។ ពេលនោះសាមីពិធីទាំងអម្បាលម៉ានស្ថិតនៅក្នុងសភាពមួយដែលគ្រហស្ថមិនពេញជាគ្រហស្ថ បព្វជិតមិនពេញជាបព្វជិត។ បើមើលរូបរាងអាចនិយាយថា មនុស្សមិនចំជាមនុស្សធម្មតា ដ្បិតក្បាលកោរអស់ទៅហើយ ឯនឹងថាប្រុសក៏មិនចំជាប្រុស ព្រោះគេតុបតែងឲ្យស្លៀកហូល ពាក់គ្រឿងអលង្ការ ហើយលាបមុខទៅរករបៀបជាស្រី (រូបលេខ៥-៧)។ ថ្វីដ្បិតមនុស្សមិនចំជាមនុស្ស ក៏សភាពពិសេសនោះ មិនចាត់ថានៅក្នុងពពួកតិរច្ឆានក្នុងន័យអន់ថតដែរ គឺគេហៅថា “នាគ”។ ទាល់តែស្អែកឡើងទើបមានកិច្ចផ្សេងៗតទៅទៀត ដែលបញ្ចាប់ទៅដោយការ “ទាក់ក” ពោលគឺក្លាយទៅជាសង្ឃក្រោយពីគ្រូឧបជ្ឈាយ៍យកស្បង់ទៅទាក់កសាមីខ្លួនម្នាក់ហើយ (រូបលេខ៨)។

សូមជ្រាបថា ក្បួនផ្សេងៗតែងដូចគ្នា ឬខុសគ្នាខ្លះៗពីតំបន់មួយទៅតំបន់មួយ អាស្រ័យតាមទំនៀមរបស់អ្នកស្រុកផ្សេងៗនោះ។ ខាងក្រោមនេះជាទំនុកសូត្រហៅព្រលឹងនាគ ដែលខ្ញុំស្រង់និងសម្រួលមកជាអក្ខរាវិរុទ្ធបច្ចុប្បន្ន ពីក្បួន  “នាគបព្វជាវិធី ” មួយដែលគេចម្លងទុក តាំងពីឆ្នាំ១៩១៦។

នេះយើងនឹងតាំងជានិទានដំណើរតទៅ ស្រដីអំពីគម្ពីរព្រះអភិធម្មនាំនិទានឲ្យមនុស្សម្នាមហាជនផងត្រងត្រាប់ស្តាប់យកជាតំបូន្មាន ឲ្យបានជាប្រយោជន៍អាត្មា កាលដើមឡើយយើងទាំងឡាយមកចាប់បដិសន្ធិក្នុងផ្ទៃម្តាយ ឧបមាបីដូចប្រេង១តំណក់ស្រក់អំពីរោមទ្រាយ ក្លាយជាឈាមដុំៗផ្គុំជាបញ្ចសាខា ព្រះធម៌តាក់តែងជារូបកាយមានសាច់ស្បែកជាដើម ហើយអង្គុយលើទងសុក ផ្កាប់មុខទៅខាងខ្នងម្តាយ រំពឹងអនិច្ចំ ទុក្ខំ អនិត្តា រីមាតាក៏ទ្រាំលំបាកពន់ប្រមាណ លុះអំឡុងខែ១០គ្រប់បរិពូណ៌ពុំយូរឡើយ មានខ្យល់មួយឈ្មោះកម្មជ្ជវាត បក់ផាត់ឲ្យចុះចាកឧទរបវរមាតា បានពិភ័ក្តិរក្សាបុត្រាសំឡាញ់ពេញចិត្ត ស្និទ្ធស្នាលត្រកាលអស់អញលំគេញអាត្មា ឧស្សាហ៍ខ្វល់ខ្វាយបញ្ចុកបាយចំណី ផ្ងូតទឹកលាបប្រេងម្សៅ មិនឲ្យត្រូវកម្តៅរស្មីព្រះអាទិត្យ មានចិត្តស្នេហាឱរាក្រួញក្រុងថ្នាក់ថ្នម បីបមមិនឲ្យហ្មងសៅ មិនឲ្យត្រូវខ្យល់ភ្លៀង ឱបបៅ លុះកូនដេកលក់ទៅថ្នមដាក់លើអង្រឹង នឹងមានរំពឹងអ្នកឯណាដទៃ ក្រៃលែងនឹងម្តាយនោះឥតអង្គឺមានឡើយ គុណម្តាយឥតប្រមាណ ឥតគណនាក្រាស់ក្រៃជាងក្រឡាមហាប្រថពី ជ្រៅក្រៃលែងជលធីមហាសមុទ្រ គុណម្តាយច្រើនប្រាកដកម្រនឹងសងបាន ថាបើនឹងកព្រះចេតិយអំពីប្រថពីកម្ពស់តាវត្តង្សា យាមា តុសិតា និម្មានរតីបរនិម្មិត អធិស្ឋានប្រណិធានជូនបុណ្យសងគុណក៏ពុំធួននឹងគុណព្រះមាតា ដ្បិតរក្សព្យាបាលពីតូចទាល់ធំ បានអាយុ១២ឆ្នាំព្រះមាតាបិតារិះគិតឲ្យបួសជាសាមណេរ រៀនធម៌អក្សរចេះសព្វគ្រប់ទសសីលារក្សាសិក្ខាបទទាំង១០តាមពុទ្ធវចនា សង្ឃឹមថាកុសលផលបុណ្យ នឹងសងគុណព្រះមាតាបិតា ញាតិកា៧សន្តានឲ្យបានសេចក្តីសុខ ប្រាសអស់អកុសល ឲ្យបានដល់និព្វានក្សេមក្សាន្ត ប្រែប្រាសនិរាសលែងជាតិ ជរា ព្យាធិ មរណ ជាសុខសួស្តី មនុស្សក្នុងលោកិយអកុសលវានាំឲ្យធ្វើអំពើទុច្ចរិត ចូរចៅរិះគិតលះលែងរវែង ប៉ងផ្ចង់ចិត្តគិតសន្សំសាងបរមី ជាទីរំពឹងគិតកំចាត់បង់នូវរាគ ទោស មោហ ឲ្យប្រាសចាកឥតមន្ទិល ឲ្យបានលុះដល់ធម៌វិសេស កោរព្រះកេសបរិបូណ៌ចូលទ្រង់បព្វជ្ជា រក្សាសិក្ខាបទទ្រង់ព្រះធម៌ជាព្រះភិក្ខុសង្ឃ ទ្រង់វិន័យចម្រើនមេត្តាភាវនា ឥឡូវនេះជន្មាចៅបរិបូណ៌គ្រប់២០វស្សា ទើបអ្នកមាតាបិតាសឹងទ្រង់នូវបិតិសោមនស្សា ជ្រះថ្លាសទ្ធាក្នុងវរពុទ្ធសាសនា ឧស្សាហ៍ពីព្យាយាមនឹងកុសល ចាយទ្រព្យប្រដាប់ត្រៃចីវរចីពរស្បង់ផ្ចង់នូវបត្រសម្អាតរចនា ហើយហៅហោរាអាចារ្យមកគូហារ រកឫក្សពារពេលាល្អស្រេចស្រាប់ ប្រដាប់នូវទៀនធូបភ្ញីផ្កាស្លាម្លូ បរិក្ខារៀបបណ្ណាការ ធ្វើបាយព្រលឹងបាយសីចំណីអាហារត្រកាល ពីសារចនាជាកញ្ចាំង មានទាំងរូបរាជសីហ៍ រូបគជសីហ៍ ដំរី ពានរ កិន្នរី កិន្នរា រាជហង្ស ផ្ចង់ដោយរណ្តាប់គ្រប់រួតទាំង៧ជាន់ ស្រេចស្រាប់ប្រមប្រប់អស់ញាតិសនន្តា ជួបជុំប្រគំនូវភ្លេងទ្រហឹងហៅព្រលឹងចងដៃ ឲ្យជ័យឲ្យពរ យកគ្រឿងក្រចេះចួងច័ន្ទន៍ម័នហមសុគន្ធរសឈ្មុសវិសេសមកលាបអង្គា ស្រេចអុជទៀនធូបជ្វាលាសឹងជាជ័យជ្វាលាមង្គល អស់ទាំងញាតិផៅក៏ស្រុះស្រួលទទួលពពិលទក្ខិណាព័ត៌ ១៩ជុំផ្គុំលត់ទៀនបក់ផ្សែងចូលប្រមូលព្រលឹង យកគ្រឿងពិដោរមកចឺមភក្ត្រី យកទឹកដូងខ្ចីមកលាយនឹងបាយព្រះលឹងឲ្យភោក្តាជាស្រីសួស្តីវុឌ្ឍីជ័យា បានពេលាល្អវាយគងស្គរ៣ដងហ៊ោរយកជ័យសួស្តី ថ្ងៃនេះថ្ងៃជាពេលាល្អចៅនាគលើកករអញ្ជលី ដាក់លើសិរសីសិរសាក្រាបលាមាតាបិតា នូវញាតិកាប្រាថ្នាចង់បួសរួសរៀនព្រះធម៌ ផ្តាច់អកុសលកម្ម នាំអាត្មានូវញាតិកា៧សន្តានឲ្យបានសោយសម្បត្តិសួគ៌ សម្បត្តិនិព្វានជាស្ថានបរមសុខប្រសើរ។ ព្រលឹងើយកុំដើរទៅលេងជាល្បែងសព្វជ្រោះជ្រលងដងព្រៃធំ ទូរគមន៍ស្រងាត់ កុំឲ្យមានចិត្តស្រណោះពីកាលក្មេងធ្លាប់លេងសប្បាយ ព្រលឹងើយអ្នកកុំស្តាយអាឡោះអាល័យសង្ស័យ ក្នុងចិត្តគិតប្រាថ្នាអត្ថិភាព ធ្វើហាតឃរាវាស ចៅបានប្រជ្ញាឈ្លាសឲ្យកាត់បំបាត់ឲ្យអស់សេចក្តីស្រឡាញ់ ឲ្យខំអស់អញលំគេញអាត្មា ឲ្យឧស្សាហ៍ពីព្យាយាមតាមគន្លងធម៌វិសេស ព្រះលឹងើយកុំធ្វេសកុំបីលេលាយាត្រាទៅលេងជាល្បែងដោយព្រៃ ហ្វូងបក្សាបក្សីពុំជាប្រយោជន៍ សឹងតែខ្មោចសត្វទោចទីទុយ ឆ្មារបមេអំបៅមេឪឡ វាតែងនឹងលួងលពុំជា ព្រលឹងើយអ្នកកុំយាត្រាទៅលេងក្នុងទឹកជ្រាលជ្រៅ សឹងតែម្ករពិន្ទងឆ្លាមផ្សោត ក្រពតក្រពើវាធ្វើឲ្យក្សិណក្ស័យ ព្រលឹងើយកុំទៅដោយព្រៃបព្វតា ខ្លោងទ្វារដំរីរាជសីហ៍រមាំងរមាសពាសពេញក្រាស់ក្រៃ វាមកបៀតបៀនឲ្យក្ស័យជីវិត ចូរព្រលឹងចៅគិតវិលមកនៅក្នុងកាយា លុះព្រឹកស្អែកបានពេលាថ្កើងថ្កាន ចៅនៅបានជិះយានជាជំនិះប្រសើរ មនុស្សម្នារដើរហែចោមរោមជាបរិវា ត្រអាលផ្លិតពាក់ឆ្វេងស្តាំ ចាមរ បៃមន់ សែងត្វ័ន ដើរហែផ្លុំត្រែផ្លុំស័ង្ខរគាំងភេរី។ លុះដល់ទីអារាមនោះ ចៅដោះអស់គ្រឿងប្រសើរ ដើរទៅទូលព្រះពុទ្ធដីកាព្រះឧបជ្ឈាយ៍ ក្រាបវន្ទាទទួលផ្នួសបួសជាសាមណេរ ឬជាភិក្ខុបានឧបសម្ប័ទ ចូរចៅធ្វើតាមក្រឹត្យវិន័យ នៅសព្វថ្ងៃឲ្យឧស្សាហ៍ យកវត្តន៍ប្រតិបត្តិ បោសច្រាសគ្រវាសអារាមជាកុសល ឲ្យតម្កល់ចិត្តគិតចម្រើនមេត្តាភាវនាសូត្រមន្ត យាត្រាយកបិណ្ឌបត សង្វាតសន្តោសប្រោសសត្វ។ បើចៅមានគ្នារនឿយព្រួយឲ្យជួយកម្លាំង បើសុខភ្លេចភ្លាំងឲ្យទូលព្រះពុទ្ធដីកា ឧស្សាហ៍រៀនព្រះវិន័យ កុំឲ្យដេកដល់ថ្ងៃត្រង់ កុំឲ្យដំបួចសើចលេងផងសិកា ចរចាដូចឃរាវាស កុំឲ្យប្រលោមលោមយកកូនសិស្សអ្នកដទៃ កុំឲ្យរឹងរូសប្រទូសក្រេវក្រោធពិរោធផងគ្នា ឲ្យមានចិត្តសទ្ធាពីព្យាយាមតាមពុទ្ធវចនា ប្រថ្នាមគ្គផលឲ្យបានដល់នគរ ពោលគឺព្រះនិព្វានជាស្ថានបរមសុខ និរទុក្ខ និរសោក និរោគ និរភ័យ ប្រាសចាកចង្រៃ បរិបូណ៌ជាសូរេចនូវប្រការអម្បាលនេះហោង!