• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ចម្លាក់រឿងព្រះជិនវង្សនៅវត្តព្រះប្រសប់

ដោយ វណ្ណ វិរៈបុត្រ

(ជំនួយរូបថតពី ៖ ប៉ក់ ច័ន្ទតារា, ធូ ឆាយលី, លាន ង៉ាមម៉ារ៉ាឌែន, សៀង សុផាម៉ារ៉ាឌី, ហួត លីហុង, អ៊ា លីម៉េង)

រឿងព្រះជិនវង្សនេះ បើយើងពិនិត្យមើលឲ្យមែនទែនទៅ ឃើញថាមានប្រជាប្រិយភាពធំធេង ដ្បិតមានការសម្តែងជាល្ខោនក្បាច់បុរាណ, យីកេ, កុន, គំនូរ, ចម្លាក់ជាដើម។ សូម្បីតែ ក្នុងភាសានិយាយរបស់ខ្មែរក៏គេតែងនិយាយថា «ពូជព្រះជិនវង្សមិនចេះស្លាប់»។ រូបលេខ១បង្ហាញពីកម្មវិធីសិល្បៈសម្តែងក្នុងទីព្រះលានអង្គរធំ នារាត្រីមួយនៃឆ្នាំ១៩២១ ដែលមានព្រះករុណាព្រះបាទស៊ីសុវត្ថិយាងមកទតជាមួយសេនាប្រមុខបារាំងឈ្មោះ Joffre។ កម្មវិធីនោះបញ្ចប់ទៅដោយល្ខោនដែលសម្តែងឈុតមួយចំនួននៃរឿងព្រះជិនវង្ស (សូមមើលរូបលម្អិតលេខ២)។ រូបលេខ៣ជារឿងព្រះជិនវង្សដែលគេយកទៅថតជាភាពយន្ត។ ក្នុងសំណេរបោះពុម្ពវិញ ពុទ្ធសាសនបណ្ឌិត្យបានខិតខំស្រាវជ្រាវតាមសាស្រ្តាបុរាណ ហើយរកទៅឃើញថាមានពីរច្បាប់ខុសគ្នា ដោយមួយរាយជា១៩ខ្សែ នឹងមួយទៀតជា១៦ខ្សែ។ គឺច្បាប់ទីពីរនេះឯងដែលគេយកមកផ្គុំគ្នាឲ្យនៅជា៤ខ្សែ។ ឯអ្នកនិពន្ធដើមនោះមានងារជាព្រះអរិយគាមណី រីឯនាមខ្លួនគឺ «ហ៊ីង»។ រូបលេខ៤បង្ហាញពីខ្សែទី១នៃច្បាប់នេះ ឯរូបលេខ៥-៦ជាច្បាប់ដែលផ្សព្វផ្សាយឡើងដោយបណ្ណាគារសេរីរដ្ឋ ព្រមទាំងបណ្ណាគារសេង ងួនហួត។

រូបលេខ១

រូបលេខ១

រូបលេខ២

រូបលេខ២

រូបលេខ៣

រូបលេខ៣

រូបលេខ៤

រូបលេខ៤

រូបលេខ៥

រូបលេខ៥

រូបលេខ៦

រូបលេខ៦

បើនិយាយពីគំនូរ និងចម្លាក់វិញឃើញមាននៅសល់តាមវត្តខ្លះៗដែរ ជាឧទាហរណ៍នៅសាលាឆាន់វត្តកៀនស្វាយក្រៅមានគូរជារឿងព្រះជិនវង្សនៅលើបន្ទះក្តារ ដែលជាហប់របស់សាលានោះផង។ នៅក្នុងឆ្នាំ១៩៨២មានការសិក្សាលម្អិតពីគំនូរនេះ ដោយលោក Michel Jacq-Hergoualc’h ផ្សព្វផ្សាយដោយសាលាបារាំងចុងបូព៌ា នៅក្រុងប៉ារីស៍។ រូបលេខ៧-១០ជាឧទាហរណ៍ខ្លះៗនៃការបង្ហាញដោយអ្នកនិពន្ធនោះ។ យើងឃើញថាកាលដែលគេធ្វើការសិក្សានោះគំនូរដែលនៅមើលឃើញច្បាស់នៅសល់មួយចំនួនដែរ។

ima14-15

ima14-15

រូបលេខ៧

រូបលេខ៧

រូបលេខ៨

រូបលេខ៨

រូបលេខ៩

រូបលេខ៩

រូបលេខ១០

រូបលេខ១០

ក្រោយមក គំនូរនេះឃើញមាននិយាយបន្តិចបន្តួចនៅក្នុងការសិក្សារបស់លោក សាន ផល្លា, លោក Vittorio Roveda & Sothon Yem។ នៅដើមទសវត្ស១៩៩០ គំនូរនៅវត្តកៀនស្វាយក្រៅទាំងនេះកាន់តែខូចខាត និងបាត់បង់មួយចំនួនធំទៅទៀតស្ទើរតែអស់។

ខ្ញុំពុំដឹងថាអាចមានគំនូររបៀបនេះប៉ុន្មានកន្លែងទៀតទេក្នុងប្រទេសកម្ពុជា ដ្បិតដូចបានពោលពីលើមកហើយ រឿងព្រះជិនវង្សមានប្រជាប្រិយភាពខ្លាំងណាស់នៅក្នុងសង្គមខ្មែរពីមុនមក។

ចំណែកព្រះជិនវង្សដែលនឹងយកមកបង្ហាញនេះ មិនមែនជាគំនូរដែលគូរ នៅលើឈើទេ គឺជាចម្លាក់ធ្លុះមួយបែបនៅផ្នែកខាងលើនៃល្វែងបាំងសាច របស់ព្រះវិហារវត្តព្រះប្រសប់។ ដែលហៅថា «ចម្លាក់» នៅទីនេះគឺជាឆ្អឹងដែកដែលគេបត់បែនជារូបរាងមនុស្សជាដើម ហើយដែលគេយកបាយអរមកពាសពីលើមុននឹងលាបពណ៌។

នៅក្នុងទសវត្ស២០១០ថ្មីៗនេះ គណកម្មការវត្តព្រមទាំងអ្នកស្រុកខ្លះសម្រេចចិត្តថា ត្រូវធ្វើចម្លាក់ដែលមានហើយនោះឲ្យថ្មីច្រឺងឡើងវិញ។ គេឆ្លៀតឱកាសនោះយកស៊ីម៉ងត៍មកប៉ះប៉ូវកន្លែងខ្លះដែលខូចខាតដោយពេលវេលា។ យ៉ាងណាក៏ប្រការដែលយើងត្រូវចាប់អារម្មណ៍ គឺពណ៌ដែលលាបថ្មីនេះច្បាស់ជាមានភាពឆើតឆាយខុសឆ្ងាយពីពណ៌បុរាណ ដែលតែងតែស្រគត់ស្រគំ។ នេះមិនមែនជារឿងប្លែកទេ ដ្បិតជាទំនោរទូទៅនៅតាមវត្តនាសម័យបច្ចុប្បន្ននេះ។ យកតែប្រការទូកប្រណាំងមកប្រៀបក៏អាចយល់ដែរ។ ទូកងសម័យមុនមានពណ៌បន្តិចបន្តួចប៉ុណ្ណោះ ដ្បិតផ្ទៃទាំងមូលគេលាបលនទៅដោយម្រ័ក្សណ៍ ហើយត្រង់ណាដែលមានឈ្មោះទូក ឬឈ្មោះវត្តជាដើម ច្រើនឃើញគេទឹបមាស។ ដូច្នេះគួរអ្នកអានកុំភ្លេចប្រការនេះ ជាពិសេសសូមជ្រាបថាចម្លាក់ព្រះជិនវង្សនេះសាងចប់នៅព.ស.២៤៦៩ (រូបលេខ១១) ពោលគឺនៅគ.ស. ១៩២៦ ។

សាច់រឿងមួយចប់នេះជាចម្លាក់លើជញ្ជាំងបាំងសាចផ្នែកខាងលើ ដែលគេឆ្លាក់ជាក្បាច់ទម្លុះ មានន័យថាគេត្រូវទស្សនាពីក្រៅព្រះវិហារហើយត្រូវងើយក្បាលបន្តិច ( រូបលេខ១២-១៣ )។ ចម្លាក់ទាំងតូចទាំងធំ បើសរុបទៅឃើញថាមាន៣០ផ្ទាំងដែលមានទំហំខុសៗគ្នា។ មួយផ្ទាំងៗ ទោះធំក្តីតូចក្តីតែងមានចំណងជើងនៅពីលើ។ របៀបមើលចម្លាក់នេះពីដើមមកចុង គឺត្រូវផ្តើមពីមុមនិរតីនៃជញ្ជាំងខាងលិច ហើយដើរមើលជាប្រទក្សិណ មានន័យថាដើរសម្តៅទៅមុមពាយព្យ បន្ទាប់មកទៅមុមឦសាន។ល។ មកទល់គ្នាវិញនឹងមុមនិរតីនៃជញ្ជាំងខាងត្បូង។ សូមបញ្ជាក់ប្រការសំខាន់មួយថា ចម្លាក់នេះផ្តើមចេញពីដើមរឿងមែន តែបើប្រៀបមកច្បាប់ដែលពុទ្ធសាសនបណ្ឌិត្យបានស្រង់ដូចនិយាយពីលើមកនោះ ឃើញថាពុំទាន់ចប់ឡើយ។

រូបលេខ១១

រូបលេខ១១

រូបលេខ១២

រូបលេខ១២

រូបលេខ១៣

រូបលេខ១៣

តទៅនេះខ្ញុំសូមបង្ហាញចម្លាក់ម្តងមួយៗ ស្រង់ចេញពីផ្ទាំងទាំង៣០។ រីឯចំណងជើងនីមួយៗខ្ញុំយកមកដាក់ជាអក្ខរាវិរុទ្ធសម័យថ្មី (ស្របតាមកាលដែលពុទ្ធសាសនបណ្ឌិត្យបានធ្វើ) ពេលណាដែលធ្វើទៅបាន ដ្បិតមានកន្លែងខ្លះក៏ទាល់ ដោយសារអានពុំយល់ ឬពុំច្បាស់ដែរ។ ម្យ៉ាងទៀត កាលដែលគេលាបលនពណ៌ថ្មីលើកក្រោយនេះ ច្បាស់មានជាអក្សរខ្លះរលុបដោយអន្លើ អានលែងយល់ ហើយអ្នកលាបថ្មីក៏ចេះតែសរសេរឡើងវិញដោយស្មានខ្លះផងក៏សឹងថាបាន។ សូមបញ្ជាក់ថា ដោយសាររូបទាំងអស់ស្របទៅតាមទិសប្រទក្សិណ គេត្រូវមើលពីស្តាំទៅឆ្វេង ឯសេចក្តីដែលជាចំណងជើងពីលើនោះក៏ត្រូវគិតពីស្តាំទៅឆ្វេងដូចគ្នា។ តែខ្ញុំគោរពតាមរូបភាពដើមដោយគ្រាន់តែសម្រួលអក្ខរាវិរុទ្ធតែប៉ុណ្ណោះ។ អំណើះតទៅ ខ្ញុំរាប់រូបទាំងអស់ជា «ផ្ទាំង» ដោយមានបង់លេខ។

ផ្ទាំងទី១៖ ក. ព្រះអាទិត្យវង្សា នគរសោភណរឹទ្ធិ កេសរសុវណ្ណកូនសុវណ្ណវង្សា ខ. ព្រះជិនសារ នាងបុប្ផាវតី គ. នាងជិនបុប្ផា

ផ្ទាំងទី២ ៖ ក. នេះរេខាវង្ស, នន្ទវង្ស, ពិសីវង្ស, ជិនវង្ស ខ. នគរសោភណរឹទ្ធិសុវណ្ណវង្ស, ជិនបុប្ផា, រត្នរេខា, នួនធីតា, ទេសពិសី

ផ្ទាំងទី៣ ៖ ក. កាលនាងជិនបុប្ផា និងជិនវង្សសុំទោស ពុំព្រម បិតាឲ្យពេជ្ឃឃាតចាប់ដាក់ទ្រុងទម្លាក់សមុទ្រ ខ. ភិលៀងទូលថាជិនវង្សវាយប្អូនស្លាប់ទាំងពីរ

ផ្ទាំងទី៤ ៖ ក. ពេជ្ឈឃាតទម្លាក់សមុទ្រ ក្តៅដល់ស្តេចនាគ យករក្សាជាកូន ខ. នគរសោភណរឹទ្ធិ គ. នាងជិនបុប្ផាតាមអង្វរពេជ្ឈឃាត ពុំព្រម នាងមក (…) ជាបិតា

ផ្ទាំងទី៥ ៖ ក. សេនានាគរៀបជូនជិនវង្សទៅនគរសោភណរឹទ្ធិវិញ ខ. ស្តេចភុជង្គនាគ នាងសុវណ្ណមាលីយកជិនវង្សមករក្សាបីឆ្នាំ ស្លាប់នាគច្រើន ហោរទាយឲ្យជូនជិនវង្សទៅវិញ

ផ្ទាំងទី៦ ៖ ក. គ្រុឌ (…) ស៊ីពុំដាច់ ចោលនៅសមុទ្រ ខ. នាគវង្វេងជួបនិងគ្រុឌ រត់ចោលជិនវង្សតែឯង

ផ្ទាំងទី៧ ៖ ក. មេយក្ខដេកលក់ ជិនវង្សរត់ចេញពីគុហា ខ. ជិនវង្សដេកលក់ យក្ខយកទៅទុកធ្វើប្តី

ផ្ទាំងទី៨ ៖ ក. ឥសីយកជិនវង្សមករក្សា៨ឆ្នាំ បង្រៀនសីលចេះសព្វ ជប់គ្រឿងប្រដាប់គ្រប់ លាឥសីទៅនគរចង្អុលទៅទិសបូព៌ ខ. មេយក្ខ (…) ជិនវង្ស (…) ឡប់ទៅវិញ ជួបឥសីប្រស់យកទៅសាលា

ផ្ទាំងទី៩ ៖ ក. សុវណ្ណវង្សាខ្លាចយក្សរត់ចេញពីប្រាសាទ ខ. ជិនវង្សចូលដល់ប្រាសាទ សួរប្អូនរកមាតាបិតា គ. (….) ពិសីវង្សជាប្អូនរត់ ខ្លាចយក្ស ឃ. ព្រះជិនវង្សឧទ្ទិសផ្សងស្រោមព្រះខ័នកើតជាយក្ស

ផ្ទាំងទី១០ ៖ ក. ព្រះជិនវង្សតាមរកនាងជិនបុប្ផាជាមាតា ជួបនៅចុងស្រុក ខ. បិតាឲ្យពេជ្ឃឃាតចាប់មេភិលៀងទាំងអស់មកធ្វើទោស គ. ព្រះជិនវង្សអង្វរបិតាសុំទោសទាំងអស់ បិតាក៏ព្រមតាម ហើយលាបិតាទៅរកម្តាយ

ផ្ទាំងទី១១ ៖ ក. មាលិវ័នបានផ្កាឲ្យពិចិត្ររេខាបក ឃើញឲ្យឈ្មោះបទុមសុរិយា កើតសុវណ្ណរេខាប្អូន កូនពីរស្រឡាញ់ដូចគ្នា ខ. មាលិវ័នមកពីលេងព្រៃវិញ គ. មាលិវ័នឃើញផ្កាចុះបេះផ្ញើពិចិត្ររេខាជាប្រពន្ធ

ផ្ទាំងទី១២ ៖ ក. កាលទសកណ្ឋដណ្តឹងបទុមសុរិយា មេភិលៀងច្រឡំហៅសុវណ្ណរេខាវិញ ខ. ទសកណ្ឋមកជួបមាលិវ័ននគរសិង្ហៈកោះក្រៃ គ. ទសកណ្ឋមកដល់គន្ធព្វកោះក្រៃវិញ ឃ. សាលិក័ណ្ឋឮឈ្មោះបទុមសុរិយាដេកអត់បាយ បិតាទៅដណ្តឹង

ផ្ទាំងទី១៣ ៖ ក. កាលទេវតាយករូបទៅទុកនៅចេតិយ ខ. ទេវតាយករូបថ្វាយ ព្រះឥន្រ្ទប្រាប់ឲ្យទៅទុកនៅចេតិយ គ. ទេវតាទាំងបួនទទួលរូបនាងផ្សង យកទៅថ្វាយព្រះឥន្រ្ទ ឃ. នាងបទុមសុរិយាទូលបិតាសូមផ្សងរូបរកគូព្រេង មាលិវ័នក៏ព្រមតាម

ផ្ទាំងទី១៤ ៖ ក. កាលបិតាអញ្ជើញនាងជិនបុប្ផា និងជិនវង្សទៅប្រាសាទវិញ ខ. កាលជិនវង្សបានរូប កើតទុកឈឺជាទម្ងន់ គ. ម្តាយនិងកូនឃើញរូប យកទៅចងរុំវិញ

ផ្ទាំងទី១៥ ៖ ព្រះឥន្រ្ទនិមិត្តជារាជរថ ដើម្បីឲ្យជិនវង្ស ពិសីវង្ស និងនាងជិនបុប្ផា និងសេនាជូនទៅរកបទុមសុរិយា

ផ្ទាំងទី១៦ ៖ ក. កាលព្រះឥន្រ្ទនិមិត្តជារាជរថជូនទៅដល់ប្រាសាទនាង ខ. ព្រះឥន្រ្ទឲ្យពិសីវង្សឡប់ទៅនគរវិញ

ផ្ទាំងទី១៧ ៖ ក. ព្រះជិនវង្សជួបបទុមសុរិយា សុវណ្ណរេខានៅក្នុងប្រាសាទ ខ. សុវណ្ណរេខាជូនព្រះជិនវង្សទៅល្វែងបទុមសុរិយា គ. ព្រះឥន្រ្ទជូនមកដល់ប្រាសាទ ចូលតាមបង្អួច រួចឡប់ទៅវិញ

ផ្ទាំងទី១៨ ៖ ក. កាលមាលិវ័នទទួលជំនូនទសកណ្ឋជាក្លើ ខ. កាលទសកណ្ឋរៀបជំនូនជូនមាលិវ័ននគរសឹង្ហៈកោះក្រៃ

ផ្ទាំងទី១៩ ៖ ទសកណ្ឋជូនស្រេច ថយមកព្រះពន្លា ប្រពន្ធដឹងការពីមេភិលៀងប្រាប់ប្តីៗប្រើទៅសួរនាងឡប់មកប្រាប់ប្តីៗថាមែនតាមរឿង ខឹងទន្រ្ទាំឲ្យរៀបពលទៅចាប់ព្រះជិនវង្ស

ផ្ទាំងទី២០ ៖ ក. នាងសុវណ្ណរេខាព្រួយចិត្តតាមមើលប្តី ខ. នាងបទុមសុរិយានាំព្រះជិនវង្សមកថ្វាយបង្គំបិតា គ. ទសកណ្ឋខឹងវាយជិនវង្ស ដួលខ្លួនឯង មាលិវ័នឃាត់ពុំស្តាប់ឲ្យទៅច្បាំងឯដី

ផ្ទាំងទី២១ ៖ ក. នាងហូតព្រះខ័នគិតកាប់ មាលិវ័នចាប់ពុំឲ្យសម្លាប់ ខ. ទសកណ្ឋហៅទៅច្បាំងលើអាកាស

ផ្ទាំងទី២២ ៖ នាងបទុមសុរិយាកាប់ទសកណ្ឋជា (…) កំពូល ពលសេនាត្រូវដាច់ក្បាល ខឹង (…) ខ្លួន

ផ្ទាំងទី២៣ ៖ ក. នាងបទុមសុរិយាកាប់ទសកណ្ឋសូន្យ នាងកេសឡីនិងកូនឱបយំ ខ. នាងបទុមឃើញឪពុកចាប់ប្តីពុំឲ្យផ្លែងសរ គ. មាលិវ័នមកមើលបិទ (…) ទសគាឃាត់ទសកណ្ឋ

ផ្ទាំងទី២៤ ៖ ក. នាងកេសឡី និងសាលិក័ណ្ឋយកខ្មោចប្តីមកគន្ធព្វកោះក្រៃវិញ ខ. នាងកេសឡីហែខ្មោចទសកណ្ឋ សេនាហោះទ្រទាំងប្រាសាទទៅនគរវិញ គ. មាលិវ័នឲ្យព្រះជិនវង្សប្រស់រស់ ទសកណ្ឋខ្មាស ស្លាប់វិញ

ផ្ទាំងទី២៥ ៖ ក. ព្រះជិនវង្សមកដល់ដំណាក់ គិតលាបិតាទៅនគរ ខ. ព្រះជិនវង្សនាំប្រពន្ធមកប្រាសាទវិញ គ. កាលមាលិវ័នរៀបអភិសេកកូនទាំងពីរឲ្យព្រះជិនវង្ស រួចលាបិតាទៅប្រាសាទ

ផ្ទាំងទី២៦ ៖ ក. ព្រះជិនវង្សហោះទៅនគរសោភណរឹទ្ធិ ខ. មាលិវ័នតាមមើលកូន គ. ព្រះជិនវង្ស និងបទុមសុរិយាលាបិតាជាស្រេចឡើងជិះហង្ស ឃ. មាលិវ័នរៀបដំណើរកូន ឲ្យទៅ (…) សុវណ្ណឲ្យនៅសិន

ផ្ទាំងទី២៧ ៖ ក. កាលបទុមសុរិយាលានាងសុវណ្ណឱរ៉ៃទៅតាមប្តី ខ. កាលខ្យល់គួចហង្ស ធ្លាក់ព្រះជិនវង្សក្នុងសមុទ្រ គ. កាលព្រះឥន្រ្ទក្រឡាជាចាស់អុំទូកស្រង់ព្រះជិនវង្ស ឃ. ព្រះជិនវង្សលាព្រះឥន្រ្ទទៅតាមបទុមសុរិយា

ផ្ទាំងទី២៨ ៖ ក. កាលកិន្នរនាំបទុមសុរិយាមកគុហារក្សា ចាំជួបព្រះជិនវង្ស ខ. កាលកិន្នរបទុមសុរិយាទៅគុហា គ. កាលបទុមសុរិយាមកជួប និងហ្វូងកិន្នរកណ្តាលព្រៃ ឈ្មោះនាងសុវណ្ណកិន្នរ

ផ្ទាំងទី២៩ ៖ ក. កាលស្វាសយកព្រះខ័នហោះទៅ ខ. ព្រះជិនវង្សផ្ទុំលក់ក្រោមដើមជ្រៃ ស្វាលួចព្រះខ័ន គ. ព្រះជិនវង្សទៅតាមនាងបទុមសុរិយា

ផ្ទាំងទី៣០ ៖ ក. កាលព្រះបាទចិត្រាយកធ្នូព្រះខ័នហោះទៅនគរ ខ. ស្វាសច្បាំងចាញ់ ព្រះបាទចិត្រាវាយស្លាប់

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved