• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

គ្រឿងបន្លុង

ដោយ ព្រាប ចាន់ម៉ារ៉ា

«បន្លុង» ជារបស់ដែលគេយកទៅ «ប្លុង» ចោលនៅទីណាមួយ ពោលគឺជាវត្ថុលែងមានម្ចាស់។ «គ្រឿងបន្លុង» នៅទីនេះសំដៅលើវត្ថុប្រើប្រាស់ផ្សេងៗដែលគេរៀបចំមួយសំណុំទុកប្លុងចោល (ឧបកិច្ចថាវត្ថុលែងមានមនុស្សជាម្ចាស់) ដើម្បីឲ្យព្រះសង្ឃនិមន្តទៅធ្វើកិច្ចទស់យកនៅក្នុងពិធីបុណ្យសព។
តាមប្រពៃណីខ្មែរ បើកាលណាមានមនុស្សស្លាប់ គឺក្រុមគ្រួសារតែងតែរៀបចំគ្រឿងបន្លុងទុកថាជារបស់ដែលគេចែក ឬប្រគល់ ឬមួយឧទ្ទិសទៅឲ្យសពដែលចែកស្ថានទៅ។ គ្រឿងបន្លុងនោះគេដាក់របស់របរដែលមនុស្សយើងប្រើប្រាស់ជាប្រចាំរាល់ថ្ងៃ ហើយគេដាក់ទៅតាមធនធានដែលគេមាន និងប្រែប្រួលទៅតាមសម័យកាលនានាផង មានដូចជា៖ ចាន, ឆ្នាំង, ស្លាបព្រា, វែក, ផ្តិល, កែវ, ពែង, ប៉ាន់, ប៉ោត, កំសៀវ, កាំបិត, ពូថៅ, កន្ទេល, មុង, ភួយ, ទ្រនាប់ជើង, សាប៊ូ, ច្រាសដុសធ្មេញ, ថ្នាំដុសធ្មេញ, ផ្លិត, កង្ហារ, ប៊ិច, សៀវភៅ, ខ្មៅដៃ, ធូប, ទៀន... (រូបលេខ១-២)។ មានខ្លះគេដាក់រហូតដល់គ្រឿងស្បៀងអាហារផ្សេងៗផងក៏មានដែរ។

រូបលេខ១

រូបលេខ១

រូបលេខ២

រូបលេខ២

បើមើលពិធីបុណ្យសពនៅតំបន់អង្គរ ខេត្តសៀមរាប គេច្រើនធ្វើពីរដំណាក់កាលគឺបើមានមនុស្សចែកស្ថាន គេធ្វើបុណ្យយកសពទៅបញ្ចុះ (កប់ក្នុងដី) ទុកច្រើនឆ្នាំ បន្ទាប់មកគេគាស់លើកយកធាតុទៅធ្វើបុណ្យបូជា។ ពិធីបុណ្យបូជាសព (ដែលជាធាតុ) នេះ ច្រើនតែធ្វើផ្គុំគ្នាច្រើនគ្រួសារ ឬធ្វើគួបជាមួយនឹងពិធីរំលាយព្រះសពព្រះសង្ឃ ជាពិសេសព្រះគ្រូចៅអធិការវត្តណាមួយក្នុងតំបន់របស់គេ។ ការធ្វើបុណ្យបូជាសពច្រើនក្នុងឱកាសតែមួយដូច្នេះគឺដើម្បីរួបរួមគ្នា ជួយជ្រោមជ្រែងគ្នាឲ្យបានធំដុំ អ៊ឹកធឹកផង ដើម្បីកុំឲ្យចំណាយធនធានច្រើនតែមួយគ្រួសារផង និងដើម្បីភ្ជាប់និស្ស័យជាមួយព្រះសពនៃព្រះសង្ឃដែលមានបុណ្យខ្ពង់ខ្ពស់នោះផង។ ក្នុងពិធីបុណ្យរំលាយសពដូច្នេះ យើងតែងសង្កេតឃើញថាក្រុមគ្រួសាររបស់សពទាំងឡាយ គេរែកគ្រឿងបន្លុងយកមកពីផ្ទះរៀងៗខ្លួន (រូបលេខ ៣-៥)។ អ្នកខ្លះយកគ្រឿងបន្លុងនោះទៅរៀបចំទុកដាក់ក្បែរនឹងក្តារមឈូសសព គឺទុកថាជារបស់ដែលគេចែកឬប្រគល់ឲ្យសពផ្ទាល់ខ្លួននោះឯង (រូបលេខ៦-៧)។ នៅពេលធ្វើកិច្ចហែសពចេញទៅតម្កល់នៅភ្នំយោងឬមេរុបូជា អ្នកខ្លះគេលើកយកគ្រឿងបន្លុងនោះហែទៅតាមសពដែរ ហើយមានខ្លះគេដាក់នៅជាមួយនឹងព្រះសង្ឃនាំសពតែម្តង (រូបលេខ៨)។ លុះដល់ពេលចម្រើនភ្លើង ពោលគឺបូជាសព គេក៏រៀបរយគ្រឿងបន្លុងដាក់ជុំគ្នា ហើយនិមន្តព្រះសង្ឃនិងអញ្ជើញអាចារ្យយោគីធ្វើកិច្ចទស់យកគ្រឿងបន្លុងទាំងនោះ (រូបលេខ៩)។

រូបលេខ៣

រូបលេខ៣

រូបលេខ៥

រូបលេខ៥

រូបលេខ៤

រូបលេខ៤

រូបលេខ៦

រូបលេខ៦


រូបលេខ៧

រូបលេខ៧

រូបលេខ៨

រូបលេខ៨

រូបលេខ៩

រូបលេខ៩

នៅតំបន់ផ្សេងៗទៀត ពិសេសតាមទីក្រុងនិងទីប្រជុំជននានា ក្រុមគ្រួសារសពតែងតែរៀបចំគ្រឿងបន្លុងមួយកញ្ចប់ធំ ដាក់របស់របរផ្សេងៗដូចបានរៀបរាប់ពីខាងលើស្រាប់ (រូបលេខ១០)។ បន្ទាប់ពីហែសពចេញទៅបញ្ចុះ ឬទៅបូជាហើយ គេលើកយកគ្រឿងបន្លុងនោះទៅដាក់ប្លុងនៅក្រៅផ្ទះ ឬរហូតដល់ក្រៅរបងផ្ទះ ដែលគេឧបកិច្ចថារបស់នេះលែងមានមនុស្សជាម្ចាស់ទៀតហើយ (ជារបស់សពដែលអនិច្ចកម្ម អស់ជីវិតបាត់ទៅ) ទើបព្រះសង្ឃនិមន្តទៅធ្វើកិច្ចទស់យក។ រីឯអ្នកខ្លះទៀតគេយកគ្រឿងបន្លុងនោះទៅដាក់នៅទីសមគួរណាមួយ រួចហើយព្រះសង្ឃនិមន្តទៅធ្វើកិច្ចទស់យក (រូបលេខ១១-១៣, ថតដោយប៊ុនថុល)។ កិច្ចបែបពុទ្ធសាសនាខ្មែរនេះក្នុងបំណងថា សូមឲ្យកុសលផលបុណ្យបានទៅដល់ព្រលឹងរបស់សព។ យើងយល់ថាផលបុណ្យនោះគឺសូមឲ្យព្រលឹងបុគ្គលដែលចែកស្ថាន បានទៅដល់ទីណា សូមឲ្យមានរបស់របរប្រើប្រាស់ប្រចាំថ្ងៃកុំបីខ្វះខាតនោះឯង។ ទាំងអស់នេះមកពីយើងជាពុទ្ធសាសនិក រមែងយល់តាមផ្លូវព្រះពុទ្ធសាសនា ហើយធ្វើបុណ្យអ្វីក៏ភ្ជាប់ជាមួយព្រះសង្ឃ គឺជាការធម្មតា។

រូបលេខ១០

រូបលេខ១០

រូបលេខ១២

រូបលេខ១២

រូបលេខ១១

រូបលេខ១១

រូបលេខ១៣

រូបលេខ១៣

ឥឡូវយើងសាកល្បងពិនិត្យមើលពីជ្រុងជ្រោយផ្សេងៗទៀត និងពិចារណាឲ្យបានវែងឆ្ងាយបន្តិចថា តើគ្រឿងបន្លុងនេះជាទំនៀមមានមកយ៉ាងដូចម្តេចដែរ?
យើងក្រឡេកមើលទៅជនជាតិដើមភាគតិចផ្សេងៗ ដែលរស់នៅភាគឦសាននៃប្រទេស កម្ពុជា ដូចជាជនជាតិជ្រាយ (ចារ៉ាយ), គ្រឹង, ទំពួន, ព្នង, កាចក់, កាវ៉េត។ល។អ្នកទាំងអស់នោះជាសាសន៍ដែលពុំបានទទួលឥទ្ធិពលសាសនាបែបឥណ្ឌាបុរាណដូចខ្មែរភាគច្រើនទូទៅឡើយ។ គេរស់នៅតាមទំនៀម តាមប្រពៃណី តាមជំនឿដូនតារាប់តំណមនុស្សច្រើនរយពាន់ឆ្នាំណាស់មកហើយ។ កាលណាមានមនុស្សចែកស្ថានគឺគេធ្វើពិធី រួចហើយយកសពទៅបញ្ចុះនៅទីព្រៃ ដោយចែកឬប្រគល់របស់ផ្សេងៗដែលជាវត្ថុប្រើប្រាស់ប្រចាំថ្ងៃ ដាក់ទៅឲ្យបុគ្គល (សព) នៅនឹងផ្នូរឯព្រៃនោះឯង (រូបលេខ១៤-១៧, ថតដោយលោកគ្រូអាំង ជូលាន)។ របស់របរនិងគ្រឿងស្បៀងអាហារដាក់ទៅឲ្យសពនោះ គឺមិនខុសពីខ្មែរទូទៅប៉ុន្មានឡើយ។ មានរបស់ខ្លះទៀតគេកប់ចូលទៅជាមួយសពក្នុងផ្នូរតែម្តង រាប់តាំងពីសម្លៀកបំពាក់, គ្រឿងតុបតែងកាយ, គ្រឿងភ្លេង, គ្រឿងអាវុធ និងរបស់ប្រើចាំបាច់ផ្ទាល់ខ្លួននៃសពនោះដែរ។ នៅបួនប្រាំឆ្នាំមុននេះយើងឃើញគេផ្សាយថា មានសពជនជាតិដើមភាគតិចនៅខេត្តរតនគិរីឬមណ្ឌលគិរីខ្លះ គេថែមទាំងសែងម៉ូតូកប់ទាំងមូល និងខ្លះកប់ទាំងទូរទស្សន៍ទៅក្នុងផ្នូរជាមួយសពទៀតផង។

រូបលេខ១៤

រូបលេខ១៤

រូបលេខ១៦

រូបលេខ១៦

រូបលេខ១៥

រូបលេខ១៥

រូបលេខ១៧

រូបលេខ១៧

ឥឡូវយើងមើលពីរបៀបកប់សពតាមជំនឿដើមនៃមនុស្សទូទៅក្នុងសម័យបុរេប្រវត្តិ ពោលគឺចាប់ពីរវាងដើមគ្រិស្តសករាជទៅរាប់ពាន់រាប់ម៉ឺនឆ្នាំមុនគ្រិស្តសករាជ ដែលពុំទាន់ជ្រួតជ្រាបឥទ្ធិពលអារ្យធម៌ឥណ្ឌាមកលើសង្គមនៅទីនេះ។ ការធ្វើកំណាយស្រាវជ្រាវដោយអ្នកបុរាណវិទ្យាច្រើនជំនាន់និងនៅច្រើនកន្លែង តែងតែប្រទះឃើញមានគ្រោងឆ្អឹងសពជាច្រើន ដែលគេកប់ដោយមានដាក់វត្ថុផ្សេងៗទៅជាមួយ (រូបលេខ១៨-២០, រូបថតពីក្រុមអ្នកបុរាណវិទ្យា)។ របស់អស់នោះមានជាគ្រឿងចំណីអាហារ, គ្រឿងអលង្ការ,គ្រឿងភ្លេង, គ្រឿងអាវុធ, ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃច្រើនយ៉ាង ដែលខ្លះធ្វើពីដីដុត,ខ្លះធ្វើពីឆ្អឹង, ពីថ្ម, ពីលោហធាតុ។ល។ សូម្បីតែសពក្មេងក៏គេដាក់របស់របរកប់ឲ្យទៅជាមួយពុំដែលខានឡើយ (រូបលេខ២១)។ ជំនឿបែបនេះមិនមែនមានចំពោះតែមនុស្សរស់នៅលើទឹកដីបច្ចុប្បន្នជាប្រទេសកម្ពុជានេះទេ គឺមានជាទូទៅក្នុងប្រទេសទាំងឡាយទាំងពួងជាច្រើនលើលោកនេះ។

រូបលេខ១៨

រូបលេខ១៨

រូបលេខ២០

រូបលេខ២០

រូបលេខ១៩

រូបលេខ១៩

រូបលេខ២១

រូបលេខ២១

ជាសរុបមក ការចែកឬប្រគល់របស់របរដែលសព្វថ្ងៃយើងហៅថា «គ្រឿងបន្លុង»នេះ គឺជាទំនៀម ជាប្រពៃណីដ៏ចាស់យូរអង្វែងរាប់ពាន់ឬរាប់ម៉ឺនឆ្នាំមកផង។ លង់លុះយើងងាកមកប្រតិបត្តិតាមសាសនាព្រាហ្មណ៍និងពុទ្ធសាសនាយ៉ាងណាក៏ដោយ ក៏យើងមិនបោះបង់ជំនឿដើមចោលទាំងស្រុងឡើយ។ ជំនឿរបៀបនេះគឺក្នុងគោលគំនិតថា «ចែកស្ថាន»មានន័យថា «ចែកកន្លែង» គឺចែកវិស័យគ្នារវាងអ្នកនៅរស់និងអ្នកស្លាប់ទៅ។ មនុស្សជាក្រុមគ្រួសារជាមួយគ្នានឹងសព ឬសពជាអ្នកមានគុណ, ជាទីគោរព, ជាទីស្រឡាញ់ ឬជាទីពឹងទីពំនាក់។ល។ កាលបើបែកចែកទីស្ថានគ្នា រមែងស្រណោះ អាឡោះអាល័យ នឹករលឹក អាណិតអាសូរ។ កាលនៅរស់គេមានអ្វីៗគ្រប់យ៉ាង ដល់ពេលចែកស្ថានទៅទីណាក៏ដោយចុះ ក៏យើងមិនចង់ឲ្យអ្នកនោះខ្វះកន្លះ កំសត់កម្រ ក្រលំបាកវេទនាសោះឡើយ។ ដូច្នោះហើយក្នុងជំនឿ គឺត្រូវចែកឬប្រគល់អ្វីៗសព្វគ្រប់ឲ្យគ្នាមានដូចធម្មតានេះឯង។ លក្ខណៈពិសេសនៃសង្គមខ្មែរ គឺការវេញបញ្ចូលធ្លុងគ្នារវាងជំនឿដើមហៅថា «ជីវចល» បូកផ្សំនឹងសាសនាព្រាហ្មណ៍ រួមជាមួយនឹងពុទ្ធសាសនាមហាយាន ព្រមទាំងពុទ្ធសាសនាថេរវាទសព្វថ្ងៃ (ដែលទើបតែលូតលាស់ខ្លាំងពីស.វ.ទី១៤មក)។ ជំនឿនិងសាសនាលាយផ្សំបញ្ចូលគ្នាក្នុងសង្គមខ្មែរទាំងអស់នេះ គឺយកមកប្រតិបត្តិធ្វើជាកិច្ចជាពិធីចូលគ្នាដោយគ្មានខុសទាស់ទោមនស្សអ្វីសោះឡើយ ហើយក៏បានក្លាយទៅជាអារ្យធម៌ខ្មែរយ៉ាងត្រចេះត្រចង់រៀងរហូតមកឥតដាច់៕

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved