• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

យីកេតាឃី

ដោយ វណ្ណ វិរៈបុត្រ

អត្ថបទនេះទាក់ទងទៅនឹងសិល្បៈសម្តែងមួយហៅថា «យីកេ» ប៉ុន្តែគ្រាន់តែជា កំណត់ហេតុខ្លីមួយប៉ុណ្ណោះគឺថាពុំមែនជាលទ្ធផលនៃការស្រាវជ្រៅជ្រះអ្វីមួយដេញរក ប្រវត្តិនិងការវិវឌ្ឍនៃល្ខោននេះឡើយ។ ល្ខោនដែលស្ទើរតែបាត់បង់អស់ទៅហើយនេះ រហូតមកដល់ទសវត្ស ១៩៦០នៅមានដង្ហើមល្មមគួរសម ថ្វីត្បិតតែកាលនោះ ចាប់ផ្តើម ថប់ខ្លះៗហើយដែរ។ ខ្ញុំមិនដឹងថាជាន់នោះ នៅប្រទេសកម្ពុជាទាំងមូលមានក្រុមយីកេអ្វីខ្លះ ហើយនៅឯណាខ្លះទេ គ្រាន់ តែដឹងថាមានក្រុមមួយដែលហាក់ដូចជាល្បីជាងគេ ហើយ ដែលគេហៅយ៉ាងសាមញ្ញថា «យីកេតាឃី»។ ក្រុមនេះចេញមកពីភូមិដកពរ, ឃុំបឹងត្រាញ់ខាងត្បូង, ស្រុកសំរោង, ខេត្តតាកែវ ហើយករកើតឡើងដោយលោកតាឃី ឬបើពោលឈ្មោះមួយចប់គឺ «អូត ឃី» ដែល ចែកស្ថានទៅនៅឆ្នាំ១៩៧០ ក្នុងអាយុ៧៣ឆ្នាំ។

តាឃីរៀនសិល្បៈភ្លេងដូចជាចាប៉ីដងវែងព្រមទាំងវិជ្ជាខ្លះៗទៀតមកពីគ្រូគាត់ឈ្មោះ «ឈឹម» ដែលរស់នៅម្តុំភ្នំជីសូរ្យ។ រៀននោះគឺតាំងពីគាត់នៅកម្លោះម្ល៉េះ។ គាត់ប្រមូលគ្នីគ្នាក្នុងគ្រួសារផ្ទាល់, ក្នុងភូមិខ្លួនឯងនិងភូមិជិតៗ បង្កើតបានជាក្រុមមួយដែលអ្នកសម្តែងសុទ្ធតែជាប្រុស។ កាលនោះអ្នកដើរតួឯកប្រុសឈ្មោះ «ឌី» ឯប្រុសដើរជាតួឯកស្រីវិញឈ្មោះ «ចេវ»។ ឯពេលសម្តែងវិញនោះ ដំបូងឡើងគ្មានសង់រោងទេ គឺក្រាលកន្ទេលលេងលើដី រីឯអ្នកមើលវិញក៏ដូចគ្នា។ គេហៅថា «ដំកង់»។ កាលទើបនឹងកើត ឧបករណ៍ភ្លេងមានតែស្គរនិងស្រឡៃប៉ុណ្ណោះ ហើយគឺតាឃីធ្វើដោយដៃគាត់ផ្ទាល់។ ទាល់តែក្រោយមកទើបមានទ្រនិងអ្វីផ្សេងៗទៀត។ ពន្លឺមានតែភ្លើងចន្លុះ បើគ្រាន់បើជាងនោះបន្តិចគឺចង្កៀងម៉ាំងសុង។ ឯរឿងដែលយក មកសម្តែង បើខ្លីមានដូចជាម៉ាក់ថឺងជាដើម បើវែងមានព្រះជិនវង្ស, ភិនសុវណ្ណ, ព្រះលក្សិណវង្ស, ព្រះចន្ទកោរព។ល។ បើរឿងណាវែង ទាល់តែលេងតគ្នា២យប់។ គេតែងជួលក្រុមនេះក្នុងឱកាសបុណ្យផ្សេងៗ ដូចជាមានបុណ្យផ្កាតាមវត្ត ឬក៏បុណ្យកឋិនជាដើម។ លេងឲ្យវិទ្យុជាតិក៏មានដែរ គឺប្រហែលឆ្នាំ១៩៥៥ ដោយ១ខែថត២ដង។ មានទៅលេងនៅខេត្តនានា មានសៀមរាប, កំពង់ធំ, បាត់ដំបង, ពោធិសត្វ, កោះកុង...

តាឃីមានកូនទាំងអស់៩នាក់។ សព្វថ្ងៃនៅសល់តែកូនស្រីទីបី ដែលមានអាយុ៨៣ឆ្នាំហើយ គឺលោកយាយឃីមុំ។ ទាល់តែលោកយាយមុំបានអាយុ១២ឆ្នាំទើបក្រុមយីកេឪពុកគាត់ចាប់ផ្តើមមានតួស្រី។ តួស្រីខ្លះជាកូនផ្ទាល់ ខ្លះទៀតជាកូនអ្នកស្រុកជាមួយគ្នា។ កាលលោកយាយ មុំបានអាយុ១២ឆ្នាំ ឪពុកចាប់ផ្តើមឲ្យចូលហាត់លេងខ្លះៗដែរ។ ទាល់តែអាយុ១៩ឆ្នាំទើបចូលលេងពេញលេញជាតួឯក កាលនោះគឺមុនពាក់កណ្តាលសាសនាមួយឆ្នាំ (ឆ្នាំ១៩៥៦) ឯលោកយាយមានកូន២ហើយ។

ម្តាយគាត់ជាអ្នកបង្រៀន ព្រោះម្តាយគាត់ក៏លេងដែរ ហើយជា «តួនាង» ទៀតផង។ ឯអ្នកភ្លេងនោះក៏សុទ្ធតែបងៗលោកយាយមុំដែរ។ គ្រាន់តែមួយគ្រួសារតាឃីឃើញថា១១នាក់ទៅហើយ បូកជាមួយអ្នកក្រៅទៀតបានជាង២០នាក់។

ទាល់តែចាប់ផ្តើមមានស្រី ទើបសម្តែងមានឆាក មានវាំងនន។ ឯឆាកនោះគឺភូមិស្រុកណាដែលជួលនោះឯងដែលទទួលបន្ទុកសង់។ ក្រុមយីកេរបស់តាឃីមិនមែនល្បីត្រឹមតែមហាជនប៉ុណ្ណោះទេ ក្នុងឆ្នាំ១៩៦០លោកយាយមុំ ត្រូវបានសម្តេចព្រះមហាក្សត្រីយានីស៊ីសុវត្ថិ កុសមៈនារីរ័ត្ន សព្វព្រះរាជហឫទ័យឲ្យច្រៀងគាល់បម្រើ ជាឧទាហរណ៍នៅពេលដែលស្តេចយាងទៅក្រសាលទឹកនៅដំណាក់ពពាលខែ ក្នុងក្រុងឧដុង្គ លោកយាយបានទៅច្រៀងគាល់បទយីកេមួយដែលមានឈ្មោះថា «មឿណាន់ទី២» ហើយលោកយាយនៅចងចាំដល់សព្វថ្ងៃនេះ។

ដូចបាននិយាយពីលើមកហើយ លោកតាឃីទទួលអនិច្ចកម្មនៅឆ្នាំ១៩៧០។ នៅឆ្នាំនោះសង្គ្រាមចាប់ផ្តើមញាំញីប្រទេសកម្ពុជា ឯអ្នកស្រុកក៏ចាប់ផ្តើមកាត់បន្ថយការធ្វើបុណ្យដែរ ដោយសារយន្តហោះទម្លាក់គ្រាប់បែកនៅច្រើនទីកន្លែង។ ក្រុមល្ខោនតាឃីនៅពេលនោះជាប់មាត់ជាប់ពាក្យនឹងគេនៅទីផ្សេងៗ តែខកខានទៅលេង ដូចជានៅក្រគរ, ព្រែកក្តាម និងភូមិស្រុកខ្លះទៀតក្នុងខេត្តស្វាយរៀងនិងកំពង់ចាម។

នាបច្ចុប្បន្ននេះកូនស្រី ពោលគឺលោកយាយឃីមុំអាយុ៨៣ឆ្នាំ ដូចបានពោលពីខាងលើ។ លោកយាយមានកូន១០នាក់ តែស្លាប់ទាំងប្តីទាំងកូនស្ទើរតែទាំងអស់ គឺថានៅសល់តែកូនស្រីម្នាក់គត់ដែលជាកូនទី៩ឈ្មោះ ឃី សាខន ហើយដែលសព្វថ្ងៃអាយុ៥០ឆ្នាំ។ អ្នកស្រីឃី សាខនមានកូនស្រីម្នាក់ទៀតឈ្មោះសេង ណាលីន ដែលសព្វថ្ងៃមានអាយុ៣១ឆ្នាំហើយ។

ខ្ញុំនិយាយខាងលើអម្បាញ់មិញថាយីកេចាប់ផ្តើមបាត់បង់ប្រជាប្រីយភាពម្តងរួចមកហើយ។ ប៉ុន្តែនៅក្នុងទសវត្ស១៩៦០ ក្រុម ល្ខោនជាតិនៃកម្ពុជា» បានខិតខំបញ្ជូនគ្នីគ្នាទៅស្រាវជ្រាវផ្ទាល់មានដូចជា លោកតាឆេងផុន, លោកតាពេជ្រទុំក្រវិល, លោកតាព្រីងសាឃនជាដើម។ ចំពោះរឿងហាត់នោះ គឺហាត់បានតែពេលព្រលប់ៗទេ ត្បិតពេលព្រឹកលោកតាឃីគាត់ត្រូវធ្វើស្រែចម្ការ។ ព្រលប់ៗឡើងគាត់ក្រាលកន្ទេលត្នោតធំមួយនៅមុខផ្ទះ ហើយលោកតាឃីជាអ្នកលេងស្គរ និងពោលផ្ទាល់ ចំណែកប្រពន្ធគាត់កាន់រំពាត់វែងមួយគោះចង្វាក់ ព្រមទាំងបង្ហាត់ក្បាច់ផង។ នៅសម័យសង្គមរាស្រ្តនិយម ក្រុមល្ខោនជាតិដែលក្លាយមកជាមហាវិទ្យាល័យ នាដសាស្រ្ត ក្នុងក្របខណ្ឌនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនាឆ្នាំ១៩៦៥នោះ យកវិជ្ជានេះមកបណ្តុះបណ្តាលសិស្សបានរហូតដល់សម្តែងរឿង «ទុំទាវ» បានមួយលើក។ រហូតដល់ឆ្នាំ១៩៦៩ រឿងនេះបានយកទៅចូលរួមសម្តែងក្នុងមហោស្រពអន្តរជាតិផងដូចជា ប្រទេសម៉ាឡេស៊ី, និងប្រទេសហ្វីលីពីន។ នាសម័យសាធារណរដ្ឋខ្មែរ ក្នុងទសវត្ស១៩៧០ ក្រុមមហាវិទ្យាល័យនាដសាស្រ្តនេះបានសម្តែងម្តងទៀត ដោយមានកែឈុត និងពាក្យពេចន៍ខ្លះៗ បត់ទៅតាមរបបនយោបាយសម័យនោះ។ ត្រង់នេះមានរឿងពីរដែលត្រូវបញ្ជាក់។ ទីមួយគឺ ពីមុនមកមិនដែលមានក្រុមយីកេណាមួយលេងរឿងទុំទាវនេះទេ ថ្វីត្បិតតែរឿងនេះមានប្រជាប្រីយខ្លាំងក្នុងអក្សរសាស្រ្តខ្មែរដូចយើងដឹងគ្រប់គ្នា។ ដូច្នេះ នេះជាការបង្កើតថ្មីមួយដែលបង្ហាញថា គេអាចយករឿងអ្វីមកលេងជាយីកេក៏បានដែរ។ ទីពីរគឺថាការសម្តែងក្នុងទសវត្ស១៩៧០នោះល្បីល្បាញខ្លាំងណាស់។ គម្រោងដើមថាលេងតែ១ខែប៉ុណ្ណោះ តែដោយមានមនុស្សមើលពេញៗរោងរាល់ពេល គេក៏បន្តលេងរហូតដល់៣ខែ។ ក្នុងរយៈពេលនោះ ពេលមួយតួនាងទាវទ្រាំនឹងការហត់នឿយមិនបាន រហូតរកអ្នកម្នាក់ទៀតមកជំនួស។ សម័យនោះ សង្គ្រាមរាលដាលប្រទេសយើងពេញបន្ទុក។ អ្នកភ្នំពេញមិនអាចចេញទៅណាបានឡើយ។ ប្រសិនបើគ្មានកលិយុគនោះ ប្រហែលជាផុតពីភ្នំពេញទៅ ក្រុមវិចិត្រសិល្បៈទៅលេងតាមខេត្តនានាទៀត។

ត្រឡប់មកគ្រួសារតាឃីវិញ។ ដូចបានពោលច្រើនដងមកហើយ តាឃីទទួលអនិច្ចកម្ម ១៩៧០។ នៅក្នុងសម័យប៉ុល ពតកូនគាត់ស្ទើតែទាំងអស់ស្លាប់បាត់បង់នៅសល់តែលោក យាយ ឃី មុំដែលរួចរស់ជីវិត។លុះរបបកម្ពុជាប្រជាធិបតេយ្យរលំទៅអ្នកនៅរស់ខ្លះក្នុងមជ្ឈដ្ឋានដែលនិយាយពីខាងលើមកនេះ ខិតខំប្រមែប្រមូលគ្នីគ្នាដែលផុតពីស្លាប់ មកបង្កើតជាក្រុមយីកេឡើងវិញ ក្នុងក្របខណ្ឌនៃ«សាលាមធ្យមវិចិត្រសិល្បៈ»។ ពេលនោះឯងលោកយាយឃី មុំក៏ចូលមកបម្រើការជួយបណ្តុះបណ្តាលសិល្បៈយីកេនេះ រហូតដល់វ័យចាស់ត្រូវចូលនិវត្តន៍ក្នុងឆ្នាំ១៩៩៣។ មិនតែប៉ុណ្ណោះទេ លោកយាយបានខិតខំបន្តមរតកមួយនេះ តដល់កូនចៅលោកយាយទៀតផង។ មកទល់សព្វថ្ងៃនេះ ទាំងកូនទាំងចៅលោកយាយទាំងអស់សុទ្ធតែចេះច្រៀង ចេះសម្តែងយីកេទាំងអស់។ កូនលោកយាយបម្រើការនៅនាយកដ្ឋានទស្សនីយភាព រីឯចៅបម្រើការនៅវិទ្យុជាតិ។

អត្ថបទលេខ៧.៣១, ៧.៣២ និង ៧.៣៣ បន្តបន្ទាប់គ្នានេះសុទ្ធសឹងជាឧទាហរណ៍ទំនុក និងបទច្រៀងក្នុងឱកាសផ្សេងៗគ្នា។

ជួរខាងក្រោយ ៖ លោកយាយឃី មុំ និងកូនស្រីឃី សាខនអង្គុយផ្ទាល់ឥដ្ឋ ៖ ចៅស្រីសេង ណាលីន

 

 

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved