• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

របរដុតកំបោរនៅស្រុកបន្ទាយមាស ខេត្តកំពត

ដោយ គង់ វីរៈ

ពីមុនមក ផ្ទះសម្បែងនៃអ្នកស្រុកទូទៅតែងធ្វើឡើងពីឈើ គួបផ្សំនឹងរុក្ខជាតិដទៃទៀត តែបើជាសំណង់រឹងមាំធំៗជាប្រយោជន៍សាធារណ៍ ដូចជាព្រះវិហារ ឬកុដិខ្លះ គេធ្វើពីឥដ្ឋដោយបូកបាយអ ដែលមានកំបោរជាសារធាតុសំខាន់។ ដូច្នេះហើយបានជាមានពាក្យសម្រាប់ហៅជាងផ្ទះថ្ម ដែលតាមពិតជាផ្ទះរៀបឥដ្ឋថា “ជាងកំបោរ”ដូច្នេះតែម្តង។ មិនត្រឹមតែជាសំណង់សាធារណ៍ទេ អភិជនខ្លះៗសង់គេហដ្ឋានរបស់ខ្លួនធំស្កឹមស្កៃពីឥដ្ឋ ដែលយើងហៅថា “ផ្ទះថ្ម” ដែរ។ ដូច្នេះហើយ យើងតែងឮពាក្យឲ្យពរថា “...សូមឲ្យមានបានសម្បត្តិសម្បូណ៌ហូរហៀរ មានផ្ទះថ្មសសរឥដ្ឋ...”ជាដើម។ ដូច្នេះពាក្យថា “ផ្ទះថ្ម” នេះ គឺផ្ទះដែលរៀបពីឥដ្ឋនិងបូកពាសដោយកំបោរបាយអ។ មកដល់ត្រឹមនេះយើងដឹងថា មុនមានស៊ីម៉ងត៍មកជំនួសកំបោរ រាល់ការសាងសង់ច្បាស់ជាត្រូវការកំបោរច្រើនណាស់។ តើកំបោរទាំងនោះ គេប្រើពីពេលណា? ហើយយកមកពីណា?

បើនិយាយតែពីស្រុកខ្មែរ យើងដឹងថាគេចេះប្រើកំបោរតាំងពីយូរណាស់មកហើយ ពោលគឺ តាំងពីរវាងដើមគ្រិស្តសករាជម៉្លេះ នេះបើយើងពិនិត្យបុរាណវត្ថុខ្លះៗ។ រូបលេខ១-២ ជាប្រតិមាធ្វើពីកំបោរបាយអដែលគេប្រទះឃើញភាគច្រើននៅតំបន់ដីសណ្តទន្លេមេកុង នៅអតីតទីក្រុងកំពង់ផែអូរកែវ។ ជាបន្តបន្ទាប់មក គេប្រើជាបាយអពាសជញ្ជាំងប្រាសាទឥដ្ឋមួយចំនួនដើម្បីឆ្លាក់ក្បាច់ផ្សេងៗ។ ឧទាហរណ៍ ចម្លាក់កំបោរបាយអនៅតាមជញ្ជាំងប្រាសាទនៅក្រុមប្រាសាទសម្បូណ៌ព្រៃគុកជាដើម (រូបលេខ៣-៤)។ ឧទាហរណ៍របៀបនេះអាចឃើញមានច្រើនទៀតនៅតាមប្រាសាទក្នុងសម័យអង្គរ ដូចជានៅប្រាសាទព្រះគោ, ប្រាសាទប្រែរូប និងមេបុណ្យ៘ (សូមអាននៅជំពូកទី៤ អត្ថបទលេខរៀងទី៥៤)។

រូបលេខ១

រូបលេខ១

រូបលេខ៣

រូបលេខ៣

រូបលេខ២

រូបលេខ២

រូបលេខ៤

រូបលេខ៤

បើពោលពីគ្រឹះប្រាសាទវិញ កំបោររឹតតែសំខាន់ខានមិនបានសម្រាប់លាយផ្សំនឹងខ្សាច់ប៉ុកបង្ហាប់ជាគ្រឹះ។ ការវិភាគនៃអ្នកឯកទេសជប៉ុនដែលកំពុងជួសជុលប្រាសាទនៅតំបន់អង្គរបង្ហាញថា ល្បាយខ្សាច់នៃគ្រឹះប្រាសាទតែងមានសារធាតុកំបោរប្រមាណ១០ភាគរយ។ ការវិភាគបង្ហាញថា កំបោររស់ដែលលាយជាមួយខ្សាច់នេះ ពេលមានប្រតិកម្មជាមួយសំណើមក្នុងខ្សាច់គឺធ្វើឲ្យល្បាយខ្សាច់នោះរឹងក្តាំង ហើយបន្ថយការជ្រាបទឹកផង។ ពោលមកត្រឹមនេះឃើញថា គេត្រូវការបរិមាណកំបោរច្រើនណាស់ក្នុងការសាងប្រាសាទ ជាពិសេសប្រាសាទធំៗនៅតំបន់អង្គរ។

សព្វថ្ងៃ នៅតាមភូមិស្រុកផ្សេងៗ យើងធ្លាប់ឮថាគេដុតសម្បកខ្យង ខ្ចៅ លៀស គ្រំធ្វើកំបោរ សម្រាប់បៀកហូបជាមួយស្លាម្លូ។ ការផលិតរបៀបនេះពិតជាមិនអាចបំពេញការប្រើប្រស់ក្នុងសំណង់បានទេ ពោលគឺសម្រាប់តែអ្នកទទួលទានម្លូស្លាសឹងថាមិនគ្រប់ផង។ ខ្ញុំនឹងមិននិយាយពីការធ្វើកំបោររបៀបនេះទេ។ ក្នុងអត្ថបទនេះ ខ្ញុំនឹងលើកយករបរដុតកំបោរក្នុងទំហំធំជាងនោះ ពោលគឺជាកម្រិតសិប្បកម្មមួយដែលទៀតទាត់ និងផ្តល់កម្រៃទ្រទ្រង់សេដ្ឋកិច្ចគ្រួសារបាន។

យើងតោងដឹងថា របរមួយចំនួនតែងមានទំនាក់ទំនងជាមួយនឹងបរិស្ថាននៃភូមិស្រុកផ្ទាល់តែម្តង។ បើយើងសង្កេតជារួម ភូមិសាស្ត្រខេត្តកំពតមានលក្ខណៈពិសេសត្រង់ថា សម្បូណ៌ទៅដោយភ្នំដែលកើតឡើងពីថ្មមួយប្រភេទពណ៌ស្ទើរស ដែលគេហៅថាថ្មកំបោរដូច្នេះតែម្តង។ ថ្មនេះហើយជាប្រភពវត្ថុធាតុដើមសម្រាប់ធ្វើកំបោរ។ ខ្ញុំមិនដឹងថា តើឡកំបោរដែលកំពុងដំណើរការនៅភូមិស្រុកនេះមានប៉ុន្មានទេសព្វថ្ងៃនេះ តែយ៉ាងណាក៏ឃើញថា របរដុតកំបោរជាទំនៀមមួយនៃអ្នកស្រុកមួយចំនួនក្នុងខេត្តកំពតនេះតែម្តង ដ្បិតឃើញមានសំណល់ឡដុតកំបោរចាស់ៗនៅសេសសល់ពីជំនាន់មុន។ រូបលេខ៥ ជាឡចាស់មួយក្នុងចំណោមក្រុមឡ ដែលអ្នកស្រុកហៅថា “ឡដប់” នៅស្រុកកំពង់ត្រាច ដែលធ្វើឡើងនៅជំនាន់បារាំង។ ដោយសារលែងមានដំណើរការតាំងអំពីទសវត្ស១៩៧០មក រុក្ខជាតិនានាដុះបំាងធ្វើឲ្យលំបាកមើលយល់។ តាមមើលទៅ រចនាសម្ព័ន្ធ ព្រមទាំងរូបរាងទូទៅប្រហែលជាមិនខុសគ្នាប៉ុន្មានពីឡនៅរូបលេខ៦ ដែលថតពីទសវត្ស១៩៣០នៅកម្ពុជាក្រោម ដែលកាលនោះបារាំងកាន់កាប់។

រូបលេខ៥

រូបលេខ៥

រូបលេខ៦

រូបលេខ៦

ទោះបីជាសព្វថ្ងៃ ការប្រើស៊ីម៉ងត៍មានពាសពេញជាទូទៅហើយក្តី ក៏គេមិនបោះបង់កំបោរទាំងស្រុងដែរ នេះប្រហែលជាកំបោរនៅតែមានសារសំខាន់ក្នុងសំណង់ មានការលាបផ្ទាំងជញ្ជាំង និងក្នុងការប្រើប្រស់ផ្សេងៗ ដូចជាសម្រាប់ហូមម្លូស្លាជាដើម។

សព្វថ្ងៃ បើយើងធ្វើដំណើរពីភ្នំពេញទៅខេត្តកែបតាមផ្លូវបែកគូស (គឺផ្លូវដែលបែកចេញពីផ្លូវជាតិលេខ៣) មកដល់ភូមិព្រៃតាព្រឹទ្ធ ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស យើងអាចឃើញឡមួយមានកម្ពស់ប្រមាណ៥ម. នេះជាឡដុតកំបោរមួយដែលមានដំណើរការជាប្រក្រតី។ រូបរាងសណ្ឋាននោះប្រហែលគ្នានឹងឡដុតឥដ្ឋដែរ តែមានទំហំតូចជាង ហើយមាត់លើបើកចំហ មើលទៅដូចជាគុកស្ករដ៏ធំមួយ (រូបលេខ៧)។ ផ្នែកខាងក្រោមមានច្រកធំល្មមសម្រាប់បញ្ចូលឧស (រូបលេខ៨)។ ជញ្ជាំងឡនោះគេរៀបឥដ្ឋឲ្យមានកម្រាស់ក្រាស់ ដោយទុកផ្នែកខាងក្នុងជាបន្ទប់មួយ ដែលរីកសាយទៅលើបន្តិចត្រង់កន្លែងមានល្បាក់មួយ ហើយទុកមាត់ចំហឥតមានដំបូល។ រូបលេខ៩ ជារូបមើលពីលើ។ ដោយសារឡដែលពោលមកនេះ ដំណើរការជាលក្ខណៈគ្រួសារ ដូច្នេះទំហំក៏មិនសូវធំ ពោលគឺមាត់លើមានទទឹង២ម., កម្ពស់ប្រមាណ៥ម. សម្រាប់ចំណុះថ្មប្រមាណ១០តោន។ អ្នកដុតត្រូវទៅវាយបំបែកយកថ្មពីភ្នំនៅក្បែរភូមិដោយខ្លួនឯង ដោយពុំចាំបាច់ទិញដូរពីនរណាឡើយ (រូបលេខ១០)។ ដូច្នេះរបរដុតកំបោរត្រូវការគ្នីគ្នាជាមនុស្សប្រុសដែលមានកម្លាំងមាំមួន។ គេត្រូវវាយថ្មពីភ្នំជាដុំធំល្មមអាចស្រួលដឹកជញ្ជូនតាមរទេះ។ សព្វថ្ងៃងាយជាងមុនដោយសារគេប្រើគោយន្ត (រូបេលខ១១)។ ពេលដុតគេត្រូវតម្រៀបថ្មបញ្ចូលក្នុងពោះឡ ដោយរៀបបន្តិចម្តងៗឡើងទៅលើរហូតពេញឡ។ តែគេត្រូវទុកច្រកមួយនៅខាងក្រោមសម្រាប់ដាក់ឧសដុត និងជាបន្ទប់ចំហេះផង។ ដូច្នេះ ការរៀបថ្មនេះត្រូវមានក្បួនត្រឹមត្រូវទើបរៀបបាន ពោលគឺរៀបចាប់ចេញពីល្បាក់ដែលបានពោលខាងលើ រួចបន្តុបថ្មទល់គ្នាជាបន្តបន្ទាប់ឲ្យរួមចូលគ្នាន្តិចម្តងៗ រហូតដល់ថ្មមកទល់គ្នាជុំជិតនៅខាងលើ។ ធ្វើដូច្នេះ ពេលងើយមើលពីក្នុងទៅ ឃើញដូចជាដំបូលឡើងក្រឡូមបីដូចជាខ្ទះផ្កាប់ដូច្នោះឯង (រូបលេខ១២)។ ឡដែលនិយាយនេះ គេអាចរៀបថ្មបានកម្រាស់ប្រមាណជាង៣ម. (រូបលេខ១៣)។ រីឯការដុតត្រូវការពេលរវាង៤៨ម៉ោង ពោលគឺស្ទើរពេញពីរថ្ងៃពីរយប់។ ពេលដុតម្តងៗ គេត្រូវត្រៀមឧសឲ្យបានគ្រប់គ្រាន់ស្រេចបាច់ ដ្បិតពេលដុតនោះ គឺមិនអាចឲ្យដាច់ភ្លើងបានទេ។ ដូច្នេះគេត្រូវចែកវេនគ្នាមើលភ្លើងទាំងយប់ទាំងថ្ងៃ។ ភ្លើងក្នុងឡនេះក្តៅខ្លាំងណាស់ ដោយសារចំហេះឧសផង ហើយថ្មខ្លួនឯងក៏ឆេះផង។ លុះដុតគ្រប់តាមចំនួនម៉ោងហើយ គេត្រូវពន្លត់ភ្លើង រួចទុកមួយយប់ ឬមួយព្រឹកដើម្បីឲ្យថ្មទាំងនោះត្រជាក់ស្រួលបួក ទើបរើចេញ។ ពេលរើមក ថ្មនេះនៅជាដុំរឹងដូចមុនដដែល ពោលគឺមិនទាន់ក្លាយជាម្សៅកំបោរភ្លាមៗទេ។ គេត្រូវរើថ្មនេះចេញភ្លាមៗដោយមិនបង្អែបង្អង់យូរ បើពុំដូច្នោះទេ ថ្មនឹងប្រែជាក្តៅឡើងវិញ ដោយសារនេះជាកំបោររស់នៅឡើយ កាលណាប៉ះនឹងសំណើម តែងតែឡើងកម្តៅខ្លាំងដូច្នោះឯង។ ពេលរើចេញមកក្រៅ និងទុកចោលមួយសន្ទុះមក ថ្មក៏ប្រែជាផុយរលាយទៅជាម្សៅកំបោរដោយខ្លួនវា។ ការដែលថ្មផុសម៉ត់ជាម្សៅដូច្នេះហើយ គេនិយាយថាវា “កុស” ហើយជាធម្មតាគេចង់ឲ្យតែវាកុស ឥតសេសសសល់អ្វីដូច្នេះឯង។ ដូច្នេះបើមិនរួសរាន់រើយកមកក្រៅទេ ម្សៅដែលផុសមកនោះនឹងទៅលាយឡជាំមួយធ្យូងនិងផេះដែលនៅក្នុងឡនោះ។ ម្សៅកំបោរដែលបានមកនេះក៏នៅជាកំបោររស់ដដែល ដូច្នេះគេត្រូវច្រកការុងភ្លាមៗកុំឲ្យប៉ះនឹងខ្យល់ឬសំណើម (រូបលេខ១៤)។ ប៉ុន្តែជួនកាលមិនកុសទាំងអស់ទេ មានភាគខ្លះនៅរឹង ដោយសារពុំបានប៉ះកម្តៅភ្លើងគ្រប់គ្រាន់។ ថ្មនេះមិនអាចយកទៅដុតជាលើកទីពីរបានទេ ប៉ុន្តែពុំខាតបង់ទាំងស្រុងឡើយ ព្រោះគេអាចយកទៅប្រើជាថ្មស្អុយ។

រូបលេខ៧

រូបលេខ៧

រូបលេខ១០

រូបលេខ១០

រូបលេខ៨

រូបលេខ៨

រូបលេខ១១

រូបលេខ១១

រូបលេខ៩

រូបលេខ៩

រូបលេខ១២

រូបលេខ១២

រូបលេខ១៣

រូបលេខ១៣

រូបលេខ១៤

រូបលេខ១៤

ឡដែលរៀបរាប់មកនេះប្រហែលគេពុំចាត់ទុកថាមានទំហំជាអតិបរមាឡើយ ព្រោះគេនិយាយថា មានឡខ្លះអាចផ្ទុកថ្មបានដល់៧០តោនក៏មាន ហើយបើមើលរូប “ឡដប់” នៅកំពង់ត្រាចក៏គួរជឿថាដូច្នោះមែន។ ការទិញលក់ក៏មិនលំបាករកម៉ូយអ្វីដែរ គឺមានឈ្មួញមកទិញដល់ទីកន្លែងតែម្តង ឬកក់ទុកមុនទៀតផង។ របរនេះអាចមានចំណូលទ្រទ្រង់សេដ្ឋកិច្ចបានគួរសមដែរ។ បើពីមុន ពេលដែលសាងសង់អ្វីក៏ត្រូវការកំបោរ ច្បាស់ជារបរនេះកាក់កបជាងសព្វថ្ងៃ។

ពីមុនមក យើងមិនដឹងថាមានជំនឿអ្វីខ្លះដែលពាក់ព័ន្ធនឹងការដុតកំបោរនេះទេ តែបើមើលមកសព្វថ្ងៃហាក់ដូចជាពុំមានត្រណមអ្វីពិសេសធំដុំឡើយ។ តែទោះជាយ៉ាងណាក៏នៅមានការសែនព្រេនតិចតួចដែរ ជាពិសេសរាល់ថ្ងៃសីលម្តងៗ។ គេសែននោះ គឺសែនទៅអ្នកតាពិសេសមួយនៅក្នុងភូមិរបស់គេតែម្តង គឺ “តាកុស យាយកុស”។ គួរសង្កេតទៅលើឈ្មោះអ្នកតានេះ ដ្បិតហាក់ដូចជាបង្ហាញឲ្យឃើញថា តួនាទីដ៏សំខាន់គឺទាក់ទងនឹងអាជីពរបស់អ្នកគោរពនោះឯង។

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved