ដោយ ថន ស៊ុយទ្រី, ស្រី សមប៊ុនណារ៉ុង, តៅ ម៉ារ៉ាឌី, ស៊ុន សម្បត្តិ
បើនិយាយពីឧបករណ៍នេសាទនៅប្រទេសកម្ពុជាទាំងមូល យើងពុំដឹងថាមានប៉ុន្មានប្រភេទ ប៉ុន្មានបែបយ៉ាងទេ។ ឧបករណ៍ខ្លះគេស្គាល់ទូទៅ ឯខ្លះទៀត ឃើញមានប្រើតែតាមតំបន់ណាមួយប៉ុណ្ណោះ ហើយមានរូបរាងប្លែកៗទៀតផង។ នៅក្នុងអត្ថបទនេះយើងខ្ញុំសូមបង្ហាញឧបករណ៍នេសាទម្យ៉ាងដែលមានឈ្មោះហៅថា «តុំ»។ វត្ថុនេះមានរូបរាងស្រដៀងនឹងទ្រូកំពឹសច្នៃដែលបានចុះផ្សាយរួចមកហើយនៅជំពូក១, លេខរៀងទី៧០។ យើងសង្កេតឃើញថាអ្នកស្រុកនៅតាមបណ្ដោយដងស្ទឹងសែនក្នុងតំបន់សំបូរព្រៃគុកនិងនៅខាងស្រុកសណ្ដាន់នៃខេត្តកំពង់ធំនិយមប្រើប្រាស់តុំនេះដើម្បីដាក់យកត្រីនៅស្ទឹង។
តុំមានរាងមូល និងមានទំហំប្រហែលមួយឱបមនុស្សចាស់ ហើយ «ប្រើស» សម្រាប់ឲ្យត្រីចូលស្ថិតនៅផ្នែកបាតខាងក្រោម។ រីឯផ្នែកខាងលើជាកនិងមាត់ (រូបលេខ១-២)។ តុំអាចត្បាញពីឫស្សីឬរពាក់ ប៉ុន្តែភាគច្រើនគេធ្វើពីឫស្សី ចំណែកឯរពាក់មានតិចតួច។ បានជាគេមិនសូវនិយមត្បាញនឹងរពាក់ ដោយសារ រពាក់ប្រើឆាប់ពុកខូចកាលណាដាក់ត្រាំទឹកយូរ។ នៅភូមិវាលព្រីងក្រោម ឃុំឈើទាល ស្រុកសណ្ដាន់ មាន៨គ្រួសារដែលប្រកបរបរធ្វើតុំពីឫស្សីសម្រាប់លក់ឲ្យឈ្មួញយកចែកចាយបន្តទៅខាងស្រុកស្ទោងនិងខាងខេត្តព្រះវិហារជាដើម។ គ្រួសារខ្លះធ្វើតុំនៅពេលទំនេរនារដូវទឹកឡើង និងមានគ្រួសារខ្លះទៀតធ្វើការងារហត្ថកម្មនេះខួបប្រាំងខួបវស្សាជាប្រចាំ។ ក្នុងមួយថ្ងៃ គ្រួសារខ្លះដែលមានគ្នាពីរនាក់ប្តីប្រពន្ធអាចធ្វើតុំបានមួយ ឬពីរ។ តុំមួយគេអាចលក់បានក្នុងតម្លៃ១ម៉ឺន៦ពាន់រៀល។
ក្នុងឫស្សីមួយដើមវែងល្មមគេអាចធ្វើតុំបានពី៤ទៅ៥។ គេពុះឫស្សីរួចបិតជាបន្ទះតូចៗល្មមហៅថា «ត្រៀម» ប្រវែងរវាង៣ទៅ៤ម៉ែត្រ (រូបលេខ៣)។ សូមបញ្ជាក់ថា ពាក្យ «ត្រៀម» នៅទីនេះមានន័យពីរចំពោះអ្នកស្រុក។ មួយជានាមសម្តៅទៅបន្ទោះឫស្សីនោះឯង។ ឯន័យមួយទៀតជាកិរិយាស័ព្ទមានន័យស្មើនឹង «ត្បាញ» ដែរ។ ដំបូងគេយកបន្ទោះត្រៀមចំនួន២១ មកក្រងជាប្រើស (ឬគេអាចនិយាយម្យ៉ាងទៀតថា «កប្រើស») ដោយយកវល្លិកញ្ចូញ មកត្បាញក្រងជុំវិញឈើមូលមួយហៅថា «ស្នូលប្រើស» មានទំហំប៉ុនកដៃ (រូបលេខ៤-៥)។ មុននឹងកប្រើសគេយកវល្លិកញ្ចូញទៅត្រាំទឹកបន្តិចសិនដើម្បីឲ្យវាទន់ងាយស្រួលក្រង។ វល្លិនេះសម្បូណ៌ណាស់នៅក្នុងតំបន់នេះ ហើយគេអាចរកបោចបានពីព្រៃក្បែរៗភូមិ។ បន្ទាប់ពីនេះមកទើបគេយកបន្ទោះត្រៀមផ្សេងទៀត មកត្រៀមជាបាតរាងរង្វង់ឲ្យបានអង្កត់ផ្ចិតប្រហែល៣០សង់ទីម៉ែត្រ រួចទើបគេត្រៀមលើកជាតួខ្លួនតែម្ដង (រូបលេខ៦)។ នៅពេលត្រៀមតួខ្លួនបានកម្ពស់កន្លះម៉ែត្រ គេត្រៀមបង្រួមចូលធ្វើរាងជាក និងមាត់ ដោយយកថ្មមួយដុំដាក់នៅកណ្ដាលធ្វើជាពុម្ព (រូបលេខ៧-៨)។
គេដាក់តុំលើផ្ទៃទឹកស្ទឹងដែលហូរជោរជន់នារដូវវស្សា ដោយចងដប ឬស្នោជាកំសួលបណ្ដែតភ្ជាប់ទៅនឹងបង្គោលមួយ (រូបលេខ៩)។ នុយដែលគេយកទៅប្រើដាក់ក្នុងតុំដើម្បីទាក់ត្រីគឺអង្ក្រង ឬ ល្ង។ គេដាក់នុយចូលនិងចាក់ត្រីចេញតាមមាត់តុំនោះឯង (រូបលេខ១០-១១)។ បើតុំណាប្រើនុយល្ង គេយកស្បៃមុងឬក្រណាត់ដេរពាសជុំវិញ ដើម្បីកុំឲ្យនុយល្ងល្អិតៗនោះអណ្ដែតចេញពីតុំទៅតាមទឹក។ នុយល្ងភាគច្រើនត្រូវត្រីស្លឹកឫស្សី ចំណែកឯនុយអង្ក្រងត្រូវត្រីចង្វារមូល។