ព្រះអាទិត្យ, ព្រះចន្ទ្រ, រាហ៊ូ

ដោយ ស៊ឹង ស្រីទូច

នៅជំពូក៣, លេខរៀងទី៩ នៃបណ្តាញពត៌មានវប្បធម៌ខ្មែរនេះ លោកសាន ផល្លា មានសរសេរពីព្រះអាទិត្យនិងព្រះចន្រ្ទ និងពន្យល់ក្បោះក្បាយអំពីអត្ថន័យដោយមានរូបភាពច្រើនបែបយ៉ាងដែលគេប្រទះឃើញនៅតាមចម្លាក់បុរាណផង និងតាមគំនូរនៅតាមវត្តផង។ បើនៅជំពូក៣, លេខរៀងទី១វិញ លោកគ្រូអាំង ជូលាន មានសរសេរវែកញែកអំពីរាហ៊ូ ជារូបភាពតាមទីនានាផង ជាអត្ថន័យផងដូចគ្នា។ ថ្មីៗនេះ លោកអ៊ឹម សុខរិទ្ធី មានចេញអត្ថបទនៅជំពូក២, លេខរៀងទី៦៤ និយាយពីកិច្ចការពារកុំឲ្យ «គ្រាសកន្លង»។ បើយកអត្ថបទទាំងបីនេះមកផ្គុំគ្នា យើងឃើញមានគំនិតធំៗពីរនៅជាប់គ្នា មួយគឺភាពប្រក្រតីដែលមានជាទូទៅ ឯមួយទៀតគឺភាពមិនប្រក្រតីដែលកើតឡើងម្តងៗ។

នៅទីនេះនាងខ្ញុំចង់យកគំនិតនេះមកបង្ហាញម្តងទៀត តែលើកនេះសូមយកចម្រៀងសម័យជាគ្រឿងឆ្លុះបញ្ចាំង។ តែមុននឹងនិយាយដល់នោះ នាងខ្ញុំសូមលើកឧទាហរណ៍ពីរពីសិលាចារឹក (ដូចលោកសាន ផល្លា បានធ្វើដែរ)។

សិលាចារឹកលេខ K. 99 នៅប្រាសាទជើងអង (ខេត្តត្បូងឃ្មុំ) ចារជាភាសាខ្មែរ លើកលែងតែនៅចុងបញ្ចប់ប្រើពាក្យពេចន៍សំស្ក្រឹតសម្រាប់ព្រមានដល់ជនខិលខូចណាដែលហ៊ានធ្វើឲ្យប៉ះពាល់ដល់តង្វាយដែលគេថ្វាយទៅទេពក្នុងប្រាសាទនោះ ៖ «(…) កល្បិតំ យេ វិលុម្បេយុរ៑ លង្ឃ យេយុឝ ច ឝាសនំ តេ យាន្តិ នរកំ យាវត៑ ស្ថិតៅ ចន្រ្ទទិវាករៅ»។ ខ្ញុំសម្រួលពីភាសាបារាំងមកភាសាខ្មែរនូវសេចក្តីដែលលោក G. Cœdès ប្រែ ៖ «អ្នកណាដែលលួចគ្រឿងតង្វាយជារណ្តាប់នៅទីនេះព្រមទាំងបំពានលើព្រះរាជបញ្ជា អ្នកនោះនឹងចុះនរក(មិនអាចចេញវិញបាន) ដរាបណាព្រះចន្រ្ទនិងព្រះអាទិត្យនៅតែមាន»។

សិលាចារឹកទី២លេខ K. 175 មកពីគោកឬស្សី (តំបន់ភ្នំគូលែន) ៖«(…) ត គិ បិ ថ្វេ រោះហ វ្រះនិយម នៃ ធូលិ វ្រះបាទ ធូលិ ជេង៑ វ្រះ កម្រតេង៑អញ៑ ឝ្រីជយវម៌្មទេវ (…) គេ មាន៑ ស្វគ៌្គ នុ សន្តាន ផោង យាវត៑ ចន្រ្ទាទិត្យ មាន៑ លេយ៑»

ប្រែសម្រួលសង្ខេបមកថា ៖ «(…) អ្នកដែលធ្វើតាមព្រះបញ្ញត្តិនៃព្រះករុណាព្រះបាទជ័យវម៌ (ព្រះបាទជ័យវរ្ម័នទី៥) (…) អ្នកនោះព្រមទាំងញាតិសន្តាននឹងបានទៅសួគ៌នាយ ដរាបណាព្រះចន្ទ្រនិងព្រះអាទិត្យនៅតែមាន»។

គំនិតដែលថាព្រះចន្ទ្រនិងព្រះអាទិត្យជាតំណាងភាពប្រក្រតី ហើយរាហ៊ូជាអ្នកធ្វើឲ្យមិនប្រក្រតីម្តងៗនោះ លេចឡើងនៅតាមចម្រៀងសម័យថ្មីជាច្រើន។ តទៅនេះជាឧទាហរណ៍មួយនៃភាពប្រក្រតីដែលស្រង់ពីចម្រៀងឈ្មោះថា «និស្ស័យអប្សរា» (ល្បះទី១-២)៖

 

 ១. បើសិនជាលោកនេះនៅមានព្រះអាទិត្យ        អូនកុំគិតថាចិត្តបងនៅបែកបែរ

 ២. បើសិនជាលោកនេះនៅមានដួងខែ             សូមមាសស្នេហ៍អូនកុំអស់សង្ឃឹម។

 

ប៉ុន្តែនៅក្នុងប្រក្រតីភាពនោះក៏មានគំនិតថាមានវដ្តមួយដែលបង្ហាញថាភាពពេញនៅតំបូងទីតែងតែ ហោចរោចទៅបន្តិចម្តងៗរហូតដល់រលាយ ហើយវដ្តនោះក៏ចាប់កកើតទៀតជាថ្មី ដូចជាព្រះចន្រ្ទដែលផុតពីពេញវង់ក៏ចូលទៅក្នុងរនោចហើយងងិតទៅៗរហូតដល់ខែដាច់ងងិតឈឹង ទើបដុះដាលបន្តិចៗឡើងវិញនៅបក្សខ្នើត។ នេះជាចម្រៀងពេញលេញមួយឈ្មោះ «ព្រះចន្រ្ទពេញរូបរាង» ៖

 

  ១.ខ្ញុំរង់ចាំចន្រ្ទរះយូរមកហើយ               កាលពីដើមឡើយចន្រ្ទនៅក្មេងខ្ចី

    មិនទាន់ពេញវង់ មិនពេញបូណ៌មី        ឥឡូវចន្រ្ទថ្លៃពេញរូបពេញរាងហើយណា។

  ២. ខ្ញុំសូមនិយាយដោយពាក្យមេត្រី         ខែពេញបូណ៌មី អ្នកកុំអាលខឹង

     ខ្ញុំសូមសប្បាយនៅពេលយប់ហ្នឹង        អ្នកកុំអាលខឹង ព្រោះពន្លឺអ្នកភ្លឺដូចជាថ្ងៃ។

(បន្ទរ).ខ្ញុំមើលទៅអ្នកសែនល្អពេកក្រៃ      ខ្ញុំគិតមមៃ បម្រុងសប្បាយជាមួយគ្នា

     ចន្រ្ទរះភ្លឺថ្លាខ្ញុំទ្រាំរងា                        ឲ្យបានជាគ្នា ខ្ញុំសុខចិត្តសុខកាយដែរ។

៣. ប៉ុន្តែអ្នកកុំអាលលិចឆាប់ពេក           ព្រោះដល់ថ្ងៃស្អែក រូបអ្នកអន់ថយ

     ពន្លឺលែងច្បាស់ តិចៗទៅហើយ          ឱចន្រ្ទអើយ រូបល្អម្តេចប្រែជាអន់ថយវិញ។

 

ចំណែកឯរាហ៊ូដែលតែងតែមកជ្រៀតជ្រែកឲ្យខូចប្រក្រតីភាពម្តងៗនោះ ពុំសូវសម្បូណ៌លើកឡើងតាមចម្រៀងសម័យណាស់ណាទេ តែគួរចាប់អារម្មណ៍លើចម្រៀងមួយឈ្មោះថា «លោហិតវាសនា» ដែលមាននិយាយពីរាហ៊ូអាចលេបព្រះចន្ទ្រនិងព្រះអាទិត្យបាន ហើយបើយើងពិចារណាន័យក្នុងចម្រៀងទាំងមូល យើងឃើញថាអ្នកនិពន្ធហាក់ដូចជាប្រដូចរាហ៊ូទៅនឹងឋានៈ ដ្បិតឋានៈពីរដែលមានកម្រិតឆ្ងាយពីគ្នាបង្កើតជាឧបសគ្គរារាំងស្នេហាដែលជារឿងប្រក្រតីភាពមាននៅក្នុងធម្មជាតិ។ ឃ្លាមួយដែលខ្ញុំស្រង់យកមកបង្ហាញនេះគឺ ៖ «ព្រះចន្ទ្រព្រះសូរ្យរាហ៊ូលេបបាន»។

ឧទាហរណ៍ទាំងប៉ុន្មាននេះសឲ្យឃើញពីឥទ្ធិពលដែលភពនានាមានមកលើជំនឿមនុស្សលោក។