• Home
  • Contact Us
  • Links
  • Sponsorship
  • Register
Logo
logo
Logo
  • អត្ថបទថ្មីៗ
  • ពីនិពន្ធនាយក
  • ជំពូក១ ៖ របរចិញ្ចឹមជីវិត, ឧបករណ៍
  • ជំពូក២ ៖ ជំនឿ, ទំនៀមទម្លាប់
  • ជំពូក៣ ៖ សិល្បៈ , អក្សរសាស្រ្ត
  • ជំពូក៤ ៖ មរតកបុរាណ, ប្រវត្តិសាស្រ្ត
  • ជំពូក៥ ៖ ភូមិសាស្រ្ត, បរិស្ថាន, ធម្មជាតិ
  • ជំពូក៦ ៖ សម្រង់, ភាសាសាស្រ្ត
  • ជំពូក៧ ៖ សម្លេង, កុន

រស់នៅក្តីណា ?

ដោយ អាំង ជូលាន


ខ្ញុំសូមចុះធម៌សូត្រប្រែជាខ្មែរយ៉ាងសាមញ្ញមួយ ដែលយើងតែងសូត្រ ឬតែងឮនៅពេលចប់កិច្ចសូត្រមន្តអ្វីមួយ ដូចខាងក្រោមនេះ។

                  តេជះខ្ញុំសាង        សម្អិតសម្អាង        ឱនកាយវាចា
                  សូមសុខសោភា      រួចពីទុក្ខា           ឆ្លងដល់ត្រើយមហា

                                       ពោលគឺនិព្វាន។

                   គ្រប់ជាន់គ្រប់ជាតិ    កុំឲ្យខ្ញុំឃ្លាត         ពីសីលនិងទាន
                   គំនិតខ្ញុំកើត          កំណើតខ្ញុំមាន      មគ្គផលជាស្ពាន
                                           ដល់ស្ថានថ្លៃថ្លា។

                   ខ្ញុំជូនមគ្គផល        ចំពោះទៅដល់         មាតាបិតា
                   គុណគ្រូឧបជ្ឈា-         យាចារ្យ             គុណញាតិកា
                                         ប្រាំពិលសន្តាន។

                    ជីដូនជីតា           រស់នៅ ក្តី ណា        លោកម្ចាស់ចែកស្ថាន
                    ខ្ញុំជូនមគ្គផល      កុសលថ្កើងថ្កាន      សូមសុខក្សេមក្សាន្ត
                                         ដល់ស្ថានផុតទុក្ខ។

ក្នុងពាក្យសូត្រទាំងមូលនេះ ឃ្លាដែលខ្ញុំចាប់អារម្មណ៍ខ្លាំងមាននៅល្បះទី៤ ដែលនិយាយថា រស់នៅ ក្តីណា ជាពិសេសគឺពាក្យ «ក្តី» ដែលគួរយកមកពិចារណា។ តាមខ្ញុំស្មានមើលទៅ អ្នកដែលយល់ឃ្លានេះពិតប្រាកដ ប្រហែលជាពុំមានច្រើនទេ។ ក្នុងភាសាខ្មែរមានពាក្យពីរផ្សេងគ្នា ពោលគឺគ្មានន័យអ្វីទាក់ទងគ្នាឡើយ តែដែលសព្វថ្ងៃសរសេរដូចគ្នា៖ «ក្តី»។

ពាក្យទីមួយដើមឡើយគឺ «គតិ» ប្រែថា «ដំណើរ», «ដំណើរដើមទង», «ដំណើររឿង», «រឿងដែលត្រូវជំនុំជម្រះ»។ ពាក្យនេះក្លាយមកជា «ក្តី» ដូចជាមានពាក្យថា «ក្តីក្តាំ», «កាត់ក្តី», «សាលាកាត់ក្តី»។ ខ្ញុំដឹងហើយថា នៅស.វ.ទី២០ថ្មីៗនេះ គេយកពាក្យដើម ពោលគឺ «គតិ» មកប្រើវិញដែរ តែន័យនោះរួញមកនៅត្រឹមតែ «ដំណើរ» ដូចជាមានពាក្យថា «គតិបណ្ឌិត», «កាកគតិ» ជាដើម តែពាក្យ «ក្តី» ក្នុងន័យវែងឆ្ងាយដូចពោលពីខាងលើអម្បាញ់មិននេះក៏នៅតែប្រើដដែល ពុំបាត់បង់ទៅណា។

ពាក្យ «ក្តី» ទីពីរ ដើមឡើយគឺ «កុដិ» ដែលប្រើពាសពេញក្នុងសិលាចារឹកបុរាណ។ តាមពិតទៅនេះជាករណីដែលភាសាបារាំងសេសហៅថា doublet គឺថា ពាក្យដើមតែមួយបែកទៅជាពីរ ដ្បិតពាក្យដើមបំផុតថា «កុដិ» នោះ នៅជាកុដិដដែលរហូតផងដូចយើងស្គាល់ស្រាប់ ហើយជាមួយគ្នានោះក្លាយមកជា«ក្តី» ដែលគេប្រើទូទៅដូចគ្នាផង ដូចមានឈ្មោះបុរាណដ្ឋាន ឬលំនៅបព្វជិតខ្លះៗ៖ បន្ទាយក្តី, កំពង់ក្តី,ក្តីអង្គ, ក្តីតាកុយ, ក្តីតាចិន។ល។

គឺពាក្យ «ក្តី» ទីពីរនេះឯងដែលទាក់ទងនឹងប្រធានបទនេះ។ នៅបុរាណកាល «ក្តី» សំដៅលើអាគារច្រើនយ៉ាង រាប់តាំងពីជម្រកនៃអ្នកធ្វើធម៌ឡើងទៅ។ ដែលប្រើជាញឹកញាប់នោះគឺតែងសំដៅទៅលើតួប៉មប្រាសាទ។ នៅរូបលេខ១ យើងឃើញផ្នែកកណ្តាលនៃប្រាសាទព្រះគោ ដែលមានតួប៉ម៦ រាយគ្នាជាពីរជួរនៅលើខឿនតែមួយ។ ដែលសព្វថ្ងៃយើងចាប់ផ្តើមនិយមថា «តួប៉ម» នោះ នៅក្នុងសិលាចារឹកប្រាសាទព្រះគោតែម្តងគេហៅថា វ្រះកុដិ (ពោលគឺ «ព្រះកុដិ»)។ ឯប្រាសាទបាយ័ន្តជាដើមវិញគឺពុំមានប៉មដាច់គ្នារបៀបនេះទេ តែមានខ័ណ្ឌជាបន្ទប់ៗ ដែលដើមឡើយមានតម្កល់ប្រតិមាអ្វីមួយ ដូចជានៅតួប៉មដែរ។ បន្ទប់នីមួយៗនោះក៏សិលាចារឹកប្រាសាទបាយ័ន្តហៅថា «វ្រះកុដិ» ដូចគ្នា។ ខ្ញុំសូមផ្អាកការរៀបរាប់ហើយនិយាយពីនាទីនៃប្រាសាទបុរាណសិន។ បើពោលឲ្យសាមញ្ញបំផុតគឺថា ប្រាសាទជាលំនៅឬផ្ទះរបស់ទេពដូច្នេះហើយ កាលពីជំនាន់ដែលសាងក្នុងប៉ម ឬបន្ទប់នីមួយ‌ៗតែងមានប្រតិមារូបទេពទោះជាក្រោមរូបភាពជាលិង្គ ឬជាព្រះគោក៏ដោយ ដ្បិតលិង្គឬព្រះគោតាងឲ្យព្រះឥសូរ។ តែជួនកាលទៀត ទេពនោះពុំមែនជាទេពសុទ្ធសាធឡើយ គឺជាទេពដែលក្សត្រ, បព្វជិត ឬអ្នកធំណាមួយ ទៅផ្ញើខ្លួនសណ្ឋិតក្រោយពីអស់សង្ខារទៅ។ ប្រតិមារបៀបនេះសិលាចារឹកហៅថាយឝសរីរ(យសសរីរ)សំដៅថាជារូបមនុស្សដែលស្លាប់ទៅហើយ តែដែលទៅភ្ជាប់និស្ស័យនឹងទេពណាមួយដែលខ្លួនធ្លាប់គោរពបូជាកាលដែលនៅមានជីវិត។ និយាយឲ្យខ្លីមកស្ទើរតែអាចថា បុព្វការីដែលកូនចៅក្រោយមកគោរពបូជាហាក់បីដូចជាទេព។ បើបុព្វការីនោះចែកស្ថានទៅមិនទាន់បានយូរអង្វែងច្រើនជំនាន់ពេកទេកូនចៅជំនាន់ក្រោយៗមកអាចនៅចាំបានថាគេតម្កល់រូបនៅ «ព្រះកុដិ» (ឬ «ព្រះក្តី») ណាមួយ។

រូបលេខ១

ឥឡូវចូរយើងក្រឡេកមើលមកសព្វថ្ងៃនេះថា តើគំនិតជាមូលដ្ឋាននោះបាត់បង់ទៅហើយឬអ្វី? រូបលេខ២-៣ បង្ហាញពីកោដ្ឋដាក់ធាតុដែលគេតម្កល់នៅលើធ្នឹមទ្វារប្រាសាទបុរាណមួយ។ នៅរូបលេខ៤ ឃើញមានប៉មប្រាសាទ (ព្រះកុដិ) ហើយនៅខាងលើធ្នឹមទ្វារដូចគ្នាក៏ឃើញមានគេយកធាតុមកតម្កល់ដូចគ្នាដែរ (រូបលេខ៥-៦)។ រូបលេខ៧ គឺតួប៉មប្រាសាទមួយដែលសាងនៅក្នុងល្អាងភ្នំខ្យង។ ថ្វីដ្បិតតែពុំឃើញមានធាតុនៅក្នុងព្រះកុដិនោះតែម្តង ក៏គង់យើងឃើញមាននៅជិតៗនោះតាមក្រហូងថ្ម (រូបលេខ៨)។ ឯរូបលេខ៩វិញ គឺកោដ្ឋដែលគេយកមកតម្កល់នៅតួប៉មមួយនៃប្រាសាទភ្នំជីសូរ្យ។

រូបលេខ២

រូបលេខ២

រូបលេខ៥

រូបលេខ៥

រូបលេខ៨

រូបលេខ៨

រូបលេខ៣

រូបលេខ៣

រូបលេខ៦

រូបលេខ៦

រូបលេខ៩

រូបលេខ៩

រូបលេខ៤

រូបលេខ៤

រូបលេខ៧

រូបលេខ៧

រូបលេខ១០

រូបលេខ១០

 

ឧទាហរណ៍ប៉ុន្មានអម្បាញ់មិញនេះបង្ហាញថា ថ្វីដ្បិតតែគ្មានប្រតិមាអ្វីជាចម្លាក់រូបមនុស្សក្តី ក៏គង់ធាតុនៃមនុស្សនោះគេយកមកតម្កល់នៅក្នុងប៉មប្រាសាទខ្លះៗនៅឡើយដែរ។ ជួនកាលទៅទៀតគឺរូបរាងនៃប្រាសាទបុរាណតែម្តង ដែលសម័យក្រោយមកគេកែកំពូលឲ្យមានរូបរាងល្មមសន្មតថាទៅជាចេតិយ ដែលជាកន្លែងបញ្ចុះធាតុទៅទៀត (រូបលេខ១០-១១)។ ដូច្នេះរហូតដល់ត្រឹមនេះក៏ន័យមូលដ្ឋានដើមនៃតួប៉មប្រាសាទមិនផ្លាស់ប្តូរទៅណា។ បើនិយាយពីចេតិយសម័យថ្មីតែម្តង ក៏យើងយល់ហើយថាជាកន្លែងតម្កល់ធាតុ។ ជួនកាលមានកោដ្ឋតែមួយចំនួនតូច ដែលផ្ទុកធាតុសពសមាជិកគ្រួសារណាមួយ តែជួនកាលទៀត បើមើលមកចេតិយដែលហៅថាចេតិយសាធារណ៍វិញ (រូបលេខ១២) ឃើញថា ចំនួនកោដ្ឋអាចមានដល់រាប់សិប ហើយសពទាំងនោះពុំមែនជាសាច់ញាតិនឹងគ្នាឡើយ តែដោយសារគ្រួសារនីមួយៗពុំសូវមានធនធាន ព្រះសង្ឃឬសប្បុរសជនសាងចេតិយនោះឡើងសម្រាប់សហគមន៍ទាំងមូល (រូបលេខ១៣-១៤)។ ជួនកាលទៅទៀតយើងឃើញគេតម្កល់កោដ្ឋនៅក្នុងរានព្រះភូមិផង។ ជួនកាលព្រះភូមិនោះនៅក្នុងបរិវេណដីផ្ទះ(រូបលេខ១៥-១៦)។ ក្នុងករណីនេះកូនចៅនៅងាយចាំបានថាកោដ្ឋណាជាធាតុរបស់នរណា។ តែបើរាននោះដាំក្នុងបរិវេណវត្តវិញ (រូបលេខ១៧-១៨) ឃើញថា ទៅអនាគតអ្នកជំនាន់ក្រោយអាចបាត់ការចងចាំ ហើយបើនៅ ប្រសេចប្រសាចច្រើនដូចឃើញមួយផ្នែកនៅរូបលេខ១៩ផងនោះច្បាស់ជាយូរទៅរក «ក្តី» នោះមិនឃើញឡើយ។

ឧទាហរណ៍តាំងពីលើមកដល់ក្រោមនេះហើយ ដែលឲ្យយើងយល់ពាក្យថា «រស់នៅក្តីណា លោកម្ចាស់ចែកស្ថាន»ដ្បិតរូបសំណាក ឬធាតុនៃអ្នកចែកស្ថានយូរហើយនោះ កូនចៅសព្វថ្ងៃលែងដឹងថា នៅទីណាហើយព្រោះញាតិខ្មែរនីមួយៗធំធេងណាស់ គឺមានដល់ទៅ «ប្រាំពិលសន្តាន»។

រូបលេខ១១

រូបលេខ១១

រូបលេខ១៤

រូបលេខ១៤

រូបលេខ១១

រូបលេខ១១

រូបលេខ១៥

រូបលេខ១៥

រូបលេខ១១

រូបលេខ១១

រូបលេខ១៦

រូបលេខ១៦

រូបលេខ១៧

រូបលេខ១៧

រូបលេខ១៨

រូបលេខ១៨

រូបលេខ១៩

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៨

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២២ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២៣

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៧

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១១៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២២

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៦

ចំនួនអត្ថបទ ១៧ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៧៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២១

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៥

ចំនួនអត្ថបទ ១៨ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (រូបពណ៌ទាំងអស់) ៖ ៦​ +​​ ១២៥ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០២០

អាហារនៅជនបទអង្គរ

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ ២០២០
ក្របរឹង, ២០ ស.ម. x ២៦ ស.ម., ៣១០ ទំព័រ, ចំនួនរូប ៖ ៥២២
ភាសាខ្មែរនិងបារាំងទល់គ្នា
ISBN-13: 978-99249-394-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៤

ចំនួនអត្ថបទ ១២ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៩

មូលដ្ឋានរៀនខ្មែរបុរាណ២០១៨

ដោយ អាំង ជូលាន
យសោធរ, ភ្នំពេញ
ផ្សព្វផ្សាយលើកទី១ ៖ ២០១៣ (អស់ពីឃ្លាំង)
ផ្សព្វផ្សាយលើកទី២ ៖ ២០១៨
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១៣

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០៤ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៨

ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ

ដោយ អាំង ជូលាន, ព្រាប ចាន់ម៉ារ៉ា, ស៊ុន ចាន់ដឹប
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤
ចំនួនទំព័រ (អត្ថបទនិងរូប) ៖ ១១១
តម្លៃ ៖ ២៨០០០រៀល ឬ ៧ ដុលា្លរ, ISBN: 978-99950-895-0-4

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១១

ចំនួនអត្ថបទ ១៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១២០ ទំព័រ
តម្លៃ ៖ ១២០០០រៀល ឬ ៣ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៦

មូលដ្ឋានរៀនខ្មែរបុរាណ

ដោយ អាំង ជូលាន
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៣
vii + ២៨២ ទំព័រ
ISBN: 978-99963-818-0-5

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ៩

ចំនួនអត្ថបទ ២៩ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១៥០ ទំព័រ តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយ យសោធរ,​ ភ្នំពេញ​ ២០១៤

បណ្តាញផ្សព្វផ្សាយពត៌មានវប្បធម៌ខ្មែរលេខ១០

ចំនួនអត្ថបទ ២០ ចំណងជើង
ទំហំ A5 និងចំនួនទំព័រ (អត្ថបទនិងរូបពណ៌ទាំងអស់) ៖ ១០០ ទំព័រ
តម្លៃ ៖ ១៥០០០រៀល ឬ ៣.៥ ដុលា្លរ
ផ្សព្វផ្សាយដោយយសោធរ,​ ភ្នំពេញ​​​ ធ្នូ ២០១៥

  • អំពីយើង
  • ទំនាក់ទំនង
  • បាឋកថា
  • ឧទ័យ
  • KhmeRenaissance
  • សៀវភៅ
Flag Counter

share on:

© Yosothor.org 2017. All right reserved