របៀបធ្វើធូបមួយបែប

ដោយ ស្រេង ជីវន្ត

 

នៅជំពូកលេខ១, លេខរៀងទី២១ ធ្លាប់មាននិយាយម្តងរួចមកហើយអំពីរបៀបធ្វើធូបរបស់អ្នកស្រុកនៅក្នុង ខេត្តសៀមរាប ដោយលោកគ្រូអាំង ជូលាន។ នៅក្នុងអត្ថបទនោះ អ្នកនិពន្ធក៏បញ្ជាក់ដែរថារបៀបធ្វើធូបរបស់អ្នកស្រុកគឺមិនសូវខុសគ្នាប៉ុន្មានទេ ពីភូមិ១ទៅភូមិ១ទៀត ជិតឬឆ្ងាយ ហើយអ្នកស្រុកធ្វើធូបដើម្បីទុកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនផង និងលក់ដូរបន្តិចបន្តួចឲ្យទៅអ្នកស្រុកជាមួយគ្នាផង។  ដោយឡែកនៅទីនេះ ខ្ញុំនឹងបង្ហាញពីរបៀបធ្វើធូបមួយបែបទៀតរបស់លោកយាយម្នាក់រស់នៅអ្នកឃុំតានី ក្នុងខេត្តកំពត (ចុះពីផ្សារតានីទៅត្បូងបន្តិច)។ តាមពិតទៅ លោកយាយបានបោះបង់ចោលកិច្ចការធ្វើធូបនេះទៅហើយ ប៉ុន្តែដោយសារខ្ញុំទទូចសុំឲ្យលោកយាយធ្វើបង្ហាញតាមដែលធ្លាប់ចេះចាំពីមុនមក លោកយាយក៏យល់ព្រម។  ដូច្នេះខ្ញុំសូមអភ័យទោសពីលោកអ្នកអានជាមុន ដ្បិតរូបភាពដែលខ្ញុំថតបាន និងបង្ហាញនៅទីនេះមានត្រឹមតែពេលចាប់ផ្ដើមធ្វើជើងធូប ឯដំណាក់កាលស្ទោះ ហាល បុក រែង ព្រមទាំងរូបដើមឈើដែលជាវត្ថុធាតុសម្រាប់យកមកធ្វើធូបទាំងនោះពុំមានគ្រប់គ្រាន់ឡើយ។

តាមពិតទៅរុក្ខជាតិដែលគេត្រូវការមិនមានច្រើនមុខទេ ហើយក៏មិនពិបាករកដែរ ពោលគឺសុទ្ធសឹងតែជារុក្ខជាតិរកបានងាយនៅជុំវិញផ្ទះ ឬមិនឆ្ងាយពីភូមិស្រុក។ រុក្ខជាតិទាំងនោះមានជាអាទិ៍ ៖ កំពូលបាយ ឬក្រពុលបាយ (អ្នកស្រុកតំបន់ផ្សេងទៀតហៅថាសម្បុរបាយ), សំបកនិងស្លឹកគស្រស់ (សម្រាប់ប្រើជាធាតុស្អិត), សម្បកដើមក្រសាំង(ធ្វើឲ្យផ្សែងធូបមានក្លិនក្រអូបឈ្ងុយ) និងកម្ទេចស្រកីដូង (សម្រាប់ធ្វើឲ្យធូបឆេះល្អ)។ វត្ថុធាតុទាំងនេះត្រូវយកទៅហាលថ្ងៃឲ្យស្ងួតរួចយកទៅបុក និងរែងយកតែភាគល្អិតៗតែប៉ុណ្ណោះ។  ចំពោះជើងធូបវិញ គេយកឫស្សីមកបិតយកតែផ្នែកសាច់ ដោយសកសម្បកនិងផ្នែកខាងពោះចេញហើយកាត់ថ្នាំងចោល (រូបលេខ១-២)។ 

ប្រសិនបើគេចង់ឲ្យជើងធូបពណ៌ក្រហម គឺគេត្រូវយកទៅជ្រលក់នឹងល័ក្តត្រឹមប្រវែងណាដែលចង់បាន។ ចំណែកស្លឹកគស្រស់ គេត្រូវយកទៅច្របាច់លាយនឹងទឹកតិចល្មមឲ្យឡើងខាប់ (រូបលេខ៣)។ រួចមកទើបគេច្រកក្នុងដបទុកសម្រាប់ជ្រលក់ជើងធូបឲ្យស្អិត (រូបលេខ៤)។ ជើងធូបដែលបិតរួច ត្រូវយកទៅជ្រលក់នឹងទឹកស្លឹកគក្នុងកម្រិតប្រវែងដែលគេចង់បាន ហើយយកទៅប្រលាក់នឹងកម្ទេចធូបម្ដងជាពីរដងដើម្បីឲ្យម្ទេចនោះតោងជាប់ស្អិតជាមួយជើងក្នុងទំហំក្រាស់ល្មម (រូបលេខ៥)។  បន្ទាប់មកទើបយកទៅលញ់លើក្ដារឲ្យបានណែនជាប់នឹងឆ្អឹងធូបទៅតាមទំហំដែលគេចង់បាន (រូបលេខ៦)។

 

ជាចុងក្រោយធូបដែលលញ់រួចគេត្រូវយកទៅហាលថ្ងៃឲ្យស្ងួតទុកសម្រាប់ប្រើប្រាស់តាមតម្រូវការ (រូបលេខ៧)។ លោកយាយក៏បញ្ជាក់ប្រាប់ដែរថា កាលពីមុនគេធ្វើធូបនេះសម្រាប់តែប្រើប្រាស់នៅតាមផ្ទះ ឬយកទៅវត្តនៅថ្ងៃសីល ឬក៏ប្រើនៅពេលមានបុណ្យទានប៉ុណ្ណោះ ពុំមែនសម្រាប់លក់ដូរអ្វីឡើយ។

 

រូបលេខ៧