ការប្រយុទ្ធគ្នារវាងទុយ៌ោធន និង ភីម ៖ ពាក្យសច្ចានិងច្បាប់

ដោយ វ៉ា សុវណ្ណរដ្ឋ

ចម្លាក់រឿងដែលយើងប្រទះឃើញនៅតាមប្រាសាទបុរាណភាគច្រើនបង្ហាញពីឈុតផ្សេងៗនៃរឿងរាមកេរ្តិ៍, មហាភារត និងរឿងដែលមាននិយាយក្នុងគម្ពីរ “បុរាណ” នានា។ រីឯការជ្រើសរើសឈុតនិងការឆ្លាក់នោះទៀតសោត គឺអនុលោមតាមទំនោរចិត្តនិងរបៀបអ្នកស្រុកអាយ ពោលគឺតាមទំនោរចិត្តខ្មែរ។ នៅទីនេះ ខ្ញុំសូមលើកយកឈុតមួយនៃរឿងមហាភារត ត្រង់កន្លែងដែលទុយ៌ោធន និងភីមប្រយុទ្ធគ្នាមកបង្ហាញ ដើម្បីពិចារណាមើលគំនិតដែលបង្កប់នៅពីក្រោយ និងស្វែងយល់អំពីការឲ្យតម្លៃទៅលើ ឈុតនេះក្នុងសង្គមខ្មែរ។

តាមសាច់រឿង នៅថ្ងៃចុងក្រោយនៃចម្បាំងរវាងពួកបាណ្ឌពនិងពួកកៅរព ទុយ៌ោធនទៅពួនលាក់ខ្លួននៅបាតស្រះមួយ។ ប៉ុន្តែខាងក្រុមបាណ្ឌពដឹង ហើយក៏មកហៅឲ្យប្រយុទ្ធតទល់គ្នាមួយនឹងមួយ។ ពេលនោះ ភីមស្នើខ្លួនសុំខ្លួនចូលប្រយុទ្ធដោយប្រើដំបងជាមួយនឹងទុយ៌ោ ធន។ ក្នុងការប្រយុទ្ធនេះមានមនុស្សម្នាជាច្រើននៅចាំមើល ក្នុងនោះមានបាណ្ឌពបួនអង្គទៀត ថែមទាំងព្រះក្រឹស្ណា និងពលរាមផង។ នៅពេលដែលអ្នកទាំងពីរប្រយុទ្ធគ្នា អជ៌ុនដែលជាអនុជរបស់ភីមសួរព្រះក្រឹស្ណាអំពីនរណានឹងឈ្នះក្នុងការប្រយុទ្ធនេះ។ ព្រះក្រឹស្ណាតបវិញថាបើប្រយុទ្ធតាមច្បាប់ ភីមមិនអាចយកឈ្នះទុយ៌ោធនបានទេ វៀរលែងតែប្រើល្បិច។ ភ្លាមនោះព្រះក្រឹស្ណាដែលនៅទីនោះបានលើកដៃចង្អុលភ្លៅជាសញ្ញាឲ្យភីមវាយបំបាក់ភ្លៅ។ ភីមក៏វាយបំបាក់ភ្លៅទុយ៌ោធនបានដូច្នោះមែន។

តាមច្បាប់សឹកសង្គ្រាមជាន់នោះ គេមិនអនុញ្ញាតឲ្យវាយក្រោមចង្កេះឡើយ។ ឃើញភីមធ្វើដូច្នោះ ពលរាមដែលជាព្រះរៀមព្រះក្រឹស្ណាបម្រុងនឹងចូលទៅឃាត់បញ្ឈប់ការប្រយុទ្ធនិងដាក់ទោសដល់ភីមដែលល្មើសច្បាប់សង្គ្រាម តែត្រូវបានព្រះក្រឹស្ណាឃាត់ ហើយពន្យល់ ពលរាមថា ភីមបានធ្វើសច្ចាកាលពីមុនមកថានឹងវាយបំបាក់ភ្លៅរបស់ទុយ៌ោធន ដូច្នេះបណ្តោយតាមនោះទៅ ត្បិតនេះជាពាក្យសច្ចារបស់ភីម។

នៅតាមប្រាសាទបុរាណខ្មែរ យើងប្រទះឃើញចម្លាក់ឈុតនេះដែរ។ ខ្លះឆ្លាក់ជាចម្លាក់រូបមនុស្សដាច់ដោយឡែកៗពីគ្នា ហើយតម្រៀបគ្នាជាឈុតប្រយុទ្ធគ្នា ដូចជានៅក្នុងខ្លោងទ្វារខាងកើតនៃប្រាសាទកោះកេរ្តិ៍ ហើយដែលសព្វថ្ងៃនេះគេយកមករៀបចំជួសជុល (រូប លេខ១-២)។ ចម្លាក់ក្នុងរូបលេខមួយនេះ ខ្ញុំយល់ថាបង្ហាញពីពេលដែលទើបផ្តើមប្រយុទ្ធគ្នា។ ចំណែកចម្លាក់នៅលើហោជាងនៃប្រាសាទបន្ទាយស្រី (រូបលេខ៣) និងចម្លាក់នៅលើជញ្ជាំងប្រាសាទបាភួន (រូបលេខ ៤) វិញ យើងឃើញច្បាស់ពីអន្តរាគមរបស់ពលរាម ហើយដែលត្រូវព្រះក្រឹស្ណាយកព្រះហស្ថមកចាប់ឃាត់។