• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ស្តេចចិននៅក្នុងរឿងអាជ័យ

ដោយ អាំង ជូលាន / វណ្ណ វិរៈបុត្រ
គំនូរ ៖ មាស សារ៉ាន

 

រឿង «អាជ័យ» ស្ថិតនៅក្នុងចំណោមរឿងនិទានដែលល្បីល្បាញជាងគេក្នុងប្រទេសកម្ពុជាតាំងពីច្រើនសម័យកាលមកហើយ។ ដើមឡើយរឿងនេះនៅក្នុងប្រភេទដែលហៅថា «អក្សរសិល្ប៍និយាយ» មាននិយាយកាត់ មាននិយាយវែង ហើយពុំចូលមកក្នុងសាស្ត្រាល្បែងដែលគេកត់ត្រាទេ។ ប៉ុន្តែមកពីល្បីទៅៗដូច្នេះហើយ បានជាមានគេយកមកសរសេរកត់ត្រាទុក។ ទោះជាយ៉ាងនេះក្តី ក៏សំណេរទាំងនោះនៅតែរក្សាលក្ខណៈជាអក្សរសិល្ប៍និយាយដដែល ដ្បិតគេកត់ពាក្យនិទាននោះដោយឥតមានកែប្រែពាក្យពេចន៍អ្វីឡើយ។ និយាយថាដូចម្តេច កត់ថាយ៉ាងនោះ ពុំមែនជាការតែងសេចក្តីរៀបរៀងពាក្យជាថ្មីទេ។ មានតែចំណុចតូចមួយគត់ ដែលគេធ្វើឲ្យឆើតឆាយលើសការនិយាយ គឺចំណងជើង។ ត្រង់នេះ គេមានបំណងឲ្យមនុស្សទូទៅជឿថាឈ្មោះថា អាជ័័យ ជាការនិយាយកាត់ខ្លីពីឈ្មោះថា ធនញ្ជ័យ ដែលខ្មែរធ្លាប់ស្គាល់តាំងពីបុរាណកាលមក [1] ។ ក្នុងការហៅក្រោយៗមក ធនញ្ជ័យ នេះក្លាយជា ធ្មេញជ័យ ទៅទៀត។
នៅឆ្នាំ១៩៦៤ ពុទ្ធសាសនបណ្ឌិត្យយករឿងនេះមកចងក្រង ដោយឥតកែប្រែអ្វីធំដុំ ក្រៅអំពីដាក់អក្ខរាវិរុទ្ធតាមបែបថ្មីឡើយ។ នៅក្នុងអារម្ភកថា គេមាននិយាយពីសំណេរចាស់ពីមុន មកខ្លះៗដែរ។
អត្ថបទយើងខ្ញុំនេះស្រង់រឿងអាជ័យយកមកបង្ហាញតែមួយកំណាត់ខ្លីទេ ដ្បិតប្រធានបទយើងផ្តោតតែទៅលើពាក្យដែលអាជ័យពោលថា «មើលមុខស្តេចក្រុងចិនដូចមុខឆ្កែ» ប៉ុណ្ណោះ។ ពាក្យនេះអាក្រក់ស្តាប់បន្តិច ហើយហាក់ដូចជាមើលងាយព្រះចេស្តាស្តេចដទៃក្រៅពីស្តេចខ្មែរផង។ ប្រហែលមកពីដូច្នេះហើយបានជាមានរឿងនិទានពន្យល់មួយទៀតហៅថា «រឿងស្តេចក្រុងចិន»។ រឿងយ៉ាងខ្លីនេះពុំសូវមាននរណាស្គាល់ឡើយប៉ុន្តែមើលទៅយល់ភ្លាមថាកើតឡើងក្រោយរឿងអាជ័យដែលជារឿងដើម ហើយគេលើកមកនិយាយដើម្បីសម្រាលពាក្យដៀលត្មះពីមុន [2] ។
ខាងក្រោមនេះជាកំណាត់ខ្លីមួយនៃរឿងអាជ័យបូកនឹងរឿងស្តេចក្រុងចិនទាំងស្រុង ដែលយើងខ្ញុំស្រង់ពីសៀវភៅមួយរៀបចំដោយលោក Etienne Aymonier ហើយផ្សព្វផ្សាយពីក្រុងព្រៃនគរនាឆ្នាំ១៨៧៨។ អ្នកសរសេរនោះច្បាស់ជាអ្នកស្រុកខាងជើង ប្រហែលជាអ្នកនៅតំបន់សៀមរាបផងក៏សឹងថាបាន ដ្បិតរាល់ពាក្យដែលអ្នកនៅផ្នែកកណ្តាលនឹងត្បូងប្រទេសនិយាយថា «អី» គេសរសេរ «អុយ» ជានិច្ច។ នេះពុំនិយាយពីការស្គាល់ភូមិសាស្ត្រច្បាស់ទាក់ទងនឹងផ្លូវទឹកនានាដែលហូរពីលើចាក់មកទន្លេសាបផង។
យើងខ្ញុំសូមជូនរូបសំណេរដើមដូចតទៅ ៖

 

តទៅនេះជាអត្ថបទដដែល តែដាក់ជាអក្ខរាវិរុទ្ធថ្មីនិងថែមវណ្ណយុត្តផង ឯពាក្យពេចន៍វិញឥតមានប៉ះពាល់ឡើយ [3] ៖

កាលនោះស្រុកចិនមិនទាន់ចេះធ្វើនំទេ។ ដល់ឃើញធ្មេញជ័យធ្វើដូច្នោះហើយ ក៏បបួលគ្នាមក ទិញនំស៊ី ហើយនិយាយថា «អ្នកនេះចេះធ្វើនំនោះល្អណាស់!»។ ឮទៅដល់ស្តេចក្រុងចិនហើយឲ្យ ហៅធ្មេញជ័យ។ ទៅដល់ហើយមានព្រះបន្ទូលដណ្តឹងថា ៖
- ឯងធ្វើនំវែងមែន ? ទើបធ្មេញជ័យក្រាបទូល ៖
- មែន! ទើបស្តេចមានព្រះបន្ទូលថា ៖
- អាយកមកអញមើលផង! ទើបធ្មេញជ័យវិលមកយកនំនោះទៅ
ថ្វាយ ហើយទើបស្តេច ដណ្តឹងថា ៖
- នេះ នំនេះឈ្មោះនំអុយ? ធ្មេញជ័យក្រាបទូលថា ៖
- នេះហៅនំបញ្ចុក។ បើនិងស៊ីឲ្យងើយ ហើយហាមាត់លើកដៃឲ្យខ្ពស់
ទើបបានស៊ីជាពិសា [4] ។
ឯនំនេះបានជាធ្មេញជ័យថាដូច្នោះ ដ្បិតចង់ឃើញមុខស្តេចក្រុងចិន ដ្បិតឮតែព្រះបន្ទូល ឯព្រះភក្រ្តពុំដែលឃើញ ហើយចង់នឹងវិលមកស្រុកវិញ។ ឯស្តេចក្រុងចិនឮថាដូច្នោះ ឲ្យយកនំនោះទៅថ្វាយ ហើយងើយដូចពាក្យធ្មេញជ័យថានោះឯង។ ឯធ្មេញជ័យកាលបើស្តេចសោយនំងើយឡើងហើយ ក៏មើលទៅឃើញមុខស្តេចក្រុងចិន ហើយថា «អញមើលទៅមុខស្តេចក្រុងចិននោះដូចជាមុខឆ្កែ មើលមុខស្តេចស្រុកខ្មែរដូចខែពេញបូណ៌មី»។ ឯព្រះមហាក្សត្រក្រុងចិនឮធ្មេញជ័យដៀលថាមុខដូចឆ្កែដូច្នោះហើយក៏ទ្រង់នៅព្រះក្រោធខ្លាំងណាស់ ហើយត្រាស់ថា «ឲ្យអស់នាម៉ឺនចាប់យកទៅដាក់គុកឲ្យដល់ស្លាប់ កុំឲ្យលែងវា»។

 

តទៅនេះជាច្បាប់ដើមនៃរឿង ស្តេចក្រុងចិន តមកពីរឿង ធ្មេញជ័យ ក្នុងសៀវភៅដដែល ៖

បន្ទាប់ទៅនេះជាអត្ថបទដដែល តែដាក់ជាអក្ខរាវិរុទ្ធថ្មីនិងថែមវណ្ណយុត្ត ៖

 

រឿងស្តេចក្រុងចិន

មានចាស់ទុំនិយាយមួយយ៉ាងទៀតថា លោកសម្តេចព្រះសុគន្ធ តែពុំដឹងជារាជសករាជស្តេចណាទេ ថាលោកចិញ្ចឹមឆ្កែឈ្មោល១អំពីតូច។ លុះឆ្កែនោះធំឡើង មានគំនិតមាយាទណាស់។ លោកព្រះសុគន្ធមានព្រះទ័យអាណិតឆ្កែនោះដូចជាកូនសិស្សសម្លាញ់ ដ្បិតឆ្កែនោះចេះដូចជាមនុស្ស បើលោកនិមន្តទៅសូត្រមន្តក្តី ទៅឆាន់ផ្ទះឧបាសកទាយកឯណាក្តី ឬមួយទៅបុណ្យទានឯណាៗក្តី លោក ឲ្យឆ្កែនោះឯងពាំថង់យាមទៅ។ ជួនកាលលោកឲ្យពាំសំពត់ងូត កន្សែងជូតដៃបានទាំងអស់។ បើលោកឲ្យឆ្កែនោះពាំទៅហើយ មានភិក្ខុសាមណេរកូនសិស្សឧបាសកឯណាមកបញ្ឆោតយកពីឆ្កែនោះមិនបានឡើយ។ បើលោកប្រើឲ្យពាំ ហើយដល់ទៅកន្លែងឈប់ហើយ ឆ្កែនោះយករបស់នោះទៅប្រគេនលោកវិញ។ មួយទៀតបើភិក្ខុសាមណេរប្រើឲ្យពាំរបស់អ្វីៗក្តីបានដូចគ្នាទាំងអស់ មិនដែលយករបស់នោះទៅចោលឲ្យបាត់ឡើយ។ បើការអុយដែលលោកធ្លាប់ប្រើ ធ្លាប់តាមទៅហៅភិក្ខុ សាមណេរកូនសិស្សឯណាដែលលោកធ្លាប់ហៅ ហើយលោកមិនបានទៅហៅលោកប្រើឆ្កែនោះទៅហៅក៏បាន។ ឯឆ្កែនោះ បើលោកប្រើទៅហើយ វាទៅដល់មាត់ជណ្តើរកុដិនោះ វាព្រុស វាលូហៅកូនសិស្សនោះដឹងថាលោកគ្រូប្រើឆ្កែមកហៅ ក៏ទៅតាមឆ្កែនោះ។ ឯឆ្កែនោះចេះដឹងដូចជាមនុស្ស ប៉ុន្តែមិនចេះតែស្តី។ អស់ភិក្ខុសាមណេរកូនសិស្សស្រឡាញ់គ្រប់គ្នា បើចង់ប្រើឆ្កែនោះពាំរបស់អុយទៅណាក៏បាន។ ឆ្កែនោះឯងឧស្សាហ៍បម្រើលោកសង្ឃក្នុងវត្តនោះមិនឲ្យអន់ចិត្ត។

លុះនៅយូរទៅ ឆ្កែនោះស្លាប់ទៅ បានទៅកើតជាកូនស្តេចស្រុកចិន។ ឯលោកសម្តេចព្រះសុគន្ធជ្រាបថាឆ្កែនោះស្លាប់ហើយ លោកមានព្រះទ័យអាណិតឆ្កែណាស់។ លោករៀបធ្វើបុណ្យឲ្យ ទាន រកទីកន្លែងបញ្ចុះខ្មោចឆ្កែនោះល្អសមគួរហើយលោករំពឹងពិចារណាថា ឥឡូវនេះឆ្កែនេះទៅកើត ឯណា? លោកពិចារណាទៅដឹងថាឆ្កែនោះទៅកើតជាកូនស្តេចស្រុកចិន មានមុខជាឆ្កែ។ លោក និយាយនឹងអស់កូនសិស្សថា ឆ្កែនោះទៅកើតជាកូនស្តេចស្រុកចិនហើយ។

ឯកូនស្តេចស្រុកចិននោះធំឡើង ឪពុកនោះស្លាប់ទៅ បានកូននោះសោយរាជ្យជួសឪពុកនោះឡើង។
លុះស្តេចមុខដូចឆ្កែនោះបានសោយរាជ្យកាលណា បើនរណាមើលមុខស្តេចនោះត្រង់ហើយ ស្តេចឲ្យយកអ្នកនោះទៅសម្លាប់។ អស់នាម៉ឺនមុខមន្ត្រីគ្មាននរណាហ៊ានមើលមុខស្តេចនោះឡើយ។ ឯស្តេចបានជាមិនឲ្យគេមើលមុខ ពីព្រោះមុខស្តេចនោះដូចជាមុខឆ្កែ ដ្បិតស្តេចខ្មាសគេមិនឲ្យគេមើល។ លុះស្តេចសោយរាជ្យយូរបន្តិចទៅ កើតឈឺ តែក្នុងក្បាលនោះមិនចេះបាត់ យកគ្រូហ្មឯណាមកមើល មិនចេះជា។

ហើយស្តេចឲ្យហោរគូរមើលជម្ងឺនោះ ហេតុដូចម្តេចបានជាឈឺមិនចេះបាត់? ដល់ហោរគូរមើលទៅ ដឹងថាកន្លែងដែលកប់ខ្មោចឆ្កែនោះមានដើមឈើដុះចាក់ឫស ត្រូវក្បាល បានជាស្តេចនោះឈឺក្បាលមិនបាត់។ កាលលោកព្រះសុគន្ធយកខ្មោចឆ្កែនោះទៅកប់ លោកដាំដើមឫស្សីជុំខ្មោចឆ្កែនោះ។ ដល់ ដើមឫស្សីនោះធំឡើង ដុះទំពាំងចាក់ទៅត្រូវក្បាលឆ្កែនោះត្រូវដូចហោរគូរ។ ឯហោរនោះគូរមើលសព្វ គ្រប់ហើយ យកសេចក្តីក្រាបទូលស្តេចថា កាលជាតិអំពីមុន ស្តេចកើតនៅក្នុងស្រុកខ្មែរ។ កន្លែងទី ដែលកប់នោះ មានដើមឫស្សីដុះចាក់ឫសត្រូវត្រង់ក្បាល បានជាចេះតែឈឺក្នុងក្បាលមិនចេះបាត់។ ស្តេចឮដូច្នោះឲ្យនាម៉ឺនស៊ើបសួររកទីកន្លែងដែលកប់ខ្មោចនោះ។ លុះឃើញហើយ ស្តេចឲ្យគាស់នាំខ្មោចឆ្កែនោះនាំទៅស្រុកចិន ធ្វើចេតិយបញ្ចុះខ្មោចឆ្កែនោះល្អរុងរឿង។


ឯស្តេចនោះ អំពីថ្ងៃនោះមកបាត់ជម្ងឺឈឺក្នុងព្រះកេសនោះទៅ។ ហេតុដូច្នោះបានជាដឹងមកដល់ស្តេចស្រុកខ្មែរថាស្តេចស្រុកចិនមុខដូចឆ្កែ បើនរណាមើលត្រង់មុខស្តេចៗឲ្យយកទៅសម្លាប់។ ឯធ្មេញជៃដឹងដូច្នោះហើយ ចង់មើលឲ្យឃើញមុខស្តេចនោះ បានជាគិតធ្វើនំបញ្ចុកឲ្យមានសរសៃឲ្យវែងនឹងងើយស៊ីមើលមុខស្តេចនោះឲ្យបាន។

--------------------------
[1] នៅផ្ទាំងចម្លាក់អង្គរវត្ត (របៀងរោងទងខាងត្បូង ចំហៀងខាងលិច) មានមេទ័ពម្នាក់ឈ្មោះ ធនញ្ជ័យ។ រីឯក្នុងរឿងព្រះពិធូរ ឬ «វិធូរបណ្ឌិតជាតក» (ជាតកលេខ៥៤៥) ក៏មានព្រះរាជាមួយអង្គព្រះនាម ធនញ្ជ័យ ដែរ។
[2] ក្នុង ឯកសារមហាបុរសខ្មែរ (ឆ្នាំ១៩៦៩, លេខ៤៤, ទំ. ៦៩៦-៦៩៩) លោកអេងសុតដែលជាអ្នករៀបរៀង អះអាងថាព្រះរាជពង្សាវតារខ្មែរមាននិយាយរឿងស្តេចក្រុងចិនរបៀបគ្នានេដែរ។
នេះជាប្រការចម្លែកមួយ ដែលគេយករឿងនិទានមកលាយឡំនឹងប្រវត្តិសាស្ត្រ។
[3] យើងខ្ញុំសូមរក្សាទុកឈ្មោះ ធ្មេញជ័យ ថ្វីបើជាពាក្យហៅក្លាយ ដ្បិតមួយចប់ច្បាប់សរសេរនៅឆ្នាំ១៨៧៨នោះ គេសរសេរតែមួយបែបនេះឯង។
[4] ទើបសោយទៅមានឱជារស។ «ពិសា» មានន័យថា «ឆ្ងាញ់»។ ក្នុងច្បាប់ពាក្យចាស់ មានពាក្យថា «នឹងស៊ីចង់ពិសា ខ្ជិលទំពាឲ្យហ្មត់ហ្មង» គឺថាស៊ីចង់ឆ្ងាញ់ តែខ្ជិលទំពា។

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • ប្រវត្តិ
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved