• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ក្របីនៅតំបន់វាលសំណាប

ដោយ អាន សុភត្រា / អាំង ជូលាន

 

នៅក្នុង បណ្តាញពត៌មានវប្បធម៌ខ្មែរ នេះ មានអត្ថបទជាច្រើនដែលបង្ហាញថារឿងរាមកេរ្តិ៍ចាក់ឬសជ្រៅទៅក្នុងវប្បធម៌ខ្មែរតាំងតែពីយូរយារមកហើយ។ បើនិយាយតែពីសម័យថ្មី យើងឃើញថាមានតំបន់មួយនៅខាងកើតជាប់នឹងក្រុងភ្នំពេញ, សងខាងទន្លេធំ, ដែលមានក្រុមល្ខោនសម្តែងតែរឿងរាមកេរ្តិ៍មួយមុខជាប់ជាទំនៀមមក។ ការសម្តែងនោះសោតក៏មិនគ្រាន់តែឲ្យមនុស្សម្នាកំសាលសប្បាយរីករាយប៉ុណ្ណោះទេ គឺមានលក្ខណៈជាកិច្ចពិធីផង។ សូមអាននៅជំពូក២ ៖

 - លេខរៀង៦៦ ៖ រឿងរាមកេរ្តិ៍និងឥទ្ធិពលនៅក្នុងកិច្ចពិធី

-  លេខរៀង៦៩ ៖ ល្ខោនខោល ៖ មរតករស់នៃសហគមន៍ស្វាយអណ្តែត

-  លេខរៀង៧២ ៖ រាមកេរ្តិ៍ និងសហគមន៍ពីរនៅសងខាងទន្លេធំ

រូបលេខ១

រូបលេខ១

នៅទីនេះយើងខ្ញុំមានបំណងពីរ។ ទីមួយគឺជូនឧទាហរណ៍ថ្មីមួយទៀត បន្ថែមលើទិន្នន័យអត្ថបទទាំង៣ខាងលើ។ ទីពីរគឺបង្ហាញពីការរលាយចូលគ្នានូវរឿងរាមកេរ្តិ៍នឹងទំនៀមអ្នកស្រុកទាក់ទងនឹងកសិកម្ម។ ភូមិសាស្ត្រដែលខ្ញុំនឹងលើកមកនិយាយនេះ គឺត្រើយខាងកើតទន្លេធំ។ តំបន់នោះមានផ្ទៃធំមួយមានលក្ខណៈជាបឹង មានន័យថាដែលលិចទឹកជាប្រចាំ។ បើនៅរដូវវស្សាផង គឺទឹកសាយវាល។ បឹងនោះឈ្មោះហៅថា «វាលសំណាប» (រូបលេខ១)។ ទីណាដែលទឹកមិនលិចទើបជាភូមិ។ ក្នុងចំណោមនោះ មានភូមិមួយឈ្មោះ «បារ៉ុង» និងមួយទៀតឈ្មោះ «ខ្នោការ» ដែលសុទ្ធតែមានវត្តរៀងៗខ្លួន។ នៅតំបន់នេះ សត្វពាហនៈដែលអ្នកស្រុកប្រើមិនសូវមានគោទេ គឺគេនិយមតែក្របី ដោយសារភូមិសាស្ត្រនៅឯនេះជាដីដែលទឹកដក់ឬទឹកលិចច្រើនដូចទើបនឹងពោលមក។ កសិករណាក៏ប្រើក្របី។ និយាយឲ្យខ្លីមក គឺជាតម្រូវការនៃប្រភេទស្រែដែលបត់បែនទៅតាមទឹកដីវាលសំណាបនេះ។ សារៈសំខាន់នៃក្របីធ្វើឲ្យវគ្គមួយនៃរឿងរាមកេរ្តិ៍កាន់តែលេចធ្លោច្បាស់ក្នុងការចងចាំនៃអ្នកស្រុក។ វគ្គនោះទាក់ទងនឹង «ទូភី» ដែលជាតួអង្គសំខាន់មួយនៃឈុតដែលយើងខ្ញុំសូមសង្ខេបដូចតទៅ ៖

 

១. ភូមិសាស្ត្រស្រុកនិងឈុតទូភីនៃរឿងរាមកេរ្តិ៍

មានស្ដេចក្របីមួយមានឫទ្ធានុភាពលើអស់ក្របីទាំងពួង ហើយមានក្របីមេរាប់ពាន់ជាប្រពន្ធ។ កាលបើក្របីមេណាមួយកើតកូនមកឈ្មោល ក្របីបាជាឪពុកនេះតែងវ័ធនឹងស្នែងសម្លាប់ចោលភ្លាម បើកូនក្របីនោះជាញីវិញទើបទុកឲ្យរស់រានមានជីវិត។ នៅគ្រាមួយ មេក្របីមួយនោះមានផ្ទៃពោះគ្រប់ខែ ក៏លបទៅកើតកូននៅក្នុងព្រៃជ្រៅស្ងាត់ជ្រងំពុំឲ្យនរណាដឹង ដោយខ្លាចក្រែងកូនដែលនឹងកើតមកនោះជាឈ្មោល។  លុះសម្រាលមកក៏ឃើញថាជាឈ្មោលមែន។ មេក្របីឲ្យឈ្មោះកូនថា «ទូភី» ហើយលាក់កូនទុកនៅទីនោះដើម្បីឲ្យរួចផុតពីការសម្លាប់របស់ឪពុក។ លុះទូភីធំឡើងចម្រើនវ័យរហូតដល់ឡើងក មួយថ្ងៃស៊ីស្មៅអស់៣វាល ផឹកទឹកអស់៣បឹង។ ទូភីប្រឹងហ្វឹកហាត់រៀនប្រយុទ្ធនិងការពារខ្លួនជាទៀងទាត់។ បើវ័ធអ្វីមួយហើយ គឺមិនដែលខុសឡើយ។ ឧទាហរណ៍ ពេលមួយនោះ ទូភីបោលបុកក្បាលនឹងដើមក្រសាំងមួយដែលមានផ្លែរាប់ពាន់។ ពេលផ្លែទាំងនោះកំពុងធ្លាក់មក ទូភីយកស្នែងវ័ធត្រូវទាំងអស់ ឥតមានផ្លែណាមួយធ្លាក់ដល់ដីទាន់ឡើយ។

ថ្ងៃមួយទូភីកើតក្ដីមន្ទិលចង់ដឹងពីប្រវត្តិរបស់ខ្លួន ក៏និយាយទៅម្តាយថាខ្លួនចង់ជួបបាខ្លាំងណាស់។ មេក្របីជាម្ដាយក៏រៀបរាប់រឿងរ៉ាវទាំងអស់ឲ្យកូនដឹងព្រមទាំងប្រាប់ពីទីដែលបាក្របីរស់នៅផង។ ដឹងដូច្នោះហើយទូភីក៏លបលួចទៅរកជួបបា។ លុះបានជួបភ្លាម បាក្របីក៏ស្ទុះមកវ័ធបោលបុកទូភីមួយរំពេច។ ប៉ុន្តែ
ទូភីពុំបណ្តែតបណ្តោយខ្លួនឡើយ គឺការពារខ្លួន ហើយសម្រុកបោលបុកទៅលើបាវិញឲ្យញញើតដែរ គ្រាន់តែពុំបញ្ចេញស្នៀតឲ្យអស់ ដោយពុំចង់ឲ្យបារងគ្រោះធ្ងន់ធ្ងរ។ ពេលទូភីវ័ធស្នែង បាក្របីក៏យកស្នែងរង តែដោយកម្លាំងកូនខ្លាំងជាង ទើបធ្វើឲ្យបាក្របីនោះបាក់កស្លាប់ទៅ នៅទីបញ្ចប់។

សព្វថ្ងៃអ្នកស្រុកនៅតំបន់វាលសំណាប ជាពិសេសនៅភូមិបារ៉ុងនិងភូមិខ្នោការស្គាល់ឈុតទូភីក្នុងរឿងរាមកេរ្តិ៍នេះច្រើនគ្នានៅឡើយ។ ប្រការដែលគួរឲ្យចាប់អារម្មណ៍ គឺគេពន្យល់ឈ្មោះភូមិទាំងពីរដោយយកឈុតនេះមកពន្យល់។ គេថាពីដំបូងឡើង ឈ្មោះភូមិជា «កូនការ» ទេ តែក្រោយមកក៏ក្លាយជា «ខ្នោការ» ដ្បិតពេលដែលបាក្របីវ័ធស្នែងមក ទូភីជាកូនបញ្ចេញក្បាច់គ្រប់យ៉ាងដើម្បីការពារខ្លួន[1]។ រីឯឈ្មោះដែលក្លាយមកជា «បារ៉ុង» វិញ កាលពីដំបូងគឺឈ្មោះ «បារង» ដោយសារពេលដែលកូនវ័ធស្នែងមក បាក៏យកស្នែងរង។ អ្នកស្រុកពន្យល់ថា បានជាគេច្រើននិយាយភ្ជាប់ឈ្មោះភូមិទាំងពីរជាមួយគ្នា គឺមកពីមានពាក្យពីមុនមកថា «កូនការ - បារង»។ គេថាបារ៉ុងជាទីដែលបាក្របីនោះរស់នៅ ប៉ុន្តែកាលដែលប្រយុទ្ធគ្នាជាមួយកូន គឺប្រយុទ្ធនៅឯខ្នោការ ត្រង់ទីតាំងវត្តសព្វថ្ងៃ។ ហេតុដូច្នេះហើយ បានជានៅមុខព្រះវិហារវត្តខ្នោការ គេសាងរូបក្របីពីរ មានឥរិយាបទខុសគ្នា (រូបលេខ២-៤)។ ពុំតែប៉ុណ្ណោះ នៅក្នុងឈ្មោះទូកងពីរនៃវត្តនេះ គេឃើញមានពាក្យថា «កូនការមហាលូន...» នៅឈ្មោះទូកមួយ (រូបលេខ៥) និងពាក្យ «បារមីកូនការ...» ក្នុងឈ្មោះទូកមួយទៀត។ នៅចម្ងាយប្រមាណ៤គ.ម.ពីវត្តបារ៉ុង មានព្រៃមួយហៅថា «ព្រៃ
ចាំពួន»។ គេនិយាយថានៅទីនោះហើយដែលក្របីមេព្រមទាំងទូភីជាកូនកើតមកហើយរស់នៅ កាលមុនទៅជួបបាក្របី។

រូបលេខ២

រូបលេខ២

រូបលេខ៤

រូបលេខ៤

រូបលេខ៣

រូបលេខ៣

រូបលេខ៥

រូបលេខ៥

 

២. ល្បែងបំបោលក្របី

            និយាយថា «ល្បែង» នៅត្រង់នេះត្រូវតែមួយផ្នែកប៉ុណ្ណោះ មិនខុសអ្វីពីហៅត្រុដិថាជាល្បែង[2] ឬក៏ចាត់ទុកល្ខោនខោលថាជាទស្សនីយភាពកំសាលសុទ្ធសាធដែរ។ តាមពិត គឺជាល្បែងដែលមានលក្ខណៈជាកិច្ចពិធីជាមួយគ្នានៅក្នុងនោះ។ ដោយសារក្របីជាពាហនៈសំខាន់នៅតំបន់នេះដូចបាននិយាយពីលើមកហើយ ទើបបានជារាល់ឆ្នាំអ្នកស្រុកលេង «បំបោលក្របី»។ លើកនេះក្របីឥតទាក់ទងអ្វីនឹងរឿងរាមកេរ្តិ៍ឡើយ គឺទាក់ទងតែនឹងស្រែ។ ដូច្នេះហើយបានជានាទីនៃអ្នកតាលេចធ្លោឡើង។ បំបោលនេះពុំមែនប្រណាំងយកឈ្នះចាញ់អ្វីទាំងអស់ តែជាឱកាសឲ្យគេភ្ជាប់ជំនឿជីវចលទៅនឹងព្រះពុទ្ធសាសនា ដ្បិតទីជាចុងខ្សែនៃការបំបោល គឺម្ខាងជាខ្ទមលំនៅ «លោកតាព្រះស្រុក» ឯម្ខាងទៀតគឺ «វិហារបំណន់» នៃវត្តវិហារសួគ៌[3] ដែលនៅមិនឆ្ងាយប៉ុន្មានពីភូមិទាំងពីរខាងលើ។ ពុំមែនតែភូមិពីរនេះទេ ភូមិផ្សេងៗទៀតនៅតំបន់នោះក៏មករួមលេងជាមួយគ្នា។ គ្រួសារភាគច្រើនជ្រើសរើសយកក្របីតែមួយ ហើយសម្លឹងមើលអាណាមួយដែលស្វាហាប់ជាងគេ ប៉ុន្តែគ្រួសារខ្លះដែលមានធនធានច្រើន អាចយកក្របីរហូតដល់៥ក្បាលទៅចូលរួមបំបោលក៏មាន។

ប្រការដែលគួរឲ្យភ្ញាក់ផ្អើលបន្តិច គឺគេលេងបំបោលនោះនៅពេលព្រលឹមថ្ងៃភ្ជុំបិណ្ឌតែម្តង ពោលគឺថ្ងៃ១៥រោចខែភទ្របទ។ ហេតុអ្វីបានជាគេលេងនៅថ្ងៃនោះ ? ត្រង់នេះយើងខ្ញុំពុំទាន់មានចម្លើយទេ គ្រាន់តែសង្កេតថាប៉ះចំថ្ងៃនោះមែន ប៉ុន្តែដោយសារគេលេងនៅពេលព្រលឹមដូច្នេះ ផុតទៅគេមានពេលទៅធ្វើបុណ្យរាប់បាត្រជាធម្មតា[4]។

នៅចុងរសៀលមុននោះមួយថ្ងៃ (ថ្ងៃទី១៤រោច) ម្ចាស់ក្របីខ្លះមកអុជធូបបួងសួងនៅក្នុងព្រះវិហារបំណន់ សុំសេចក្ដីសុខចៀសវាងហេតុភេទផ្សេងៗក្នុងពេលបំបោលក្របី។ សូមបញ្ជាក់ថាសក្ការៈពិសេសនៃវិហារនេះស្ថិតនៅលើព្រះពុទ្ធរូបមួយអង្គ ដែលអ្នកស្រុកហៅថា «ព្រះអង្គគង់ឈរ» (រូបលេខ៦)។ នៅឯខ្ទមលោកតាព្រះស្រុកវិញក៏ដូចគ្នា គឺថាអ្នកនោះក៏មកអុជធូបឲ្យហើយជាមុនដែរ (រូបលេខ៧-៨)។ បើពុំបានបំពេញកិច្ចនេះពីល្ងាច គេអាចចាំធ្វើស្អែកឡើងក៏បាន។

រូបលេខ៦

រូបលេខ៦

រូបលេខ៧

រូបលេខ៧

រូបលេខ៨

រូបលេខ៨

រូបលេខ៩

រូបលេខ៩

លុះព្រឹកឡើងពេលទៀបភ្លឺ ម្ចាស់ក្របីរៀងៗខ្លួនក្រោកពីព្រលឹមស្រូតរូតលាងជំរះរាងកាយក្របីខ្លួនឲ្យបានស្អាតបាតជាមុនសិន។ បន្ទាប់មកគេយកគ្រឿងបំពាក់តែងលំអក្បាលនិងមុខ មានប៉ាក់ឌិនរចនាល្អវិចិត្រមកបំពាក់ឲ្យវា។ ស្នែងក្របីខ្លះរុំព័ទ្ធដោយក្រណាត់មានពណ៌ស្រស់ល្អឆើត។ ជួនកាល គេបញ្ចូលផ្នែកខាងចុងក្នុងស្លង់ធ្វើពីឈើ (រូបលេខ៩)។ នៅជុំវិញក គេពាក់ចង្ក្រង់ឲ្យវា។ អ្នកខ្លះថែមទាំងបាញ់ ទឹកអប់លាបប្រេងម្សៅនិងគ្រឿងក្រអូបដល់ក្របីទៀតផង។

ជាដំបូងគេដឹកក្របីមកជួបជុំគ្នានៅក្បែរព្រះវិហារបំណន់ ហើយអុជធូបបួងសួង(រូបលេខ១០) មុននឹងដឹកវាចេញទៅកាន់ខ្ទមលោកតាព្រះស្រុក ដែលមានទីតាំងនៅចម្ងាយប្រមាណ១គ.ម. ទៅលិច[5]។ នៅរវាងម៉ោង៦ព្រឹក ក្របីទាំងអស់មកជុំគ្នានៅខ្ទម លោកតា (រូបលេខ១១)។ ម្ចាស់ក្របីអុជធូបបួងសួងនៅទីនោះបន្តិចទើបចាប់ដៃគូប្រកួតហើយចាប់ផ្ដើមបំបោលតែម្ដង (រូបលេខ១២-១៤)។

រូបលេខ១០

រូបលេខ១០

រូបលេខ១១

រូបលេខ១១

រូបលេខ១២

រូបលេខ១២

រូបលេខ១៣

រូបលេខ១៣

រូបលេខ១៤

រូបលេខ១៤

គេបំបោលក្របីពីចំណុចខ្ទមលោកតាទៅដល់ព្រះវិហារបំណន់ (រូបលេខ១៥-១៨)។ ទៅដល់ជុំគ្នា ហើយទើបត្រឡប់មកខ្ទមលោកតាវិញដោយគ្រាន់តែជិះឲ្យក្របីដើរជាធម្មតា។ ដូច្នេះទិសបំបោលនោះសំដៅថាចាប់ពីលោកតាទៅដល់វត្ត ប៉ុន្តែគេធ្វើដដែលៗបីដងទើបសន្មត់ថាចប់។

រូបលេខ១៥

រូបលេខ១៥

រូបលេខ១៧

រូបលេខ១៧

រូបលេខ១៦

រូបលេខ១៦

រូបលេខ១៨

រូបលេខ១៨

 


------------------------------------
[1] ន័យដើមនៃពាក្យ «ការពារ» គឺបញ្ចៀសរាំងរាមិនឲ្យអ្វីមកប៉ះបាន។ សូមគិតទៅពាក្យថា «មាន់ ការកូន» គឺថាមេមាន់រារាំង («ការ») មិនឲ្យអ្វីមកប៉ះ («ពារ») កូនវា។ សូមមើល «ពានវាំង» នៅជំពូក៦, លេខរៀង៥៩។

[2] សូមមើលលេខរៀង៨០នៅជំពូក២ជាមួយគ្នានេះ។

[3] វត្តវិហារសួគ៌មានព្រះវិហារពីរ។ មួយជាវិហារធំ ឯមួយទៀតហៅថា «វិហារបំណន់»។ ក្នុងនោះ «ព្រះអង្គគង់ឈរ» ជាប្រតិមាព្រះពុទ្ធដែលគេជឿបន់ស្រន់ខ្លាំងណាស់។

[4] ការដែលយកកិច្ចមួយផ្សេងស្រឡះមកបញ្ចូលក្នុងពេលបិណ្ឌនេះ យើងអាចឃើញនៅជំពូក២, លេខរៀងទី៩ ៖ «ពិធីសែនដែករបស់ជនជាតិកួយនៅភូមិវាលវែង»។

[5] សព្វថ្ងៃផ្លូវត្រង់ដែលភ្ជាប់អ្នកតាមកវត្តចាក់បេតុងអស់ហើយ ជាហេតុធ្វើឲ្យក្របីឈឺជើងបន្តិចនៅពេលបោល ដ្បិតធ្លាប់តែដើរលើដី ហើយបើជាភក់ផងរិតតែស្រួល។

 

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved