• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

បើករដូវស្រែមួយបែប

ដោយ អាន រស្មី

មានអត្ថបទមុនៗធ្លាប់និយាយច្រើនដងមកហើយអំពីកិច្ចនានាទាក់ទងនឹងកសិកម្មស្រូវ។ ទំនៀមនេះមានស្ទើរគ្រប់កន្លែងក្នុងស្រុកខ្មែរ។ បើទោះជាមានឈ្មោះហៅពិធី និង របៀបកិច្ចខុសគ្នាខ្លះៗពីតំបន់មួយទៅតំបន់មួយក្តី ក៏ន័យទូទៅនៃកិច្ចពិធីទាំងនោះមិនឃ្លាតគ្នាណាស់ណាដែរ។ ជាកង្វល់ធំនោះគឺថាធ្វើយ៉ាងណាឲ្យការធ្វើស្រែបានផលច្រើន មានភ្លៀងធ្លាក់គ្រប់គ្រាន់ល្មម។   អត្ថបទទាក់ទងនឹងការធ្វើស្រែមានច្រើនមកហើយក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរ (ជំពូកទី២ លេខរៀង២២, ៣៤, ៣៩, ៥១, ៥៤, ៦៧ និងជំពូកទី៧ លេខរៀង១៤)។ ហេតុដែលនាំឲ្យខ្ញុំរៀបរៀងនៅទីនេះទៀត គឺមកពីខ្ញុំសង្កេតឃើញមានកិច្ចប្លែកៗច្រើនដែលមិនធ្លាប់ឃើញនៅកន្លែងដទៃ ហើយដែលគួរឲ្យចាប់អារម្មណ៍។

ជាទូទៅ វដ្តស្រូវនីមួយៗតែងមានពិធី២ គឺមួយសម្រាប់បើករដូវធ្វើស្រែ និងមួយទៀតសម្រាប់បិទនៅពេលដែលប្រមូលផលដាក់ជង្រុកហើយគ្រប់ផ្ទះ។ អត្ថបទនេះនិយាយពីពិធីទី១ ពោលគឺធ្វើនៅដើមវស្សា ដែលជាទម្លាប់នៃអ្នកភូមិចំណារ  ក្នុងតំបន់ប្រាសាទសម្បូណ៌ ខេត្តកំពង់ធំ។ គេហៅកិច្ចនោះថា «ច្រត់ព្រះនង្គ័ល» ហើយបើសួរដេញដោលថាអ្វីទៅច្រត់ព្រះនង្គ័ល នោះគេនិយាយយ៉ាងខ្លីថា «ឆ្លងឆ្នាំ» ដ្បិតអ្នកស្រុកច្រើនភ្ជាប់រដូវថ្មីនៃកសិកម្មទៅនឹងឆ្នាំថ្មី។ មានមនុស្សចាស់ពីរបីនាក់ ជាអ្នកដឹកនាំធ្វើកិច្ច ហើយក្នុងគ្រានោះគេហៅគាត់ថា «ចៅមឿង»។ នៅមុនពិធីមកដល់ ចាស់ៗទាំងនោះ តែងចាត់ចែងរៀបចំកិច្ចបញ្ជាន់រូបស្នងអ្នកតា ដើម្បីសួរនាំរកពេលាល្អ។ ជាការសង្កេតគេតែងរើសរកមិនឲ្យហួសថ្ងៃ៥កើតខែពិសាខ ពោលគឺធ្វើយ៉ាងណាឲ្យបានខាងដើមខ្នើតខែពិសាខ។ នៅថ្ងៃនោះ អ្នកស្រុកមកមូលផ្តុំគ្នា នៅមុខខ្ទមអ្នកតាដែលនៅមិនឆ្ងាយប៉ុន្មានពីភូមិ (រូបលេខ១)។ គេយករណ្តាប់ផ្សេងៗមកជាមួយផងមានដូចជានំអន្សមផ្អាវ នំនាល ចេក ទៀនធូប ខ្សែអំបោះ ពូជស្រូវ និងលាជដែលគេដោតក្រងនឹងចំរៀកឬស្សីហើយឧបកិច្ចហៅថា «កួរស្រូវ» (រូបលេខ២)។ វត្ថុតាងឲ្យកួរស្រូវនេះគេត្រូវធ្វើយ៉ាងណាឲ្យចុងទន់សំយ៉ុងចុះក្រោម ដើម្បីប្រដូចទៅនឹងកួរស្រូវពិតដែលមានផ្លែច្រើនល្អធ្ងន់ឱនដាក់គ្រាប់។ ជួនកាលដើម្បីឲ្យកោងខ្លាំងទៅទៀត គេយកដុំម្សៅអង្ករមកបិតភ្ជាប់នឹងចុងបន្ទោះឬស្សីនោះថែមទៀត (រូបលេខ៣)។ បើមិនដូច្នេះទេ គេទាញពត់ផ្នែកខាងចុងស្រួចនៃកួរស្រូវនោះទៅដោតភ្ជាប់នឹងនំនាល, អន្សម ឬផ្លែចេក ដើម្បីឲ្យមើលឃើញកោងងរឱនចុះក្រោមដូចឃើញនៅរូបលេខ៤-៥ ។  នៅរូបលេខ៦ យើងឃើញគេយករណ្តាប់តាងឲ្យកួរស្រូវ ដាក់ក្នុងខ្ទមអ្នកតា ហើយនៅក្បែរនោះមានតោកមួយជាគ្រឿងកាន់របស់រូបស្នងដែលត្រៀមសម្រាប់កិច្ចបញ្ជាន់រូបអ្នកតា។ ឯរណ្តាប់មួយទៀតជាពូជស្រូវ មានលាយឡំគ្រាប់ដំណាំផ្សេងៗទៀតដូចជាពោត, ល្ហុង, ននោង, ត្រឡាច, ឃ្លោក,ត្រសក់ និងល្ពៅជាដើម ដែលគេយកមកពីផ្ទះគ្រប់គ្នា មកចាក់ក្នុងចានដែកមួយរួមគ្នាដាក់នៅមុខខ្ទមអ្នកតា (រូបលេខ៧-៨)។

រូបលេខ១

រូបលេខ១

រូបលេខ៣

រូបលេខ៣

រូបលេខ៥

រូបលេខ៥

រូបលេខ៧

រូបលេខ៧

រូបលេខ២

រូបលេខ២

រូបលេខ៤

រូបលេខ៤

រូបលេខ៦

រូបលេខ៦

រូបលេខ៨

រូបលេខ៨

ដល់ថ្ងៃជ្រេបន្តិច ក្រុមចៅមឿងចាប់ផ្តើមសែនប្រាប់អ្នកតានៅក្នុងខ្ទម ដោយរៀបស្លាធម៌និងសំណែនដាក់ក្នុងកន្ទោងស្លឹកចេកជាដង្វាយ ហើយច្រូចស្រាបណ្តើរនិយាយកិច្ចបណ្តើរ។ ដំណាលគ្នានោះ អ្នកស្រុកយកក្រមារៀងៗខ្លួនមកលាតត្រដាងហាលជាប់ៗគ្នាផ្ទាល់ដីនៅលើលានមុខខ្ទមអ្នកតា  ឧបកិច្ចជាដីស្រែរៀងៗខ្លួន (រូបលេខ៩)។ ស្រែណាដែលមានត្រពាំងនៅជាប់ គេយកមួកមកដាក់ជាសម្គាល់ ដូចឃើញនៅរូបលេខ១០។  បន្ទាប់មកទើបគេអញ្ជើញរូបស្នងឲ្យមកកាន់តោកដែលមានអុជទៀនឆេះស្រេច ដើម្បីបញ្ជាន់អ្នកតា និងអញ្ជើញអ្នកតានោះឲ្យមកធ្វើជាអធិបតី។ បញ្ជាន់នេះឥតមានលេងភ្លេងអ្វីទាំងអស់។ នៅរូបលេខ១១និង១២ យើងឃើញស្ត្រីស្នងរូបអ្នកតាម្នាក់មានបង់ក្រមា ចាប់បារយកស្រូវពីក្នុងចានដែកបាចព្រោះទៅលើផ្ទៃក្រមាដែលដំណាងស្រែ។ ចំណែកអ្នកស្រុកនៅជុំវិញនោះចំាសង្កេតមើលថាតើលើក្រមារបស់ខ្លួនមានគ្រាប់ស្រូវច្រើនឬតិច ព្រោះនេះជាការរំពឹងផលស្រូវពេលខាងមុខ។ គួរសង្កេតថានៅរូបលេខ១៣ យើងឃើញស្ត្រីម្នាក់កំពុងមូរកន្ទេលដែលគ្របលើក្រមារបស់គាត់ឲ្យចេញផុត ដើម្បីឲ្យស្រូវដែលអ្នកតាបាចសាចមកធ្លាក់លើក្រមាគាត់បានច្រើន។

រូបលេខ៩

រូបលេខ៩

រូបលេខ១០

រូបលេខ១០

រូបលេខ១១

រូបលេខ១១

រូបលេខ១២

រូបលេខ១២

រូបលេខ១៣

រូបលេខ១៣

បន្ទាប់ពីកិច្ចព្រោះស្រូវជាដំបូងរួចហើយ ក្រុមចៅមឿងចាប់ព្រោះបន្តរហូតទាល់តែអស់ស្រូវពីក្នុងចានដែក និងទាល់តែឃើញថាស្រូវរាយសព្វលើផ្ទៃក្រមាទាំងអស់ (រូបលេខ១៤-១៥)។ រូបលេខ១៦-១៧ បង្ហាញពីម្ចាស់ស្រែប្រមូលវេចគ្រាប់ស្រូវនិងគ្រាប់ដំណាំផ្សេងទៀតនៅលើក្រមារៀងៗខ្លួន។ គ្រាប់ស្រូវដែលប្រមូលបានមកនេះ គេយកមួយភាគមកធ្វើជាដង្វាយអ្នកតាវិញ ដោយចាក់គរជាពំនូកមួយនៅក្នុងខ្ទម ដូចបង្ហាញរូបលេខ១៨។  ឯគ្រាប់ស្រូវមួយចំណែកទៀត  រួមទាំងវត្ថុតាងឲ្យកួរស្រូវ គេយកមកផ្ទះ ដាក់ក្នុងច្រមសសរកន្លោងផ្ទះ និង សសរជង្រុកស្រូវ (រូបលេខ១៩)។  នៅពេលដាក់នោះ គេ សូត្រហៅព្រលឹងស្រូវនោះដោយពាក្យផ្សេងៗតាមទំនងរៀងៗខ្លួន។ ហេតុនេះហើយទើបយើងឃើញមានអំបោះសម្រាប់ចងកួចព្រលឹងស្រូវជាប់នឹងកួរស្រូវផង ដូចឃើញក្នុងរូបលេខ៤ មុននេះ។ ខ្ញុំធ្លាប់ឮដូនចាស់ម្នាក់រស់នៅភូមិក្បែរនោះសូត្រហៅព្រលឹងស្រូវដូច្នេះថា

អើៗមកណានាងប្រពៃ មកពីរូងពីរាមពីពាមទន្លេពីកោះរំពេពីថ្មអណ្តែត មកពពូនពពាយដូចផ្លែល្ពាក់
ពពូនពពាក់ដូចផ្លែល្វា មកទាំងអស់គ្នីគ្នាណា មកចូលស្រែយើង។

រូបលេខ១៤

រូបលេខ១៤

រូបលេខ១៧

រូបលេខ១៧

រូបលេខ១៥

រូបលេខ១៥

រូបលេខ១៨

រូបលេខ១៨

រូបលេខ១៦

រូបលេខ១៦

រូបលេខ១៩

រូបលេខ១៩

បន្ទាប់មកចៅមឿងយកទឹកមកចាក់ស្រោចឲ្យសើមជោកលើថ្មអ្នកតា ដោយឧបកិច្ចថានេះជាភ្លៀងធ្លាក់មកលើដីភូមិបានជោកជាំ បានទឹកបរិបូណ៌ធ្វើស្រែចំការ (រូបលេខ២០)។

កិច្ចចុងក្រោយជាបញ្ចប់ហៅថា «បញ្ចូន»។ កិច្ចនេះ គេរៀបចំពែដាក់សំណែនមានបង្អែមចង្អាបនំចំណីផ្សេងៗបញ្ចូនឲ្យពួកអមនុស្សនានាដែលគេយល់ថាអាចបង្កជម្ងឺដំកាត់ដល់មនុស្សសត្វក្នុងភូមិ (រូបលេខ២១)។

រូបលេខ២០

រូបលេខ២០

រូបលេខ២១

រូបលេខ២១

បើយកទំនៀមដែលបានរៀបរាប់នេះធៀបនឹងពិធីដែលមានឈ្មោះដូចគ្នាថា «ច្រត់ព្រះនង្គ័ល»នៅជំពូក២លេខរៀងទី២២ ឃើញថាន័យធំដូចគ្នា តែក្នុងនោះមានកិច្ចច្រើនដែលខុសគ្នា បើទោះបីជាភូមិសម្បូណ៌និង ភូមិចំណារ នៅក្បែរគ្នាបង្កើយក៏ដោយ។

 

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved