ដោយ តូច អត្តកមា
ក្នុងបណ្ដាញពត៌មានវប្បធម៌ខ្មែរ ធ្លាប់មាននិយាយខ្លះៗរួចមកហើយអំពីថ្នាំជក់ឬថ្នាំខ្មែរ (សូមមើលនៅជំពូកទី១ លេខរៀង៤២ «ថ្នាំកូតាប», លេខរឿងទី៤៧ «ថ្នាំខ្មែរ» និងលេខរៀងទី៦០ «ប៉ៅថ្នាំ»)។ ចំណែកនៅជំពូកទី៥ លេខរៀងទី៣៥ ក៏មាននិយាយពីស្លឹករុក្ខជាតិដែលអាចយកមកមូរថ្នាំជក់បាន។ តាមរយៈអត្ថបទខាងលើ យើងឃើញថាមនុស្សខ្មែរស្គាល់ និងប្រើស្លឹករុក្ខជាតិសម្រាប់មូរថ្នាំជក់មានច្រើនប្រភេទដូចជា ស្លឹកចេក ស្លឹកខ្លែងពណ៌ ស្លឹកជើងគោ ស្លឹកកកោះ ស្លឹកក្រមុំបូល (ថ្មីៗនេះខ្ញុំទើបប្រទះត្រចៀកនឹងអ្នកស្រុកម្នាក់ ពីរ នៅភូមិរុនតាឯកថា មានស្លឹករុក្ខជាតិឈ្មោះស្លឹកក្រមុំបូល អាចយកមកមូរជក់បានដែរគឺ ប្រការនេះធ្វើខ្ញុំនឹកដល់ភូមិមួយឈ្មោះក្រមុំបូល ដែលស្ថិតនៅខាងជើងតំបន់កោះកេរ្តិ៍)។ នៅទីនេះខ្ញុំលើកនិយាយអំពីស្លឹកសង្កែដែលយើងសឹងស្គាល់គ្រប់គ្នា។ សង្កែមានឈ្មោះជាវិទ្យាសាស្ត្រថា Combretum quadrangulare។ រុក្ខជាតិនេះមានគុណប្រយោជន៍ប្រើសម្រាប់ ចងល័ក្ត ឬបន្ទំល័ក្ដ។ គេអាចយកមែកវាមកមកប្រើជាបង្គងឬទ្រនំដង្កូវនាង។ ចំណែកផ្លែវាវិញ គេអាចប្រើជាថ្នាំជួយទម្លាក់ព្រូន។ រីឯផ្នែកសម្បក គេអាចផ្សំជាមួយថ្នាំផ្សេងៗទៀត ដើម្បីព្យាបាលដំបៅឃ្លង់ ឬបូសអន្ទង់។ បើស្លឹកវិញ គេនិយមប្រើសម្រាប់មូរថ្នាំ ជាបារីជក់។ រុក្ខជាតិនេះមានឃើញនៅស្ទើរតែគ្រប់ទីកន្លែង ហើយដុះមិនសូវរើសដីផង ទាំងទីវាល ឬដុះនៅប្របមាត់ទឹក។ មានស្ថាននាមខ្លះ គេយកតាមឈ្មោះរុក្ខជាតិនេះទៀតផង។ ឧទាហរណ៍ដូចជា ឈ្មោះ ស្ទឹងសង្កែ, ស្រុកសង្កែ, វត្តសង្កែ ជាដើម។
នៅទីនេះខ្ញុំសូមបង្ហាញអំពីរៀបអ៊ុតស្លឹកសង្កែរបស់ដូនចាស់ម្នាក់រស់នៅភូមិសង្គមថ្មី ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ កិច្ចការនេះគាត់ធ្វើដើម្បីលក់បានប្រាក់កម្រៃខ្លះផ្គត់ផ្គង់ជីវភាព។ ឯលក់នោះសោតគឺលក់ឲ្យទៅចាស់ជិតខាងក្នុងភូមិដែលនៅនិយមជក់បារីស្លឹកសង្កែនៅឡើយ។ រៀងរាល់ថ្ងៃ លោកយាយតែងទៅបេះស្លឹកសង្កែដែលមានដុះច្រើន នៅតាមជប់ ប្របមាត់ទឹក និងនៅតាមព្រៃមិនឆ្ងាយប៉ុន្មានពីភូមិ។ បន្ទាប់ពីបេះរួច គាត់ទុកស្លឹកនោះប្រហែលមួយថ្ងៃ ឬពីរថ្ងៃទើបយកមក «អ៊ុត» (រូបលេខ១)។ ឯការអ៊ុតស្លឹកនោះ ជាដំបូងគាត់ចាប់រៀបស្លឹកដាក់លើថ្មដែលមានផ្ទៃរាបស្មើល្អ ដោយមានបង្កាត់ភ្លើងពីក្រោមរួចជាស្រេច។ សព្វថ្ងៃសម្បូណ៌គម្របឆ្នាំងលោហៈ គេអាចយកមកជំនួសថ្មក៏បានដែរ។ រួចយកកំណាត់កន្សែងច្រកខ្សាច់រុំជិត មកសង្កត់លើស្លឹកមួយសន្ទុះធំ ប្រមាណ១០ ទៅ១៥នាទី។ គួរបញ្ជាក់ដែរថាភ្លើងនោះពុំតម្រូវឲ្យមានអណ្ដាតភ្លើង ឬកំដៅខ្លាំងពេកទេ ព្រោះងាយធ្វើឲ្យស្លឹកខ្លោច។ ស្លឹកទាំងនោះពុំចាំបាច់ប្រែត្រលប់ទេ ដោយហេតុថាស្លឹកនោះទទួលរងកំដៅពីផ្ទៃថ្មផង និងជះពីខ្សាច់មកវិញផង ដែលអាចសម្ងួតស្លឹកបានយ៉ាងល្អ។ ពេលមើលឃើញថាស្លឹកស្ងួត និងត្រង់ល្អហើយទើបគាត់លើកកញ្ចប់ខ្សាច់ចុះ រួចយកស្លឹកចេញ (រូបលេខ២, ៣) ទុកវាឲ្យត្រជាក់មួយសន្ទុះ ទើបគាត់ចាប់កាត់ចុង និងគល់ស្លឹកសមល្មម រួចមូរចងនឹងសរសៃអំបោះជាដុំៗជាបង្ហើយ (រូបលេខ៤)។ ចាស់ៗ ដែលពុំសូវមានពេលក៏អាចយកស្លឹកសង្កែស្រស់ដាក់នៅក្រោមកន្ទេលដើម្បីឲ្យវាត្រង់ល្អ និងយកមកមូរជក់តាមតម្រូវការ (រូបលេខ៥)។
រូបលេខ១
ដូចបាននិយាយពីខាងលើមកហើយ របរអ៊ុតស្លឹកសម្រាប់មូរថ្នាំជក់នេះ ពុំដឹងថាយើងអាចចាត់ចូលជារបរមួយបានឬទេ ព្រោះការធ្វើសម្រាប់លក់នោះមិនអាចចាត់ចូលជាជំនួញអ្វីធំដុំឡើយ។ ឯកម្រៃនោះសោតក៏ឃើញថាមិនបានច្រើនណាស់ណាសម្រាប់ទ្រទ្រង់ចិញ្ចឹមជីវិតអ្វីកើតបានដែរដ្បិតជាធម្មតាគាត់លក់ ១ដុំ ៥០០រៀល ឬឈានដល់ ២ដុំ ១៥០០រៀល ហើយក្នុងមួយដុំនោះមានស្លឹកប្រមាណពី ៣០ ទៅ ៤០ សន្លឹក។ រីឯការលក់ក៏ពុំទៅណាឆ្ងាយក្រៅពីចាស់ៗនៅក្នុងភូមិជាមួយ និងអាចមានអ្នកភូមិក្បែរនោះតិចតួចដែរ។ ពេលដែលខ្ញុំប្រទះឃើញដូនចាស់នេះអ៊ុតស្លឹក ចំជាពេលរដូវច្រូតពុំសូវឃើញយុវជន ឬមនុស្សពេញកម្លាំងនៅភូមិទាល់តែសោះ ដ្បិតនៅភូមិនេះយុវជនពេញកម្លាំងមួយចំនួនធំធ្វើចំណាកស្រុកទៅធ្វើការនៅស្រុកថៃឡង់ដ៍។ ចំណែកឯមនុស្សមានវ័យកណ្តាលនៅក្នុងភូមិក៏ចេញទៅច្រូត ម្ល៉ោះហើយនៅក្នុងភូមិមានតែមនុស្សចាស់ៗនៅចាំផ្ទះមើលចៅ។ ឆ្លៀតពេលទំនេរខ្លះ ពួកគាត់រកការធ្វើនេះធ្វើនោះដើម្បីកុំឲ្យទំនេរដៃ ដូចពាក្យដូនចាស់នេះ ពោលប្រាប់ខ្ញុំថា «ចេះតែរកការនេះនោះធ្វើជាជាងដកដង្ហើមចោល»។ តែបើត្រឹមតែនិយាយថាធ្វើកុំឲ្យទំនេរដៃនោះក៏មិនឈិនឆៃប៉ុន្មានដែរ ព្រោះបើយើងមើលពីទំហំការងារនិងប្រាក់កម្រៃហាក់មិនសូវសមាមាត្រគ្នាប៉ុន្មានទេ។