ទិដ្ឋភាពមួយនៃព្រះយមរាជ

ដោយ អន រស្មី

ក្នុងចំណោមសិលាចារឹកដែលចារនៅប្រទេសកម្ពុជាសម័យបុរាណ មានតែមួយចំនួនតូចប៉ុណ្ណោះដែលមានចម្លាក់ជាលម្អជាប់ជាមួយ ហើយម៉្យាងទៀត ពោលនេះក៏ចំពោះតែអក្សរថ្មដែលចារលើគោល ឬផ្ទាំងថ្មមានរូបរាងស្រដៀងនឹងសន្លឹកសីមា អាចប្តូរទីកន្លែងបាន គឺថាពុំមែនអក្សរដែលចារលើមេទ្វារជាដើមនោះឡើយ។ ចារឹកថ្មមកពីស្ទឹងច្រាប ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលមានលេខ K.693 ក្នុងបញ្ជីសារពើភណ្ឌ ធ្វើឱ្យខ្ញុំចាប់អារម្មណ៍ខ្លាំង (សូមមើលរូប)។ លោក George Coedès បានធ្វើការស្រាវជ្រាវជ្រៅជ្រះរួចអស់ហើយ អំពីសេចក្តីនៃអក្សរថ្មដែលសរសេរនៅលើជ្រុងទាំង៤នោះ ហើយដែលប្រើភាសាខ្មែរផង ភាសាសំស្ក្រឹតផង (Inscription du Cambodge, V, E. de Boccard, Paris, 1963, pp.202-209)។ ខ្ញុំគ្រាន់តែសូមរំលឹកថា គេចារឡើងនៅឆ្នាំ៩២៥នៃមហាសករាជ្យ ពោលគឺគ.ស.១០០៣ ក្រោមរាជ្យព្រះបាទជ័យវីរវរ្ម័ន។ បើសង្ខេបតែមួយម៉ាត់មក សិលាចារឹកនេះទាក់ទងនឹងរឿងដីធ្លី ជាពិសេសនឹងការវិវាទក្នុងរឿងដីធ្លី។

ការចាប់អារម្មណ៍របស់ខ្ញុំគឺអំពីរូបចម្លាក់ដែលនៅលើផ្ទាំងនោះ ព្រោះខ្ញុំយល់ថានេះមិនមែនគ្រាន់តែជាចម្លាក់លម្អប៉ុណ្ណោះឡើយ គឺប្រហែលជាមានទាក់ទងនឹងសេចក្តី ឬគំនិតដែលមាននៅក្នុងពាក្យពេចន៍ទាំងនោះ។ តួអង្គសំខាន់នោះគឺព្រះយមរាជកាន់ដំបង ជិះក្របី អមដោយព្រះធម៌និងព្រះចិត្រគុប្ត ដែលអង្គុយបញ្ឈរជង្គង់ឥតមានពាហនៈអ្វីជាជំនិះឡើយ។ រូបទាំងនេះគ្មានអ្វីពិបាកយល់ទេ ព្រោះគេដឹងថាទេពទាំងពីរនេះជាអ្នកជំនិតនៃព្រះយមរាជជាធម្មតា។ ប្រការទីមួយដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍ គឺថានៅសងខាងនោះទៅទៀតមានចម្លាក់រូបព្រះអាទិត្យជិះរាជរថ និងព្រះចន្ទ្រគង់លើបល្ល័ង្គ នៅក្នុងរង្វង់មូលរៀងៗខ្លួន ត្បិតជាធម្មតាពុំដែលឃើញរូបព្រះចន្ទ្រនិងព្រះអាទិត្យជាប់ជាមួយព្រះយមរាជទេ។ តាមខ្ញុំពិចារណាមើលទៅ កន្លែងនេះប្រហែលជាទាក់ទងនឹងរឿងរ៉ាវប្រវត្តិនៃព្រះយមរាជតែម្តង។ ខ្ញុំពុំអាចបរិយាយឱ្យបានក្បោះក្បាយនៅទីនេះឡើយ គ្រាន់តែសង្ខេបយ៉ាងខ្លីមកថា ដើមឡើយគ្មានយប់គ្មានថ្ងៃទេ អាចពោលថាគ្មាន “ពេល” ក៏បាន ព្រោះពេលនោះនឹងថ្កល់មិនដើរទៅមុខ។ ក្រោយពីព្រះយមរាជសុគតទៅ (ព្រះយមរាជជាទេពខុសគេតែមួយអង្គឯងគត់ ដែលបានស្គាល់សេចក្តីស្លាប់ដោយចេតនា) ទេពនិករទាំងអស់នាំគ្នាបង្កើតឱ្យមានយប់-ថ្ងៃ ពោលគឺអំណើះតទៅពេលវេលាដើរទៅមុខ (សូមអាន អាំង ជូលាន, “សង្ខេបជំនឿលើព្រះយមរាជនៅប្រទេសកម្ពុជា”, ព្រឹត្តិបត្របុរាណវិទ្យា, លេខ១, ២០០៧, ទ.២៥-៣៨)។ ប្រហែលជាយោងតាមនោះហើយ ដែលមានចម្លាក់ព្រះអាទិត្យនិងព្រះចន្ទ្រជាប់ជាមួយ។ តែយ៉ាងណានេះក៏ពុំមែនជាមូលហេតុដាច់តែឯងឡើយ ត្បិតនៅជ្រុងទី១នៃសិលាចារឹក មានឃ្លាសំស្ក្រឹតមួយនិយាយថា “នរណាដែលបំផ្លិចបំផ្លាញ ហើយប្រព្រឹត្តអ្វីៗខុសនឹងបទបញ្ញតិទីបូជានេះ សូមឱ្យធ្លាក់ទៅនរកទាំង៣២ ដរាបណាលោកនេះនៅតែមានព្រះចន្ទ្រនិងព្រះអាទិត្យ”។

ការចាប់អារម្មណ៍ទីពីររបស់ខ្ញុំ គឺប្រហែលជាមានទំនាក់ទំនងរវាងចម្លាក់ព្រះយមរាជនិងវិវាទដីធ្លីដែលពោលនៅខាងលើ ហើយដែលទីបញ្ចប់ទៅ ដោះស្រាយរួចតាមច្បាប់ត្រឹមត្រូវ ដោយមានសាក្សីដឹងឮ ត្បិតព្រះយមរាជជាស្តេចនៃសុក្រិត្យធម៌ ឬយុត្តិធម៌ ដូច្នោះហើយបានជានៅសម័យកណ្តាលរហូតមកដើមស.វ.ទី២០នេះ មន្ត្រីជាន់ខ្ពស់ដែលសព្វថ្ងៃយើងហៅថារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលនោះមានងារជា “អ្នកឧកញ៉ាយោមរាជ”។