“រៀន”

 ដោយ គង់ វីរៈ

 

នៅមុនសម័យទំនើបយើងនេះបន្តិច ពុំថាសង្គមណា ឬសង្គមណាឡើយ គេតែងគិតថា ការរៀនសូត្រជ្រៅជ្រះជាវិស័យរបស់មនុស្សប្រុស។ បើនិយាយពីសង្គមដែលមានអារ្យធម៌ខ្ពង់ខ្ពស់ផង ការរៀនសូត្រនោះពុំអាចផ្តាច់ចេញពីបរិបទសាសនាឡើយ។ សាសនាគ្រិស្ត, សាសនាឥស្លាម, សាសនាព្រាហ្មណ៍, ពុទ្ធសាសនា... សុទ្ធសឹងជាក្របខ័ណ្ឌនៃការបណ្តុះ     បណ្តាលទាំងអស់។

នៅទីនេះខ្ញុំសូមលើកឧទាហរណ៍រឿង “ទុំទាវ” មកនិយាយ ព្រោះជារឿងដែលខ្មែរគ្រប់រូបស្គាល់។ ច្បាប់ដែលគេស្គាល់ជាទូទៅ គឺភិក្ខុសោមលើកឡើងនៅឆ្នាំ១៩១៥ តាមរឿងដែលគេនិយាយតគ្នាពីមុនៗនោះមក ដូចបញ្ជាក់តាមសម្រង់ខាងក្រោម៖

 

នេះនឹងថ្លាថ្លែងតែងចរចា                   ល្បើកល្បងល្បែងល្បាយកាយកាព្យា

តាំងតែដំណាលកាលមុនជា                 និទានយូរយាឃ្លាឃ្លាតឆ្ងាយ។

មិនទៀងល្អៀងល្អក់តក់ឃ្លាឃ្លាត           សង្វាតផ្ទៀងផ្ទាត់បទបរិយាយ

យើងកែជាថ្មីផែនដីអាយ                   ស្រង់ស្រាយតទុកទៅមុខទៀត។

 

តែយើងក៏ដឹងដែរថា ពីមុននោះមក ច្បាប់ដែលខ្មែរស្គាល់ មានឈ្មោះថា “ទាវឯក”។ កាព្យដែលមានមុនគេជាដំបូងបង្អស់ យើងពុំដឹងថាលើកឡើងនៅឆ្នាំណា ឬសតវត្សណាច្បាស់ប្រាកដទេ គ្រាន់តែឃើញច្បាស់ថា នៅសម័យកណ្តាល ពេលដែលព្រះពុទ្ធសាសនាមានឥទ្ធិពលពេញធឹងលើសង្គមខ្មែរគ្រប់ទិសទីហើយ។ លុះមកដល់ចុងស.វ.ទី១៩ អ្នកស្រាវជ្រាវជាតិបារាំងក៏មានលើកយកប្រការនេះមកពោលដែរ។ ប្រហែលជាមកពីបារម្ភថា មនុស្សទូទៅសម័យក្រោយមកមិនដឹងថា មានច្បាប់ដែលចាស់ជាងរឿងទុំទាវនោះទៅទៀត ទើបលោកឧញ៉ាវិបុលរាជសេនា នូ កន យកច្បាប់ទាវឯកមករៀបចំបោះពុម្ព នៅឆ្នាំ១៩៤២ដើម្បីឲ្យគេស្គាល់បានទូលំទូលា។

រឿងទុំទាវ ឬទាវឯកនេះជារឿងស្នេហាកំសត់ព្រាត់ប្រាស ដូចតែជាតិសាសន៍ច្រើនលើលោកនេះ ដែលមានស្នាដៃអក្សរសាស្ត្រជារឿងស្នេហារបៀបនេះដែរ ហើយដែលស្ទើរតែក្លាយទៅជារឿងប្រចាំជាតិរៀងៗខ្លួន (សៀម មានរឿង “ឃុនឆាងឃុនផែន”,  ឯរឿងអ៊ីណាវបុស្បា ជារឿងនៅខាងឧបទ្វីបម៉ាឡាយូ រីឯនៅអឺរុបវិញមានរឿង Romeo និងនាង Juliet ជាដើម)។ តែប្រការដែលខ្ញុំចង់លើកឡើងនៅទីនេះ គឺការរៀនសូត្របណ្តុះបណ្តាលខ្លួន។

ខ្មែរមានពាក្យថា “បួសរៀន” ត្បិតអំពីមុនមក ដែលរៀនពិតប្រាកដនោះ គឺរៀននៅក្នុងផ្នួស មានន័យថាចំណេះវិជ្ជាពុំអាចផ្តាច់ពីសាសនា ដូចបានពោលនៅខាងលើ។ ពិតហើយថា ក្នុងការបួសរៀននោះគឺមានរៀនគម្ពីរសាសនា, ធម៌អាថ៌, បាលី, ការជាងច្រើនបែបយ៉ាង រាប់តាំងពីគំនូរ ចម្លាក់ រហូតដល់សំណង់ផ្សេងៗ។ នេះពុំរាប់ពីការរៀនលើកនិងបញ្ចោញវោហាដោយសម្លេងឲ្យគេជក់ចិត្តផង។ ពាក្យមួយដែលគួរឲ្យចាប់អារម្មណ៍ គឺពាក្យ “រៀន”។ ពាក្យនេះជាឫសដែលបង្កើតឲ្យមានកម្លាយច្រើន ដែលខ្ញុំលើកយកតែមួយមកពោល គឺ “របៀន”។ ក្នុងភាសាខ្មែរ និយមន័យពាក្យនេះចង្អៀតណាស់ មិនរីកសាយទៅវែងឆ្ងាយឡើយ កាលណាគេនិយាយថា “របៀន” គឺគេសង្កត់ធ្ងន់ទៅលើតែមន្ត្រអាគមឱមអាមប៉ុណ្ណោះ គឺពុំគិតទៅចំណេះវិជ្ជាទូទៅដែលពុំមែនជាវិជ្ជាលាក់កំបាំងនោះឡើយ។ ទីនេះហើយដែលយើងឃើញថា ភាពជាសង្ឃ និងការប្រតិបត្តិធម៌គ្មានទំនាស់នឹងវិជ្ជាសិល្ប៍មន្ត្រផ្សេងៗនោះទេ ព្រោះទោះបីជាខ្មែរជ្រួតជ្រាបព្រះពុទ្ធសាសនាថេរវាទដល់ជម្រៅក៏ដោយ ក៏សាសនានេះស្ថិតនៅក្នុងបរិបទសង្គមមួយ ដែលហៅថា “សង្គមខ្មែរ”។ ទាល់តែដូច្នេះហើយទើបសាសនាមួយអាចរស់នៅក្នុងសង្គមមួយបាន។ ខ្ញុំសូមយកសម្រង់តែពីរមកបង្ហាញ ក៏គង់អ្នកអានឃើញថា ការ “រៀនរបៀន” នៅសម័យមុននេះគេឲ្យតម្លៃ ហើយមានសារសំខាន់ដល់ណា៖

 

-រឿងទាវឯក, ល្បះទី២៦-៣៤ រៀបរាប់ដូច្នេះ៖

លោកគ្រូយល់ហើយចូលក្នុងកុដិ           លំអុតពេនពង់ទ្រង់ពិធី

សារិកាសេកសោមនមោមេ                សន្តំសត្តេកេករវឹក។

ទាំងមហារនាំងបំបាំងកាយ               ប័ត្ថម៉ឺនរលាយនឹងក្អែកទឹក

តែតាំងទេសនារៀលរអឹក                   គ្មានភ្លឹកគ្មានភ្លេចព្រះបាលី។

ហើយសេកឥតិបិសោមេថយឡាំង           សំកោកសំកាំងបាំងឥន្ទ្រីយ៍

ការក្រែងអ្នកផងគេពាធី                    បណ្តូលករណីមកមិនដល់។

សេកទាំងគាថាព្រះសីផុក                  សារិកាដាក់មុខកុំឲ្យឆ្ងល់

ការក្រែងអាបធ្មប់វាមកពាល់               វង់សាដានទៅជារបង។

សេកប្រេងម្សៅលាបជើងដៃ                ការអស់ចង្រៃកាចកន្លង

កុំឲ្យមានមកចូលលេងលង                ឲ្យដឹងល្បិចល្បងអ្នកនេនឯក។

លេខយ័ន្ត្របញ្ចុះជើងធ្មេញគ្រប់           យ័ន្ត្រក្រួចផ្ទល់ផ្ទប់រាជសីហ៍ស្រែក

វេស្សវ័ណដាក់មុខអ្នកនេនឯក             គេមើលគ្រប់ភ្នែកខ្លាចស្ញប់ស្ញែង។

កន្សែងបញ្ចុះសុទ្ធតែមន្ត្រ                   គាថាមួយពាន់ភ្លឺចិញ្ចែង

ទោះខ្មោចបិសាចក៏ខ្លាចក្រែង                      អ្នកនេនឯកឯងពុំមានព្រឺ។

ទាំងមហារលួយមហារលាយ             ប្រទាលនាងស្វាយព្រាយតាមអរ

បួននាក់តែនឹងដាក់បញ្ចើរ                  គ្រាន់ផ្លុំបង្ហើរដើរដោយខ្យល់។

សេកស្រេចអស់កិច្ចការគាថា               គ្មានខ្ចោះត្រង់ណាឲ្យអស់កល

តាមក្បួនខ្លួនរៀនអស់គ្មានសល់           រួចស្រេចអ្នកនេនលាចេញទៅ។

 

- រឿងទុំទាវ, ល្បះទី៣២៖

លោកគ្រូទទួលស្រួលព្រះទ័យ                ប្រិតប្រៀនទុំវៃខាងអាគម

អាចគាប់ដោយប្រាជ្ញប្រឹងជញ្ជ្រំ               ខិតខំចង់បួសផ្នួសសាមណេរ។

 

- រឿងទុំទាវ, ល្បះទី១០៤-១០៥៖

នេនទុំទទួលគ្រឿងបរិក្ខារ                    ស្រេចស្រាយយកស្លាឆាន់រួចនៅ

ឈប់អង់បន្តិចសេកប្រេងម្សៅ              រំឭកដល់ទៅមន្តសារិកា។

លិនថោងករវឹករំឭករក                     សិម្ពលីហៅយកមណីចិន្តា

លូកយកប្រទាលឆាន់នឹងស្លា               សូត្រសាគ្រប់សព្វចប់ជាម្តង។