ព្រះពុទ្ធសាសនានិងជំនឿជីវចលនៅកម្ពុជា

 

សម្រង់កំណាព្យយ៉ាងខ្លីដែលបង្ហាញនៅខាងក្រោមនេះផ្តល់ឱកាសឱ្យយើងពិចារណាបន្តិចអំពីព្រះពុទ្ធសាសនា ដែលខ្មែរប្រតិបត្តិទូទាំងប្រទេសថាតើសាសនានេះចាត់ទុកជំនឿដែលមានពីយូរយារមក ហើយដែលសព្វថ្ងៃសន្មតនាមឱ្យថា “ជីវចល” នោះ ជាសត្រូវឬអ្វី? យើងសូមនិយាយត្រួសៗមួយម៉ាត់ពីរ ដែលបង្ហាញពីបរិបទនៃការតែងកាព្យយ៉ាងខ្លីនេះ។ ព្រះរាជបណ្ណាល័យដែលកើតឡើងក្នុងរាជ្យព្រះករុណាព្រះបាទមុនីវង្សនោះ ក្លាយទៅជាពុទ្ធសាសនបណ្ឌិត្យនៅគ.ស.១៩៣០។ ស្ថាប័ននេះរីកធំទៅៗរហូតដល់មានមែកធាងមួយលេចចេញឡើងនៅដើមទសវត្ស១៩៤០ ហើយដែលមានឈ្មោះថា “ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ” ហៅជាបារាំងថា  Commission des Moeurs et Coutumes du Cambodge ក្រុមជំនុំនេះមាននាទីកត់ត្រាជំនឿនិងទំនៀមទម្លាប់ ដែលមានគ្រប់ទិសទីនៅប្រទេសកម្ពុជា តាមរយៈបណ្តាញរាជការដែលគ្រប់គ្រងឃុំស្រុកនានា។ នរណាម្នាក់ចង់ផ្តល់ពត៌មាន បើពូកែសរសេរក៏សរសេរខ្លួនឯង បើពុំសូវប្រសប់ក៏បរិយាយប្រាប់ទៅស្មៀនផ្ទាល់មាត់ឱ្យគេសរសេរឱ្យខ្លួន។ សំណេរនោះឡើងពីមូលដ្ឋានមកឃុំ, មកស្រុកហូរហែរហូតមកដល់ទីស្នាក់ការក្រុមជំនុំនៅក្រុងភ្នំពេញ។ បើសំណេរនោះក្បោះក្បាយ មានមូលដ្ឋានល្អត្រឹមត្រូវ គេមានឱ្យរង្វាន់ដល់ម្ចាស់ បើពុំមានរង្វាន់ក៏គេនៅតែតម្កល់ទុកជាឯកសារឱ្យមនុស្សអានបានគ្រប់គ្នាជាធម្មតា។ នៅទសវត្ស១៩៦០ ប្រធានបទធំៗឃើញមានចំនួន១០០ ដាក់នៅក្នុងប្រអប់ទូដាច់ៗពីគ្នាចំនួន១០០ដូចគ្នាដែរ។ ប្រធានបទនីមួយៗមានអត្ថបទច្រើន ឯអ្នកនិពន្ធក៏ប្លែកៗ នៅភូមិស្រុកតំបន់ខុសៗគ្នាដែរ។

ប្រធានបទដែលមានលេខ៥៩ជាក្បាលនោះ ឱ្យឈ្មោះទូទៅថា “អ្នកតានិងខ្មោចផ្សេងៗ”។ សំណេរដែលយើងស្រង់មកនេះដាក់លេខថា ៥៩.១៩៧ មានន័យថាជាសំណេរទី១៩៧នៃសំណុំរឿងលេខ៥៩។ ចំនួនទំព័រសេចក្តីអត្ថបទសុទ្ធមាន២៦។ អ្នកនិពន្ធនោះជាព្រះសង្ឃព្រះនាម មៀវ នន្ទ ជា  អាចារ្យសាលាបាលីនៅវត្តគគីរ, ឃុំព្រែកអាជី, ស្រុកក្រូចឆ្មារ, ខេត្តកំពង់ចាម។ ដែលសរសេរនោះនៅឆ្នាំ១៩៤៤។ ព្រះអង្គរៀបរាប់ពីពពួកអមនុស្ស  (ខ្មោច) ផ្សេងៗដែលលោកចាត់ចេញជា១៦ពួក ឧទាហរណ៍ អ្នកតាជាអមនុស្សមួយពួក, ព្រាយជាអមនុស្សមួយពួកទៀត។ ការនិយាយទាំងអម្បាល  ម៉ានអ្នកនិពន្ធ មៀវ នន្ទ ដែលជាព្រះសង្ឃនោះ សុទ្ធសឹងយកគម្ពីរព្រះពុទ្ធសាសនាផ្សេងៗមកយោងឬធ្វើជាទីបង្អែក។ ទីនេះយើងស្រង់យកតែទំព័រ២៥និង២៦ជាបញ្ចប់ចុងក្រោយប៉ុណ្ណោះមកបង្ហាញ។ ទំព័រ២៥ជាពាក្យដែលអ្នកនិពន្ធសូមទោសចំពោះអ្នកអានទូទៅ ហើយដែលជាការដាក់ខ្លួនគួរសម    ធម្មតា។ ប៉ុន្តែសេចក្តីសំខាន់ គឺអ្នកនិពន្ធបញ្ជាក់ថា អាចរៀបរាប់ពីខ្មោចផ្សេងៗនៅក្នុងជំនឿជីវចលខ្មែរវែងឆ្ងាយក្បោះក្បាយជាងដែលបានសរសេរមកទៅទៀត  (ទំព័រ ១-២៤ ដែលយើងពុំយកមកបង្ហាញ) តែពុំបានធ្វើ ដោយសារខ្លាចក្រែងចាកប្រធានឥតប្រយោជន៍។ រីឯទំព័រ២៦ គឺជាពាក្យចាប់ចុងចួន ដែលសង្ខេបការរៀបរាប់ខ្មោចទាំង១៦យ៉ាងនោះ។

សំណេរដៃដែលស្រង់យ៉ាងខ្លីមកនេះពុំមានអ្វីវិសេសវិសាលខ្លាំងក្លានោះឡើយ។ គឺដោយសារពុំមានអ្វីពិសេសខុសគេនោះហើយ បានជាយើងលើកយកមកបង្ហាញ ត្បិតចំណុចដែលចង់លើកយកមកឱ្យអ្នកអានចាប់អារម្មណ៍ គឺការដែលព្រះពុទ្ធសាសនាថ្កុំថ្កើងនៅក្នុងបរិបទវប្បធម៌នៃប្រទេសនីមួយៗ ។ ព្រះតេជគុណ មៀវ នន្ទ ដែលជាបព្វជិតព្រះពុទ្ធសាសនា ហើយបង្រៀនបាលីទៀតផង ពុំឃើញបង្ហាញនូវត្រង់ទីណាមួយនៃសំណេរព្រះអង្គឡើយថា អ្វីដែលគ្មានចែងក្នុងពុទ្ធសាសនាជាទំនាស់នឹងព្រះពុទ្ធសាសនា។ នេះមកពីមុននឹងក្លាយមកជាសង្ឃ ព្រះអង្គជាខ្មែរសិន។ លុះដល់ក្លាយមកជាសង្ឃ គឺព្រះពុទ្ធសាសនាក៏ស្ថិតនៅក្នុងបរិបទទូទៅនៃវប្បធម៌ខ្មែរនោះដដែល។ ម៉្យាងទៀតកុំភ្លេចថាស្ថាប័នធំដែលបង្កើតការស្រាវជ្រាវដើម្បីកត់ត្រារក្សាទុកនូវប្រពៃណីខ្មែរកុំឱ្យបាត់បង់នោះ ពុំគឺអ្វីក្រៅពីពុទ្ធសាសនបណ្ឌិត្យ ដែលជាស្ថាប័នផ្តល់កិត្តិនាមដល់ព្រះពុទ្ធសាសនាឡើយ។ ឥរិយាបថដ៏ប្រពៃនេះគួរតែពុទ្ធសាសនិកទាំងអស់ ជាពិសេសអ្នកដែលនៅក្នុងមជ្ឈដ្ឋានវត្តអារាមទុកជាតម្រាឬគំរូ។