• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

អធ៌នារីស្វរ នៅសារមន្ទីរជាតិកម្ពុជា

ដោយ គង់ វីរៈ

ទេពដែលមានឈ្មោះខាងលើនេះ ខ្មែរបច្ចុប្បន្នពុំស្គាល់ទៀតឡើយ ហើយទោះជានៅបុរាណកាលក៏ប្រហែលជាគេពុំសូវស្គាល់ជាទូទៅដែរ ដ្បិតប្រតិមាដែលប្រទះឃើញគឺមានតិចតួចណាស់។ បើបំបែកពាក្យឲ្យដាច់ពីគ្នាគឺ ៖ «អធ៌ (ពាក់កណ្តាល) + នារី (ស្រី) + ឦឝ្វរ (ឥសូរ, ម្ចាស់, កំពូលលើសគេ...)» គឺមានន័យថា ជាព្រះឥសូរដែលមួយចំហៀងខ្លួនជាស្រី។

ជាទូទៅចម្លាក់ដែលតាំងបង្ហាញនៅសារមន្ទីរជាតិកម្ពុជា ភាគច្រើនបំផុតជាទេពផ្សេងៗក្នុងព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា ប៉ុន្តែទេពទាំងនេះបង្ហាញក្នុងទិដ្ឋភាពផ្សេងៗច្រើនបែបណាស់។ ទេពខ្លះ អ្នកទស្សនាមើលស្គាល់ភ្លាមៗដោយមិនចាំបាច់មានមគ្គុទេសក៍ ឬរកមើលស្លាកពន្យល់ណែនាំតែទេពអង្គខ្លះទៀតយល់បានលុះត្រាតែធ្លាប់បានសិក្សាសិល្បៈខ្មែរ ជាពិសេសក្នុងវិស័យបដិមាសាស្ត្រ។ បើលើកយកតែទេពចម្បងមួយអង្គក្នុងព្រហ្មញ្ញសាសនា ពោលគឺព្រះឥសូរក៏ឃើញថាមានទិដ្ឋភាពច្រើនបែបយ៉ាងណាស់ទៅហើយ។ ប៉ុន្តែទិដ្ឋភាពខ្លះដែលគេនិយមច្រើននៅឥណ្ឌា ឬតំបន់ផ្សេងៗនៅអាស៊ីអាគ្នេយ៍ ខ្មែរមិននិយមរាប់រកក៏មានដែរ។ លោក ជី រដ្ឋា ធ្លាប់និយាយរឿងនេះនៅក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរនេះដែរ (សូមអាននៅជំពូកទី៤ លេខរៀង៣៨និង៤៥)។ ប្រតិមាដែលមានឈ្មោះនៅលើចំណងជើងនេះ ជាទិដ្ឋភាពមួយទៀតនៃព្រះឥសូរ ដែលមាននៅក្នុងសមុច្ច័យ
សារមន្ទីរជាតិកម្ពុជា។ តែអ្នកទស្សនាច្រើនតែរំលង ឬក៏មិនបានចាប់អារម្មណ៍ ដោយសារតែជារូបមួយដែលមិនស្កឹមស្កៃ និងមិនរាប់ថាជាវត្ថុពិចិត្រផង បើប្រៀបធៀបទៅប្រតិមាជាច្រើនដែលមាននៅសារមន្ទីរនេះ។ រូបលេខ១ បង្ហាញពីទីតាំងនៃព្រះអធ៌នារីស្វរ នៅត្រង់ចុងបំផុតនៃថែវខាងលិច មុននឹងឆ្លងចូលទៅថែវខាងជើង។ រូបនេះមានប្រភពមកពីប្រាសាទស្រងែ, តំបន់រលួស, ស្រុកប្រាសាទបាគង, ខេត្តសៀមរាប។

រូបលេខ១

ប្រតិមានេះ (រូបលេខ២) មិនបង្ហាញឲ្យឃើញច្បាស់ដូចចម្លាក់ឬគំនូរនៅឥណ្ឌាទេ គឺទាល់តែអ្នកទស្សនាពិនិត្យម៉ត់ចត់បន្តិច ទើបអាចយល់ថាជារូបទេពមួយអង្គ ដែលមួយចំហៀងខ្លួនជាប្រុស ឯមួយចំហៀងខ្លួនទៀតជាស្រី។ រូបលេខ៣ ជារូបលម្អិតនៃព្រះសិរ ដែលបង្ហាញថាខាងស្តាំមានពុកចង្កា ហើយពាក់អលង្ការនៅត្រចៀក ខុសពីខាងឆ្វេងដែលពុំមានអ្វីសម្គាល់ជាពិសេស។ រីឯដងខ្លួនវិញ (រូបលេខ៤) យើងអាចញែកច្បាស់ថា ផ្នែកខាងស្តាំមានដើមទ្រូងរាបស្មើជាលក្ខណៈប្រុសហើយយើងឃើញពុកចង្កានិងរយ៉ាពាក់ត្រចៀកច្បាស់។ ចំណែកនៅខាងឆ្វេងវិញ លក្ខណៈដែលអាចឲ្យសម្គាល់ថាជាស្ត្រីភេទ គឺដើមទ្រូងខាងនោះប៉ោង ដោយសារមានដោះ។ ព្រះហស្តខាងស្ដាំបាក់បាត់ទៅហើយ តែលោក Jean Boissellier ដែលធ្លាប់បានឃើញរូបកាលមិនទាន់បាត់ព្រះហស្តនោះបញ្ជាក់ថា ព្រះហស្តនេះកាន់ត្រីសូល៍ រីឯព្រះហស្តឆ្វេងមានកាយវិការជា «វរមុទ្រា» ដែលជាកាយវិការប្រទានពរ។ ដូចជាប្រតិមាទូទៅក្នុងសម័យបាយ័ន្ត (ចុងស.វ.ទី១២-ដើមស.វ.ទី១៣) ដែររូបនេះមានភាពធ្មឹង ឯដងខ្លួនពុំស្រឡូនស្អាតដូចសម័យមុនៗនោះទេ ចំណែកជើងក៏ធំគម្រិងគម្រាំង។

រូបលេខ២

រូបលេខ២

រូបលេខ៣

រូបលេខ៣

រូបលេខ៤

រូបលេខ៤

ពាក្យពន្យល់នៅខាងលើ បើសម្រួលមកបន្តិចទៀត គឺថាមួយចំហៀងជាព្រះឥសូរ ឯមួយចំហៀងទៀតជានាងបព៌តី ដែលជា «សក្ដិ» ហើយដែលគេសន្មតថាជាព្រះជាយានៃព្រះឥសូរ។ ជាទូទៅគេតែងបង្ហាញព្រះអធ៌នារីស្វរដោយញែកបណ្តោយខ្លួនជាពីរ ៖ ខាងស្តាំជាភេទប្រុសដែលមានកាន់កេតនភណ្ឌសម្រាប់សម្គាល់ព្រះឥសូរ ឯខាងឆ្វេងវិញគេបង្ហាញលក្ខណៈជាស្រីតាមរយៈគ្រឿងលម្អផ្សេងៗ ជាពិសេសមានដោះមួយមូលក្បំ។ សាច់រឿងមានខុសៗគ្នា តែអាចពន្យល់សង្ខេបមកថា ទាក់ទងនឹងស្នេហា, ការបង្កើតលោក, ភក្តីភាពចំពោះព្រះឥសូរ, ការប្រចណ្ឌនៃនាងបព៌តី ឬនាងឧមាជាដើម។ បើយកគម្ពីរមួយឈ្មោះថា «ឝិវបុរាណ» មកនិយាយគឺ ព្រះព្រហ្មដែលជាអ្នកបង្កើតលោក ពុំបានបង្កើតអ្វីៗឲ្យចប់ចុងចប់ដើមឡើយ ដ្បិតព្រះអង្គបង្កើតតែសត្វលោកដែលជាបុរសប៉ុណ្ណោះ ហើយព្រះអង្គក៏ទៅសូមព្រះឥសូរឲ្យជួយបំពេញអ្វីដែលខ្វះខាត។ព្រះឥសូរក៏បង្ហាញលក្ខណៈស្រីនៅជាប់នឹងព្រះកាយព្រះអង្គចំហៀងខាងឆ្វេង ដែលជាចំណែកនាងបព៌តី ឬនាងឧមា (និយាយម្យ៉ាងទៀតថា ជា «សក្តិ» ឬជាថាមពលភេទស្រីរបស់ព្រះអង្គ) ដើម្បីឲ្យព្រះព្រហ្មយល់ដំណើរនៃការបង្កើតសត្វលោក។ គម្ពីរខ្លះទៀតឲ្យមូលហេតុថា នាងឧមាដែលមានខ្លួនដាច់ពីព្រះឥសូរ ប្រចណ្ឌនឹងនាងគង្គា ដែលនៅជាប់នឹងផ្នួងសក់របស់ព្រះឥសូរតែម្តង ដូច្នេះហើយក៏ទាមទារឲ្យខ្លួននាងជាប់នឹងព្រះកាយព្រះឥសូរតែម្តង។ តាមមើលទៅគំនិតជាចម្បងនោះគឺអ្វីៗទាល់តែមានគូ៖ ស្រី-ប្រុស, ញី-ឈ្មោល, លិង្ក-យោនី... ទើបមានភោគផលកើតឡើងបាន។ ដូចបាននិយាយនៅខាងលើហើយ ទេពអធ៌នារីស្វរនេះហាក់ដូចជាពុំមានប្រជាប្រិយភាពប៉ុន្មានឡើយនៅប្រទេសកម្ពុជា។ ក្រៅពីរូបដែលមកពីប្រាសាទស្រងែ គេប្រទះឃើញរូបទេពនេះតែ៨ទៀតប៉ុណ្ណោះ។ ឈ្មោះដែលហៅនេះទៀតសោតក៏ហៅសន្មតតាមឥណ្ឌាដែរ ឧទាហរណ៍៖

  • - សិលាចារឹកទួលគោកព្រះ (K.493, ពាក់កណ្តាលស.វ.ទី៧) ខេត្តព្រៃវែង និយាយពីទេពនេះថា«ព្រះឥសូរមានព្រះកាយមួយចំហៀងជាព្រះកាយនាងឧមា»។
  • - សិលាចារឹកបន្ទាយស្រី (K.842, ស.វ.ទី១០) ខេត្តសៀមរាប និយាយថា «នាងឧមាមានព្រះកាយជាប់ស្និទ្ធនឹងព្រះឥសូរ»។ - សិលាចារឹកបក្សីចាំក្រុង (K.286, ស.វ.ទី១០) ខេត្តសៀមរាបនិយាយថា «ព្រះឥសូរនិងនាងឧមាមានព្រះកាយជាប់គ្នាតែមួយ»។
  • - សិលាចារឹកសង្កែកោង (K.232, ស.វ.ទី១០) និយាយថា «ព្រះឥសូរមានព្រះកាយរួមភេទជាមួយនាងឧមា»។ - សិលាចារឹកប្រាសាទទរ (K.692, ស.វ.ទី១២) ខេត្តសៀមរាប ក៏និយាយដូចគ្នាថា «ព្រះកាយនាងឧមាជាប់ជាមួយនឹងព្រះកាយព្រះឥសូរ»។

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved