រូបលេខ១

នៅឆ្នាំ២០១៣ ក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រទះឃើញគំនូរប្រភេទខាងលើនៅឃុំក្រពើរពីរ, ស្រុកវាលវែង, ខេត្តពោធិ៍សាត់ ដែល មានចម្ងាយប្រមាណ៧០ គីឡូម៉ែត្រខាងលិចទីរួមខេត្តពោធិ៍សាត់ (រូបលេខ១)។ តំបន់នោះគ្របដណ្តប់ទៅដោយ ថ្មភក់កំប៉េតកំប៉ូត ខ្លះស្ថិតនៅលើទីទួល ខ្លះនៅទីទំនាប។ ថ្មខ្លះមានល្អាងនៅខាងក្នុង ឯខ្លះទៀតមានថ្មបន្តុបលើគ្នាបង្កើតបានជាពើង (រូបលេខ២)។

អ្នកស្រុកហៅតំបន់មានគំនូរថា «ភ្នំល្អាង» ដែលស្ថិតនៅចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីទីប្រជុំជនអូរដេការ។ គេអាចធ្វើដំណើរដោយជើងតាមផ្លូវលំឆ្លងកាត់អូរឡើងចុះភ្នំ ដោយប្រើពេលប្រហែល៤ទៅ៥ម៉ោង (រូបលេខ៣)។ នៅក្បែរតំបន់នោះ មានផ្ទះប្រជាជនតិចតួច ដែលជាគ្រួសារចំណូលថ្មីទៅកាប់រានព្រៃធ្វើចម្ការ។ ក្នុងពេលដែលក្រុមការងារទៅដល់ទីនោះក្នុងឆ្នាំ២០១៣ មានល្អាងមួយមានតាបសម្នាក់ស្នាក់នៅធ្វើសមាធិ និងព្យាបាលជម្ងឺតាមបែបបុរាណដល់អ្នកជម្ងឺផ្សេងៗដែលមកពីតំបន់ខាងក្រៅ។

នៅតំបន់នោះ មានគំនូរបុរាណចំនួន៣កន្លែង គឺ២កន្លែងស្ថិតនៅក្នុងល្អាង និង១កន្លែងនៅលើជញ្ជាំងពើង។ ល្អាងទី១ អ្នកស្រុកហៅថា «ល្អាងលោកតា» ឬ «ល្អាងប្រចៀវ១» ល្អាងទី២ ហៅថា «ល្អាងប្រចៀវ២» ដែរ។ នៅល្អាងលោកតាឬល្អាងប្រចៀវ១ មានគំនូរឆូតដាច់លើថ្ម ចាប់ពីមាត់ល្អាងដល់ពាក់កណ្តាលល្អាង។ គំនូរឆូតទាំងនោះមានពីរបែបគឺ ៖

             ១.គំនូសឆូតជ្រៅចូលក្នុងសាច់ថ្ម ហើយស្នាមឆូតនីមួយៗមានប្រវែងប្រមាណ ១០សង់ទីម៉ែត្រ។ ស្នាមឆូតខ្លះនៅផ្តុំគ្នារាងដូចជើងសត្វស្លាប និងខ្លះទៀតគូរបញ្ឈរតម្រៀបជួរគ្នា ប្រៀបដូចគំនូសរាប់ចំនួន (រូបលេខ៤-៥)។

             ២. គំនូសឆូតឬគូសមានទម្រង់ជារូបមនុស្សកំពុងធ្វើចលនាអ្វីមួយ(រូបលេខ៦)។

រីឯល្អាងទី២ នៅខាងលិចល្អាងទី១ ចម្ងាយប្រមាណ៣០០ម៉ែត្រ មានទំហំតូច ដំបូលទាប មានច្រកចូល១ ហើយងងឹត។ នៅក្នុងល្អាងមានច្រកធំ១ និងច្រកតូចៗ២។ នៅលើជញ្ជាំងថ្មនៃច្រកធំ មានគំនូរឆូតចំនួន៣ផ្ទាំង។ ផ្ទាំងទី១ មានគំនូសឆូតបញ្ឈរពីរស្របគ្នា មានកំពស់ប្រមាណ៥០ស.ម ហើយនៅផ្នែកខាងមានគំនូសឆូតកាត់បញ្ឆិតគំនូសឆូតបញ្ឈរពីរស្របគ្នា និងមានគំនូសឆូតទទឹងផ្សេងទៀតនៅក្បែរនោះ (រូបលេខ៧)។ ផ្ទាំងទី២ មានគំនូរ២ផ្ទាំងគូរ លើជញ្ជាំងនៃកែងថ្មច្រកធំ។ ផ្ទាំងម្ខាងមានរូបមនុស្សពីរនាក់ឈរលើកដៃទាំងពីរឡើងលើប្រៀបដូចកំពុងធ្វើសកម្មភាពអ្វីមួយ។ រូបមនុស្សខាងឆ្វេងដូចជាមានពាក់របស់អ្វីនៅលើ ក្បាល ឯរូបខាងស្តាំហាក់ដូចជាពាក់មួក។ នៅខាងក្រោមរូបមនុស្ស មានរូបចតុកោណកែងមួយមានខ្សែព័ទ្ធច្រើនជាន់ និងរូបឆូតបញ្ឈរ។ ចំណែកផ្ទាំងម្ខាងទៀត មានគូររាងបួនជ្រុងដែលមានខ្សែឆូតកាត់ខ្វែងគ្នាចំកណ្តាល (រូបលេខ៨)។ ក្រៅពីនេះមានស្នាមឆូតជាច្រើនផ្សេងទៀត ដែលមើលពុំយល់ថាជារូបអ្វីឱ្យបា្រកដ។ គំនូរខ្លះទៀត ត្រូវដីហូរចាក់គរលប់ផ្នែកខាងក្រោម និងខ្លះទៀតសល់កម្ពស់ប្រហែល២០សង់ទីម៉ែត្រពីលើផ្ទៃដីក្នុងល្អាង។ ផ្ទាំងទី៣ ស្ថិតនៅខាងចុងល្អាងធំ មានរូបមនុស្សម្នាក់នៅលើជញ្ជាំងល្អាងឈរកន្ធាំងដៃ-ជើង (រូបលេខ៩)។

ទីតាំងគំនូរទី៣ គូរនៅលើជញ្ជាំងពើងថ្ម ស្ថិតនៅខាងលិចចម្ងាយប្រហែល១០០ម៉ែត្រពីល្អាងទី១ គឺនៅចន្លោះល្អាងទាំង២។ នៅលើជញ្ជាំងកម្ពស់ប្រហែល១,៥ម៉ែត្រពីដី មានស្នាមឆូតមួយចំនួនខ្លះបញ្ឈរ និងខ្លះទៀតទ្រេតបន្តិច។

គំនូរឆូតលើថ្មដូចនៅតំបន់ភ្នំល្អាងនៃស្រុកវាលវែង កម្រជួបប្រទះណាស់នៅស្រុកខ្មែរ ហើយក៏ពុំទាន់មានការសិក្សានៅឡើយ។ អ្នកស្រុកមិនអាចអះអាងថាគំនូរទាំងនេះកើតពីពេលណាទេ ព្រោះពេលគាត់មកដល់ក៏ឃើញរួចទៅហើយ។ គំនូរទាំងនេះ ប្រហែលគូរដោយក្រុមមនុស្សរស់នៅតំបន់នោះ ឬក្រុមមនុស្សដែលដើរស្វែងរកអនុផលព្រៃឈើដូចជាបោចផ្តៅ ដងជ័រ បេះផ្លែឈើ រកខ្លឹមចន្ទន៍ និងក្រុមអ្នកប្រម៉ាញ់។ល។ ទោះបីយ៉ាងណាក៏ដោយ គំនូរទាំងអស់នេះ អាចចាត់ទុកជាស្នាដៃសិល្បៈ ដែលផុសចេញពីទេពកោសល្យ សេចក្តីអំណត់ព្យាយាម អត់ធ្មត់ របស់ក្រុមមនុស្សពីអតីតកាល។ យើងជឿជាក់ថា គំនូរឆូតទាំងនេះពិតជាគំនូរបុរាណ ហើយអ្នកគូរពិតជាមានបំណងគូរអ្វីមួយយ៉ាងប្រាកដ គឺពុំមែនគ្រាន់តែជាការរពឹសដៃបំបាត់អផ្សុកនោះទេ។ ដូច្នេះការសិក្សាស្រាវជ្រាវជ្រៅជ្រះតាមបែបវិទ្យាសាស្រ្ត ជាការចាំបាច់ ដើម្បីស្វែងយល់ពីអត្ថន័យ, និមិត្តរូប, អាយុកាលនៃស្នាដៃគំនូរទាំងនោះ។