• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

ភាជន៍ផ្សេងៗ

ដោយ ព្រាប ចាន់ម៉ារ៉ា

យើងដឹងហើយថាភាជន៍ជាវត្ថុសំខាន់ខ្លាំងណាស់ ដោយសារសម្រាប់ដាក់វត្ថុច្រើនបែបច្រើនយ៉ាង។ នៅទីនេះខ្ញុំពុំនិយាយពីចានក្បានសម្រាប់ដាក់បាយសម្លទទួលទានរាល់ថ្ងៃជាទៀងទាត់នោះឡើយ ។ ឯពាក្យថា “ដាក់” នោះសោតក៏ពុំសំដៅទៅគំនិតថារក្សាអ្វីមួយទុកឲ្យបានយូរ ពុំឲ្យប៉ះថ្ងៃ ឬសំណើម ឬសត្វល្អិតមកបំផ្លាញជាដើមនោះដែរ តែគោលបំណងធំនោះ គឺដាក់ជុំគ្នាឲ្យមានរបៀប កុំឲ្យរាយប៉ាយវត្ថុនានា ហើយម៉្យាងទៀតគឺឲ្យគាប់ភ្នែកទៀតផង។ ដូច្នោះហើយបានជាភាជន៍ ច្រើនតែឃើញគេយកទៅដាក់គ្រឿងតង្វាយ, សំណែន ឬតម្កល់គ្រឿងរណ្តាប់ជាដើម។ នៅសម័យបុរាណច្បាស់ជាគេយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការប្រើប្រាស់ភាជន៍នានា ត្បិតនៅតាមរូបចម្លាក់គេអាចឃើញភាជន៍ច្រើនបែបច្រើនយ៉ាងណាស់។ នៅរូបលេខ១-៤ ដែលខ្ញុំបង្ហាញនេះ ជាចំនួនភាជន៍មួយភាគតូច ប៉ុណ្ណោះ បើចង់ឃើញវែងឆ្ងាយ អាចឃើញច្រើនបំផុតនៅប្រាសាទបន្ទាយឆ្មារ, បាយ័ន្ត និងអង្គរវត្ត។ នេះរាប់តែប្រាសាទធំៗផង។

រូបលេខ៤

រូបលេខ៤

រូបលេខ៣

រូបលេខ៣

រូបលេខ២

រូបលេខ២

រូបលេខ១

រូបលេខ១

ភាជន៍មួយប្រភេទអាចធ្វើពីវត្ថុធាតុផ្សេងៗគ្នា បើអ្នកមានស្តុកស្តម្ភអាចធ្វើពីមាស ពីប្រាក់ ឬលោហៈផ្សេងទៀត មានសំរឹតឬស្ពាន់ជាដើម។ ពោលនេះពុំសំដៅពីសោភ័ណប៉ុន្មានទេ គឺគ្រាន់តែបង្ហាញថា មជ្ឈដ្ឋានអ្នកស្តុកស្តម្ភអាចប្រើវត្ថុថ្លៃយ៉ាងនោះ។ ឯភាជន៍ដដែល តែធ្វើពីវត្ថុធាតុផ្សេងក៏គេនៅតែធ្វើផ្ចិតផ្ចង់រចនាដូចគ្នា ព្រោះគេយល់ថាសោភ័ណភាពមានសារសំខាន់ មានន័យថាអ្នកក្រក៏នៅតែអាចរករបស់របរល្អគាប់ភ្នែកប្រើប្រាស់បាន ថ្វីត្បិតតែពុំមែនជាមាសជាប្រាក់។ វត្ថុប្រភេទនេះ មានមួយចំនួនធ្វើអំពីដីដុត។ ឯដុតនោះសោត ជួនកាលដុតក្នុងកម្រិតកម្តៅទាបឲ្យគ្រាន់តែឆ្អិនដី ប្រើទៅមិនជ្រាបទឹក ជួនកាលទៀតដុតក្តៅ មានថែមស្រទាប់រលោងពីលើ ចេញជាសាច់ចាន។ ឯមួយភាគធំសម្បូណ៌ជាងគេនោះ គឺធ្វើពីរុក្ខជាតិ មានឈើ, ឫស្សី, ផ្តៅ, រពាក់, វល្លិ, ធាងត្នោត៘ គេរចនាដោយក្រឡឹងឆ្លាក់, ក្រង, ត្បាញ, ចាក់ និងប្រើបច្ចេកទេសផ្សេងៗទៀត ដែលលំបាកនឹងរាប់នៅទីនេះ ហើយមានយកជ័រឈើ, ម្រាក់, ល័ក្តមកលាបលន ជួនកាលទៀតរហូតដល់បញ្ចុះភ្លុក បញ្ចុះឆ្អឹង ដាំខ្យង ឬទឹបមាសទៀតផង។ នៅរូបលេខ៥ យើងឃើញថាស្រីដែលចំណាស់ជាងគេកំពុងកណ្តៀតតុ ចំណែកឯនាងដែលក្មេងជាងគេកំពុងកាន់ជើងពាន ហើយនៅលើឥដ្ឋផ្ទាល់ក៏មានជើងពានមួយទៀត។ ភាជន៍ទាំងបីនេះសុទ្ធសឹងមានវត្ថុដែលរៀបចំទំនងសម្រាប់ជាយកទៅធ្វើពិធីអ្វីមួយ។ រូបលេខ៦-៧ បង្ហាញថាសម័យបច្ចុប្បន្ននេះខ្មែរក៏នៅតែគោរពតាមទំនៀមទម្លាប់បុរាណ ត្បិតយើងឃើញមានភាជន៍ផ្សេងៗដែលគេកាន់ហែនៅក្នុងពិធី។

រូបលេខ៥

រូបលេខ៥

រូបលេខ៦

រូបលេខ៦

រូបលេខ៧

រូបលេខ៧

ភាជន៍មានឈ្មោះហៅផ្សេងៗគ្នាទៅតាមរូបរាងនិងតួនាទី។ រូបលេខ៨-៩សុទ្ធសឹងជា “ តុ ”, មួយជាឈើលាបម្រាក់ ហើយមានគំនូររចនាបន្តិចបន្តួច មួយទៀតជាតុដាំខ្យង។ រូបលេខ១០-១១ បង្ហាញពីការប្រើប្រាស់ មួយតម្កល់គ្រឿងរណ្តាប់ មួយទៀតតម្កល់ក្រាំង។ នៅរូបលេខ១២ ភាជន៍ធ្វើពីឈើជាតុដូចគ្នា ឯភាជន៍លោហៈគឺជា “ជើងពាន”។ លេខ១៣ ជារូប “ថាំងតែ”។ លេខ១៤ ជារូប “ថាស” ធ្វើពីស្ពាន់ តែដោយសារសព្វថ្ងៃរបស់ល្អបែបនេះកាន់តែក្រហោចទៅ យើងច្រើនឃើញថាសដូចនៅរូបលេខ១៥ ដែលមានលក់តាមផ្សារស្រាប់ៗនេះញឹកញាប់ជាង។ តែបើនៅជនបទជួនកាលយើងឃើញគេយកចង្អេរមកជំនួស (រូបលេខ១៦) ពុំដឹងថាតើមកពីខ្វះថាសបែបសម័យលក់តាមផ្សារ ឬមួយមកពីចង្អេរធ្វើពីរុក្ខជាតិដោយដៃមនុស្សជាទីគាប់ភ្នែកជាង។ រូបលេខ១៧-១៩ ជារូប “តោក”។ មួយមានទឹបមាស ពីរទៀតសុទ្ធតែដាំខ្យងមានក្បាច់ខុសៗគ្នា។ រូបលេខ២០ ហៅថា “តៀប” ឯរូបលេខ២១ ហៅថា “ឃ្លុម”។ ផ្កាស្លា មួយពេញលេញ មួយកំបុត ដែលឃើញនៅរូបលេខ២២ មាន “ជើងស្រាពក៍” ជាទម្រ។

រូបលេខ៨

រូបលេខ៨

រូបលេខ១១

រូបលេខ១១

រូបលេខ១៤

រូបលេខ១៤

រូបលេខ១៧

រូបលេខ១៧

រូបលេខ២០

រូបលេខ២០

រូបលេខ៩

រូបលេខ៩

រូបលេខ១២

រូបលេខ១២

រូបលេខ១៥

រូបលេខ១៥

រូបលេខ១៨

រូបលេខ១៨

រូបលេខ២១

រូបលេខ២១

រូបលេខ១០

រូបលេខ១០

រូបលេខ១៣

រូបលេខ១៣

រូបលេខ១៦

រូបលេខ១៦

រូបលេខ១៩

រូបលេខ១៩

រូបលេខ២២

រូបលេខ២២

រៀបរាប់ប៉ុន្មានមកនេះជាឧទាហរណ៍មួយចំនួនធំអំពីភាជន៍ក៏ពិតមែន តែច្បាស់ជានៅមានខ្វះចន្លោះទៀត ជាពិសេសបើត្រឡប់ទៅអតីតកាលវិញ យើងឃើញភាជន៍ច្រើនបែបណាស់នៅតាមចម្លាក់ ដែលយើងពុំដឹងជាគេហៅថាអ្វីផង។

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved